លោក ហ៊ុន សែន៖ គ្លបល វីនេស ឆ្កួត​លីលា​ចង់​ស្នើ​លោក​ចេញ​ពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

0:00 / 0:00

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ មករា ប្រតិកម្ម​ទៅ​នឹង​ការ​ស្នើ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ដែល​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ផាត់​លោក​ចេញពី​កិច្ចប្រជុំ​ពិភពលោក​មួយ​នេះ។ លោក ហ៊ុន សែន ហៅ​ការ​ស្នើ​របស់ គ្លូបបល វីដនេស៍ នេះ​ថា​ជា​រឿង​ឆ្កួត​លីលា​។ ប៉ុន្តែ​អ្នកវិភាគ​ថា ការ​ឆ្លើយ​តប​របៀប​កំហឹង​ទល់ កំហល់​របស់​រដ្ឋាភិបាល​នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​នោះ​ឡើយ​។

អស់ពី​ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែល​ថ្លែង​ចាត់​ទុកអង្គការ​ គ្លបល វីនេស ថា​ជាជនពាល និង​បិសាច​អន្តរជាតិ ពេលនេះ​ដល់ពេល​លោក ហ៊ុន សែន វិញ​ម្ដង ដែល​ថ្លែង​ចាត់ទុក គ្លបល វីនេស ថា​ឆ្កួត​លីលា។

ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ពី​ប្រទេស​ស្វីស (Switzerland) ទី​ដែល​លោក​កំពុង​ចូលរួមកិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក ហ៊ុន សែន ផ្ដាំ​ទៅ គ្លបល វីនេស និង​បក្សពួកឲ្យ​ល្មម​ឈប់​ល្ងង់​ និង​ឆ្កួត​ទៀត​ទៅ។ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា ថ្នាក់ដឹកនាំ​ប្រទេស​ធ្វើការ​ជាមួយគ្នា​ ដែល​ជា​ទម្លាប់​ធម្មតា​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​និង​រដ្ឋ ហើយ​លោក​ថា បើ គ្លបល វីនេស មិនទាន់​ឡប់ ឬ​ឆ្កួត​ទេ​នោះ គួរ​ចូល​សាលារៀន​ថែមទៀត ដើម្បី​កុំ​មក​ប្រឆាំង​នឹង​លោក​ទាំង​ឆ្កួត​លីលា។

កាលពី​ថ្ងៃ​ទី​១៨ មករា មន្ត្រី​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) បាន​ថ្លែង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួនថា អ្នកស្រី​គ្មាន​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​លោក ហ៊ុន សែន ព្យាយាម​ទាក់ទាញ​អ្នក​វិយោគទុន​កំពូលៗ​ពី​ទីក្រុង​ដាវូស (Davos) មក​វិនិយោគ​នៅ​កម្ពុជា។ អ្នកស្រី​ថា លោក ហ៊ុន សែន និង​គ្រួសារ​របស់​គាត់​កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​របស់​ប្រទេស ហេតុដូច្នេះ​ រាល់​លុយ​ទាំងឡាយ​របស់​អ្នក​វិនិយោគ​ទុន​ថ្មីៗ​ទាំងនោះ នឹង​អាច​ធ្លាក់​ក្នុង​ហោ​ប៉ៅ​របស់​ក្រុម​គ្រួសារ លោក ហ៊ុន សែន។

អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ​លើក​ឡើង​ថា កិច្ចប្រជុំ​ដែល​មាន​ការ​ចូល​ដោយ​ក្រុម​មន្ត្រី​សំខាន់ៗ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ពិភពលោក មិន​ត្រូវ​ផ្តល់​ឱកាស​ឲ្យ​លោក ហ៊ុន សែន ដែល គ្លបល វីនេស ចាត់ទុកថា ​ជា​ជន​ផ្ដាច់ការ​ដ៏​សាហាវ​ម្នាក់​នោះ អាច​ស្វែងរក​ដៃគូ​អន្តរជាតិ​ថ្មី ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​នោះ​ឡើយ​។

ការ​លើកឡើង​របស់​មន្ត្រី​អង្គការ គ្លបល វីនេស ដូចនេះ ​គឺ​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​រកឃើញ​របស់ គ្លបល វីនេស នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ចេញផ្សាយ​កាលពី​ដើមខែ​កក្កដា ឆ្នាំ​២០១៦ ដែល​លាតត្រដាង​ពី​ការ​ក្តោបក្តាប់​មុខ​ជំនួញ​ធំៗ​របស់​ត្រកូល ហ៊ុន ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

​ គ្លបល វីនេស រកឃើញថា​ គ្រួសារ​ត្រកូល ហ៊ុន បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ជាង​មួយ​រយ​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស។ ទោះជា​យ៉ាងណា ស្ថាប័ន​រដ្ឋាភិបាល​ពាក់​ព័ន្ធ​មិនបាន​បើក​ការ​ស៊ើបអង្កេត​ចំពោះ​រឿង​នេះ​ឡើយ។

អ្នកស្រាវជ្រាវ​នយោបាយ​ការបរទេស និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន សង្កេត​ឃើញ​ថា កន្លងទៅ​នៅ​ពេល​រដ្ឋាភិបាល​រង​ការរិះគន់​របស់​អង្គការ​អន្តរជាតិ រដ្ឋាភិបាល​តែង​ទាត់ចោល​នូវ​ការរិះគន់ និង​ឆ្លើយតប​ជា​របៀប​កំហឹង​ទល់​កំហល់​។ លោក ឡុង គឹមឃន យល់​ឃើញ​ថា ប្រតិកម្ម​របៀប​នេះ នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​ឡើយ​។ ប៉ុន្តែ​លោក​ថា បើ​រដ្ឋាភិបាល​ឆ្លើយតប​ដោយ​ភាសា​ការទូត ឬ​ដោយ​បង្ហាញ​នូវ​ឯកសារ​ភស្តុតាង​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន ទើប​ធ្វើ​ឲ្យ​ការ​ឆ្លើយតប​នោះ​មាន​ប្រសិទ្ធភាព៖ «តាម​ពិត​ទៅ​នៅ​ក្នុង​រដ្ឋាភិបាល​យើង​ក៏​មាន​អ្នក​បញ្ញវន្ត អ្នកស្រាវជ្រាវ​ធំៗ​ដែល​ពូកែ ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​ទិន្នន័យ​ជាដើម ដូច្នេះ​បើសិនជា​មានការ​លើកឡើង​ដែល ជា​ការ​ចោទប្រកាន់​របស់​ស្ថាប័ន​អន្តរជាតិ វិធី​តែមួយ​ដែល​ល្អ​ជាងគេ​បំផុត គួរ​ឲ្យ​គេ​ស្រាវជ្រាវ រក​ឲ្យ​ឃើញ​ឆ្លើយតប​ទៅវិញ ដោយ​ពឹង​ផ្អែកលើ​ស្ថិតិ ទិន្នន័យ ឬ​ការ​រក​ឃើញ​តាម​បែប​វិទ្យាសាស្ត្រ»។

លោក ឡុង គឹមឃន មានប្រសាសន៍ថា នៅ​ពេល​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួល​យក​បាន វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​នោះ​ទេ ប៉ុន្តែ​វា​ការ​ថែ​រក្សា ការពារ​មុខមាត់ និង​កិត្តិយស​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​នយោបាយ​អន្តរជាតិ​ថែមទៀត។

ទាក់ទង​នឹង​រឿង​អង្គការ គ្លបល វីនេស នេះ​ដែរ ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ដដែល​នេះ បាន​សរសេរ​ឆ្លើយតប​ទៅ​នឹង​អ្នក​បញ្ចេញមតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ទម្លាយ​រឿង​អាថ៌កំបាំង​អាស្រូវ​ស្នេហា​របស់​បុគ្គលិក​ស្ត្រី​ម្នាក់​នៃ​អង្គការ​មួយ​នេះ។

លោក ហ៊ុន សែន សរសេរ​ថា រឿង គ្លបល វីនេស ចាប់​ផ្ដើម​ពី​បុគ្គលិក​ស្រី​ម្នាក់​ជា​ខ្មែរ​កាត់​បារាំង ​ទៅ​ធ្វើ​ការ​នៅ​កម្ពុជា ហើយ​លួច​មាន​សា​ហាយ​ជាមួយ​ប្ដី​គេ​។ លោក​ថា ដល់​ប្រពន្ធ​គេ​ទៅតាម​រករឿង​ដល់​ផ្ទះ​បែរជា​ចោទ​ថា អ្នក​រក​ស៊ី​កាប់​ឈើ​ទៅ​រក​រឿង​ទៅវិញ។ លោក ហ៊ុន សែន បញ្ជាក់​ថា ​ពេលនោះ​ស្ថានទូត​អង់គ្លេស ​ក៏​ដឹង​រឿង​នេះ​ដែរ​។ លោក ហ៊ុន សែន ចាត់​ទុក ការ​បង្វែរ​រឿងអាស្រូវ​ផ្លូវ​ភេទ​ទៅជា​រឿង​ផ្សេង​ដូចនេះ គឺជា​រឿង​ថោកទាប។

ទោះជា​យ៉ាងណា លោក ហ៊ុន សែន មិន​បញ្ជាក់​ឈ្មោះ​ស្ត្រី​នោះ​ឡើយ។ លោក​គ្រាន់តែ​បង្ហើប​ថា បុគ្គលិក​ស្រី​នោះ មាន​ម្ដាយ​ជា​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​បារាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។