ក្រុមគណៈប្រតិភូជាន់ខ្ពស់ នៃមេដឹកនាំរបបក្រុងភ្នំពេញ បានត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី១២ តុលាក្រោយកិច្ចប្រជុំនៅប្រទេសជប៉ុន និងប្រទេសឥណ្ឌូនេស៊ី។ លោក ហ៊ុន សែន មេដឹកនាំនៃរបបក្រុងភ្នំពេញអះអាងថា លោកទទួលបានជោគជ័យក្នុងកិច្ចប្រជុំទាំងពីរនោះ ប៉ុន្តែអ្នកវិភាគថា ការលើកឡើងរបស់លោក ហ៊ុន សែន គ្រាន់តែដើម្បីកេងចំណេញប្រជាប្រិយភាពនយោបាយតែប៉ុណ្ណោះ។ ពួកគេចង់ឲ្យលោក ហ៊ុន សែន ដោះស្រាយគម្រោងដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបវិញប្រសើរជាង។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរី ដោយបន្ទរតាមលោកហ៊ុន សែន ថា លទ្ធផលល្អប្រសើរដែលរបបក្រុងភ្នំពេញទទួលបាន គឺរដ្ឋាភិបាលជប៉ុន បានទទួលស្គាល់ស្នាដៃលោក ហ៊ុន សែន ក្នុងការដឹកនាំ និងការអភិវឌ្ឍប្រទេស។ ការប្ដេជ្ញាពីភាគីជប៉ុន ក្នុងការជំរុញអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា និងទទួលបានការផ្លាស់ប្ដូរយោបល់ និងទទួលស្គាល់រដ្ឋាភិបាលអណត្តិថ្មី ពីបណ្ដាមេដឹកនាំរបស់អាស៊ានជាដើម៖ «អ្វីដែលយើងនិយាយថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាទទួលបានជោគជ័យ គឺដំណើរកិច្ចការការងារនយោបាយផ្នែកក្រៅប្រទេស គឺឈរលើទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ជាមួយនឹងការវាយតម្លៃខ្ពស់នៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យើងធ្វើបានការប្តេជ្ញារបស់សមាគមជប៉ុន ក្នុងការមកបណ្ដាក់ទុននៅកម្ពុជា » ។
លោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំ មេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ចំណែកនៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ តុលា លោកចូលរួមក្នុងវេទិកាអាស៊ាន។
អ្នកវិភាគនយោបាយ លោក ហង្ស វិទូ មើលឃើញថា បញ្ហាចម្បងដែលរបបលោក ហ៊ុន សែន ត្រូវដោះស្រាយនោះ គឺសម្រួលឲ្យសហភាពអឺរ៉ុប បញ្ឈប់គម្រោងផ្ដាច់ការអនុគ្រោះពន្ធសម្រាប់របបនេះ ព្រោះដង្ហើមសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើសហភាពអឺរ៉ុបទាំងស្រុង៖ «អ៊ីចឹងរឿងដែលយើងត្រូវតែដោះស្រាយ គឺរឿងនេះ មិនមែនរឿងផ្សេងៗ។ អាហ្នឹងខ្ញុំគិតថា អាចជាលេស ឬវាគ្រាន់តែជាការបង្វែរដានមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋ អត់មានការចាប់អារម្មណ៍ទៅរឿងសំខាន់ណា ព្រោះជាក់ស្ដែង ប្រសិនបើមានការដាក់ទណ្ឌកម្ម ឬក៏មានការលើកលែង ហៅថា លើកចោលនូវការលើកលែងពន្ធនេះវិញ វាធ្វើឲ្យកម្ពុជាប៉ះពាល់ធ្ងន់ធ្ងរមែនទែន។ មិនមែនមិនប៉ះពាល់ដូចគាត់ ( ហ៊ុន សែន ) បានលើកឡើងនោះទេ » ។
លោក ហ៊ុន សែន គ្រោងនឹងដឹកនាំគណៈប្រតិភូរបបថ្មី ទៅចូលរួមកិច្ចប្រជុំអាស៊ី អឺរ៉ុប ដែលហៅកាត់ថា ASEM លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា។ លោក ហ៊ុន សែន ធ្លាប់បានព្រមានរួចហើយថា បើកិច្ចប្រជុំអាស៊ីអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ហ៊ានតែនិយាយពីបញ្ហារបស់កម្ពុជា របបលោកនឹងវេតូ មិនឲ្យកិច្ចប្រជុំនោះ ចេញសេចក្តីថ្លែងការណ៍រួចឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។