ប្រធាន​ស្ដីទី​បក្ស​អំណាច​ខ្មែរ​កៀរគរ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ​ឲ្យ​ចូលរួម​សមាជ​ជ្រើសរើស​ប្រធាន​បក្ស​​ថ្មី

ដោយ វ៉ាន វណ្ណដេត
2017-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​នៅ​ភូមិ​ត្រពាំងចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខែត្រ​តាកែវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​នៅ​ភូមិ​ត្រពាំងចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខែត្រ​តាកែវ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Van Vanndeth
RFA/Van Vanndeth

ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ ស្នើ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ ទៅ​ចូលរួម​សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ ការ​ផ្លាស់ប្ដូរ​ថ្ងៃ​ធ្វើ​សមាជ​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ថ្ងៃ​ទី​៧ វិញ ដោយសារ​ក្រសួង​មហាផ្ទៃ ឲ្យ​គណបក្ស​នេះ​ពន្លឿន​ការ​ជ្រើសរើស​ប្រធាន​ថ្មី និង​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស ព្រោះ​រូប​សញ្ញា​បក្ស​នេះ អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ច្រឡំ​ជាមួយ​រូប​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ អ្នក​គាំទ្រ​នៅ​ភូមិ​ត្រពាំងចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ខែត្រ​តាកែវ នៅ​រសៀល​ថ្ងៃ​ទី​៣០ សីហា ថា ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​នេះ គឺ​លោក សួន សេរីរដ្ឋា គឺ​ជា​ចេតនា​ដែល​គេ​ចង់​ធ្វើ​បាប​គណបក្ស​អំណាច​ខ្មែរ។ លោក​ថា របៀប​ដឹក​នាំ​ថ្មី​នៃ​គណបក្ស​អំណាច​ខ្មែរ នឹង​មិន​មាន​គោលការណ៍​លាប​ពណ៌ ឬ​វាយ​ប្រហារ​គណបក្ស​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​ការ​រិះគន់​ដើម្បី​ស្ថាបនា​នៅ​តែ​ធ្វើ​ឡើង​ដូច​មុន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

លោក សួង សុភ័ណ្ឌ៖ «ធ្លាប់​ជាក់ស្ដែង! ខ្ញុំ​ធ្លាប់​នៅ​គណបក្ស​ចាស់​របស់​ខ្ញុំ (បក្ស​សង្គ្រោះ​ជាតិ) ហើយ​នឹង​ធ្លាប់​ស្ដាប់​ថ្នាក់ដឹកនាំ​ចាស់ៗ​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​នយោបាយ​ផ្សេង ភាគ​ច្រើន​គឺ​លាប​ពណ៌​គ្នា វាយ​ប្រហារ​គ្នា រឿង​ខ្លះ​មិន​ពិត ក៏​ធ្វើ​ឲ្យ​ទៅ​ជា​ពិត។ ប៉ុន្តែ​ដំណោះស្រាយ​ដែល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ គេ​ហៅ​ថា មាន​ទុក្ខ ផ្ដល់​ដំណោះស្រាយ​មួយ​ឲ្យ​ប្រជាពលរដ្ឋ​លែង​មាន​ទុក្ខ បែរ​ទៅ​ជា​មិន​ខំប្រឹង​គិតគូរ មិន​ខំប្រឹង​ដោះស្រាយ​ទេ គិតតែ​ពី​ខំប្រឹង​លាប​ពណ៌​គ្នា ទម្លាក់​កំហុស​ដាក់​គ្នា»

លោក សួង សុភ័ណ្ឌ បាន​ស្នើ​ឲ្យ​អ្នក​គាំទ្រ​នៅ​ខែត្រ​តាកែវ ទៅ​ចូល​រួម​សមាជ​វិសាមញ្ញ​របស់​គណបក្ស ដើម្បី​ទប់ស្កាត់​ការ​រំលាយ​គណបក្ស​ជ្រើសរើស​ប្រធាន​ថ្មី ប្ដូរ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​គណបក្ស និង​អាច​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ​រូប​សញ្ញា​គណបក្ស។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា លោក សួង សុភ័ណ្ឌ បាន​ធ្វើ​សន្និសីទ​កាសែត​ដោយ​ប្រកាស​ថា ដើម្បី​រក្សា​បក្ស​នេះ​ឲ្យ​នៅ​គង់វង្ស​កុំ​ឲ្យ​ប៉ះពាល់​ដោយសារ​តែ​ច្បាប់​ថ្មី សមាជិក​គណបក្ស​នឹង​ធ្វើ​សមាជ​មួយ​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី​ជំនួស​លោក សួន សេរីរដ្ឋា ដែល​កំពុង​ជាប់​បទឧក្រិដ្ឋ​នៅ​តុលាការ ហើយ​សមាជ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា តែ​ក្រោយ​មក​ត្រូវ​លើក​មក​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា វិញ ដោយសារ​ប្រធាន​ស្ដីទី​បក្ស​នេះ បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​តឿន​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឲ្យ​បាន​លឿន។

អតីត​ប្រធាន និង​ជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល​ពី​បទ​ចោទ​ថា បាន​ប្រមាថ​កងទ័ព។ តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ថ្មី គណបក្ស​នេះ​ប្រឈម​នឹង​ការ​រំលាយ​ពេល​ដែល​ប្រធាន​បក្ស​ក្លាយ​ជា​ទណ្ឌិត។

​ក្រោយ​ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា លោក សួង សុភ័ណ្ឌ អះអាង​ថា កំណើន​អ្នក​គាំទ្រ​បក្ស​នេះ​មាន​ការ​កើន​ឡើង​ដោយសារ​ការ​ល្បីល្បាញ​នៃ​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​បក្ស និង​ប្រជាប្រិយភាព​របស់​លោក​ដែល​ធ្លាប់​ជួយ​ពលរដ្ឋ​រង​គ្រោះ​ពី​មុន។ សម្រាប់​គោលនយោបាយ​ថ្មី​នៃ​គណបក្ស​នេះ លោក សួង សុភ័ណ្ឌ អះអាង​ថា នឹង​អស្ចារ្យ​ជាង​មុន​ក្នុង​នោះ​មាន​កម្មវិធី​បង្រៀន​ពលរដ្ឋ​ឲ្យ​ដាំ​បន្លែ​ធម្មជាតិ គណបក្ស​នឹង​ផ្ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​ការ​ដាក់​លេខ​ទូរស័ព្ទ​របស់​គណបក្ស​ជាប់​ផ្ទាំង​ស្លាក​បក្ស​ថ្មី ដែល​នឹង​បោះ​នៅ​ទី​សាធារណៈ​ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ទំនាក់ទំនង។

​ទោះ​ជា​យ៉ាង​ណា លោក សួង សុភ័ណ្ឌ មិន​ទាន់​ច្បាស់​ថា តើ​គណបក្ស​អំណាច​ខ្មែរ នឹង​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ឬ​យ៉ាង​ណា​នោះ​ទេ គឺ​រង់ចាំ​មើល​ពី​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សិន។ តម្លាភាព​នោះ គឺ​ជា​ការ​បើក​ការិយាល័យ​សាធារណៈ​របស់ គ.ជ.ប និង​ការ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ប្រើ​សិទ្ធិ​ឃ្លាំមើល​ការ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ដូចជាប្លែកចម្លែកដែរ! បក្សកាន់អំណាច (បក្សប្រជាជន) ដែលធ្លាប់តែប្រមាន,ប្រមាថអោយគេឯងដូរផ្លាកសញ៉ា ដំបូងមានដូចជាធនាគារ, ហើយមកដល់បច្ចុប្បន្នខំធ្វើវិសោធនកម្មច្បាប់តែផ្ទៃក្នុងសភាបក្សរបស់ខ្លួនដោយខំចារនិងសំរេចតែម្នក់ឯង, តែបក្សនេះកំពុងប្រើអំណាចសភាបក្សបំពានលើសទ្ធិពលរដ្ឋដែលជាម្ចាស់ប្រទេស៕ បើយើងពិនិត្យបក្សនេះគឺ កើតចេញពីយួន បើទោះបីជាបក្សកុម្មុយនិស្តក្នុងរបបកម្ពូជាប្រជាធិបតេយ្យ (ប៉ុល ពត) ក៏គេស្គាល់+យល់ពីច្បាប់ដែរ។ ចំពៅះបក្សប្រជាជននេះប្រើឆ្នាំខែដែលយួនធ្លាប់បង្គាប់បញ្ជាឥតកែប្រែ (បក្សប្រជាជនគឺជាពួកឧទ្ទាមបែកចេញពីខ្មែរក្រហម ប៉ុល ពត ខំយកចិត្តយួនយៀកកុង យួនខាងជើង ដោយប្រើថ្ងៃ,ខែ, ឆ្នាំ កំណើតបក្សដែលយួនដាក់អោយ ...ដូច្នេះ យើងមើឃើញថា បក្សប្រជាជននេះគ្មានបំណងល្អក្នុងការបំរើផលប្រយោជន៍ប្រជាពលរដ្ឋទេ មានតែកាគាបសង្កត់ធ្វើអោយពលរដ្ឋភ័យខ្លាចអំណាចរបស់ខ្លួន ទៅតាមអ្វីដែលយួនចង់បាន) .៕

Aug 31, 2017 08:16 AM

គេហទំព័រ​ទាំងមូល