ប្រជាពលរដ្ឋមួយចំនួនប្រតិកម្មនឹងយុទ្ធនាការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចុះជួបកសិករអំឡុងមានវិបត្តិជំងឺកូវីដ១៩ ថា ជាការសម្ដែងឱ្យល្អមើលខុសពីការពិត ដើម្បីបន្លំភ្នែកប្រជាពលរដ្ឋឱ្យគាំទ្រលោកបានដឹកនាំប្រទេសបន្តទៅមុខទៀតប៉ុណ្ណោះ។ ពលរដ្ឋទាំងនោះ អះអាងថា សព្វថ្ងៃកសិករភាគច្រើនកំពុងតែជួបការលំបាក ដោយសារគ្រោះរាំងស្ងួត និងភាពអត់ការងារធ្វើរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
ប្រជាពលរដ្ឋម្នាក់រស់នៅខេត្តបន្ទាយមានជ័យ លោកស្រី ឡេង សុភារី យល់ថា យុទ្ធនាការចុះជួបប្រជាកសិកររបស់លោក ហ៊ុន សែន អំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នេះ ជាការលួងចិត្តប្រជាពលរដ្ឋ ដើម្បីកុំឱ្យនាំគ្នាងើបតវ៉ាទម្លាក់លោកចេញពីអំណាចច្រើនជាងការសួរសុខទុក្ខពលរដ្ឋ។ លោកស្រី ចាត់ទុកយុទ្ធនាការបែបនេះថា ជាការធ្វើបាបផ្លូវចិត្តរបស់ពលរដ្ឋឱ្យកាន់តែឈឺចាប់ខ្លាំង ពីព្រោះសព្វថ្ងៃពលរដ្ឋភាគច្រើនកំពុងតែអត់ឃ្លានដោយសារគ្មានការងារធ្វើរកប្រាក់ចំណូលទិញអង្ករច្រកឆ្នាំង៖ « ហើយគិតមើលព័ត៌មានចងកសម្លាប់ខ្លួននៅតាមមូលដ្ឋានតើលោកហ៊ុន សែន ដែលខ្វាយខ្វល់ចំណុចនោះអត់ គាត់ទៅជាថតរូបអ្នកស្រែចម្ការអីណា គាត់រើសយកប្រភពរបៀបបែបបោកប្រាស់គេ ធ្វើឱ្យគេរឹតតែឈឺចាប់ទៅវិញទេ។ ឈប់បញ្ឈឺពលរដ្ឋទៀតទៅ វាមិនដែលអ្នកណាធ្វើស្រែពីរបីដងក្នុងមួយហើយ មានដល់ម៉ូតូមានដល់កូនរៀនថ្នាក់ខ្ពស់ៗ ទាំងអស់គ្នា ហើយ ត្រូវមានអ្នកចងក ស្លាប់ទេ ដូចជាផ្ទុយគ្នាវាអត់មានទេ » ។
ចំណែកក្រុមប្រជាពលរដ្ឋនៅខេត្តសៀមរាបវិញ ថ្លែងថា លោក ហ៊ុន សែន គួរតែចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតំបន់ពួកគាត់ដែលកំពុងអត់ឃ្លានប្រសើរជាង ការចុះជួបតែប្រជាកសិករ ដែលមានជីវភាពធូរធារស្រាប់នោះ។ ពួកគាត់បញ្ជាក់ថា ពលរដ្ឋនៅខេត្តសៀមរាបឆ្នាំនេះចាប់ផ្ដើមដាច់ស្បៀងបណ្ដើរៗ ហើយ ដោយសារជួបគ្រោះរាំងស្ងួតធ្វើស្រែមិនបានផលផង និងអត់ការងារធ្វើផង៖ « លើកឡើងឱ្យតែធំមុខទេ ពិសេសកសិករលំបាកគ្រប់ខេត្តនៅក្នុងប្រទេសខ្មែរយើងនេះ មិនមែនធូរធាររកមុខរបរណាបានធូរធារដូចសម្ដេចថាទេ កុំជឿឱ្យសោះ គឺថាលំបាកតែមែនទែនរកអង្គការមិនចង់បាន មួយខែទល់មួយហៀរទឹកភ្នែករហាមពិបាកណាស់តំបន់ខ្ញុំនេះ។ យើងនិយាយចេះតែនិយាយបានហើយ ដូចថាគាត់ចុះតែខាងណោះ គាត់មិនដែលចុះមកមើលផ្ទាល់ ដូចថា អត់លំអៀងអីចឹងដែរ ជួលកាលគាត់ចុះទៅចែកចុះទៅមើលចុះទៅអីជួលកាលច្រើនតែមិនមានអ្នកក្រពិតប្រាកដ » ។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីពួកគាត់ឃើញនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ប្រកាសអួតអាងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករប្រមាណ ២០០នាក់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ កក្កដា។
លោក ហ៊ុន សែន បានស្ងើចសរសើរប្រជាកសិករទាំងនោះថា ពួកគាត់ធ្វើស្រែលក់ស្រូវបានប្រាក់ច្រើនធ្វើឱ្យមានជីវភាពធូរធារ ដោយអ្នកខ្លះមានលទ្ធភាពបញ្ជូនកូនទៅរៀននៅភ្នំពេញរហូតចប់បរិញ្ញាបត្រទៀតផង។ លោកបញ្ជាក់ថា កសិករមានជីវភាពធូរធារបែបនេះដោយសារតែលោកដឹកនាំប្រទេសដើរនៅលើផ្លូវត្រូវ៖ « ស្ថានភាពនេះ តើវាមានទេ ? កាលពីសម័យអា ពត វាមានទេ ? ក្រោយអា ពត វាមានទេ ? ប៉ុន្តែដល់ទៅប្រទេសយើងមានសន្តិភាពយើងមានឱកាសធ្វើបែបហ្នឹង ស្រែក៏យើងមានទឹកយើងមានឱកាសទៅរុករានកន្លែងដែល ឥឡូវយើងកំពុងតែដោះមីន។ អរគុណ ចំពោះអូស្ត្រាលីដែរ ក៏បានផ្ដល់ជំនួយទៅលើការដោះមីន។ ដោះមីនដើម្បីអី ដើម្បីអ្នកហ្នឹង ដោះមីនដើម្បីយកធ្វើជាស្រែធ្វើចម្ការ » ។
ផ្ទុយពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា ជីវភាពប្រជាកសិករភាគច្រើនកំពុងតែដុនដាប ហើយជំពាក់ប្រាក់ធនាគារវ័ណ្ឌក ដោយសារតែគ្មានដីដាំដុះ និងខ្វះទឹកស្រោចស្រពផលដំណាំ។ លោកបន្ថែមថា កសិករខ្លះដាំដុះបានផលហើយ តែគ្មានទីផ្សារលក់កសិផលក្នុងតម្លៃសមរម្យនោះទេ បណ្ដាលឱ្យពលរដ្ឋមួយចំនួនបង្ខំចិត្តលក់ដីឈប់បង្កបង្កើនផល ហើយនាំគ្នាធ្វើចំណាកស្រុក៖ « ខ្ញុំអាចវាយតម្លៃថា តំបន់ដែលលោកនាយករដ្ឋមន្ត្រីចុះទៅជួបហ្នឹង តំបន់ខេត្តព្រៃវែង និងខេត្តតាកែវនេះគឺជាតំបន់មួយ ដែលកសិករមិនសូវជួបបញ្ហា មានន័យថា តំបន់ហ្នឹងដីធ្លីរបស់ប្រជាពលរដ្ឋមិនមានវិវាទ។ពួកគាត់អាចប្រកបនៅលើដីធ្លីបាន ដោយសារតែខេត្តទាំង ២ហ្នឹងមិនមែនជាខេត្ត ដែលរដ្ឋាភិបាលផ្ដល់ដីសម្បទាសេដ្ឋកិច្ចទៅឱ្យឈ្មួញក្នុងរូបភាពទ្រង់ទ្រាយធំនោះទេ » ។
ក្នុងខែកក្កដានេះជាលើកទី២ ហើយ ដែលលោក ហ៊ុន សែន ចុះជួបកសិករនៅកណ្ដាលវាលស្រែ ដោយលើកដំបូងនៅស្រុកពាមរោទ៍ខេត្តព្រៃវែង និងខេត្តតាកែវ។ លោក ថេង សាវឿន ជំរុញឱ្យលោក ហ៊ុន សែន ដោះស្រាយបញ្ហាវិវាទដីធ្លី និងជួយរកទីផ្សារលក់កសិផលជូនកសិករប្រសើរជាងការចុះជួបប្រជាពលរដ្ឋ ដែលពុំសូវមានបញ្ហាដូចសព្វថ្ងៃនេះ៕