រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​លើ​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​ចលនា​សង្គ្រោះ​ជាតិ របស់​លោក សម រង្ស៊ី។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ព្រមាន​ដូច្នេះ​ខណៈ​លោក សម រង្ស៊ី ដែល​ជា​ស្ថាបនិក​នៃ​ចលនា​នេះ កំពុង​ធ្វើ​សកម្មភាព​កៀរគរ​ឲ្យ​មហាជន ជាពិសេស​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជាមួយ​ចលនា​របស់​លោក ដើម្បី​ឲ្យ​ពលរដ្ឋ​ងើប​ឈរ​ទាមទារ​ដោយ​សន្តិវិធី​ឲ្យ​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ​នៅ​ពេល​ខាង​មុខ។

ឆ្លើយ​តប​ទៅ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ របស់​លោក សម រង្ស៊ី លោក ស ខេង និយាយ​ថា ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ គឺ​មិន​សំខាន់​ឡើយ អ្វី​ដែល​សំខាន់​នោះ តើ​ចលនា​​នេះ​បង្កើត​ឡើង​ឈរ​លើ​ទិដ្ឋភាព​ច្បាប់​ត្រឹមត្រូវ​ដែរ ឬ​ទេ? លោក​ព្រមាន​ថា បើ​ចលនា​នេះ​ខុស​ច្បាប់​នឹង​មាន​វិធានការ៖ «»។

លោក ស ខេង ថ្លែង​ដូច​នេះ​ក្នុង​ពេល​លោក​ចូលរួម​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មករា។

​ការ​ព្រមាន​របស់​លោក ស ខេង នៅ​ពេល​នេះ បន្ទាប់​ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ។ ចលនា​ថ្មី​ដែល​មិន​មែន​ជា​គណបក្ស​នយោបាយ​នេះ ត្រូវ​លោក សម រង្ស៊ី អះអាង​ថា មាន​សមត្ថភាព​អាច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ឈរ​តវ៉ា​ធ្វើ​កូដកម្ម បាតុកម្ម និង​អាច​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ឈរ​នៅ​ខាង​ប្រជារាស្ត្រ​ថែម​ទៀត​ផង។

លោក សម រង្ស៊ី ថែម​ទាំង​អះអាង​ថា ចលនា​ថ្មី​នេះ មិន​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ឡើយ ហើយ​ក៏​មិន​ព្រួយ​ថា រដ្ឋាភិបាល​អាច​រំលាយ​ចោល​បាន​ដែរ។

ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា លោក សម រង្ស៊ី និយាយ​ថា លោក​មិន​បាន​ព្រួយ​ថា ការ​យក​យន្តការ​ច្បាប់​អាច​រំលាយ​ចលនា​របស់​លោក​បាន​ឡើយ។ លោក​ថា ចលនា​សង្គ្រោះ​ជាតិ​របស់​លោក​នៅ​ក្នុង​ប្រទេស គឺ​ត្រូវ​ធ្វើ​ការ​ជា​សម្ងាត់ មិន​ចាំបាច់​ចេញ​មុខ​ទេ ហើយ​ពួកគេ​ត្រូវ​បំពេញ​ការងារ​តាម​មុខ​សញ្ញា៖ «»។

​ចលនា​សង្គ្រោះ​ជាតិ​ដែល​ផ្ដួចផ្ដើម​ដោយ​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៨​នាក់​ផ្សេង​ទៀត​ជា​ស្ថាបនិក គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា រួម​និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ព្រម​ទាំង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ឲ្យ​មាន​ការ​ចូលរួម​ពេល​លេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​ថា ជា​ក្រុម​ឧទ្ទាម​និយម​ក្រៅ​ប្រទេស។

​ក្រៅ​ពី​រង​សម្ពាធ​ពី​រដ្ឋាភិបាល ចលនា​សង្គ្រោះ​ជាតិ​ក៏​មាន​បញ្ហា​ផ្ទៃក្នុង​ដែល​ត្រូវ​ដោះស្រាយ​បន្ត​ទៅ​ទៀត​ដែរ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​បង្ហាញ​ការ​យល់​ឃើញ​ផ្សេង​គ្នា​ចំពោះ​ចលនា​នេះ។ អ្នក​ខ្លះ​ប្រកាស​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ អ្នក​ផ្សេង​ទៀត​ប្រកាស​មិន​ចូលរួម​ជាមួយ​ចលនា​នោះ​ទេ ពួកគេ​ប្រកាស​ថា នៅ​តែ​​តស៊ូ​នយោបាយ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។