អ្នកវិភាគនយោបាយ និងសង្គម និងមន្ត្រីបក្សប្រឆាំងថា របបក្រុងភ្នំពេញ អាចបង្កើតព្រឹត្តិការណ៍តាមព្រំដែនខ្មែរ-ឡាវ ដើម្បីបង្វែរស្ថានការណ៍នយោបាយ រឿងការព្យួរការអនុគ្រោះពន្ធ EBA និង ដំណើរវិលត្រឡប់ទៅស្រុកខ្មែរវិញ របស់លោក សម រង្ស៊ី។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ថា ជាទម្លាប់ទៅហើយដែលរបបលោក ហ៊ុន សែន ធ្វើអ្វីៗគ្រប់យ៉ាងតាមបែបកុម្មុយនិស្ត និងមេដឹកនាំផ្ដាច់ការដើម្បីតែបន្តក្រាញអំណាចលោក និង គ្រួសារត្រកូលហ៊ុន ដែលចុងក្រោយនេះ របបនេះបង្កើតព្រឹត្តិការណ៍នៅតាមព្រំដែនខ្មែរ-ឡាវ ដែលស្ងប់ស្ងាត់សោះ ឱ្យកក្រើកឡើង ដើម្បីបង្វែរខួរក្បាលយុវជន ឱ្យភ្លេចគិតពីរឿងបាត់ការអនុគ្រោះពន្ធ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ និងរឿងលោក សម រង្ស៊ី វិលចូលស្រុកខ្មែរវិញ នៅ ៧៧ ថ្ងៃទៀតនោះ៖ «ហ្នឹងជាល្បែងនយោបាយមួយ ដែលពួកកុម្មុយនិស្តគេច្រើនតែធ្វើ ហើយឱ្យហែលតាមខ្លឹមសារនយោបាយរបស់គេ គ្រាន់តែលើកទង់ជាតិស្រែកជយោ។ ដូច្នេះហើយ យុវជនមួយចំនួន គ្រាន់តែឃើញពីការការពារទឹកដី អាចឈូចុះឈូឡើង ឈូឆរអាចយល់ច្រឡំ អាចយល់ច្រឡំថាជាការការពារទឹកដីមែន ដែលយើងត្រូវតែទៅតាមដំណើរនយោបាយរបស់ក្រុមលោក ហ៊ុន សែន»។
ប្រតិកម្មរបស់លោក គឹម សុខ ធ្វើឡើងក្រោយមន្ត្រីរបបលោក ហ៊ុន សែន រួមទាំងអាជ្ញាធរមូលដ្ឋានផង ផ្សព្វផ្សាយព័ត៌មាន ថាកងទ័ពកម្ពុជា និងឡាវ កំពុងប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនមុំបី នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មិនតែប៉ុណ្ណោះ អាជ្ញាធរមូលដ្ឋាន អះអាងថា កម្ពុជាត្រៀមលក្ខណៈជម្លៀសប្រជាជនពីរឃុំ ចេញពីលំនៅឋាន ក្នុងករណីមានការផ្ទុះអាវុធណាមួយកើតឡើងជាយថាហេតុ។ ការត្រៀមទប់ទល់នឹងស្ថានការណ៍អាក្រក់នេះ ត្រូវបានមេឃុំមរកត លោក ដៀប វាយ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៣ សីហា ថា អាជ្ញាធរថ្នាក់លើបានប្រាប់ព័ត៌មាននេះមកលោករួចហើយ ក៏ប៉ុន្តែលោកមិនទាន់បានជូនដំណឹងនេះទៅប្រជាពលរដ្ឋនៅក្នុងភូមិនៅឡើយទេ ដោយរង់ចាំបញ្ជាពីថ្នាក់លើជាមុនសិន។
អាជ្ញាធរមូលដ្ឋានរូបនេះបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលមានការប្រឈមមុខដាក់គ្នាតានតឹងរវាងទាហានខ្មែរ និងទាហានឡាវ នៅចំណុចមុំបី។ លោកមិនបានដឹងពីមូលហេតុពិតប្រាកដដែលនាំឱ្យកើតមានបញ្ហានេះទេ ក៏ប៉ុន្តែលោកថា កាលពីថ្ងៃទី១៤ ខែសីហា ទាហានខ្មែរបានដើរល្បាតនៅតាមព្រំដែន រួចខាងភាគីឡាវ ស្រាប់តែបញ្ជូនកម្លាំងរបស់ខ្លួន មកកាន់តែច្រើន បង្កើតឱ្យមានស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពទាំងពីរ៖ «ខ្ញុំអត់ទាន់ហ៊ានផ្សព្វផ្សាយទេការងារហ្នឹង ពីព្រោះថា វាមិនទាន់កើតអី។ បើសិនជាបញ្ហាហ្នឹងវាអាចប្រឈមនឹងការផ្ទុះអាវុធ អាហ្នឹងបានខ្ញុំ មានបទបញ្ជាពីថ្នាក់លើថា ឱ្យត្រូវចេញ ឧទាហរណ៍ អ៊ីចឹងបានខ្ញុំចេញតាមគេ។ បើខាងនោះមិនទាន់បញ្ជាទេ ចេញទៅមានអ្នកណាគ្រប់គ្រង»។
ព័ត៌មានដែលថា មានការប្រឈមមុខដាក់គ្នារវាងយោធាខ្មែរ និងឡាវនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ សរសេរបង្ហោះលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៣ ខែ សីហា ដោយដកស្រង់សេចក្តីរាយការណ៍របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ ដែលរាយការណ៍បន្តពីអធិការស្រុកជាំក្សាន្ត និងកម្លាំងជួរមុខថា យោធាឡាវកំពុងបង្កើនកម្លាំងឈរជើងនៅចំណុចនោះ ឯខាងកម្លាំងយោធាខាងកម្ពុជាវិញ ក៏បានបន្ថែមកម្លាំងនៅគ្រប់គោលដៅ ត្រៀមចាំបញ្ជាដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក៏បានអះអាងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៣ ខែសីហាដែរថា ពិតជាមានបញ្ហានេះមែន ព្រោះភាគីខ្មែរនិងឡាវ នៅតែខ្វែងយោបល់គ្នា ជុំវិញទីតាំងក្នុងតំបន់ជម្លោះនោះ៖ «វាមានបញ្ហាខ្លះ ដោយសារការមិនត្រូវគ្នាបន្តិច រឿងពន្យល់បកស្រាយលើផែនទីអីមួយចំនួន។ អ៊ីចឹងនៅកន្លែងក្បែរៗគ្នាហ្នឹង មានមនុស្សម្នាចេញចូល ក៏មានការប្រកែប្រកាន់គ្នាបន្តិចបន្តួច»។
ប៉ុន្តែ ការប្រកែប្រកាន់គ្នាបន្តិចបន្តួចនេះ ខាងភាគីឡាវអះអាងថា ភាគីកម្ពុជាជាអ្នកផ្ដើមមុន ដោយកាលពីថ្ងៃទី១១ ខែ សីហា ទាហានខ្មែរស្រវឹងស្រាបានស្រែកឡូឡា បញ្ជាឱ្យទាហានឡាវ ដកចេញពីតំបន់ជម្លោះជាបន្ទាន់។ ប្រភពស្និទ្ធនឹងមន្ត្រីយោធាជាន់ខ្ពស់ឡាវ បានប្រាប់អាស៊ីសេរី ឱ្យដឹងកាលពីថ្ងៃទី២២ ខែសីហា ថា ទាហានខ្មែរដែលស្រវឹងស្រាទាំងនោះ ដាក់ឱសានវាទឱ្យទាហានឡាវ ដកចេញក្នុងរយៈពេលបីថ្ងៃ បើមិនដូច្នេះទេ ខាងកម្ពុជានឹងប្រើកម្លាំងទ័ពបង្ខំឱ្យចេញ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីយោធាជាន់ខ្ពស់ឡាវ អះអាងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ២៣ ខែ សីហា ថាគ្មានសភាពការណ៍តានតឹង នៅព្រំដែនកម្ពុជា-ឡាវ នោះឡើយ។ ឧត្ដមសេនីយ៍ទោនៃក្រសួងការពារជាតិឡាវ លោក ចាន់ថុង សុន្ថាអាត (Chanthong Sontha-At) បញ្ជាក់ថា សភាពការណ៍តាមព្រំដែន ស្ងប់ស្ងាត់ដូចធម្មតា គ្មានបញ្ហាអ្វីកើតឡើងធ្ងន់ធ្ងរនោះឡើយ។
ប៉ុន្តែ អត្ថបទព័ត៌មានអំពីព្រំដែនខ្មែរ-ឡាវនេះ ក៏ត្រូវបានក្រសួងព័ត៌មានកម្ពុជា ផ្សព្វផ្សាយដែរ កាលពីថ្ងៃទី២៣ ខែ សីហានោះ ដោយ លោក ខៀវ កាញារីទ្ធ ផ្សព្វផ្សាយបន្ត នៅក្នុងគណនីហ្វេសប៊ុករបស់លោក។ ប៉ុន្តែ ក្រោយមកអត្ថបទនេះ ត្រូវបានដកចេញពីគេហទំព័ររបស់ក្រសួងព័ត៌មានបាត់ទៅហើយ។
ចំណែកឯសំណេរអំពីរបាយការណ៍ ពីមន្ទីរព័ត៌មានខេត្តព្រះវិហារ រឿងយោធាខ្មែរ និង ឡាវប្រឈមមុខគ្នា ដែលលោក ខៀវ កាញារីទ្ធ យកមកផ្សព្វផ្សាយលើគណនីហ្វេសប៊ុកលោកនោះ ក៏ត្រូវបានលុបចោលទៅវិញដែរ កាលពីថ្ងៃទី២៣ ខែសីហា ដដែលនោះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារអស់រយៈពេល ២ឆ្នាំកន្លះ ដោយចោទថា ផ្សព្វផ្សាយឯកសារផែនទីក្លែងក្លាយ រឿងព្រំដែនកម្ពុជា-វៀតណាម គឺលោក អ៊ំ សំអាន ថា ព្រឹត្តិការណ៍នៅព្រំដែនខ្មែរ-ឡាវនេះ អាចមិនមែនជាការឈឺឆ្អាលរឿងជាតិពិតប្រាកដនោះទេ តែជាល្បិចកេងចំណេញនយោបាយ ព្រោះលោក ហ៊ុន សែន ធ្លាប់ធ្វើបានជោគជ័យ កាលមានជម្លោះជាមួយភាគីថៃ។ ប៉ុន្តែ បើរឿងជម្លោះព្រំដែនជាមួយវៀតណាមវិញ គឺលោក ហ៊ុន សែន មិនដែលហ៊ានក្អកទេ មានតែព្រមានធ្វើក្ដារមឈូសឱ្យអ្នកដែលចង់ទាមទារទឹកដីខ្មែរពីវៀតណាមវិញ ថែមទៀតផង។ លោកបន្តថា ព្រឹត្តិការណ៍លើកនេះ គឺមិនមែនជារឿងចៃដន្យទេ តែជាការធ្វើឡើង ដើម្បីបន្សាបប្រជាប្រិយលោក សម រង្ស៊ី៖ «ជាមួយយួនអត់ដែលឃើញហ៊ានទេ ព្រោះហេតុអ្វី ព្រោះយួនគឺជាបងធំ គឺជាមេ។ បើឡាវ ធ្វើខ្លួនដូចជាបង្ហាញភាពជាតិនិយម។ ដូច្នេះ គាត់ចង់បង្ហាញថា នៅពេលលោក សម រង្ស៊ី ចូលទៅហ្នឹង អាចនឹងមានការផ្លាស់ប្តូរនៅកម្ពុជាធំណាស់។ ដូច្នេះគាត់យកឱកាសហ្នឹង ដើម្បីយកប្រជាប្រិយភាព ទាញទឹកចិត្តប្រជាពលរដ្ឋថា គាត់ស្នេហាជាតិណាស់ ដូចគាត់ទាញមានជម្លោះព្រំដែននៅប្រាសាទព្រះវិហារជាមួយថៃដែរ។ គាត់ចង់បង្ហាញដូចគ្នាអ៊ីចឹង ព្រោះគាត់ធ្វើបានជោគជ័យ កាលរឿងប្រាសាទព្រះវិហារហើយ។ ក្រោយជម្លោះនោះហើយ គាត់បាន ៩០ កៅអី ដូច្នេះគាត់ចង់យកប្រជាប្រិយភាពដូចឆ្នាំ២០០៨ ហ្នឹងមកអនុវត្តជាមួយឡាវដែរ ដើម្បីឱ្យមានប្រជាប្រិយភាព ថា ពេលហ្នឹងគាត់ស្នេហាជាតិ កុំគាំទ្រលោក សម រង្ស៊ីចូលស្រុកវិញអី គាំទ្រគាត់ គាត់អ្នកស្នេហាជាតិ»។
អាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយ ពីមន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេកាលពីថ្ងៃសុក្រ ទី២៣ ខែសីហា។
ទោះជាយ៉ាងនេះក្តី ទាំងលោក គឹម សុខ និង លោក អ៊ំ សំអាន យល់ថា ល្បិចបែបនេះ នឹងគ្មានប្រសិទ្ធភាពនោះឡើយ ដោយសារតែសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ ពលរដ្ឋមានការយល់ដឹងច្រើន អំពីល្បិចអ្នកនយោបាយ។ ជាងនេះទៅទៀត ពួកគាត់បន្ថែមថា បើកម្ពុជាពិតជាចង់ដោះស្រាយបញ្ហាព្រំដែន ដោយស្មោះសមែននោះ របបលោក ហ៊ុន សែន មិនចាំបាច់ធ្វើជាចល័តទ័ពទៅព្រំដែននៃប្រទេសទាំងពីរ នាំឱ្យប្រជាពលរដ្ឋភ័យខ្លាចនោះទេ ប៉ុន្តែ ត្រូវរកយន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីប្ដឹងឱ្យគេជួយដោះស្រាយរឿងនេះ ដោយសន្តិវិធីវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។