ទោះបីជាអាកាសធាតុត្រជាក់ខ្លាំងស្ទើរសូន្យដីក្រេ ក៏ក្រុមអ្នកតវ៉ារាប់រយនាក់ មកពីបណ្ដារដ្ឋនានានៅសហរដ្ឋអាមេរិក និងមកពីប្រទេសកាណាដាផង បានប្រមូលផ្ដុំគ្នាតាំងពីម៉ោង ១០ព្រឹក នៅវិមានរដ្ឋសភាអាមេរិក ដើម្បីទាមទារចង់បានយុត្តិធម៌ជូនគណបក្សសង្គ្រោះជាតិ និង អ្នកនិយមប្រជាធិបតេយ្យ។
អ្នកតវ៉ាម្នាក់មកពីក្រុង ស៊ីអាថល (Seattle) រដ្ឋវ៉ាស៊ីនតោន (Washington State) ដែលមានចម្ងាយជាង ៤ពាន់គីឡូម៉ែត្រ (៤៣១៧,៨៧) ពីរដ្ឋធានីវ៉ាស៊ីនតោន លោកស្រី ឡុង លីនដា ថា អ្នកតវ៉ាដល់ទីបញ្ចប់ រហូតទាល់តែមានការរៀបចំការបោះឆ្នោតមុនអាណត្តិ។ «»
អ្នកតវ៉ាម្នាក់ទៀត មកពីទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) មកទាំងសុខភាពមិនល្អពេញលេញទេ ប៉ុន្តែ លោកអះអាងថា ទឹកចិត្តជំរុញឲ្យលោកមកតវ៉ា ដោយសារលោកខ្លាចលោក ហ៊ុន សែន។ លោក ណុប ហ៊តជាតិ ថា ការខ្លាចនេះ គឺមិនមែនខ្លាចអំណាចកោងកាចរបស់លោក ហ៊ុន សែន ទេ តែខ្លាចអំណាចបំផ្លាញជាតិខ្មែរ ដែលលោក និងប្រជាពលរដ្ឋខ្មែរនៅប្រទេសសេរីឯទៀត មិនអាចឈរឱបដៃមើលបាន។ «»
ក្នុងចំណោមអ្នកតវ៉ា ក៏មានតំណាងរាស្ត្រគណបក្សសង្គ្រោះមួយចំនួនដែរ។ ក្នុងនោះក៏មានលោក ហូរ វ៉ាន់ ដែលកាន់បដាទាមទារឲ្យប្រគល់តំណែងមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិទាំង ៥០០៧ នាក់មកឲ្យគណបក្សសង្គ្រោះជាតិវិញជាដាច់ខាត។ «»
លោក ហូរ វ៉ាន់ បញ្ជាក់ថា អ្នកតវ៉ាទាំងអស់ រួមទាំងលោកផង មិនចុះញ៉មនឹងសារគំរាមកំហែងរបស់លោក ហ៊ុន សែន ដែលហាមធ្វើបាតុកម្មតវ៉ា ដើម្បីផ្ញើសារដល់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធរបបលោក ហ៊ុន សែន ឲ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះទេ។ «»
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់របបលោក ហ៊ុន សែន ដែលត្រូវហាមឃាត់សិទ្ធិនយោបាយដែរ និងដែលបាននិទ្ទេសខ្លួនមកក្រៅប្រទេស ដើម្បីសុវត្ថិភាព និងបន្តការតស៊ូពីក្រៅប្រទេសនេះ បានបង្ហាញសុទិដ្ឋិនិយមថា ដំណោះស្រាយនឹងមានក្នុងពេលណាមួយជាក់ជាមិនខាន ឲ្យតែអ្នកនិយមប្រជាធិបតេយ្យ នៅបន្តតស៊ូតទៅទៀត។ «»
ចំណែកឯអ្នកតវ៉ាម្នាក់ទៀត មកពីទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បញ្ជាក់ថា លោកស្រី មកតវ៉ានេះ ក៏ដោយសារនៅតែសង្ឃឹមលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំមកនូវសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកស្រី ទិត្យ ស្រីណាល់ មិនពេញចិត្តទៅនឹងការណ៍ដែលលោក ហ៊ុន សែន និង របបនេះ រំលោភបំពានកិច្ចព្រមព្រៀងនេះ ដែលធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយ ក្រោមការដឹកនាំផ្ដាច់ការ និងគ្រួសារនិយម។ លោកស្រី ទិត្យ ស្រីណាល់ បញ្ជាក់បន្ថែមថា ការតវ៉ាឲ្យអន្តរជាតិដាក់សម្ពាធលើរបបលោក ហ៊ុន សែន គឺដើម្បីអនាគតយូរអង្វែងរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ ព្រោះការទាមទារទាំងនេះ ក៏ជាចំណែកដើម្បីយកធនធាន និងផលប្រយោជន៍ ដែលលោក ហ៊ុន សែន និងបក្សពួក ប្លន់ពីរាស្ត្រ មកឲ្យរាស្ត្រវិញ។ «»
ក្រោយពីបញ្ចប់ការតវ៉ានៅមុខវិមានរដ្ឋសភា នៅម៉ោង ១:៣០ ល្ងាច ក្រុមអ្នកតវ៉ាបានដង្ហែក្បួនបាតុកម្មពីវិមានរដ្ឋសភា ឆ្លងកាត់ដងវិធីក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឆ្ពោះទៅកាន់តែសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានចម្ងាយជាង ៥គីឡូពីវិមានរដ្ឋសភានោះ។ ក្បួនបាតុកម្មនេះ ត្រូវបានប៉ូលិសក្រុង ជួយបើករថយន្តបើកផ្លូវ និងមានមន្ត្រីប៉ូលិសរាប់សិបនាក់ផ្សេងទៀត ជួយសម្រួលចរាចរណ៍ នៅក្នុងទីក្រុងដ៏មមាញឹកមួយនេះ ថែមទៀតផង។
ក្បួនបាតុកម្ម ក៏មានព្រះសង្ឃខ្មែរជាច្រើនអង្គ ដឹកមុខក្នុងពេលដង្ហែនោះដែរ ដោយព្រះសង្ឃមានព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង បានសូត្រធម៌តាមផ្លូវរហូត ដល់សេតវិមាន។
លោក វ៉ាយ សារឿន មកពីរដ្ឋ North Carolina ក៏បានឮពីសារគំរាមកំហែងរបស់លោក ហ៊ុន សែន ដែលថានឹងធ្វើទុក្ខបុកម្នេញបក្សប្រឆាំងបន្ថែមទៀតដែរ បើមន្ត្រី និងអ្នកគាំទ្របក្សនេះ នៅតែបន្តការតវ៉ាឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើរបបនេះ។ ប៉ុន្តែ លោក វ៉ាយ សារឿន ថា បើនៅតែខ្លាច ខ្មែរនឹងបាត់ឱកាសជួយស្ដារស្រុកទេសឡើងវិញ។ «»
អ្នកតវ៉ាបានបន្តស្រែកតវ៉ា និងថ្លែងសារនៅមុខសេតមានរហូតដល់ម៉ោង ៤ល្ងាច ទើបរំសាយ។ ពួកគាត់អះអាងថា បើលោក ហ៊ុន សែន នៅតែចចេសមិនព្រមស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ តាមសំណូមពរពួកគាត់ទេ ពួកគាត់នឹងនៅតែបន្តការតវ៉ានេះ តទៅទៀត ដោយមិនរាយថយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។