សហគមន៍ខ្មែររស់នៅទីក្រុងអាដដេលេត (Adelaide) រដ្ឋអូស្ត្រាលីខាងត្បូង ប្រទេសអូស្ត្រាលី ប្រារព្ធពិធីបុណ្យរំលឹកវិញ្ញាណក្ខន្ធបីឆ្នាំជូនបណ្ឌិត កែម ឡី នៅថ្ងៃទី១៤ ខែកក្កដានេះ។ ក្រៅពីឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធ លោក កែម ឡី សហគមន៍ខ្មែរក៏បានឧទ្ទិសបុណ្យកុសលជូនអ្នកស្នេហាជាតិខ្មែរផ្សេងទៀតដែរ ដូចជា លោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ជាដើម ដែលត្រូវបានសម្លាប់ក្រោមរបបលោក ហ៊ុន សែន។
សមាជិកគណៈកម្មការបុណ្យម្នាក់ លោក ខៀវ តារា ឱ្យអាស៊ីសេរីដឹងថា ពិធីបុណ្យនេះមានរៀបចំជាពីរវគ្គ គឺពិធីសាសនា និងការពិភាក្សាសំណេះសំណាលជាមួយភរិយាបណ្ឌិត កែម ឡី ដែលបានចូលរួមក្នុងពិធីបុណ្យនេះដែរ។
លោកឱ្យដឹងទៀតថា ពិធីនេះមានអ្នកចូលរួមប្រមាណ ៧០នាក់ ហើយថវិកាទទួលបានពីពិធីបុណ្យ អ្នករៀបចំពិធីបានបែងចែកខ្លះជូនភរិយាបណ្ឌិត កែម ឡី ដើម្បីអាចចាត់ចែងតាមតម្រូវការ និងរៀបចំសម្រាប់ធ្វើការងារសង្គម។ លោក ខៀវ តារា បញ្ជាក់បន្ថែមថា ការរៀបចំពិធីនេះគឺដើម្បីជាការគោរពវីរភាពរបស់បណ្ឌិត កែម ឡី និងវីរជនផ្សេងទៀ ដែលហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ៖ «ខ្ញុំគិតថា នេះជាភាពជោគជ័យហើយ មានបងប្អូនចូលរួមមិនបានច្រើនកុះករ ប៉ុន្តែយើងបានសមល្មមនៃរដ្ឋរបស់យើង យើងមិនមែនជារដ្ឋធំប៉ុន្មានទេ ម៉្លោះហើយសមល្មមដែលយើងអាចទទួលយកបាន ប៉ុន្តែអ្វីដែលសំខាន់យើងគួរគោរពវីរភាពរបស់គាត់ ដែលគាត់ហ៊ានលះបានដើម្បីឱ្យកូនខ្មែររបស់យើងភ្ញាក់រលឹកក្រោយឡើងដើម្បីតតាំងនឹងរបបផ្ដាច់ការ»។
អ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី ដែលជាអ្នករៀបចំកម្មវិធីនេះ បានយកនំបញ្ចុកដើម្បីទទួលភ្ញៀវ។ ក្រៅពីការសំណេះសំណាលជាមួយភរិយាបណ្ឌិត កែម ឡី និងការបញ្ចេញមតិយោបល់ពីសំណាក់អ្នកចូលរួមបុណ្យ អ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី ក៏បានច្រៀងចម្រៀងបង្ហាញការសោកស្តាយ ទាមទាររកយុត្តិធម៌ជូនដល់បណ្ឌិត កែម ឡី ដែរ។
អ្នកចូលរួមពិធីបុណ្យម្នាក់ ហុក ម៉ែល ឱ្យដឹងថា លោកនៅតែមានការតក់ស្លុត និងសោកស្ដាយចំពោះការបាតបង់បណ្ឌិត កែម ឡី។ លោក ហ៊ុក ម៉ែល ចាត់ទុកឃាតកម្មនេះ គឺរបបក្រុងភ្នំពេញជាអ្នករៀបចំ រួចហើយយកឃាតក សិប្បនិម្មិតមកទទួលទោសជំនួសប៉ុណ្ណោះ។ អ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី រូបនេះ រំលឹកថា លោកធ្លាប់ជួបបណ្ឌិត កែម ឡី កាលពីលោកមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ហើយលោកសង្កេតឃើញថា លោក កែម ឡី ជាបុគ្គលមានចំណេះដឹងខ្ពង់ខ្ពស់ និងគួរឱ្យគោរពស្រឡាញ់៖ «លោកបណ្ឌិតគាត់ជាមនុស្សពិសេសដែលខ្មែរស្ទើរទូទាំងពិភពលោក គេគោរពស្រលាញ់ហើយទីបំផុតរបបក្រុងភ្នំពេញមិនអាចទុកគាត់បានព្រោះឆ្អឹងទទឹងករបស់គេ គេធ្វើឱ្យគាត់ស្លាប់បែកបាក់គ្រួសារយ៉ាងអយុត្តិធម៌ជាទីបំផុត»។
បណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញ ស្តារម៉ាត (Star Mart) នៃស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ អំពើឃាតកម្មនេះ កើតឡើងរយៈពេល ២ថ្ងៃ ក្រោយពេលលោកចូលរួមក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរី ដើម្បីបកស្រាយរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ស្ដីពីអាណាចក្រជំនួញគ្រួសារត្រកូល “ហ៊ុន”។ រយៈពេលបីឆ្នាំមកនេះ អាជ្ញាធរ ឬតុលាការនៃរបបក្រុងភ្នំពេញរកឃើញតែមនុស្សម្នាក់គត់ ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ក្នុងរឿងឃាតកម្មដ៏កក្រើកមួយនេះ។ ទោះជាយ៉ាងណា មហាជនទូទៅយល់ថា ជួប សម្លាប់ នេះ គ្រាន់តែជាឃាតកសិប្បនិម្មិតប៉ុណ្ណោះ។
ភរិយាលោក កែម ឡី លោកស្រី ប៊ូ រចនា ចោទប្រកាន់ថា ឃាតកម្មលើស្វាមីអ្នកស្រី គឺជាការរៀបចំគម្រោងទុកជាមុនរបស់របបក្រុងភ្នំពេញ ហេតុដូច្នេះហើយទើបអាជ្ញាធរព្យាយាមបំបាត់ភស្តុតាង និងរកឃាតកពិតមិនឃើញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។