លោក កឹម សុខា ប្រកាស​ជំហរ​ជា​ថ្មី​​ថា​បក្ស​ខ្លួន​នៅ​តែ​ប្រកាន់​គោលការណ៍​អហិង្សា

ដោយ ម៉ម មុនីរតន៍
2016-06-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា និង​ភរិយា (រូប​កណ្ដាល​លើក​ដៃ​សំពះ) ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា និង​ភរិយា (រូប​កណ្ដាល​លើក​ដៃ​សំពះ) ក្នុង​ពិធី​សូត្រ​មន្ត​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

អតីត​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​អំពាវនាវ​ដល់​សមាជិក និង​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​បន្ត​រក្សា​នូវ​វប្បធម៌​អហិង្សា ដូច​ដែល​គណបក្ស​នេះ​ធ្លាប់​អនុវត្ត​កន្លង​មក។ អ្នក​វិភាគ​សង្គម​វិញ​យល់​ឃើញ​ថា ការ​ប្រើប្រាស់​មធ្យោបាយ​ដូច​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ជម្រើស​ដ៏​ល្អ ប្រសិន​បើ​គណបក្ស​នេះ​អនុវត្ត​បាន​មែន។

នេះ​ជា​ការ​បង្ហាញ​វត្តមាន​ជា​សាធារណៈ លើក​ទី១​ហើយ របស់​ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​បន្ទាប់​ពី​ខ្លួន​ត្រូវ​រង​បណ្ដឹង​យ៉ាង​ស្អេកស្កះ និង​មាន​ដីកា​ឲ្យ​ចាប់​ខ្លួន​ពី​តុលាការ​ក្រុង​ភ្នំពេញ នោះ។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ជា​ច្រើន​នាក់ នៅ​ទីស្នាក់ការ​កណ្ដាល​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា លោក កឹម សុខា ឲ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​នឹង​នៅ​បន្ត​រក្សា​គោលជំហរ​របស់​ខ្លួន​គឺ​ប្រកាន់​យក​គោលការណ៍​អហិង្សា ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ។ លោក​បន្ត​ថា គ្មាន​ជម្រើស​ណា​មួយ​ដែល​ល្អ​ជាង​ការ​ប្រើប្រាស់​វិធីសាស្ត្រ​ត្រជាក់​ក្នុង​ការ​បញ្ចប់​បញ្ហា​ឡើយ។ លោក​បន្ត​ថា «ដើម្បី​ដោះស្រាយ​បញ្ហា គឺ​ដោះ​ដោយ​បញ្ញា ដោះ​ដោយ​អហិង្សា។ នេះ​ហើយ​ដែល​យើង​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​យក​ឱវាទ​នេះ។ ហើយ​ការ​សម្រេច​ថ្ងៃ​នេះ គឺ​ដើម្បី​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា យើង​នៅ​តែ​ប្រកាន់​ភ្ជាប់​នូវ​អហិង្សា​ជានិច្ច»

ក្នុង​ជីវិត​នយោបាយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក កឹម សុខា ដែល​ធ្លាប់​អង្គុយ​កៅអី​ក្នុង​តួនាទី​ជា​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន​មួយ​មួយ​រយៈ លោក​ត្រូវ​រង​បណ្ដឹង និង​បទ​ចោទ​ជា​ច្រើន​សំណុំរឿង​ជា​ហូរហែ​មក​ហើយ។ ចុង​ក្រោយ​នេះ លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ថាន់ ឡេង ចេញ​ដីកា​បង្គាប់​ឲ្យ​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ខាង​មុខ​នេះ។ ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា កន្លង​ទៅ​នេះ​ក្រោម​បទ​ចោទ​ថា លោក កឹម សុខា ព្យាយាម​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​តានតឹង​ផ្នែក​នយោបាយ និង​មាន​ដីកា​ចាប់​ខ្លួន​ផ្ទួន​ៗ​ផង ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង ពុំ​បាន​ចេញ​ក្រៅ​ជា​សាធារណៈ​ដូច​លើក​មុនៗ​ឡើយ។ លោក កឹម សុខា បាន​ធ្វើ​ពហិការ​មិន​ចេញ​មុខ​ជា​សាធារណៈ​អស់​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ។

ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​របស់​លោក​ជា​សាធារណៈ​នៅ​ពេល​នេះ​គឺ​ជា​ការ​ជាប់​ជួន​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធី​តាម​បែប​ព្រះពុទ្ធសាសនា​គឺ​ពិធី​រាប់​បាត្រ​ដែល​មាន​ព្រះសង្ឃ​ចំនួន ១២៣​អង្គ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា នៅ​ទីស្នាក់ការ​​គណបក្ស។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ជ្រើសរើស​មធ្យោបាយ​មិន​តបត​ដោយ​អំពើ​ហិង្សា គឺ​វិធីសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក។ មាន​ប្រទេស​ច្រើន​ណាស់​មក​ហើយ​ដែល​ប្រកាន់​គោលការណ៍​អហិង្សា​នេះ តែង​ឈ្នះ​ក្នុង​សមរភូមិ​នយោបាយ។ ក៏ប៉ុន្តែ យន្តការ​បែប​នេះ​ត្រូវ​អត់ធ្មត់ និង​ចិត្ត​អំណត់​បន្តិច។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ចាត់​ទុក​ថា វា​ជា​ជម្រើស​ដែល​មិន​អាច​ខ្វះ​បាន​ចំពោះ​ការ​ប្រើ​វិធី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា រឿង​ដែល​មាន​ការ​ព្រួយបារម្ភ​គឺ​ខ្លាច​មាន​ភាព​ប្រេះឆា​ផ្ទៃ​ក្នុង​ប៉ុណ្ណោះ ប្រសិន​បក្ស​នយោបាយ​មួយ​បាន​សម្អាត​ផ្ទៃ​ក្នុង​ល្អ​ហើយ វា​ជា​ឱកាស​ដ៏​ល្អ​​បំផុត ហើយ​ភាព​ជោគជ័យ​ក៏​នឹង​ងាយ​ទទួល​បាន​ដែរ។ លោក​បន្ត​ថា «យុទ្ធនាការ​អហិង្សា​ហ្នឹង គឺ​ឈ្នះ​ហើយ​ឲ្យ​តែ​បាន ហើយ​អហិង្សា​ហ្នឹង​យើង​ត្រូវ​តែ​បន្ត​ថែម​ទៀត បើ​ទោះ​ជា​វ៉ៃ​គេ​ចាប់​គេ​ចង ឬ​គេ​សម្លាប់​អី ក៏​យើង​ឥត​ត្រូវ​ត​ដៃ។ ធ្វើ​សកម្មភាព​ដោយ​អហិង្សា​រហូត អា​ហ្នឹង​ជា​គំរូ មហាត្មៈ គន្ធី ហើយ​អាច​នឹង​ទទួល​ជោគជ័យ​បើ​អាច​ធ្វើ​បាន»

លោក កឹម សុខា ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រង​បណ្ដឹង​ជា​ច្រើន​សំណុំរឿង​មួយ​រយៈពេល​មក​នេះ​ក្រោយពេល​លោក​ត្រូវ​បាន​សមាជិក​សភា​គណ​បក្ស​កាន់​អំណាច​បោះ​ឆ្នោត​ទម្លាក់​ពី​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​មក។ គេ​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​ក្រុម​តែង​ព្យាយាម​កសាង​សំណុំរឿង​ជា​ច្រើន​ករណី ដើម្បី​ដាក់​បន្ទុក​ប្រឆាំង​លោក កឹម សុខា ក្នុង​បំណង​ឲ្យ​លោក​ជាប់ទោស​ទណ្ឌ​ទាំង​មាន​អភ័យឯកសិទ្ធិសភា។

បើ​ទោះ​ជា​បែប​ណា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ជា​ស្ថាប័ន​មួយ​តែង​ចាត់​វិធានការ​ក្នុង​សំណុំរឿង​លោក កឹម សុខា សារភាព​កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ថា បញ្ហា​របស់​លោក កឹម សុខា នេះ ទាំង​ខាង​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ពិត​ជា​ពិបាក​ចាត់ការ​ណាស់។ លោក​បន្ត​ថា ភាព​ស្មុគស្មាញ​ និង​ជា​ឧបសគ្គ​ផ្នែក​ផ្លូវ​ច្បាប់​នេះ​ដោយសារ​តែ​ប្រមុខ​បក្ស​ប្រឆាំង​បាន​​​ការពារ​ដោយ​ច្បាប់​រួច​ទៅ​ហើយ ដែល​មិន​ងាយ​នឹង​ចាប់​ខ្លួន​បាន​ស្រួល​ឡើយ។ លោក​បន្ត​ថា «របាយការណ៍​សំយោគ​យើង ក៏​យើង​ឥត​ហ៊ាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទេ ពីព្រោះ​អភ័យ​ឯកសិទ្ធិ​របស់​សភា​ការពារ ៤​ចំណុច ការពារ​មិន​ឲ្យ​ចោទ​ប្រកាន់​គាត់​ទៅ​តុលាការ ការពារ​មិន​ឲ្យ​ឃាត់​ខ្លួន​គាត់ ការពារ​មិន​ឲ្យ​ចាប់​ខ្លួន​គាត់ និង​ការពារ​មិន​ឃុំ​ខ្លួន​គាត់។ ៤​ចំណុច​ហ្នឹង​ឯង។ លើក​លែង​តែ​បទល្មើស​ជាក់ស្ដែង​ទេ ៤​ចំណុច​ហ្នឹង​រលាយ ប៉ុន្តែ​នេះ​មាន​ជាក់ស្ដែង​ណា លើស​ពី​មួយ​អាទិត្យ​ហើយ លែង​ជាក់ស្ដែង​ហើយ»

ក្នុង​អំឡុង​ពេល​ដែល​លោក កឹម សុខា មាន​ដីកា​ចាប់​ខ្លួន និង​ដីកា​​បង្គាប់​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ផង អ្នក​គាំទ្រ​វិញ​បាន​ព្រមាន​ធ្វើ​បាតុកម្ម​អហិង្សា​ទ្រង់ទ្រាយ​ធំ​ក្នុង​បំណង​ប្រឆាំង​ចំណាត់​ការ​របស់​តុលាការ។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា ប្រសិន​បើ​ការ​ចាប់​ខ្លួន​លោក កឹម សុខា មិន​ធ្វើ​ឲ្យ​ចំណេញ​ដល់​​ជាតិ​ទេ នោះ​អាជ្ញាធរ​រដ្ឋ​នឹង​ផ្អាក​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

ត្រីឧត្ដម ប្លក់ ចយ

ពី LaPinga

Seniorito has NO armed forces (Army, PM, and Police) such that you cannot do the violence because you have NO guns but bare hands!

Jun 08, 2016 05:54 AM

ហាន់យុទ្ធ

ពី តាកែវ

ផ្ទុយពីវប្បធម៌សន្ទនា ​បក្សកាន់អំណាចបង្ហាញពីវប្បធម៌ចងអាឃាត ព្យាបាត ដែលជាសារជាតិពីកំណើតរបស់ពួកគេ។

Jun 07, 2016 07:48 PM

anonymous

There is only road to peace for all political parties in Cambodia and stop threatening to other human pain.Ask Mr.HunSen...there's Cambodia isn't a land sweetland,freedom,democracy,liberty for an opportunity to anyone else become pm?,and no anyone leader around the world can survived after their life gone"life is short".And another question we ask to Mr.HunSen once again...there's no any young khmer next generation X's will get a sweet dream or a chance to be leader or pm?.Mr.HunSen u getting a sweet dream by yourself and only your party by not let other share a dream with you and bless u and ask a God of Buddha wisdom...please let u go in peaceful way by without a bloodshed.

Jun 07, 2016 09:38 AM

KONE KHMER

ពី PHNOM PENH

IT IS MORE THAN ENOUGH WITH STUNK KEM SOKHA.

Jun 07, 2016 09:29 AM

គេហទំព័រ​ទាំងមូល