អ្នក​ច្បាប់​ថា ការ​ផ្លាស់ប្ដូរ​ចៅក្រម ព្រះរាជអាជ្ញា​ពី​ខែត្រ​មួយ​ទៅ​ខែត្រ​មួយ​មិន​អាច​កែប្រែ​ស្ដារ​ប្រព័ន្ធ​យុត្តិធម៌ និង​សីលធម៌​សង្គម​បាន​ទេ

0:00 / 0:00

របបលោក ហ៊ុន សែន បាន​ផ្លាស់ប្ដូរ​ចៅក្រម ព្រះរាជអាជ្ញា​ក្នុង​មួយ​អាណត្តិ ៤ឆ្នាំ​ម្ដង​ទៅ​តាម​ច្បាប់​ស្ដីពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ក្នុង​ទិសដៅ​កុំ​ឲ្យ​ចៅក្រម ព្រះរាជអាជ្ញា​ទាំង​អស់​ចាក់​ឫស​នៅ​ក្នុង​តំបន់​នីមួយៗ ដែល​ខ្លួន​បំពេញ​ការងារ និង​ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។ ក៏​ប៉ុន្តែ​ការ​អនុវត្ត​កន្លង​មក​លើ​ការ​ផ្លាស់ប្ដូរ​នេះ មិន​មាន​ប្រសិទ្ធិភាព​ឡើយ។

អ្នកច្បាប់លើកឡើងថា ការ​ផ្លាស់ប្ដូរ ចៅក្រម ព្រះរាជអាជ្ញា​តាម​អាណត្តិ ៤ឆ្នាំ ពី​ខែត្រ​មួយ​ទៅ​ខែត្រ​មួយ​នា​ពេល​កន្លង​មក​នោះ ពុំ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌ និង​អភិបាលកិច្ច​សង្គម​បាន​ល្អ​ប្រសើរ​ឡើយ។ ផ្ទុយ​ទៅ​វិញ អំពើ​អយុត្តិធម៌​សង្គម និង​សីលធម៌​សង្គម​នៅ​តែ​ធ្លាក់​ចុះ។

អ្នកជំនាញខាងច្បាប់ បណ្ឌិត ហ៊ាង ឫទ្ធី បញ្ជាក់​ថា លោក​មិន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​តុលាការ ឬ​ការ​ផ្លាស់ប្ដូរ​ចៅក្រម ព្រះរាជអាជ្ញា​ក្នុង​រយៈ​ពេល ៤ឆ្នាំ​ម្ដង ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​បាន​កំណត់​ក្ដី ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​របស់​ស្ថាប័ន​តុលាការ​នៅ​តែ​ទទួល​រង​ការ​រិះគន់​ថា មិន​បាន​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ អំពើ​ពុករលួយ​នៅ​តែ​កើត​មាន​ជាដើម។ លោក​បញ្ជាក់​ថា ស្ថាប័ន​តុលាការ គឺ​ជា​ស្ថាប័ន​ដ៏​សំខាន់​មួយ​របស់​ជាតិ ដែល​ជា​ស្ថាប័ន​ជួយ​លើក​ស្ទួយ​អភិបាលកិច្ច​ល្អ ធានា​ឲ្យ​មាន​យុត្តិធម៌ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ត្រូវ​រស់​នៅ​ក្រោម​ច្បាប់ និង​គោរព​ច្បាប់​ទាំង​អស់​គ្នា៖ « ខ្ញុំ​លែង​គិត​ទៀត​ហើយ​ឥឡូវ ព្រោះ​អី​ប្រព័ន្ធ​កម្ពុជា​ការ​រៀបចំ​អភិបាលកិច្ច​ល្អ យុត្តិធម៌​សង្គម វា​ពាក់ព័ន្ធ​ប្រព័ន្ធ​តុលាការ ចៅក្រម អយ្យការ ព្រះរាជអាជ្ញា»

ការ​លើក​ឡើង​របស់​អ្នក​ច្បាប់​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជនកម្ពុជា លោក សុខ ឥសាន កាល​ពី​ថ្ងៃ​ទី២៨ តុលា បាន​ព្រមាន​មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម អាដហុក លោក សឹង សែនករុណា ដែល​លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្លាស់ប្ដូរ​ចៅក្រម​ព្រះរាជអាជ្ញា នៅ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន ធ្វើ​ឡើង​មិន​មាន​តម្លាភាព ហើយ​ថា ចៅក្រម​ព្រះរាជអាជ្ញា​មួយ​ចំនួន មិន​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ ថា​ជា​ការ​ប្រមាថ​ដល់​ព្រះជេស្ដារ​ព្រះមហាក្សត្រ។

លោក សុខ ឥសាន បាន​បញ្ជាក់​នៅ​ក្នុង​ប្រព័ន្ធ​តេឡេហ្រ្គាម​ថា កាល​ពី​ពេល​ថ្មីៗ នេះ​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​បាន​សម្រេច​ដាក់​ឲ្យ​មន្រ្តី​តុលាការ​មួយ​ចំនួន​ចូល​និវត្តន៏ និង​តែងតាំង ផ្លាស់ប្ដូរ​ចៅក្រម ព្រះរាជជ្ញា​នៅ​តាម​បណ្ដា​ខែត្រ​មួយ​ចំនួន បែរ​ជា​មាន​ជន​នៅ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​និយាយ​ថា ការ​សម្រេច​ដាក់​ឲ្យ​ចូល​និវត្តន៏ និង​តែងតាំង​មន្ត្រី​តុលាការ​ទាំង​នោះ​មិន​មាន​តម្លាភាព ​ដោយសារ​ពួក​គេ​មិន​បាន​ដឹង​ ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​មួយ​ចំនួន។ លោក សុខ ឥសាន អះអាង​ថា ការ​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​អង្គ​ប្រជុំ​ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​អង្គ​ព្រះមហាក្សត្រ ព្រះ​ប្រធាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ហេតុ​អ្វី​បាន​ជា​ថា​គ្មាន​តម្លាភាព?

លោក សុខ ឥសាន ចាត់​ទុក​ការ​និយាយ​រិះគន់​របស់​លោក សឹង សែន ករុណា បែប​នេះ គឺ​ការ​ប្រមាថ​ព្រះចេស្តារ​ព្រះមហាក្សត្រ​ជាក់ស្តែង។

មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់​នៃ​សមាគម អាដហុក លោក សឹង សែនករុណា បាន​ពន្យល់​វិញ​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី២៨ តុលា​ថា លោក​គ្មាន​បំណង​ប្រមាថ​ព្រះមហាក្សត្រ​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក សុខ ឥសាន ឡើយ។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​លើក​ឡើង​ថា គ្រាន់​តែ​ជា​ការ​រិះគន់ ដើម្បី​ស្ថាបនា​តែ​ប៉ុណ្ណោះ ពី​ព្រោះ​ថា​កន្លង​មក មាន​ករណី​ជា​ច្រើន តុលាការ​បាន​សម្រេច​ក្ដី​ដោយ​លម្អៀង មិន​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ភាព​ត្រឹមត្រូវ៖ « អ្វី​ដែល​ខ្ញុំ​លើក​ឡើង​តម្លាភាព ទាល់​តែ​ការ​តែងតាំង​មាន​ការ​រាយការណ៍​មក​ខាង​សង្គម​ស៊ីវិល​នោះ​ទេ។ អ្វី​ដែល​យើង​ចង់​ឃើញ ការ​តែងតំាង​នោះ មាន​ការ​ទទួល​សាទរ​ពី​សាធារណជន ហើយ​ការ​អនុវត្ត​ទៅ​នោះ គឺ​ជា​មុខ​មាត់​ទៅ​លើ​ស្ថាប័ន​ទាំង​អស់​នោះ​ដែរ»

កាលពីថ្ងៃទី២៦តុលា របបលោក ហ៊ុន សែន បាន​ផ្សព្វផ្សាយ​អំពី​ការ​តែងតាំង និង​ផ្លាស់ប្ដូរ​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញា​រង​ចំនួន ៧​ខេត្ត​ក្រុង រួមមាន ខេត្ត​ព្រះសីហនុ កោះកុង កំពង់ស្ពឺ ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ខេត្ត​មណ្ឌលគិរី និង​រាជធានី​ភ្នំពេញ។ បើ​តាម​ប្រភព​ដដែល លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​ខេត្ត​ព្រះសីហនុ ស្រប​ពេល ដែល​ព្រះរាជអាជ្ញា​ខេត្ត​ព្រះសីហនុ លោកស្រី ចាតសូ រស្មី ត្រូវ​ផ្ទេរ​មកកាន់​ជា ព្រះរាជអាជ្ញា​នៅ​ខេត្ត​កំពង់ស្ពឺ​វិញជាដើម។

បណ្ឌិត ហ៊ាង ឫទ្ធី អះអាង​ថា ការ​រិះគន់ ឬ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ផ្លាស់ប្ដូរ​ចៅក្រម​ព្រះរាជអាជ្ញា​នេះ មិន​មែន​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ​នោះ​ឡើយ ពីព្រោះ​ថា ថ្វី​ដ្បិត​តែ​ការ​ផ្លាស់ប្ដូរ​នេះ ស្ថិត​នៅ​ក្រោម​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រធាន​ក្ដី ប៉ុន្តែ​ការ​អនុវត្ត​ការងារ​ជាក់​ស្ដែង​របស់​ប្រព័ន្ធ​តុលាការ គឺ​ព្រះរាជអាជ្ញា និង​ចៅក្រម ដែល​កន្លង​មក​គេ​មើល​ឃើញ​ថា អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​ចំពោះ​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​អ្នក​មាន​លុយ មាន​អំណាច។ ហើយ​ស្ថាប័ន​តុលាការ​នេះ​ទៀត ក៏​រង​ការ​ការ​រិះគន់​អំពី​អំពើ​ពុករលួយ​ដែរ។ លោក​អះអាង​ថា ស្ថាប័ន​តុលាការ​ពុករលួយ ឬ​ទន់​ខ្សោយ​លើ​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព គឺ​ធ្វើ​ឲ្យ​ស្ថាប័ន​រដ្ឋ​ផ្សេងៗ ទៀត​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ដែរ៖ «ការ​វិនិច្ឆ័យ​សេចក្ដី ការ​ដោះ​ស្រាយ​រឿង​ក្ដី​តាម​ខែត្រ​ក្រុង​ទាំង​អស់​នោះ វា​ជា​រឿង​ចៅក្រម ព្រះរាជ្ញា​ទេ មិន​ត្រូវ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះអង្គ ដូច្នេះ​ការ​រិះគន់​ចៅក្រម ព្រះរាជអាជ្ញា មិន​មែន​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​ព្រះអង្គ​មិន​មែន​ទេ គឺ​ថ្នាក់​ក្រោម​ទេ ដែល​ធ្វើ​ផ្ដេសផ្ដាស​នោះ»

អង្គការ​តម្លាភាព​ពិភពលោក​បាន​ចេញ​របាយការណ៍​កាល​ពី​ដើម​ឆ្នាំ២០១៨ ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​នៅ​បាត​តារាង​ជាប់​លេខ​ទី១៦១ ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨០​លើ​ពិភពលោក ដែល​មាន​អំពើ​ពុក​រលួយ​អាក្រក់​ខ្លាំង។ អំពើ​ពុករលួយ​នៅ​កម្ពុជា​បណ្ដាល​មក​ពី​ប្រព័ន្ធ​ច្បាប់​មាន​ភាព​ទន់ខ្សោយ ខ្វះ​តម្លាភាព​ព័ត៌មាន​អំពី​ការ​ចំណូល​ចំណាយ​ថវិកា​ជាតិ​ ខ្វះ​តម្លាភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ មាន​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា ​អ្នកស្រី រ៉ូណា ស្មីត នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ២០១៨ អ្នកស្រី ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ​លើក​កម្ពស់​ការ​កែលំអ​រប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា នៅ​គ្រា​ដែល​ស្ថាប័ន​តុលាការ​ត្រូវ​បាន​ស្ថាប័ន​នីតិប្រតិបត្តិ​ប្រើប្រាស់​ជា​ឈ្នាន់​នយោបាយ​របស់​ខ្លួន ពិសេស ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការ​កែ​ច្បាប់ ដើម្បី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ជា​ដើម។

អ្នក​ច្បាប់​លើក​ឡើង​ថា ភាព​ទន់​ខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ទាំង​មូល ពិសេស​ការ​ពង្រឹង​លើ​ការ​ធ្វើ​កំណែ​ទំរង់​អភិបាល​កិច្ច​ល្អ លុប​បំបាត់​អំពើ​ពុរលួយ យុត្តិធម៌ និង​សីលធម៌​សង្គម​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។