លោក ហ៊ុន សែន ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា អស់​សុពលភាព

0:00 / 0:00

លោក ហ៊ុន សែន មេដឹកនាំ​របប​ឯកបក្ស​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ អស់ហើយ ដូច្នេះ​កិច្ចព្រមព្រៀង​នេះ លែង​មាន​សុពលភាព​ទៀតហើយ​។ ប៉ុន្តែ​អ្នក​ជំនាញ និង​ជា​អ្នកវិភាគ​ប្រាប់​ថា កិច្ចព្រមព្រៀង​នេះ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​អស់​ទេ ហើយ​មិន​អស់​សុពលភាព​នោះ​ដែរ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ឱ្យ​និស្សិត​សាកលវិទ្យាល័យ​ឯកជន​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា លោក ហ៊ុន សែន ប្រកាស​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា លែង​មាន​សុពលភាព​ទៀត​ហើយ ក្រោយ​ពេល​សភាធម្មនុញ្ញ បាន​ដាក់​បញ្ចូល​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។ លោក ហ៊ុន សែន ថ្លែង​ចំអក​ឱ្យ​អ្នកធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​របប​លោក អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព ២៣ តុលា ថា បើ​ចង់​ឱ្យ​របប​លោក អនុវត្ត​កិច្ចព្រមព្រៀង​នេះ ត្រូវ​រំលាយ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម និង ស្ថាប័ន​ព្រះមហាក្សត្រ ព្រោះ​កិច្ចព្រមព្រៀង​នេះ មិនបាន​តម្រូវ​ឱ្យ​កាត់ទោស​ក្រុម​មេដឹកនាំ​ខ្មែរក្រហម និង​មាន​ស្ថាប័ន​ព្រះមហាក្សត្រ​ឡើយ៖ «អត់​និយាយ​ទេ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទុក​ឱ្យ​គេ​បកស្រាយ​ទេ ព្រោះ​គេ​កំពុងតែ​ធ្វើ​អ្វី បាតុកម្ម​ទាមទារ​ឱ្យ​ហត្ថលេខា​ស្អី​ប៉ារីស គោរព​ស្អី​ឯណា​។ បើ​គោរព​ប៉ារីស ត្រូវ​ដោះលែង ខៀវ សំផន ត្រលប់​មកវិញ ហើយ​លុបចោល​អា​តុលាការ​ហ្នឹង​គ្រវាត់​ចោល​ទៅ តុលាការ (​ កាត់ក្ដី​ខ្មែរក្រហម​ )​ ។ រឿង​វា​បាន​ឈាន​ដល់​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​អនុវត្តៗ ព្រោះ​មាន​អ៊ុន តាក់ (UNTAC) ឯណា​ទៀត ហើយ​បើសិនជា​ត្រូវ​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស កម្ពុជា​មិន​ត្រូវ​មាន​ប្រមុខរដ្ឋ មាន​ព្រះមហាក្សត្រ​ទេ ត្រូវ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់ ហើយ​ព្រះមហាក្សត្រ​យើង ត្រឹមតែ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទេ​។ ឯ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ចុងក្រោយ គឺ​ប្រធាន អ៊ុន តាក់ ឯណោះ​។ រឿង​ហ្នឹង​ហើយ ដែល​ខ្ញុំ​មិន​ព្រម»។

ថ្ងៃទី​២៣ តុលា​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​លើក​ទី​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។ រយៈពេល​២៨​ឆ្នាំ​មកនេះ ក្រុម​អ្នកឃ្លាំមើល និង​អ្នកវិភាគ មើល​ឃើញ​ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​របប​ក្រុងភ្នំពេញ អនុវត្ត​បាន​ច្រើន ប៉ុន្តែ​២​ឆ្នាំ​ចុង​ក្រោយនេះ ការអនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​មានការ​ឆក​ល្វែង​ច្រើន ដោយសារ​របប​ក្រុងភ្នំពេញ​បាន​រំលោភ​សិទ្ធិ សេរីភាព​ធ្ងន់ធ្ងរ។

អ្នកវិភាគ​នយោបាយ អ្នកស្រី ធីតា ឃឹះ សង្កេត​ឃើញ​ថា ការ​គំរាមកំហែង និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា។ អ្នកស្រី​បន្ត​ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ទាំងស្រុង​នោះ​ទេ ហើយ​បើ​ទោះ​ជា​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដោយ ក៏​មិន​អាច​អស់​សុពលភាព​ដែរ ព្រោះ​ក្រុម​ប្រទេស​ម្ចាស់​ហត្ថលេខី មិនបាន​ចែង​អំពី​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើយ៖ «កាលណា​កិច្ចព្រមព្រៀង វា​ជា​កិច្ចព្រមព្រៀង​មាន​សុពលភាព​រហូត ហើយ​អាច​ប្រើប្រាស់​រហូត​។ លក្ខខណ្ឌ​នៅ​ក្នុង​កិច្ចព្រមព្រៀង​អត់​និយាយ​ថា នឹង​បាត់​សុពលភាព​នៅ​ពេល​ណា​ទេ​។ មិនមែន​តែ​ជា​យោបល់​ខ្ញុំ​ទេ បើ​ខ្ញុំ​មើល​ទៅ ខាង​អន្តរជាតិ អ្នក​ដែល​បាន​ចុះសន្ធិសញ្ញា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ហ្នឹង​ទាំងអស់ ក៏​គេ​យល់ឃើញ​ដូចគ្នា អ៊ីចឹង​ដែរ»។

ចំណែក​អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត និង​ជា​អតីត​អ្នក​ជំនាញ​នៃ​ភាគី​លោកតា សឺន សាន គឺ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​សន្តិភាព​២៣ តុលា មិនមែន​អស់​សុពលភាព ដោយ គ្រាន់តែ​ដកស្រង់​ខ្លឹមសារ​ខ្លះ ឬ​ទាំងស្រុង​យក​ទៅ​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ​។ លោក​បណ្ឌិត​បន្ថែម​ទៀត​ថា បើ​ទោះ​មនុស្ស ដែល​តំណាង​ឱ្យ​ភាគី​ណាមួយ ឬ​អ្នកតំណាង​ប្រទេស​ម្ចាស់​ហត្ថលេខី​ណា​ម្នាក់​បាន​ស្លាប់ ឬ​មានការ​ផ្លាស់ប្ដូរ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ស្លាប់​បាន​ដែរ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា កិច្ចព្រមព្រៀង​នេះ បង្កើត​ឡើង​សម្រាប់​ជាតិខ្មែរ​ទាំងមូល មិនមែន​សម្រាប់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​។ លោក​ថ្លែង​ទៀត​ថា កិច្ចព្រមព្រៀង​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​អស់​នៅឡើយ​ទេ ពោល​គឺ​នៅសល់​ចំណុច​សំខាន់ៗ​ច្រើន​ទៀត​។ លោក​បណ្ឌិត​ពន្យល់​ថា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ អនុវត្ត​តែ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ កិច្ចព្រមព្រៀង ២៣ តុលា គឺ​អនុវត្ត​ជា​លក្ខណៈ​អន្តរជាតិ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។

លោក​ប្រាប់​ថា បើ​ចង់​ឱ្យ​កិច្ចព្រមព្រៀង​នេះ អស់​សុពលភាព លុះត្រាតែ កម្ពុជា ធ្វើ​លិខិត​ទៅ​ប្រាប់​ពី​មូលហេតុ​លែង​ត្រូវការ​កិច្ចព្រមព្រៀង​នេះ ទៅ​ក្រុម​ប្រទេស​ម្ចាស់​ហត្ថលេខី ពិសេស សហប្រធាន​នៃ កិច្ចព្រមព្រៀង​នេះ គឺ​ប្រទេស​ឥណ្ឌូណេស៊ី និង ប្រទេស​បារាំង។ ក្រៅ​ពី​នេះ លោក​ថា កម្ពុជា​ត្រូវ​ធ្វើ​លិខិត​ប្រាប់​ពី​មូលហេតុ ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​កិច្ចព្រមព្រៀង​ដែល​មាន​ចុះបញ្ជី ហើយ​តម្កល់ទុក​នៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ៖ «កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង បាន​ចុះបញ្ជី​នៅ​ក្នុង​បញ្ជី​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​អន្តរជាតិ របស់​អង្គការ​សហប្រជាជាតិ។ មកទល់​សព្វថ្ងៃ ក្រែងលោ ខ្ញុំ​ខ្វះខាត ខ្ញុំ​មើល​បញ្ជី​ឡើងវិញ វា​អត់​មាន​លិខិត​ពី​ប្រទេស​កម្ពុជា ដាក់​ទៅ​ប្រាប់​គេ ហើយ​ចុះបញ្ជី​ហ្នឹង​វិញ​ថា ប្រទេស​កម្ពុជា សម្រេច​ថា កិច្ចព្រមព្រៀង​ហ្នឹង ចុះ​ក្នុង​បញ្ជី​ដែល​មាន​ស្រាប់​ហ្នឹង អស់​សុពលភាព​ហើយ លែង​ទទួលស្គាល់​។ អានេះ តាម​នីតិវិធី​ច្បាប់​អន្តរជាតិ វា​អ៊ីចឹង​ឯង​។ បើ​ក្នុង​ច្បាប់​វិញ បើ​និយាយ​យ៉ាង​ម្ដេចក៏ដោយ វា​នៅ​តែ​មាន​សុពលភាព​ហ្នឹង លុះត្រាតែ​ធ្វើតាម​នីតិវិធី ដែល​ខ្ញុំ​បាន​លើក​ឡើង​ហ្នឹង ទៅតាម​ការចេះដឹង​របស់​ខ្ញុំ»។

រៀងរាល់​ឆ្នាំ ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ តែង​ធ្វើបាតុកម្ម និង​ហែ​ក្បួន ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ព្រោះ​ពួកគេ​យល់ថា របប​លោក ហ៊ុន សែន មិនបាន​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ពេញលេញ​នោះ​ឡើយ ហើយ​ចុង​ក្រោយនេះ របប​ក្រុងភ្នំពេញ បាន​ប្រែក្លាយ​កម្ពុជា ឱ្យ​ទៅជា​របប​ឯក​បក្ស និង​បំបិទ​សិទ្ធិ សេរីភាព ពលរដ្ឋ​ធ្ងន់ធ្ងរ​។ ជារឿយៗ ក្រុម​អ្នក​ប្រជាធិបតេយ្យ ក៏​ទាមទារ​ឱ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី សើរើ​កិច្ចព្រមព្រៀង​នេះ និង​ស្នើ​ឱ្យ​ចាប់​បង្ខំ របប​លោក ហ៊ុន សែន ងាក​មក​រក​លទ្ធិប្រជាធិបតេយ្យ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។