យុវជនមួយចំនួនយល់ថា មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន កំពុងយកព្រះកិតិ្តនាមព្រះបរមរតនកោដ្ឋ មកទាក់ទាញការគាំទ្ររបបលោក ករណីវិបត្តិ EBA។ លោក ហ៊ុន សែន កាលពីថ្ងៃទី២៩ មីនា បានអះអាងថា លោកកំពុងដើរតាមគំរូរបស់ព្រះបរមរតនកោដ្ឋ ដែលឱ្យតម្លៃលើឯករាជ្យ និងអធិបតេយ្យជាតិជាធំ។ យុវជនមើលឃើញថា អតីតព្រះមហាក្សត្រជានិមិត្តរូបនៃឯករាជ្យ និងអធិបតេយ្យភាពជាតិពិតប្រាកដ ក៏ប៉ុន្តែអ្វីដែលលោក ហ៊ុន សែន កំពុងធ្វើនេះវិញ គឺដើម្បីតែអំណាចរបស់លោកច្រើនជាង។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក យល់ឃើញថា លោក ហ៊ុន សែន លើកយកវីរភាពរបស់អតីតព្រះមហាក្សត្រនេះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងប្រជាប្រិយភាពនយោបាយ ប៉ុណ្ណោះ។ លោកជឿជាក់ថា លោក ហ៊ុន សែន ឱ្យតម្លៃលើការរក្សាអំណាចផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់លោកច្រើនជាងការគិតគូរអំពីផលប្រយោជន៍ជាតិពិតប្រាកដ ហេតុដូច្នេះហើយទើបបានជាលោកមិនបន្ទន់ជំហររឿងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ បើទោះបីជាលោកដឹងពីផលវិបាកនៃរឿងនេះក៏ដោយ។
យុវជនរូបនេះ ថ្លែងទៀតថា សហភាពអឺរ៉ុបមិនមែនមកបង្គាប់បញ្ជាឱ្យរដ្ឋាភិបាលកម្ពុជាធ្វើអ្វីទៅតាមការចង់បានរបស់គេនោះទេ ប៉ុន្តែការទាមទាររបស់សហភាពអឺរ៉ុប គឺដើម្បីជួយស្រោចស្រង់ស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលត្រូវបានរបបលោក ហ៊ុន សែន បានវាយបំផ្លាញចោល កាលពីពេលកន្លងទៅ៖ «EU គ្រាន់តែចង់ជួយកម្ពុជាទេ មិនមានបំណងអ្វីផ្សេង ឬក៏ចង់គ្រប់គ្រងប្រទេសកម្ពុជានោះទេ។ ការផ្ដល់អនុសាសន៍របស់ EU នេះ ប្រសិនបើ EU មិនគិតគូរដល់ផលប្រយោជន៍របស់ប្រជាជនកម្ពុជាទេ EU ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធនេះជាហូរមកហើយ មិនមែនទុកលទ្ធភាពឱ្យរដ្ឋាភិបាលកែប្រែនូវកំហុសរបស់ខ្លួនទាំងប៉ុន្មាន ដែលរដ្ឋាភិបាលបានសម្លាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានថ្លែងក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី២៩ មីនា ថា លោកមិនខ្វាយខ្វល់រឿងសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះឡើយ ព្រោះវិធានការទាំងឡាយដែលរបបរបស់លោកដាក់ចេញ ដូចជា កាត់បន្ថយថ្លៃដឹកជញ្ជូន និងការចំណាយក្រៅផ្លូវការផ្សេងទៀត នឹងអាចចំណេញបានជាង ៤០០ លានដុល្លារអាមេរិក។ លោកប្រើពាក្យដដែលៗថា លោកមិនអាចយកអធិបតេយ្យភាពទៅប្ដូរនឹងជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធនេះឡើយ ហើយជនណាក៏ដោយដែលសុខចិត្តធ្វើតាមសហភាពអឺរ៉ុប ដើម្បីជាថ្នូរនឹងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនោះ មិនសក្ដិសមធ្វើជាមេដឹកនាំកម្ពុជាឡើយ។ បុរសខ្លាំងខាងប្រើអំពើហិង្សារូបនេះ អះអាងទៀតថា ជំហរដាច់ខាតរបស់លោកនេះ គឺជាការយកគំរូតាមអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ៖ «បើអ្នកណាមួយតាំងខ្លួនឱនក្បាល លិឍជើងគេ ដើម្បីទទួលបាននូវភាពអនុគ្រោះ មិនចាំបាច់ធ្វើមេដឹកនាំកម្ពុជានោះទេ។ គ្មានចរិតជាតិនិយមចង្អៀតចង្អល់នោះទេ តែកម្ពុជាមានចរិតជាតិនិយមមួយ នៅត្រង់ការរក្សានូវឯករាជ្យ និងអធិបតេយ្យ ហើយរឿងនេះសម្ដេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិរបស់យើង កាលពីជំនាន់មុន សុខចិត្តឱ្យគេកាត់ជំនួយ។ រហូតដល់ព្រះអង្គសុំឱ្យគេផ្ដាច់ជំនួយបរទេស តែព្រះអង្គមិនលូនទៅឱបជើងរបស់អ្នកណាទេ។ យើងត្រូវរៀនសូត្រទៅតាមព្រះបិតាជាតិ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្រៀនយើងតាំងពីដើមមក»។
ទោះជាលោក ហ៊ុន សែន អះអាងថា កម្ពុជាចំណេញយ៉ាងហោចណាស់ជាង ៤០០ លានដុល្លារ បន្ទាប់ពីកាត់បន្ថយការចំណាយផ្សេងៗរួចហើយពិតមែន ក៏កម្ពុជានៅតែត្រូវខាតបង់ថវិកាជាង ២០០ លានដុល្លារបន្ថែមទៀតដដែល ព្រោះបើអត់ EBA កម្ពុជា ត្រូវបង់ពន្ធជាង ៦០០ លានដុល្លារ សម្រាប់ការនាំទំនិញទៅលក់នៅលើទីផ្សារអឺរ៉ុប។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ឃើញថា សាររបស់លោក ហ៊ុន សែន នេះ គឺដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនថា លោកមានគោលនយោបាយដឹកនាំប្រទេសដូចគ្នាទៅនឹងព្រះបរមរតនកោដ្ឋ។ ក៏ប៉ុន្តែកញ្ញាថា បរិបទ និងស្ថានការណ៍ជាតិកាលពីមុន និងពេលបច្ចុប្បន្ន មិនដូចគ្នានោះទេ។ កញ្ញាបន្តថា ហានិភ័យនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ផ្តើមចេញមកពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដូច្នេះការទាមទាររបស់សហភាពអឺរ៉ុបឱ្យកម្ពុជាគោរពច្បាប់ជាតិ និងអន្តជាតិដែលខ្លួនបានទទួលយកនោះ គឺជារឿងត្រឹមត្រូវ មិនពាក់ព័ន្ធនឹងរឿងអធិបតេយ្យជាតិនោះទេ។
អ្នកវិភាគវ័យក្មេងរូបនេះ រំពឹងថា មេដឹកនាំរបបក្រុងភ្នំពេញនឹងដោះស្រាយបញ្ហា EBA នេះ ដោយឈរលើផលប្រយោជន៍ជាតិជាធំ មិនមែនរឿងអំណាចរបស់ខ្លួនជាធំនោះឡើយ ព្រោះបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានព្យួរ ឬកាត់ផ្ដាច់មែននោះ ប្រជាពលរដ្ឋខ្មែររាប់លាននាក់នឹងរងផលប៉ះពាល់ដោយសារបញ្ហានេះ៖ «អាចថាគាត់ជាបុគ្គលដែលចង់រក្សាអំណាចខ្លួនឯង ហើយយករឿងទាំងអស់នេះទៅលាយឡំជាមួយនឹងអធិបតេយ្យភាព ចំពោះខ្ញុំវាហាក់ដូចជា ប្រាសឆ្ងាយ វាមិនមានតភ្ជាប់គ្នាទេ។ មួយទៀតទាក់ទិននឹងឥទ្ធិពល សហភាពអឺរ៉ុបគេមិនបង្ខំនោះទេ។ បើយើងមិនធ្វើ នោះនីតិវិធីនឹងដើរតាមអ្វីដែលគេបានប្រកាសប្រាប់យើងកាលពីប៉ុន្មានខែមុនហើយ ហើយអ្នកដែលរងគ្រោះ ខ្ញុំគិតថា ប្រជាពលរដ្ឋខ្មែរភាគច្រើន គឺជាអ្នករងគ្រោះ»។
សហភាពអឺរ៉ុបបានប្រកាសពីដំណើរការពិចារណាព្យួរប្រព័ន្ធអនុគ្រោះ EBA នេះ កាលពីថ្ងៃទី ១១ កុម្ភៈកន្លងទៅ បន្ទាប់ពីពិនិត្យឃើញថា របបក្រុងភ្នំពេញមិនបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅឡើយ។ ដំណើរការនេះ មានរយៈពេលសរុបទាំងអស់១៨ខែ គិតចាប់ពីថ្ងៃទី១២ កុម្ភៈ តទៅ ហើយចែកចេញជាបីដំណាក់កាល។ សហភាពអឺរ៉ុបបានទុកពេលឱ្យរបបក្រុងភ្នំពេញចំនួន៦ខែ គឺពីខែ កុម្ភៈ ដល់ខែ កក្កដា ដើម្បីស្ដារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្ស បើពុំដូច្នេះទេ ក្នុងរយៈពេល៦ខែ បន្ទាប់ទៀត គឺពីខែ សីហា ឆ្នាំនេះ ដល់ខែ មករា ឆ្នាំ ២០២០ សហភាពអឺរ៉ុបនឹងចាប់ផ្ដើមដំណាក់កាលធ្វើការសម្រេចចិត្ត ថាតើត្រូវរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ បើនៅខែ មករា ឆ្នាំ២០២០នោះ សហភាពអឺរ៉ុប សម្រេចព្យួរការអនុគ្រោះពន្ធនេះមែន នោះសហភាពអឺរ៉ុប នឹងទុកពេលឱ្យកម្ពុជា៦ខែទៀត ដើម្បីត្រៀមខ្លួន មុននឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះ ចូលជាធរមាន ក្នុងអំឡុងពាក់កណ្ដាលឆ្នាំ២០២០។
ថ្វីត្បិតតែលោក ហ៊ុន សែន និងមន្ត្រីជំនិតៗអះអាងពេញៗមាត់ថា ពួកគេមិនខ្វល់ពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA មែន ក៏របបនេះនៅតែព្យាយាមចរចាទាំងផ្លូវការ និងក្រៅផ្លូវការជាមួយសហភាពអឺរ៉ុប ដើម្បីឱ្យប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវបន្តទៅមុខទៀត។ សំខាន់ជាងនេះទៅទៀត តំណាងវិស័យឯកជន និងសហជីពស្និទ្ធនឹងរបបក្រុងភ្នំពេញ បានផ្ញើលិខិតជាបន្តបន្ទាប់ទៅសហភាពអឺរ៉ុប ដើម្បីពន្យល់ផលវិបាកដែលកើតមានឡើង ប្រសិនបើ EBA ត្រូវបានកាត់ផ្ដាច់។ ពួកគេទទួលស្គាល់ថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់វិស័យការងារ និងការនាំចេញរបស់កម្ពុជា។ ពួកគេបានអំពាវនាវដល់គណៈកម្មការអឺរ៉ុប និងបណ្ដារដ្ឋសមាជិកអឺរ៉ុបទាំងអស់ កុំឱ្យដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ និងស្នើឱ្យសហភាពអឺរ៉ុបបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។