សកម្មជន​បក្ស​ប្រឆាំង និង​ពលករ​នៅ​ក្រៅ​ប្រទេស​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​ពលករ​នៅ​ក្រៅ​ប្រទេស នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​នាំ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ក្រុងភ្នំពេញ​ដោះលែង លោក រ៉ុង ឈុន ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ​។ ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា និង​សរសេរ​សា​រលើ​ក្រដាស​ស​ឲ្យ​ដោះលែង លោក រ៉ុង ឈុន ហើយ​ចាត់​ទុក​ការ​ចាប់ខ្លួន​ប្រធាន​សហជីព​រូប​នេះ គឺ​ជា​រឿង​នយោបាយ។

សកម្មជន​បក្ស​ប្រឆាំង និង​ពលករ​ចំណាកស្រុក ជួបជុំគ្នា​ជាច្រើន​កន្លែង​ផ្សេងៗ​គ្នា ទាមទារ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ដោះលែង និង​ទម្លាក់​បទចោទប្រកាន់​លើ​លោក រ៉ុង ឈុន ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដោយ​ចាត់ទុកថា ការ​ចាប់ខ្លួន​នេះ​ជា​រឿង​អយុត្តិធម៌។

ក្រុមការងារ និង​ជា​ក្រុម​ទ្រទ្រង់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ លោក ទុំ ប៊ុនថន ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នៅ​ទីក្រុង​បាងកក បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ គឺជា​ការ​គំរាមកំហែង​ដល់​អ្នកស្នេហាជាតិ​ទាំងឡាយ​ណា ដែល​ហ៊ាន​ការពារ​ប្រយោជន៍​ជាតិ​។ លោក​បន្ត​ថា លោក រ៉ុង ឈុន មិនមែន​ជា​អ្នក​ញុះញង់​បង្ក​ឲ្យ​ចលាចល​ទេ តែ​លោក​ជា​អ្នកការពារ​ទឹកដី ការពារ​ព្រំដែន​មិន​ឲ្យ​បាត់បង់៖ «បើសិនជា​របប​ទីក្រុង​ភ្នំពេញ គឺជា​របប​ដែល​មាន​ចេតនា ឧត្តមគតិ​ជាតិ​ដែរ​នោះ មិន​ត្រឹមតែ​មិន​ចាប់​លោកគ្រូ រ៉ុង ឈុន ទេ គឺ​ត្រូវ​ចូលរួម​ទៅ​មើល​ព្រំដែន​ទាំងអស់​គ្នា លើកទឹកចិត្ត​គាត់ ដើម្បី​ឲ្យ​គាត់​មាន​ទឹកចិត្ត​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា»។

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​លោកស្រី ដាំ ស្រីធាន យល់​ឃើញ​ថា របប​ក្រុងភ្នំពេញ​តែងតែ​ចាត់វិធានការ​ទៅលើ​បុគ្គល​ណា​ដែល​ហ៊ាន​បង្ហាញ​រឿង​ព្រំដែន កម្ពុជា​-​វៀតណាម ដល់​សាធារណជន​ឲ្យ​បាន​ដឹង មិន​ត្រឹមតែ​លោក រ៉ុង ឈុន នោះ​ទេ សូម្បីតែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ក៏​ជាប់គុក​ដោយសារ​និយាយ​រឿង​ព្រំដែន​ដូច្នេះ​ដែរ​។ លោកស្រី​បន្ត​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ដែល​ជា​អ្នកការពារ​សិទ្ធ​ដល់​ពលករ ការពារ​ប្រយោជន៍​គ្រូបង្រៀន និង​ការពារ​ទឹកដី​នោះ គឺជា​រឿង​មួយ​ដ៏​ខុសឆ្គង​បំផុត៖ «វា​ជា​រឿង​មួយ​ដែល​យើង​សោកស្ដាយ​មែនទែន ដែល​អាជ្ញាធរ​ស្រុក​ខ្មែរ​យើង ក៏ដូចជា​ថ្នាក់ដឹកនាំ គាត់​នៅតែ​មានគំនិត​ចង់​បំផ្លាញ​អ្នកចេះដឹង ក៏ដូចជា​ហ៊ាន​លះបង់​ទាំង​កម្លាំងចិត្ត កម្លាំងកាយ ដើម្បី​ទឹកដី មាតុភូមិ​របស់​ខ្លួន»។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន នៅ​យប់​ថ្ងៃ​ទី​៣១ កក្កដា ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ថា បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង ដោយ​ញុះញង់ ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម។

មុន​ពេល​ឃាត់ខ្លួន លោក រ៉ុង ឈុន បាន​ចុះទៅ​កាន់​ព្រំដែន​កម្ពុជា វៀតណាម នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្លុង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ ពី​លទ្ធផល​ស្រាវជ្រាវ កាលពី​ថ្ងៃ​ទី​២១ កក្កដា​។ នៅ​ថ្ងៃ​ទី ៣១ កក្កដា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចោទថា លោក រ៉ុង ឈុន ញុះញង់​ពី​ការ​បោះបង្គោល​ព្រំដែន​ថ្មី​រវាង កម្ពុជា វៀតណាម ចូល​មក​ដី​កម្ពុជា ប្រហែល​ប្រាំ​រយ (៥០០)​ម៉ែត្រ។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មួយរូប​ទៀត លោក ម៉ាត់ វណ្ណនី បាន​លើក​ឡើង​ថា លោក​បាន​បំផុស​ស្មារតី ដល់​ពលករ និង​កម្មករ​ដទៃ​ទៀត តាមរយៈ​ការ​បង្ហាញ​សារ​ដោយ​ផ្ទាល់ និង​តាមរយៈ​ការ​ផ្សព្វផ្សាយ​ផ្សេងៗ ឲ្យ​ចូលរួម​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​គោលការណ៍ ៥​ចំណុច​របស់​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ក្នុង​ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​។ ការ​តវ៉ា​នេះ លោក​នឹង​អនុវត្ត​ទៅតាម​ការអនុញ្ញាត​របស់​ច្បាប់​នៃ​ប្រទេស​កូរ៉េ៖ «យើង​នឹង​មាន​គ្រោង​មួយទៀត សំខាន់​ដែរ​គឺ​យើង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ បើសិនជា​អាជ្ញាធរ​កូរ៉េ​គេ​អនុញ្ញាត ពួក​យើង​នៅ​ទី​នេះ គឺ​យើង​នឹង​ធ្វើ​បាតុកម្ម​នៅមុខ​ទូត​ប្រទេស​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ​។ ដោយសារតែ​ឥឡូវ​ហ្នឹង​កូវីដ អ៊ីចឹង​យើង​រង់ចាំ​ស្ងាត់​បន្តិច ហើយ​យើង​ទុក​ឱកាស​ហ្នឹង ដើម្បី​ឲ្យ​តុលាការ​អាយ៉ង គាត់​ពិចារណា​ដោះលែង​លោក រ៉ុង ឈុន បើ​មិន​ដូច្នេះ​ទេ​ពួកយើង​នឹង​ធ្វើ​ហើយ»។

សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ព្រៃនប់ កញ្ញា សៅ ឧសភា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ដែរ​បញ្ជាក់​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ក្រោម​របប​លោក ហ៊ុន សែន កញ្ញា​មើល​ឃើញ​នូវ​ចំណុច​ពីរ ទី​១ ពាក់ព័ន្ធ​នឹង​បញ្ហា​បូរណភាព​ទឹកដី ដែល​លោក រ៉ុង ឈុន បាន​ស្រាវជ្រាវ​ផ្ទាល់​ឃើញ​ថា ភាគី​ខាង​ប្រទេស​វៀតណាម បាន​រំលោភ​ចូល​ទឹកដី​កម្ពុជា​ចំនួន ៥០០​ម៉ែត្រ​។ ការ​រកឃើញ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វៀតណាម ដែល​អាច​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ខឹង​ទើប​ធ្វើ​ឲ្យ​ចាប់ខ្លួន​លោក រ៉ុង ឈុន ។ ចំណុច​ទី​២ កញ្ញា​មើល​ឃើញ​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា នឹង​ត្រូវ​កាត់ផ្ដាច់​ក្នុង​ពេល​ឆាប់ៗ​ ខាងមុខនេះ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ខ្លាច​ក្រុម​កម្មករ​មានការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​តាមរយៈ​លោក រ៉ុង ឈុន ក្នុង​ការ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​ចរចា​ជាមួយ​សហគមន៍​អឺរ៉ុប​ទាមទារ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រលប់​មកវិញ៖ «ការ​ចាប់ខ្លួន​លោកគ្រូ រ៉ុង ឈុន គឺជា​រឿង​មួយ​ដែល​អយុត្តិធម៌ ពីព្រោះ​អី អ្វី​ដែល​លោកគ្រូ​បាន​ធ្វើ​កន្លងមក គឺ​សុទ្ធសឹងតែ​ជា​ច្បាប់​របស់​ពលរដ្ឋ​ដែល​ក្នុងនាម​លោកគ្រូ​ជា​ពលរដ្ឋ​ម្នាក់ អ៊ីចឹង​លោកគ្រូ​ត្រូវតែ​ឈឺឆ្អាល​ទៅ​នឹង​បញ្ហា​សង្គមជាតិ ក៏ដូចជា​បញ្ហា​ព្រំដែន​អី​ជាដើម​។ អ្វី​ដែល​រដ្ឋាភិបាល​គាត់​បាន​លើក​ឡើង​នេះ វា​គ្រាន់តែ​ជា​លេស​មួយ​សម្រាប់​ចោទ​ទៅ​លោកគ្រូ រ៉ុង ឈុន ទេ ពី​ព្រោះ​អី បើ​យើង​ក្រ​ឡេក​ទៅ​មើល​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ​​វិញ គឺ​បាន​ចែង​ហើយ មាត្រា​៣៥ ដែល​ចែងថា ពលរដ្ឋ​មាន​សិទ្ធ​ក្នុង​ការ​ធ្វើ​នយោបាយ​ក៏ដូចជា​មាន​សិទ្ធ​ឈឺឆ្អាល​ ទៅ​នឹង​បញ្ហា​សង្គមជាតិ​ដែល​កើតមានឡើង​នៅ​ក្នុង​ប្រទេស ទឹកដី​កំណើត​របស់​ខ្លួន»។

សកម្មជន និង​ពលករ​ចំណាកស្រុក នឹង​បន្ត​ការ​តវ៉ា ផ្សព្វផ្សាយ​ទៅតាម​បណ្ដាញ​សង្គម ស្ថានទូត​នានា​បន្ថែម​ទៀត ដើម្បី​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ហើយ​ពួកគេ​គ្រោង​នឹង​សុំ​សិទ្ធ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ក្នុង​ប្រទេស​នានា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។