លោក កឹម សុខា អំពាវនាវ​ដល់​តុលាការ​ទម្លាក់​បទ​ចោទ និង​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​រូប​លោក​វិញ

0:00 / 0:00

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រូបលោក ដើម្បី​លោក​អាច​វិល​ត្រឡប់​ចូល​ឆាក​នយោបាយ​វិញ។ ការ​អំពាវនាវ​បែបនេះ ​ចំ​ថ្ងៃ​ដែល​លោក​ត្រូវ​កងកម្លាំង​របប​ក្រុង​ភ្នំពេញ​សម្រុក​ចូល​ចាប់​ខ្លួន​ដល់​គេហដ្ឋាន ​ទាំង​កណ្ដាល​អាធ្រាត្រ កា​ល​ពី ៣ឆ្នាំមុន។ គណបក្ស​កាន់​អំណាច​ថា ​ករណី​លោក កឹម សុខា ស្ថិត​ក្នុង​ដៃ​តុលាការ មិន​មាន​ដំណោះ​ស្រាយ​ណាមួយ ដែល​ជួយ​ឱ្យ​លោក​អាច​ធ្វើ​នយោបាយ​ឡើងវិញ​បាន មុន​ការសម្រេច​ពី​តុលាការ​នោះ​ឡើយ។

មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដែល​កំពុង​ជាប់​បម្រាម​នយោបាយ អំពាវនាវ​ដល់​តុលាការ​ផ្តល់​សេរីភាព​ពេញលេញ​ដល់​រូប​លោក​វិញ ព្រោះ​រយៈពេល ៣ឆ្នាំ​មក​នេះ លោក​បាត់បង់​សិទ្ធិ​សេរីភាព​ ពិសេស​សិទ្ធិ​ធ្វើ​នយោបាយ បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

លោក កឹម សុខា បង្ហោះ​សារ​ដ៏​កម្រ​លើ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី២ កញ្ញា​ថា ឆ្លង​តាម​សវនាការ​នា​ពេល​កន្លងទៅ តុលាការ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ជាក់​លាក់ និង​គ្រប់គ្រាន់ ដែល​អាច​បន្ត​ចោទប្រកាន់​លោក​បាន​នោះ​ទេ។ ម្យ៉ាង​ទៀត លោក​ធ្លាប់​បញ្ជាក់​ច្បាស់ៗ ហើយ​ថា ក្នុង​អតីតកាល បច្ចុប្បន្ន និង​ត​ទៅ​ថ្ងៃ​អនាគត លោក​មិន​មាន​ចេតនា មិន​បាន​ប្រព្រឹត្ត​ និង​មិន​គាំទ្រ​ជា​ដាច់​ខាត​ចំពោះ​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​ឡើយ។ លោក​ជឿជាក់​ថា សហគមន៍​ជាតិ និង​អន្តរជាតិ ជាពិសេស សមត្ថកិច្ច ថ្នាក់ដឹកនាំ និង​ចៅក្រម​ផង សុទ្ធតែ​បាន​យល់ និង​ទទួល​ស្គាល់​ជំហរ​អហិង្សា​បែបនេះ​របស់​លោក។

លោក កឹម សុខា សង្កត់​ធ្ងន់​ថា ក្នុង​ស្ថានភាព​ដែល​ពិភពលោក​ជួប​ប្រទះ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បែបនេះ កម្ពុជា​គួរ​តែ​មាន​ការ​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ហើយ​លោក​គួរ​តែ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ ដើម្បី​ចូល​រួម​បម្រើ​មាតុភូមិ និង​ប្រជាពលរដ្ឋ។ ជាពិសេស​ លោក​ចង់​ចូល​រួម​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុត គឺ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​កម្ពុជា​ផ្ទាល់ និង​ឥទ្ធិពល​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ថ្លែង​ថា ការ​លើ​ក​ឡើង​ទាំង​អម្បាល​ម៉ាន គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​លោក កឹម សុខា ប៉ុណ្ណោះ ចំណែក​ការ​​សម្រេច​យ៉ាង​ណា​​នោះ គឺ​អាស្រ័យ​លើ​​តុលាការ។ លោក​ថ្លែង​ទៀត​ថា ការ​ដែល​លោក កឹម សុខា បាត់​សិទ្ធិ​ធ្វើ​នយោបាយ ដោយ​សារ​តែ​លោក​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​តុលាការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ ហើយ​លោក​កំពុង​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ​បន្ថែម​ថា គ្មាន​ដំណោះ​ស្រាយ​​ណាមួយ​ដែល​លោក កឹម សុខា អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ឡើយ ទាល់​តែ​រឿង​ក្តី​របស់​លោក​​ត្រូវ​បិទ​បញ្ចប់​ជាមុន​សិន៖ « កាល​ណា​មាន​ការ​ចោទ​ពី​តុលាការ​ហើយ វា​បាត់​សិទ្ធិ​មួយ​ចំនួន​ហើយ ដូច​ជា​សិទ្ធិ​ធ្វើ​នយោបាយ​អ៊ីចឹង។ គាត់​ចូល​ក្នុង​ក្របខ័ណ្ឌ ១១៨នាក់ ហ្នឹង ហើយ​រឿង​រំលាយ​គណបក្ស ( សង្គ្រោះ​ជាតិ ) អា​ហ្នឹង​ក៏​វា​ពាក់​ព័ន្ធ​គ្នា​ ដូច​ជា​គេ​ហៅ​ថា ខ្សែ​រយៈ​ ជា​ចង្កោម ដូច​សម្ល​កំពឹស​អ៊ីចឹង។ អ៊ីចឹង​ទេ ទោះ​ជា​គាត់​ប្រកែក​យ៉ាង​ម៉េច​ ក៏​ទៅ​អត់​រួច​ដែរ។ ដែល​បញ្ហា​សំខាន់ ទៅលើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ »

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​សម្រុក​ចូល​ចាប់​ខ្លួន​លោក កឹម សុខា ដល់​ក្នុង​គេហដ្ឋាន​របស់​លោក​ ​ទាំង​កណ្ដាល​អាធ្រាត្រ កាល​ពី​យប់​ថ្ងៃ​ទី២ ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ២០១៧។ សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោល​ទោស​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​បំពានច្បាប់​បែបនេះ​ ព្រោះ​ពេល​នោះ​លោក កឹម សុខា ​កំពុង​មាន​អភ័យ​ឯក​សិទ្ធិ​សភា ក្នុង​នាម​ជា​អ្នក​តំណាង​រាស្ត្រ​ស្រប​ច្បាប់​នៅ​ឡើយ។

តុលាការ​បាន​ចោទ​ប្រកាន់​មេ​បក្ស​​ប្រឆាំង​រូប​នេះ​​​​ពី​បទ​ "សន្ទិដ្ឋិភាព" ឬ​​ការ​​ត្រូវ​រ៉ូវ​គ្នា​​​ជាមួយ​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ របប​ក្រុង​ភ្នំពេញ​ តាម​រយៈ​ការ​ស្រែក​បន្ទរ​ពី​ប្រព័ន្ធ​ឃោសនា​ស្មោះ​ស្ម័គ្រ​នឹង​ខ្លួន ​បាន​ចោទ​​សហរដ្ឋអាមេរិក​ ថា​ជា​​អ្នក​​រៀប​ចំ​ផែន​ការ​​ពី​​ក្រោយ​​ខ្នង​លោក កឹម សុខា។

ក្រោយ​ស៊ើបអង្កេត​ជាង ២ឆ្នាំ តុលាការ​បាន​ចាប់​ផ្តើម​បើក​សវនាការ​រឿង​ក្តី​នេះ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា និង​បន្ត​រហូត​ដល់​ចុង​ខែ​មីនា ទើប​ផ្អាក​សវនាការ​ដោយសារ​ការ​រាល​ដាល​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​តុលាការ​ក៏​នៅ​តែ​មិន​ទាន់​ប្រកាស​ថ្ងៃ​បន្ត​សវនាការ​លោក កឹម សុខា នៅ​ឡើយ​ទេ មក​ទល់​នឹង​ខែ​កញ្ញា​នេះ ទោះ​បី​ស្ថានភាព​ជំងឺ covid-19 នៅ​កម្ពុជា​មាន​សភាព​ធូរ​ស្រាល​ហើយ​ក៏​ដោយ។ សវនាការ​ជាច្រើន​​សប្ដាហ៍​កន្លង​ទៅ​នោះ ត្រូវ​បាន​ក្រុម​​អ្នក​​សង្កេត​ការណ៍​វាយ​តម្លៃ​ថា មិន​សូវ​មាន​ការ​ជឿន​លឿន​ទៅ​មុខ​នោះ​ទេ ដោយ​សារ​តែ​ភាព​ចម្រូង​ចម្រាស់​នៃ​ការ​ដាក់​ភស្តុតាង​របស់​តំណាង​អយ្យការ ដែល​ក្រុម​មេធាវី​លោក កឹម សុខា ចាត់​ទុក​ថា ធ្វើ​ឡើង​ខុស​នីតិវិធី។

លោក កឹម សុខា បាន​ចាប់​ផ្ដើម​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​ខេត្ត​ នៅ​​ខែកក្កដា ឆ្នាំ២០២០​ ក្រោយ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ​អស់​រយៈពេល​ជាង ២ឆ្នាំ។ តុលាការ​បាន​ចេញ​លិខិត​ព្រមាន​លោក​ថា សកម្មភាព​មួយ​ចំនួន​អាច​នឹង​ឈាន​ដល់​ការ​បំពាន​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា នៅ​តែ​មាន​សកម្មភាព​មួយ​ចំនួន​តាម​មូលដ្ឋាន​ ដូចជា ជួប​ជាមួយ​ពលរដ្ឋ ដាំ​កូន​ឈើ និង​លែង​កូន​ត្រី ជាដើម។ ក្រៅ​ពី​នេះ លោក​បាន​បន្ត​ជួប​ជាមួយ​មន្ត្រីទូត​ប្រទេស​ធំៗ ប្រចាំ​នៅ​កម្ពុជា ដូច​ជា ស្ថាន​ទូត​អាមេរិក និង​អូស្ត្រាលី ជាដើម ដោយ​ក្នុង​ជំនួប​រាល់​លើក​ មន្ត្រី​ទូត​បរទេស​ទាំង​នោះ តែ​ង​កោត​សរសើរ​ពី​ជំហរ​នយោបាយ​របស់​លោក កឹម សុខា និង​ពី​ជំហរ​របស់​ពួក​គេ​ក្នុង​ការ​ជួយ​ពង្រឹង​នីតិរដ្ឋ ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា ​លោក កឹម សុខា គឺ​ជា​អ្នក​នយោបាយ ដូច្នេះ​លោ​ក​ត្រូវ​តែ​សកម្ម ដើម្បី​ឱ្យ​ពលរដ្ឋ​បន្ត​គាំទ្រ និង​ដើម្បី​វាស់​ស្ទង់​ថា តើ​តុលាការ​បើក​សិទ្ធិ​សេរីភាព​ឱ្យ​លោក​បាន​​ដល់​កម្រិត​ណា។ លោក​យល់ថា លោក កឹម សុខា បញ្ចេញ​សារ​នយោបាយ​នេះ គឺ​ដើម្បី​ឱ្យ​តុលាការ​ពន្លឿន​រឿង​ក្ដី​របស់​លោក និង​ដើម្បី​ឱ្យ​ប្រទេស​លោក​សេរី ពិសេស​សហរដ្ឋ​អាមេរិក ​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​បើក​​លំហ​នយោបាយ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

លោក ឯម សុវណ្ណរ៉ា បន្ថែម​ទៀត​ថា សារ​របស់​លោក កឹម សុខា មាន​លក្ខណៈ​អហិង្សា​ក្នុង​ន័យ​បំផុស​ស្មារតី​នៃ​ការចរចា​នយោបាយ ប៉ុន្តែ​លោ​ក​ជឿ​ថា ការ​លើក​ឡើង​ទាំងនេះ​មិនទាន់​​អាច​បន្ទន់​ចិត្ត​បក្ស​កាន់​អំណាច​ឱ្យ​មក​ចូល​តុចរចា​បាន​នៅ​ឡើយ​ទេ៖ « ខ្ញុំ​គិត​ថា សារ​របស់​គាត់​គ្រាន់​តែ​ជា​ស្មារតី​មួយ​ទេ ដើម្បី​បន្លឺ​ឡើង​សម្រាប់​ទាក់ទាញ​ការ​គាំទ្រ​របស់​អ្នក​នយោបាយ​របស់​គាត់​ទេ។ ប៉ុន្តែ​សម្រាប់​ឱ្យ​​ទៅ​បន្ទន់​ប្រព័ន្ធ​តុលាការ ឬក៏​រដ្ឋាភិបាល​ឱ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ហ្នឹង គឺ​គេ​អត់​មាន​ទេ ពីព្រោះ​គណបក្ស​កាន់​អំណាច​គេ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​តែ​គណបក្ស​ប្រឆាំង​ចុះ​ខ្សោយ​ គឺ​ជា​ការ​ប្រកួត​ប្រជែង​របស់​គេ​ហើយ។ ខ្ញុំ​គិត​ថា នឹង​មិន​មាន​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ទេ។ អ្វី​ដែល​មាន​ឥទ្ធិពល​ ខ្ញុំ​គិត​ថា មាន​តែ​សហគមន៍​អន្តរជាតិ​ទេ ក្នុង​កម្រិត​ណា​មួយ​ដែល​អាច​មាន​ឥទ្ធិពល »

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ពិសេស សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​​ តែង​ចេញមុខ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ។ ជា​ពិសេស ក្រុម​ប្រទេស​ទាំង​នេះ​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួល​ស្គាល់​ភាព​ចម្រុះ​នៃ​មតិ​យោបល់ គោរព​សិទ្ធិមនុស្ស និង​​បើកឱកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​អាច​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នយោបាយ​បាន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ ប្រសិន​បើ​ចំណុច​ទាំងអស់​នេះ​មិន​ត្រូវ​បាន​គោរព​តាម​ទេ​នោះ របប​លោក ហ៊ុន សែន នឹង​ត្រូវ​រង​ទណ្ឌកម្ម​​ពី​សហគមន៍​អន្តរជាតិ ហើយ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​សំណាក់​សហភាព​អឺរ៉ុប​នោះ គឺ​ជា​ឧទាហរណ៍​ស្រាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។