តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ​​​៥​ខែ​ពិន័យ​ប្រាក់​៨​សែន​រៀល

ដោយ ម៉ម មុនីរតន៍
2016.09.09
កឹម សុខា ៨៥៥ ២០១៦ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ដៃ​ស្វាគមន៍​​​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល​ក្នុង​​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
RFA/Cheu Sideth

នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ​រយៈពេល ៥​ខែ និង​ពិន័យ​លុយ​ចំនួន ៨​សែន​រៀល។ ក្រុម​សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា អះអាង​ថា ពួក​គេ​នឹង​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ពេល​នេះ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែម មុន្នី បាន​សម្រេច​ផ្ដន្ទាទោស​​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង ហើយ​សាលក្រម​ក្រោម​បទ​ចោទ​បដិសេធ​មិន​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី​នេះ ក៏​បាន​បើក​ផ្លូវ​ឲ្យ​ក្រុម​សហ​មេធាវី​របស់​លោក កឹម សុខា ប្ដឹង​ឧទ្ធរណ៍​បន្ត​ដែរ។

នៅ​ក្នុង​អង្គ​សវនាការ​ដែល​ប្រើ​ពេល​ពេញ​មួយ​ព្រឹក និង​ប្រកាស​សាលក្រម​នៅ​​ពេល​រសៀល​នេះ លោក កឹម សុខា ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា មាន​ទោស​ពី​បទ​មាន​ចេតនា​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ទាក់ទិន​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

បើ​ទោះ​ជា​បែប​ណា សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ គឺ​ទាំង​ជន​ជាប់ចោទ​លោក កឹម សុខា និង​សហ​មេធាវី​ការពារ​ក្ដី​របស់​លោក ពុំ​មាន​វត្តមាន​នៅ​ក្នុង​អង្គ​សវនាការ​ទេ។ សវនាការ​ដែល​មាន​តែ​ចៅក្រម លោក កែម មុន្នី តំណាង​អយ្យការ​លោក សៀង សុខ និង​ក្រុម​សមត្ថកិច្ច​ដែល​អនុវត្ត​សាលដីកា​កោះ​នេះ គឺ​មើល​ទៅ​ហាក់​ដូច​កំពុង​លេង​បោះ​បាល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ក្រុម​នគរបាល​យុត្តិធម៌​ដែល​តែង​យក​ដីកា​កោះ​ប្រគល់​ឲ្យ​លោក កឹម សុខា បាន​ឡើង​ឆ្លើយ​ម្នាក់​ម្ដងៗ នៅ​ក្នុង​អង្គ​សវនាការ ដោយ​ប្រាប់​អង្គ​ជំនុំជម្រះ​ដូចៗ​គ្នា​ថា ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង មិន​ដែល​ចេញ​មុខ​មក​ទទួល​ដីកា​កោះ​ទេ ដោយ​រួម​ទាំង​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា ផង។ ស្រប​គ្នា​នោះ ក្នុង​សវនាការ​ក៏​បាន​លើក​ឡើង​ពី​ករណី​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ​បង្គាប់​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ដោយ​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​សំណុំរឿង​នេះ ដែល​មាន​សមាជិក​សភា​ទាំង​អស់​របស់​បក្ស​កាន់​អំណាច​គាំទ្រ។ ទន្ទឹម​នឹង​នេះ សភា​ស៊ើបសួរ និង​តុលាការ​កំពូល​បាន​បដិសេធ​បណ្តឹង​ជា​បន្ត​បន្ទាប់​របស់​ក្រុម​សហ​មេធាវី​ជន​ជាប់​ចោទ​​លោក កឹម សុខា និង​បាន​​បើក​​ផ្លូវ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ បន្ត​សវនាការ​លើ​អង្គ​សេចក្តី​នៅ​ពេល​នេះ។

ស្ថិត​ក្រោម​ហេតុ​ផល​នេះ​ហើយ​ដែល​តំណាង​អយ្យការ​លោក សៀង សុខ សម្រេច​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​ក្នុង​នាម​ជា​សាក្សី។

អ្នក​ច្បាប់​ពន្យល់​ថា ទាក់ទិន​អំណាច​សាលក្រម​ដែល​មាន​កម្រិត​ទោស​ក្រោម ១​ឆ្នាំ គឺ​តុលាការ​កម្រ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ភ្លាម​ណាស់ ពោល​ត្រូវ​រង់ចាំ​រហូត​សាលក្រម​ចូល​ជា​ស្ថាពរ​ដែល​មាន​រយៈពេល ១​ខែ​ជា​មុន​សិន។ ក្នុង​ករណី​ភាគី​ជន​ជាប់​ចោទ​មិន​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល​នេះ​ទេ ទើប​តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន។ បើ​ទោះ​ជា​បែប​ណា ក្រុម​សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ឲ្យ​ដឹង​ថា ពួក​គេ​នឹង​រៀបចំ​បន្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​នេះ។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ ពន្យល់​ថា ថ្វី​បើ​កម្រិត​ទោស​មាន​រយៈពេល​ខ្លី​ក៏​ពិត​មែន​ក៏​ដោយ​ចុះ ក្នុង​រយៈពេល​ដែល​សាលក្រម​នេះ​ចូល​ជា​ស្ថាពរ​ហើយ តែ​ជន​ជាប់​ចោទ​ធ្វើ​មិន​ដឹង​​មិន​ឮ​ទេ គឺ​ចៀស​មិន​ផុត​ពី​ជាប់​ខ្លួន​ឡើយ៖ «និយាយ​រួម​ទៅ​បើ​ទោះ​ជា​បទ​ល្មើស​ធំ​ជាង​ហ្នឹង​ក៏ដោយ ក៏​អាច​ចាប់​ខ្លួន​ភ្លាម​បាន លុះ​ត្រា​តែ​តុលាការ​បង្គាប់​នៅ​ក្នុង​សាលក្រម​ថា ចាប់​ខ្លួន​ជា​បន្ទាន់។ ប៉ុន្តែ​ជា​ទូទៅ​បទល្មើស​តូចតាច​អ៊ីចឹង​គេ​មិន​ចេញ​សេចក្ដី​បង្គាប់​បែប​ហ្នឹង​ទេ គេ​រង់ចាំ​ផុត​ឧទ្ធរណ៍​ចូល​ជា​ស្ថាពរ​សិន»

ជុំវិញ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា នេះ​ជា​ករណី​នយោបាយ​ច្រើន​ជាង​បទល្មើស​ដែល​តុលាការ​ត្រូវ​ចោទ​ប្រកាន់។ នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ​មក​ដល់ សង្កេត​ឃើញ​ថា សមាជិក​សភា និង​សកម្មជន​បក្ស​ប្រឆាំង​សំខាន់ៗ ត្រូវ​ជាប់​បណ្ដឹង​ជា​ហូរហែ​នៅ​តុលាការ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ ដារា ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​រថយន្ត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Uon Chhin
សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ ដារា ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​រថយន្ត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Uon Chhin
RFA/Uon Chhin

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ធ្លាប់​ព្រមាន​ថា ប្រសិន​បើ​បក្ស​ប្រឆាំង​នេះ​ចង់​បន្ត​ល្បែង​នយោបាយ​ជា​មួយ​បក្ស​កាន់​អំណាច លោក​នឹង​កំដរ​គ្រប់​ទម្រង់​ទាំង​អស់។ លោក ហ៊ុន សែន ហ៊ាន​ព្រលយ​ថា លោក​មាន​ស្នាដៃ​ធ្វើ​ឲ្យ​គណបក្ស​ហ្វុនស៊ិនប៉ិច រលាយ​បាត់​ឈ្មោះ​ទៅ​ហើយ​ពី​ជីវិត​នយោបាយ​នេះ។

បើ​ទោះ​ជា​សាលក្រម​ដែល​ផ្ដន្ទាទោស​លោក កឹម សុខា នៅ​ពេល​នេះ មិន​មាន​អំណាច​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​បាន​មែន​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា លោក កឹម សុខា អាច​ប្រឈម​មុខ​បាត់បង់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ យោង​មាត្រា ១៣៩ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ចែង​ថា សមាជិក​រដ្ឋ​សភា​ត្រូវ​បាត់បង់​សមាជិកភាព​​របស់​ខ្លួន​ក្នុង​ករណី​សាមី​ខ្លួន​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​មជ្ឈិម​ណា​មួយ។

ជុំវិញ​រឿង​នេះ លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា សាលក្រម​នេះ​នឹង​ជា​សម្ពាធ​មួយ​ថ្មី​បន្ថែម​ទៀត នាំ​ឲ្យ​សភាពការណ៍​កាន់​តែ​ស្មុគស្មាញ និង​តានតឹង​ជា​មុន៖ «បញ្ហា​នេះ​វា​មិន​គួរ​រឿង​ដល់​ហ្នឹង។ ប៉ុន្តែ​ដោយសារ​ហេតុផល​នៃ​ការ​ភ្ជាប់​ស្ថានភាព​នយោបាយ ទើប​ឯកឧត្ដម កឹម សុខា ជាប់​បែប​ហ្នឹង។ ខ្ញុំ​គិត​ថា បើ​យើង​ដោះស្រាយ​គ្នា​តាម​អ្នក​នយោបាយ​ទៅ​វា​ស្រួល​ជាង។ អ៊ីចឹង​វា​មាន​បញ្ហា​កាន់​តែ​វែង​ឆ្ងាយ​ទៅ»

ស្រប​ពេល​តុលាការ​កំពុង​ជំនុំជម្រះ​សំណុំរឿង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ឯ​ណោះ​វិញ កង​សន្តិសុខ​ខណ្ឌ​៧មករា បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​លោក អ៊ុំ ដារា ភ្លាម​ដែរ។ បន្ទាប់​ពី​រូប​គេ​ចូល​រួម​លើក​បដា និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា ជា​មួយ​សកម្មជន​ដទៃ​ទៀត។ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ដដែល សកម្មជន​រូប​នោះ​ត្រូវ​បាន​នគរបាល​ខណ្ឌ​៧មករា ដោះលែង​​វិញ៕

ទស្សនា​វីដេអូ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។