អ្នកវិភាគ៖ របប​ភ្នំពេញ​អាច​បារម្ភ​ថា ឡាវ​យក​លេស​ព្រំដែន​ជា​ថ្នូរ​ឱ្យ​លោក សម រង្ស៊ី ចុះ​យន្តហោះ

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ បាន​ទៅ​ជួប​មន្ត្រី​រដ្ឋាភិបាល​ឡាវ​ជា​បន្តបន្ទាប់ ដើម្បី​ចរចា​រឿង​ជម្លោះព្រំដែន និង​ការ​ដក​កងទ័ព​ចេញពី​តំបន់​ប្រឈម​មុខ​គ្នា​។ អ្នកវិភាគ​ថា ការ​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់ ទៅ​ចរចា ជា​បន្តបន្ទាប់​នេះ អាច​ដោយសារ​របប​ក្រុងភ្នំពេញ​បារម្ភ​ថា រដ្ឋាភិបាល​ឡាវ នឹង​យក​បញ្ហា​ជម្លោះព្រំដែន​ជា​ចំណាប់ខ្មាំង​ទុក​គំរាម​ថា ឱ្យ​លោក សម រង្ស៊ី ចុះចត​យន្តហោះ វិល​ចូល​ប្រទេស​កម្ពុជា។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​ប្រកាស​ព័ត៌មាន​ថា រដ្ឋមន្ត្រី លោក ប្រាក់ សុខុន ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ២​ថ្ងៃ គឺ​ថ្ងៃ​ទី​៥ និង​ទី​៦ កញ្ញា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​២។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​បន្ទាប់ពី ប្រធាន​រដ្ឋសភា​ឯក​បក្ស លោក ហេង សំរិន បាន​ទៅ​ជួប​ប្រធានរដ្ឋសភា​ឡាវ​ម្ដង កាលពី​ខែ​សីហា និង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ទូរស័ព្ទ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ ស្នើសុំ​ឱ្យ​ដក​កងទ័ព​ចេញពី​តំបន់​ប្រឈម​គ្នា នៅ​តំបន់​មុំ​៣ ក្នុង​ខេត្ត​ព្រះវិហារ។

អ្នកវិភាគ​នយោបាយ បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ជម្លោះព្រំដែន​រវាង​កម្ពុ​ជា និង​ឡាវ កើតឡើង ២​ដង​ហើយ សុទ្ធតែ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ទៅ​ជួប​ភាគី​ឡាវ​រហូត ដែល​ការណ៍​នេះ ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា រដ្ឋាភិបាល​អាច​បារម្ភ​រឿង​អ្វីមួយ។ លោក​ថា រដ្ឋាភិបាល អាច​យល់​​ថា ភាគី​ឡាវ ប្រើ​បញ្ហា​នេះ ជា​ចំណាប់ខ្មាំង គំរាម​កម្ពុជា ជា​ថ្នូរ​ឱ្យ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចុះ​ចត​យន្តហោះ ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​កម្ពុជា ក៏​អាច​ថា​បាន ទើប​រដ្ឋាភិបាល​ចាត់​មន្ត្រី​ទៅ​ជួប​មិន​ដាច់ តែ​មិន​ឃើញ​មន្ត្រី​ឡាវ មក​ជួប​ជជែក​បញ្ហា​ព្រំដែន នៅ​ភ្នំពេញ​ម្ដង​សោះ។

ទោះ​យ៉ាង​ណា លោក បណ្ឌិត មាស នី យល់ថា ជា​យុទ្ធសាស្ត្រ​នយោបាយ​ក្នុង​តំបន់ ប្រទេស​វៀតណាម នឹង​ចេញមុខ​សម្របសម្រួល​ភ្លាម ក្នុង​ករណី​ប្រទេស​ទាំង​២ មាន​ជម្លោះ បាញ់​បោះ ដាក់គ្នា​។ លោក​បណ្ឌិត​ថា រដ្ឋាភិបាល​វៀតណាម នឹង​មិន​ព្រម​ឱ្យ​កម្ពុជា និង​ឡាវ បាញ់​បោះ​គ្នា​ធ្ងន់ធ្ងរ ឬ​បង្ក​ជម្លោះ ជាមួយគ្នា​ទេ៖ «ខ្ញុំ​មើល​ទៅ​ដូចជា​មានការ​ភ្ជាប់​ការ​ព្រួយបារម្ភ​របស់​រដ្ឋាភិបាល​កម្ពុជា ជាមួយ​ការ​វិល​ត្រលប់​នឹង​ការ​វិល​ត្រលប់​របស់​ប្រធាន​គណបក្ស​ប្រឆាំង​។ យើង​ដឹង​ហើយ​ថា ប្រសិនបើ​ភាព​តានតឹង​រវាង​ភាគី​កម្ពុជា ជាមួយ​និង​ឡាវ កាន់តែ​ធ្ងន់ វា​នឹង​អាច​ធ្វើ​ឱ្យ​ឡាវ គេ​នឹង​អាច​យក​បញ្ហា​ការ​វិល​ត្រលប់​មកវិញ​របស់​មេ​គណបក្សប្រឆាំង ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ចរចា​ជាមួយ​នឹង​កម្ពុជា ទាក់ទង​នឹង​ព្រំដែន​ណាមួយ​នោះ​ណា ហើយ​បើ​និយាយ​មិន​ត្រូវ​គ្នា កម្ពុជា​អាច​មាន​ការ​ព្រួយបារម្ភ​ថា ឡាវ​អាច​ផ្ដល់​នូវ​គេ​ហៅថា ជម្រក​សម្រាប់​ការ​ចុះ​នូវ​យន្តហោះ​របស់ លោក សម រង្ស៊ី។ នេះ​គ្រាន់តែ​ជា​ការ​មើល​ឃើញ​របស់ខ្ញុំ​ទេ មិន​ដឹង​ថា ពិត​ប៉ុណ្ណា​ទេ ប៉ុន្តែ​អារម្មណ៍​នេះ អាច​មាន​ប្រសិន​បើ​ជា​រដ្ឋាភិបាល​បណ្ដោយ​ឱ្យ​វិបត្តិ​ជាមួយ​ប្រទេស​ឡាវ កាន់តែ​ធំ​ទៅទៀត»។

ការ​ប្រឈម​មុខ​ដាក់គ្នា រវាង​កម្ពុជា និង​ឡាវ លើ​បញ្ហា​ជម្លោះព្រំដែន កើតឡើង ២​ដង​ហើយ គឺ​ម្ដង​កាល​ពី​ដើម​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ឡាវ បាន​បញ្ជូន​ទ័ព និង​ជីក​លេណដ្ឋាន បំពាន​អធិបតេយ្យ​កម្ពុជា អស់​រយៈពេល​ប្រហែល ៦​ខែ នៅ​ចំណុច​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិតនៅ​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខែត្រ​ស្ទឹងត្រែង​។ ឡាវ​បាន​កាន់កាប់​ទីតាំង​ទាំង​២​នោះ ប្រហែល ៦​ខែ ទើប​របប​ក្រុងភ្នំពេញ បញ្ចេញ​ព័ត៌មាន បញ្ជូន​ទាហាន​ទៅ​ទប់ទល់ និង​ដាក់​ឱសានវាទ ៧​ថ្ងៃ ឱ្យ​ឡាវ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា នៅ​ចំណុច​អូរអាឡៃ និង​តំបន់​អូរតាង៉ាវ​ជា​បន្ទាន់។ កាលណោះ ភាគី​ឡាវ បាន​យល់ព្រម​សំណើ និង​បាន​ដកទ័ព។

លើក​ទី​២ គឺ​នៅ​ខែ​សីហា កងទ័ព​កម្ពុជា និង​ឡាវ បាន​ប្រឈម​មុខ​គ្នា នៅ​តំបន់​ទន្លេ​ល្ពៅ (​ទន្លេរពៅ​) ក្នុងស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ និង​ខេត្ត​ចំប៉ាសាក់ របស់​ប្រទេស​ឡាវ ព្រោះតែ​ភាគី​ឡាវ អះអាង​ថា តំបន់​មុំ​៣ នៅ​ទីនោះ ជា​ទឹកដី​របស់​ឡាវ​។ តែ​កម្ពុជា​ចោទ​ថា ឡាវ​ឈ្លានពាន និង​ប្រើប្រាស់​ផែនទី​មិន​ត្រឹមត្រូវ ឯកតោភាគី ដែល​បោះពុម្ព ដោយ​ប្រទេស​វៀតណាម។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា រដ្ឋាភិបាល​ឡាវ នឹង​មិន​ប្រើ​លេស​ព្រំដែន ធ្វើជា​ចំណាប់ខ្មាំង គំរាម​កម្ពុជា ដើម្បី​បើកផ្លូវ​ឱ្យ លោក សម រង្ស៊ី ចុះ​ចត​យន្តហោះ តាម​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ឡើយ​។ ដ្បិត​លោក​មិន​ដឹង​ថា រដ្ឋមន្ត្រីការបរទេស ទៅ​ឡាវ ដើម្បី​ជជែក​រឿង​អ្វីខ្លះ ពី​បញ្ហា​ព្រំដែន តែ​លោ​កថា រដ្ឋាភិបាល​រក្សា​ជំហរ​ដដែល គឺ​មិន​ឱ្យ​មាន​កម្លាំង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ ហើយ​ធ្វើ​ការចរចា​គ្នា​។ ប្រសិនបើ​ការចរចា​មិន​ត្រូវរ៉ូវ​គ្នា រដ្ឋាភិបាល នឹង​ស្នើសុំ​ឱ្យ​បារាំង ជា​អាជ្ញាកណ្ដាល ព្រោះ​បារាំង ជា​អ្នក​បន្សល់ទុក​ខ្សែ​ព្រំដែន​ឱ្យ​ប្រទេស​ទាំង​២៖ «ខ្ញុំ​មិន​ឆ្លើយឆ្លង​អ្នកវិភាគ​ឆ្កួត​អស់ហ្នឹង​ទេ​។ ជា​ការ​លើកឡើង​គ្រាន់តែ​បាន​បន្ទរ​សំឡេង ហើយ​យើង​ទាំងអស់​គ្នា យក​ជា​គោលការណ៍​តែ​ប៉ិន​ហ្នឹង​។ ដោយសារ​នៅ​ក្នុង​ច្បាប់​អន្តរជាតិ គឺ​យើង​ដឹង​ថា ឱ្យ​តែ​នរណា​មួយ​ដឹង​ថា ជាប់គុក គេ​ដឹង​អ្នក​ណាមួយ​ចេះតែ​ឱ្យ​រដ្ឋាភិបាល​ណាមួយ​មក​ធ្វើបាប​។ នេះ​ជា​របៀប​សិទ្ធិមនុស្ស​ណា។ ដូច្នេះ​ខ្ញុំ​មិន​ជឿ ជើង​យន្តហោះ​ណាមួយ​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ប្រើប្រាស់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចូល​កម្ពុជា​នោះ​ទេ»។

បច្ចុប្បន្ន​តំបន់​ជម្លោះ​រវាង​កម្ពុជា និង​ឡាវ បាន​ដកទ័ព​ចេញ​រៀងខ្លួន​អស់ហើយ និង​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​គ្នា។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ អះអាង​ថា ការ​ប្រឈម​មុខ​គ្នា​រឿង​ព្រំដែន កម្ពុជា ឡាវ កើតឡើង ដោយសារ តំបន់​នោះ​មិនទាន់​បោះ​បង្គោល​ព្រំដែន​ដាច់​ស្រេច។ លោក​ថា នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ឃើញ​ដី​ទំនេរ បាន​ទៅ​បង្កបង្កើនផល ហើយ​កងទ័ព​ឡាវ​បាន​មក​ដក​ដំណាំ​នោះ​ចោល ទើប​ពួកគេ​រាយការណ៍​ដល់​អាជ្ញាធរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។