លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​នៃ​ក្រសួង​នានា​កែ​ទម្រង់​និង​ផ្ទេរ​មុខងារ

ដោយ ឡេង ម៉ាលី
2016.02.25
សាយ សំអាល់ ៨៥៥ ២០១៦ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​នៃ​ក្រសួង​នានា កែ​ទម្រង់​ស្ថាប័ន និង​ផ្ទេរ​មុខងារ​ស្ថាប័ន ដើម្បី​សម្រួល​ការងារ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ស្ទួន​ដែន​សមត្ថកិច្ច​គ្នា។ លោក​រិះគន់​រដ្ឋមន្ត្រី​ខ្លះ​ដែល​ស្រវា​យក​ការងារ និង​អំណាច​មក​ឱប​ទុក​មិន​ធ្វើ​ការ។

ការ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ក្រសួង​បរិស្ថាន​ថ្មី និង​ប្រកាស​បើក​សន្និបាត​បូក​សរុប​ការងារ​បរិស្ថាន នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ។

លោក​នាយក​រដ្ឋមន្ត្រី បង្អាប់​អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ម៉ុក ម៉ារ៉េត ដែល​មិន​ហ៊ាន​អារ​កាត់​បញ្ហា ហើយ​កោត​សរសើរ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថ្មី គឺ​លោក សាយ សំអាល់ ដែល​ផ្ដើម​ការ​កែ​ទម្រង់៖ «ជា​លើក​ទី​មួយ​ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​នៃ​ការ​គ្រប់គ្រង​រដ្ឋាភិបាល គឺ​ទើប​នឹង​មាន​រដ្ឋមន្ត្រី​ម្នាក់​គត់ ដែល​បាន​ស្នើសុំ​ប្រគល់​តួនាទី​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងខ្ញុំ​មិន​ទាន់​ជួប​ប្រទះ​នូវ​រដ្ឋមន្ត្រី​ណា​មួយ​ដែល​មុន​នេះ គឺ​តែង​តែ​ស្រវា​ឱប​ទាញ​យក​នូវ​អំណាច​យក​មក​ទុក​ក្នុង​ក្រសួង​របស់​ខ្លួន​ជាប់​ជានិច្ច។ ប៉ុន្តែ​រដ្ឋមន្ត្រី​រូប​នេះ បែរ​ជា​ធ្វើ​ផ្ទុយ​ពី​នេះ គឺ​បាន​សេចក្ដី​ថា ចង់​បែង​ចែក​មុខងារ​ឲ្យ​ដាច់នេះ​ជា​កំណែ​ទម្រង់​ដែល​ខ្ញុំ​ចង់​បាន។ ខ្ញុំ​សុំ​កោត​សរសើរ ហើយ​សង្ឃឹម​ថា រដ្ឋមន្ត្រី​នានា​នឹង​មិន​ប​ការងារ​នេះ​បន្ត​ទៀត​ទេ។ ហើយ​អា​កម្មវិធី​ផ្ទេរ​មុខងារ និង​ប្រតិភូកម្ម​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​នោះ ក៏​មិន​នៅ​ស្រមេមស្រមាម​ដូច​សព្វថ្ងៃ​នេះ​ដែរ»

ការ​កែ​ទម្រង់​ដែល លោក ហ៊ុន សែន លើក​ឡើង​នៅ​ពេល​នេះ ទាក់ទង​នឹង​ស្ថាប័ន​ពីរ គឺ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​មាន​ដែន​សមត្ថកិច្ច​ស្ទួន​គ្នា ឬ​ត្រូវ​កែ​សម្រួល។

ទន្ទឹម​គ្នា​នឹង​ការ​កែ​ទម្រង់​ស្ថាប័ន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ពិចារណា​អំពី​ការ​ផ្លាស់ប្ដូរ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ​ដែរ បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថា មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​ហាក់​ស្ពឹក​ស្រពន់។ លោក​សង្កត់​ធ្ងន់​ថា លោក​នឹង​មិន​យោគយល់​ដល់​មន្ត្រី​អសកម្ម​ទាំង​នោះ​ឡើយ ព្រោះ​លោក​បាន​ទុក​ពេល​ឲ្យ​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ងូត​ទឹក​ឆ្លុះ​កញ្ចក់ និង​ងូត​ទឹក​ដុស​ក្អែល។ លើស​ពី​នេះ លោក​ក៏​គ្រោង​ប្រកាស​ចំណាត់​ថ្នាក់​ដល់​ក្រសួង​លេខ​១ និង​លេខ​២ ទៀត​ផង ដើម្បី​ឲ្យ​ពួក​គេ​ប្រឹងប្រែង​ធ្វើ​ការងារ៖ «ខ្ញុំ​កំពុង​តែ​គិត​ថា តើ​ខ្ញុំ​ត្រូវ​ដោះ​ដូរ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ឆ្នាំ​នេះ​ឬ​ទេ? ខ្ញុំ​កំពុង​តែ​គិត ព្រោះ​បើ​ទុក​ម្ល៉ឹងៗ​មិន​កើត​ទេ។ វា​មក​ពី​ខ្ញុំ។ អា​ពាក្យ​ថា​គ្នា​ឯង​ហ្នឹង អា​ហ្នឹង​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​ទៀត»

ទាក់ទង​នឹង​ការ​កែ​ទម្រង់​ស្ថាប័ន​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ហ៊ាង ស្រៀង ថ្លែង​ថា ជា​ប្រការ​ល្អ​នៅ​ពេល​ដែល​ការ​កែ​ទម្រង់​នោះ​ធ្វើ​ទៅ​បាន និង​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​មន្ត្រី​ទាំងឡាយ​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ច្បាស់លាស់៖ «ការ​ពិត​ទៅ​ការ​កែ​ទម្រង់​បែប​ហ្នឹង គួរ​ធ្វើ​ជា​យូរ​មក​ហើយ មិន​មែន​មក​ដល់​ថ្ងៃ​ហ្នឹង​ទេ ពីព្រោះ​មាន​មន្ត្រី​មួយ​ចំនួន​គាត់​មាន​តួនាទី​ធ្វើ​ការ​នៅ​ក្រសួង​ដល់​ទៅ​ពីរ​បី ហើយ​បើក​ប្រាក់​ខែ​ពីរ​បី​កន្លែង ហើយ​ដល់​អ៊ីចឹង ការងារ​គ្មាន​ប្រសិទ្ធភាព​ទេ»

លោក​បន្ត​ថា ប្រសាសន៍​របស់ លោក ហ៊ុន សែន មិន​មែន​ជា​រឿង​ថ្មី​ទេ។ ឧទាហរណ៍ ការ​បង្ក្រាប​ការ​កាប់​ឈើ៖ «រឿង​កណ្ដាប់​ដៃ​ដែក រឿង​តុលាការ​អី​ជា​រឿង​ដដែលៗ»

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម លោក មាស នី បន្ទរ​ថា ការ​កាប់ និង​ដឹក​ឈើ គឺ​ពាក់ព័ន្ធ​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​អន្តរាគមន៍​បាន៖ «រឿង​ឈើ​នេះ​អ្នក​នៅ​ខាង​ក្រោម​ត្រឹម​ឃុំ​ត្រឹម​ភូមិ​អី គ្មាន​នរណា​ហ៊ាន​ប៉ះ​ទេ ហើយ​កុំ​ទៅ​បន្ទោស​គាត់​ថា គាត់​មេ​ឃុំ​មេ​ភូមិ​មិន​ការពារ គឺ​គាត់​គ្រវី​ក្បាល​គ្រប់​តែ​គ្នា​ហ្នឹង។ គាត់​ថា​គាត់​បាន​ត្រឹម​តែ​ឈរ​មើល​ទេ ហើយ​អ្នក​ដែល​ចាប់​នោះ​ទៀត គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​បាន​ទេ ដូចជា​ខ្ញុំ​បាន​ឃើញ​នៅ​តំបន់​សមុទ្រ​ឈើ​ក៏​អ៊ីចឹង​ដែរ។ សមុទ្រ​ឈើ​ឲ្យ​តែ​ម៉ោង ៨ ឬ ៩ ឡាន​ដឹក​ចេញ​ពី​សមុទ្រ​ឈើ​ចេញ​មក​ចូល​រតនគិរី តែ​ម្ដង។ ប៉ុន្តែ​អ្នក​ភូមិ​នៅ​តាម​ដង​ផ្លូវ បាន​ត្រឹម​តែ​ឈរ​សម្លឹង​ឡាន​គេ​ហ្នឹង»

ការ​កែ​ទម្រង់​ស្ថាប័ន​ពីរ​នៅ​ពេល​នេះ គឺ​លោក ហ៊ុន សែន បង្គាប់​ឲ្យ​ក្រសួង​បរិស្ថាន ផ្ទេរ​រាល់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច ដំណាំ​ឧស្សាហកម្ម​ឲ្យ​ទៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នក​គ្រប់គ្រង​បន្ត ហើយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ផ្ទេរ​តំបន់​អភិរក្ស តំបន់​ការពារ និង​តំបន់​បម្រុង​ទុក​ទាំងអស់​ឲ្យ​ទៅ​ក្រសួង​បរិស្ថាន ជា​អ្នក​គ្រប់គ្រង​វិញ។ លោក​ក៏​ចង់​ឲ្យ​មាន​ការ​ប្ដូរ​ឈ្មោះ​ក្រសួង​បរិស្ថាន ទៅ​ជា​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន ដើម្បី​ឆ្លើយ​តប​នឹង​វិសាលភាព​ការងារ និង​ស្រប​តាម​និន្នាការ​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក។ លោក​ឲ្យ​គិតគូរ​ការ​កែ​ទម្រង់​ស្ថាប័ន ការ​កែ​សម្រួល និង​ផ្ទេរ​មុខងារ​ស្ថាប័ន និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ ដើម្បី​សម្រួល​ដល់​ការងារ​គ្រប់គ្រង​របស់​ក្រសួង ស្ថាប័ន​មួយ​ចំនួន និង​ដោះស្រាយ​បញ្ហា​ស្ទួន​ដែន​សមត្ថកិច្ច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។