លោក ហ៊ុន សែន ថា ការ​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ចូល​ចត ជា​កាយវិការ​មនុស្សធម៌ និង​ការ​គោរព​សិទ្ធិមនុស្ស

ដោយ វ៉ែន សុមេធ
2020.02.14
ហ៊ុន សែន នាវា ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពេល​ទៅ​ទទួល​អ្នក​ដំណើរ​ ពី​នាវាទេសចរណ៍​ Westerdam នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក លោក ហ៊ុន សែន

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន ថ្លែង​សរសើរ​ខ្លួនឯង​ថា ការ​ដែល​លោក​អនុញ្ញាត​ឱ្យ នាវា​ទេសចរណ៍​មួយ​គ្រឿង​ចូល​ចត​នៅ​កម្ពុជា​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌ និង​ការ​គោ​ព​សិទ្ធិ​មនុស្ស។ រីឯ​មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា យល់ថា ទង្វើ​របស់​លោក ហ៊ុន សែន មិន​អាច​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ​ទេ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការដែល​លោក​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ផ្ទុក​មនុស្ស​ជាង​ ២​ពាន់​​នាក់​​ចូល​​ចត​​នៅ​​កំពង់ផែ​​ខេត្ត​​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ គឺជា​ការ​ផ្ញើ​សារ​ទៅ​ពលរដ្ឋ​កម្ពុជា និង​ទៅកាន់​សហគមន៍​អន្តរជាតិ​ថា ពេលនេះ​មិនមែន​ជា​ពេល​ភ័យខ្លាច ឬ​ជា​ពេល​រើសអើង​នោះ​ទេ​។ លោក ហ៊ុន សែន ថ្លែង​សរសើរ​ខ្លួនឯង​ទៀត​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​រស់រាន​មានជីវិត​។ ថ្លែង​ក្នុង​ពិធី​ទទួល​ស្វាគមន៍​អ្នកទេសចរ​នៅ លើ​នាវា​ដែល​មាន​ឈ្មោះថា​ វ៉េស្ទើដាម (MS Westerdam) កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ លោក ហ៊ុន សែន ថែមទាំង​និយាយ​រិះគន់​​​មេដឹកនាំ​ប្រទេស​នានា ដែល​បាន​បដិសេធ​មិន​ឱ្យ​នាវា​ទេសចរណ៍​មួយ​នេះ​ចូល​ចត​ក្នុង​ទឹកដី​របស់​ប្រទេស​ពួក​គេ​​ថា ជា​ឥរិយាបថ​មិន​សមរម្យ និង​មិន​អាច​ទទួល​យក​បាន៖ «ថ្ងៃនេះ​ប្រសិនបើ​ខ្ញុំ​មក​ទទួល​ប្រជាពលរដ្ឋ​ប្រហែល​ ៤១​សញ្ជាតិ បែរជា​គ្រោះថ្នាក់​មក​លើ​រូប​ខ្ញុំ វា​ក៏​ស័ក្ដិសម​នឹង​ការ​ពលី​កម្ម​ដែល​ខ្ញុំ​​ធ្វើ​​ដើម្បី​​មនុស្សជាតិ​​ផង​​ដែរ​។ តើ​ឱ្យ​យើង​គោរព​សិទ្ធិមនុស្ស​អី​ទៅ ប្រសិនបើ​សិទ្ធិ​រស់រាន​មិន​ត្រូវ​បាន​គោរព​ផង​នោះ។ ប្រទេស​កម្ពុជា យក​ការទទួលខុសត្រូវ​មួយ​លើ​បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស ជា​ចម្បង​ហើយ​ជា ដំបូង​បំផុត​ត្រូវការ​គោរព​ដល់​ការ​រស់រាន​មានជីវិត​របស់​មនុស្ស​ដែល​មាន​ជាង ២​ពាន់​នាក់​នៅ​លើ​នាវា​នេះ»

នាវា​ទេសចរណ៍ ​វ៉េស្ទើដាម (Westerdam) នេះ មាន​ផ្ទុក​អ្នកដំណើរ​ជាង ១​ពាន់ ៤​រយ (.៤៥៥)​នាក់ និង​បុគ្គលិក​កប៉ាល់​ ៨០២​នាក់ បាន​​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាល​​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឱ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការ​ព្រួយ​បារម្ភ​ថា ក្នុង​ចំណោម​​មនុស្ស​រាប់ពាន់​នាក់​នៅ​លើ​នាវា​នោះ អាច​មាន​អ្នក​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​កូវីត​១៩ (Covid-19)

ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ លោក ហ៊ុន សែន បាន​ទៅ​ទទួល​ស្វាគមន៍​អ្នកដំណើរ​ទាំងនោះ​ដោយ​ផ្ទាល់​ ដោយមាន​ជូន​បាច់​ផ្កា និង​ក្រមា​ដល់ ពួកគេ​គ្រប់ៗ ​គ្នា ​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រលាញ់​ទៀត​ផង​។ ដោយ​ខ្លាច​អ្នកទេសចរ​ទាំងនោះ​មិន​ស្គាល់​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ឈរ​ចាំ​ប្រាប់​អ្នកទេសចរ​ទាំងនោះ​គ្រប់​ៗ ​គ្នា​ថា នេះ​គឺជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា។

ក្នុង​ឱកាស​នោះ លោក ហ៊ុន សែន ក៏បាន​ប្រកាសប្រាប់​អ្នកទេសចរ​ទាំងនោះ​ថា ពួកគេ​អាច​ស្នាក់នៅ កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ក៏បាន និង​អាច​ដើរហើរ​ក្នុង​ប្រទេស​កម្ពុជា​គ្រប់​ទីកន្លែង ជាពិសេស​ទៅ​ក្នុង​ខេត្ត​​ព្រះសីហនុ និង​ខេត្ត​សៀមរាប៖ «អនុញ្ញាត​ឱ្យ​ពួកគាត់​ចុះទៅ​លេង​កម្សាន្ត ហើយ​ប្រជាពលរដ្ឋ តាម​សណ្ឋាគារ តាម​ភោជនីយដ្ឋាន ក្នុង​ខេត្ត​ព្រះសីហនុ មិន​ត្រូវ​រើសអើង មិន​ត្រូវ​ភ័យខ្លាច អំពី​រឿង​នេះ​ទេ។ ប្រសិនបើ​មានការ​ឆ្លង​ណា ​គឺ​ខ្ញុំ​ឆ្លង​មុនគេ»

ការ​ឆ្លៀតឱកាស​លើកឡើង​ពី​រឿង​សិទ្ធិមនុស្ស​នេះ គឺ​បន្ទាប់ពី​សហភាព​អឺរ៉ុ​​ដក​ភាព​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ចំនួន ២០% ឬ​ក្នុង​រង្វង់​ទឹកប្រាក់​ជាង​ ១ពាន់​លាន​ដុល្លារ ដោយសារតែ​រដ្ឋាភិបាល​​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​​ថា កាយវិការ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​អាច​ធ្វើ​ឱ្យ​អ្នក​នៅ​លើ​នាវា​នោះ ឬ​ប្រទេស​របស់​គេ ស្វាគមន៍​ និង​​អរគុណ ប៉ុន្តែ​លោក​នៅតែ​ជំរុញ​​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា អ្នក​ទាំងអស់​នោះ មិន​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត​១៩។ លោក​បន្ត​ថា ចំពោះ​ការ​លើក​ឡើង​​ពី​​ការ​​ប្តេជ្ញា​ចិត្ត​គោរព​សិទ្ធិ មនុស្ស​នេះ គឺជា​សិទ្ធិ​របស់​លោក ហ៊ុន សែន ប៉ុន្តែ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនទាន់​ល្អ​នៅឡើយ​ទេ ជាពិសេស ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ៖ «លោកនាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ឆន្ទៈ​នៅ​ក្នុង​គោលការណ៍​​នៃ​ការ​គោរព​សិទ្ធិមនុស្ស វា​ជា​ការ​ត្រឹមត្រូវ។ ដូច្នេះ​ ខ្ញុំ​គិត​ថា តទៅ​មុខ នៅ​កម្ពុជា​យើង​អាច​នឹង​មាន​ការ​​កែប្រែ ឬក៏​យើង​ធ្វើ​​យ៉ាងណា​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា យើង​មាន​ភាព​ល្អ​ប្រសើរ​ទៅ​តាម​អ្វី​ដែល​ខាង​សហគមន៍​អឺរ៉ុប​ដែល​ធ្លាប់​ស្នើ​ឡើង​ឱ្យ​យើង​ស្តារ​ឡើងវិញ នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព សិទ្ធិមនុស្ស»

អ្នកទេសចរ​ប្រមាណ​ជាង​ ៤​រយ​នាក់ បាន​ចុះ​ពី​នាវា​នោះ ប៉ុន្តែ​ពួកគេ​មិនបាន​ទៅ​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ពួកគេ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​រៀង​ៗ​ខ្លួន​វិញ​។ ចំណែក​អ្នក​ទេសចរណ៍​ផ្សេងៗ ​ទៀត មិនទាន់​ចុះ​ពីលើ​នាវា​នៅឡើយ។

លោក ហ៊ុន សែន អះអាង​ថា អ្នកទេសចរ​នៅ​លើ​នាវា​នេះ ពុំ​មាន​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​វីត​១៩ នោះ​ទេ គឺ​ពួកគេ​មាន​សុខភាព​ធម្មតា បន្ទាប់ពី​ក្រសួងសុខាភិបាល ពិនិត្យ​សុខភាព​រួចរាល់​។

ទោះជា​យ៉ាងណា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​រិះគន់​លោក ហ៊ុន សែន នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​ថា កាយវិការ​មនុស្សធម៌ និង​ទឹកចិត្ត​មនុស្សធម៌​របស់​លោក ហ៊ុន សែន ក្រោម​ពាក្យ​ស្លាក​សន្តិភាព​​ផ្នូរ​​ខ្មោច មិន​មាន​តម្លៃ​សម្រាប់​ជាតិ​ឡើយ គឺជា​កាយវិការ​ពុតត្បុត និង​គ្មាន​ទឹកចិត្ត​បរិសុទ្ធ​នោះ​ទេ។ ពួកគេ​ថា លោក ហ៊ុន សែន ព្រោះតែ​មហិច្ឆតា​អំណាច​របស់​ខ្លួន បាន​បោះបង់ចោល​នូវ​ផល​ប្រយោជន៍​​រួម ដើម្បី​តែ​ពាក្យ​គុណធម៌​ក្លែងក្លាយ​របស់​ខ្លួន​។​

គិត​ត្រឹម​ថ្ងៃ​១៤ ខែ​កុម្ភៈ ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត​១៩ ដែល​បង្កឡើង​ដោយ​វីរុស​សារ ស៊ីអូរី២ (SARS-Cov-2) ដែល​មាន​ប្រភព​រីក​រាលដាល​ពី​ក្រុង​វូហាន ប្រទេស​ចិន បាន​សម្លាប់​មនុស្ស​កើន​ដល់​១.៣៨៣​នាក់​​ហើយ ខណៈ​អ្នក​ឆ្លង​កើន​ដល់​ជាង ​៦​ម៉ឺន ៤​ពាន់ ​(៦៤.៤៤៣) ​នាក់​។ អ្នក​ស្លាប់​ភាគច្រើន ​និង​អ្នក​ឆ្លង ភាគច្រើន​នៅ​ប្រទេស​ចិន​។ វីរុស​នេះ បាន​ឆ្លង​រីក​រាលដាល​ដល់​ប្រទេស​ជិត​៣០។ កត្តា​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​រឹត​បន្តឹង​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន ហើយ​មានតែ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ដែល​បង្ហាញ​ជំហរ​មិន​ព្រួយបារម្ភ និង​ស្វាគមន៍​អ្នកដំណើរ ទាំង​អស់​​ដូច​​ធម្មតា ទោះបីជា​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា រង​ការ​រិះគន់​ថា នៅ​ទន់ខ្សោយ​ក្ដី។

ទោះជា​យ៉ាងណា ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​សម្ដែង​ការ​អរគុណ​ចំពោះ​កាយវិការ​​របស់​កម្ពុ​ជា ដែល​បាន​អនុញ្ញាត​ឱ្យ​កប៉ាល់​ដឹក អ្នក​ដំណើរ​​ឈ្មោះ ​វ៉េស្ទើដាម នេះ ​ចូល​ចត​នៅ​កម្ពុជា​ បន្ទាប់​ពី​ប្រទេស និង​កោះ​មួយ​ចំនួន​មិន​ឱ្យ​ចូល​ចត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។