"លោក ហ៊ុន សែន មិន​ឃើញ​ថា​មាន​បាតុកម្ម​ប្រឆាំង​លោក​នៅ​អាមេរិក​ទេ"

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ឃើញ មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​នៅ​សហរដ្ឋអាមេរិក​ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ដឹង​ថា មាន​បាតុករ​ថៃ​គាំទ្រ​លោក។

ថ្លែង​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​យប់​ទី១៨ ខែ​កុម្ភៈ បន្ទាប់​ពី លោក ហ៊ុន សែន និង​មន្ត្រី​មួយ​ចំនួន បាន​វិល​ដល់​ប្រទេស​កម្ពុជា លោក កៅ គឹមហួន ថ្លែង​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​៣​ទាំង​លើក ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី១៥ និង​ទី​១៦ ខែ​កុម្ភៈ លោក ហ៊ុន សែន មិន​បាន​ឃើញ​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​ទេ។

លោក​អះអាង​បន្ត​ថា ប្រសិន​បើ​លោក ហ៊ុន សែន ឃើញ​មាន​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន លោក នឹង​ចុះ​ចាប់​ដៃ ជាមួយ​ក្រុម​បាតុករ។

កិច្ច​ប្រជុំ​រវាង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល នៃ​ប្រទេស​អាស៊ាន និង​លោក​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក នៅ​ក្រុងរ៉េនឆូ ម៉ារ៉ាហ្ស (Rancho Mirage) នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) នៃ​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១៥ ទី១៦ ខែ​កុម្ភៈ។

នៅ​ពេល​ដែល​មេ​ដឹកនាំ​ទាំង​នេះ​កំពុង​ជជែក​គ្នា​នៅ​ឯ​ខាង​ក្រៅ​បរិវេណ​ឯណេះ ក្រុម​បាតុករ​ចម្រុះ​ជាតិសាសន៍ មាន​ទាំង​ក្រុម​ពលរដ្ឋ​ខ្មែរ-អាមេរិកកាំង ផង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ផង​ដែរ។

ពួកគេ​ភាគច្រើន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​កំណើត​របស់​ខ្លួន គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ក្នុង​ការ​ចូលរួម​ធ្វើ​នយោបាយ​ដោយ​ស្មើ​ភាព​ជាដើម។

ចំណែក​បាតុករ​ខ្មែរ​-​អាមេរិកកាំង ទាមទារ​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ទីពីរ​គឺ​ដើម្បី​ស្នើ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជំរុញ​ឲ្យ​លោក ហ៊ុន សែន អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។