តំណាង​រាស្ត្រ​សេរីនិយមអន្តរជាតិ ១២​​គណបក្ស ថ្លែងការណ៍​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

0:00 / 0:00

គណៈនយោបាយសេរីនិយមអន្តជាតិចំនួន ១២ នៃ ចលនាសេរីនិយម​​អន្តរជាតិ ឬ Liberal International ថ្លែងការណ៍គាំទ្រ​ដំណើរមាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី។

នៅក្នុង​ សេចក្តី​ថ្លែងការណ៍ ក្នុង​ទម្រង់​ជាលិខិត​ចំហ កាលពីថ្ងៃទី១៦ ខែ​តុលា បណ្តាញពិភពលោក​នៃ​គណបក្ស​សេរី​និយម​ទាំង​នេះ បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​សេរី​និយម និង​ជា​អ្នក​គាំទ្រ​​ប្រជាធិបតេយ្យ ពួក​គាត់​​អំពាវនាវ​​ឲ្យ​​លោក ហ៊ុន សែន ដែល​ពួក​គាត់​​ហៅ​ថា​ ជា​មេដឹកនាំ​ផ្តាច់ការ ចុះ​ចេញ​ពី​តំណែង និង​ធ្វើ​យ៉ាង​ណា​​សម្រួល​ឲ្យ​​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដទៃ​ទៀត អាច​ធ្វើ​ដំណើរ​វិល​​ត្រឡប់​​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព។

ជាងនេះ​ទៀត បណ្តុំគណបក្សនយោបាយអន្តរជាតិ​ទាំង​​១២ នេះ ស្នើ​​របបលោក ហ៊ុន សែន ឱ្យ​គោរព​​ឆន្ទៈ​របស់​​​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​​ប្រជាធិបតេយ្យ។

ជាមួយគ្នានេះដែរ ចលនាសេរីនិយម​​អន្តរជាតិនេះ បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​​ជួយ​​រក​​មេធាវី​អន្តរជាតិ ដើម្បី​​ប្តឹង​​ករណី​លោក ហ៊ុន សែន និង​មន្រ្តី​របប​នេះ គំរាម​កំហែង​​អាយុ​ជីវិត​​លោក​ សម រង្ស៊ី ទៅ​​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ (ICC)។

លោក ហ៊ុន សែន ធ្លាប់​គំរាម​​ថា ​នឹង​​កម្ទេច​លោក សម រង្ស៊ី នៅ​ព្រំដែន ដោយ​ប្រើ​កាំភ្លើង​ទំនើប ដើម្បី​បង្ក្រាប កុំ​ឲ្យ​​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ មន្រ្តី​ជាន់​​ខ្ពស់​​ផ្នែក​​ការពារ​​ជាតិ លោក ទៀ បាញ់ ក៏​បាន​​គំរាម​កម្ទេច​ក្រុម​​ប្រឆាំង និង​ពលរដ្ឋ​​ស៊ីវិល​​ឯ​ទៀត ដែល​អម​​ដំណើរ​​លោក សម រង្ស៊ី នោះ​ដែរ។

ស្ថាប័នគណបក្សនយោបាយ​អន្តរជាតិ​ដដែលនេះ ចាត់ទុក​ការ​ប្រមាថ​អាយុជីវិត​​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ថា ជា​រឿង​​មិន​​អាច​​ទទួល​​យក​បាន​ជា​ដាច់ខាត។

គណបក្ស​នយោបាយ​ទាំងនេះ​ប្តេជ្ញាថា នឹង​កៀរគតំណាងរាស្រ្ត និង​រដ្ឋាភិបាល​ប្រទេស​សេរី​នៅ​ជុំវិញ​ពិភព​លោក ដើម្បី​ដាក់​សម្ពាធ​នយោបាយ​លើ​​របប​លោក ហ៊ុន សែន ឲ្យ​​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ។

បន្ថែមលើនេះ ក្រុមគណបក្សនយោបាយ​អន្តរជាតិ​ទាំងនេះ ជួយ​​តស៊ូ​មតិ និង​កៀរគ​រ​រក​​ការ​គាំទ្រ​ពី​​មហាជន ដើម្បី​គាំទ្រ​ដំណើរ​វិល​ត្រឡប់​​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ដោយ​​បង្កើត​​ជា​យុទ្ធនាការមួយតាមបណ្តាញ​អ៊ិនធើណិត ដាក់​ឈ្មោះ​ថា ខ្ញុំ​គាំទ្រ​​លោក សម រង្ស៊ី ឬ I Stand With Sam Rainsy។​

អាស៊ីសេរី​មិន​​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​​បញ្ហា​នេះ ពី​​មន្រ្តី​នាំ​ពាក្យ​​របប​ក្រុង​​ភ្នំពេញ​ លោក ផៃ ស៊ីផាន បាន​​នៅ​ឡើយ​ទេ នៅ​ពេល​នេះ។

គណបក្ស​នយោបាយ​សេរី​និយម​​ទាំង ១២​នោះ ​មាន​​មក​ពី​ប្រទេស​អង់គ្លេស អាល្លឺម៉ង់​ ស្វ៊ីស និង ហុល្លង់​ជា​ដើម។

​ចលនាសេរីនិយម​​អន្តរជាតិ ឬ Liberal International ជា​សហព័ន្ធ​​ពិភព​លោក​នៃ​​គណបក្ស​នយោបាយ​​សេរី​និយម និង ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស និង​មាន​​សមាជិក​ ១០៦​ប្រទេស​ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។