ថ្ងៃនេះបាតុករខ្មែរនៅប្រទេសកូរ៉េខាងត្បូងដែលមានរួមមាន៖ ក្រុមពលករខ្មែរមកពីបណ្ដាប្រទេសផ្សេងៗ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានជួបជុំគ្នាសម្ដែងមតិ ដើរហែក្បួន និងស្រែកទាមទារឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ករណីវិបត្តិនយោបាយនៅកម្ពុជា។ ក្រុមបាតុករស្នើទៅអន្តរជាតិ ធ្វើជាសាក្សីនៃការវិលចូលស្រុករបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។
សម្រែកទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ទាមទារស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានលាន់ឮពេញផ្លូវក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលក្រុមបាតុករដើរហែក្បួនធ្វើបាតុកម្ម។ ក្រុមបាតុករបាននាំគ្នាទៅដាក់ញតិ្តនៅវិមានប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង និងនៅស្ថានទូតខ្មែរប្រចាំប្រទេសនេះ។
អ្នកនាំពាក្យនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូងលោក ម៉ាត់ វណ្ណនី ឱ្យអាស៊ីសេរីដឹងថា បាតុកម្មនេះមានបាតុករចូលរួមប្រមាណ ៣០០០នាក់ ដែលចំនួន នេះគឺដូចទៅនឹងការរំពឹងទុក។ លោកថា បាតុកម្មនេះទទួលបានជោគជ័យដោយក្រុមបាតុករបានដាក់ញត្តិ និងបញ្ជូនសាររបស់ខ្លួនទៅស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងថា ខ្មែរនៅក្រៅស្រុកមិនទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន សព្វថ្ងៃនេះទេ៖ «យើងដឹងហើយថា របបលោក ហ៊ុន សែន ជាពិសេសស្ថានទូតខ្មែរនៅកូរ៉េខ្មែរ នៅទីក្រុងសេអ៊ូល គឺបម្រើឱ្យបក្សបុគ្គល បម្រើឱ្យគណបក្សប្រជាជនទេ គឺមិនបម្រើប្រជារាស្ត្រទូទៅមិនដែលបម្រើប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទេ អ្វីដែលយើងចង់បានជាគោលដៅសំខាន់គឺចង់បង្ហាញឆន្ទៈយើងជាពលករទោះបីមានការគំរាមកំហែងប៉ុន្តែយើងអត់ខ្លាចយើងនៅតែស្រែកនៅមុខស្ថានទូតប្រាប់ទៅស្ថានទូតថា ពួកយើងចង់បានសំខាន់បំផុតគឺលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ហើយនិងយុត្តិធម៌សង្គមនៅកម្ពុជា»។
លោក ម៉ាត់ វណ្ណនី ឱ្យដឹងទៀតថា ក្រុមបាតុករបានក៏បានផ្ញើញត្តិរបស់ពួកគេទៅបណ្ដាស្ថានទូតនៃប្រទេសជាហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា តាមអ៊ីម៉ែលដែរដើម្បីជំរុញទៅប្រទេសទាំងនោះអន្តរាគមន៍ វិបត្តិនយោបាយនៅកម្ពុជា។
បាតុករម្នាក់ជានិស្សិតទៅរៀននៅប្រទេសកូរ៉េខាងត្បូង លោក សាន និវឌ្ឍន៍ ឱ្យអាស៊ីសេរីដឹងថា ការចូលរួមរបស់លោកពេលនេះព្រោះចង់ឃើញប្រទេសកម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន។ លោកថា ទោះការចូលរួមថ្ងៃនេះអាចធ្វើឱ្យលោកពិបាករកការងារធ្វើវិលទៅប្រទេសកម្ពុជាវិញក៏ដោយ ក៏លោកមិនខ្លាចដែរ។ លោកយល់ថា បើចង់ឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍លុះត្រាតែពលរដ្ឋខ្មែរហ៊ានលះបង់ងើបឡើងឱ្យគេឃើញសិន៖ «ការពិតយើងទាមទារចង់ឱ្យសហគមន៍ជាតិ និងអន្តរជាតិគាត់បានដឹងគាត់ជួយ ប៉ុន្តែទន្ទឹមហ្នឹងយើងត្រូវងើបឈរដែរបានពួកគាត់បានជួយយើងបានហើយយើងជឿថា នឹងបានផលជាវិជ្ជមាន»។
ខ្លឹមសារនៃការធ្វើបាតុកម្មនេះគឺក្នុងគោលបំណងទាមទារឱ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាឡើងវិញ។ ចំណុចសំខាន់មួយទៀតនោះគឺដើម្បីផ្សព្វផ្សាយនិងបញ្ជាក់ជំហរនៃការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ។ ក្រៅតែពីការទាមទារក្រុមបាតុករបាននាំគ្នាច្រៀង ចម្រៀងរៀបរាប់ពីបញ្ហាដែលកំពុងកើតឡើងនៅកម្ពុជានាពេលសព្វថ្ងៃផងដែរ។
មន្ត្រីគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលី លោក ម៉ែន វណ្ណា លើកឡើងថា លោក ហ៊ុន សែន ដឹកនាំប្រទេសជាងជិត៤០មកនេះមានតែការរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យជាតិអន់ខ្សោយ ។ លោក ម៉ែន វណ្ណា ស្នើទៅពលរដ្ឋនៅប្រទេសក្រៅទាំងអស់ចូលរួមជាមួយលោក សម រង្ស៊ី ដើម្បីជួយសង្គ្រោះប្រទេសកម្ពុជា៖ «សាមសិបឆ្នាំជាងហ្នឹង គឺយើងគ្មានសិទ្ធិទេ អ្នកដឹកនាំយើងគឺដើរទៅអំណាចផ្ដាច់ការគ្រួសារនិយម បក្សពួកនិយម ដូច្នេះថ្ងៃនេះយើងទាំងអស់គ្នាគឺទាមទារឱ្យដករបបនេះចេញយើងអត់ត្រូវការរបបនេះមាននៅស្រុកយើងទេ»។
ក្រុមមន្ត្រីរបបក្រុងភ្នំពេញធ្លាប់លើកឡើងថា បាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ នឹងមិនមានឥទ្ធិពលអ្វីលើរដ្ឋាភិបាលកម្ពុជាឡើយ ហើយទង្វើនេះត្រូវបានរបបក្រុងភ្នំពេញចាត់ទុកថា ជារឿងខុសច្បាប់ទៀតផង។
ទោះជាយ៉ាងណា ក្រុមបាតុករនៅប្រទេសកូរ៉េខាងត្បូងជំរុញដល់ពលរដ្ឋខ្មែរនៅប្រទេសផ្សេងទៀតនាំគ្នាធ្វើបាតុកម្មតាមប្រទេសរបស់ពួកគេរស់នៅ ដើម្បីជាសារប្រាប់ដល់សហគមន៍អន្តរជាតិឱ្យជួយអន្តរាគមន៍បញ្ចប់វិបត្តិនយោបាយ និងធ្វើជាសាក្សីនៃការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ៕
សូមស្ដាប់បទសម្ភាសន៍បន្ថែមជាមួយលោក ពេជ្រ ពណ្ណរាយ ជុំវិញការធ្វើបាតុកម្មនេះ ដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។