មន្ត្រី​របប​ភ្នំពេញ​ចោទ​បក្ស​ប្រឆាំង​ថា រៀប​ផែន​ការ​ឱ្យ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ បង្ក​ចលាចល

ដោយ​ ស្ងួន អមរា
2019.07.12
Share on WhatsApp
Share on WhatsApp
ជិន ម៉ាលីន ៨៥៥ ២០១៦ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
RFA

យុវជន​ដែល​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​បុណ្យខួប ៣​ឆ្នាំ​នៃ​មរណភាព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​ប្រឆាំង។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ចោទ​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ថា​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ ហើយ​សកម្មភាព​ដែល​ពួកគេ​បាន​ធ្វើ​អំឡុង​ពេល​ពិធីបុណ្យ​ខួប ៣​ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី នោះ គឺ​ធ្វើ​ឡើង​តាម​ការ​ចង្អុល​បង្ហាញ​របស់​គណបក្ស​មួយ​នេះ​។ ក្រុម​គ្រួសារ និង​ប្រភព​ស្និទ្ធ​នឹង​យុវជន​ទាំង​ពីរ​រូប បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​មន្ត្រី​កាន់​ច្បាប់​រូប​នេះ។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ជឿជាក់​ថា យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ មិន​អាច​ធ្វើ​សកម្មភាព​ខ្លួនឯង ដោយ​គ្មាន​អង្គការ​ចាត់តាំង​ផ្នែក​នយោបាយ​ឡើយ។ លោក​បាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​យុវជន​ទាំងពីរ​រូប​នេះ ដើម្បី​ឱ្យ​ពួកគេ​បង្ក​ចលាចល​នៅ​ក្នុង​សង្គម និង​ប្រឆាំង​នឹង​រដ្ឋអំណាច​។ លោក​ហ៊ាន​អះអាង​បែបនេះ ដោយសារតែ​យុវជន​ទាំង​ពីរ​រូប គឺជា​អតីត​សកម្មជន​របស់​គណបក្ស​ប្រឆាំង​។ ហើយ​ដោយ​ហេតុនេះ លោក​ក៏​សន្និដ្ឋាន​ថា រាល់​សកម្មភាព​របស់​ពួកគេ​មក​ទល់​នឹង​ពេល​ចាប់ខ្លួន​នោះ ប្រាកដជា​មានការ​ឧបត្ថម្ភ​គាំទ្រ​ពីក្រោយ«ខ្ញុំ​យល់ថា សកម្មភាព​បែបនេះ​មិន​អាច​កើតឡើង​ដោយ​គ្មាន​អង្គការ​ចាត់តាំង​ផ្នែក​នយោបាយ​នៅ​ពីក្រោយ​នោះ​ទេ ដោយ​មូលហេតុ​ពីរ​។ ទីមួយ អ្នក​ទាំងនោះ​ជា​អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ទី​ពីរ​ការរៀបចំ​ផែនការ ទីកន្លែង ការ​កែន​មនុស្ស​មក​ចូលរួម ការឧបត្ថម្ភ​សម្ភារៈ​ឧបករណ៍ រួម​ទាំង​ថវិកា​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ធ្វើ​សកម្មភាព អ៊ីចឹង​បើ​យើង​មើល​ជារួម ដោយ​គួបផ្សំ​ជាមួយ​នឹង​សកម្មភាព​ផ្សេងៗ​នា​ពេល​កន្លងមក ក្នុង​ការ​បង្ក​ឱ្យ​មាន​ចលាចល និង​ប្រឆាំង​នឹង​រដ្ឋអំណាច យើង​ឃើញ​ថា សកម្មភាព​ទាំងអស់​នេះ គឺ​មាន​ចលនា​អង្គការ​ចាត់តាំង​នយោបាយ​នៅ​ពីក្រោយ ដែល​ជា​អ្នកធ្វើ​ការ​គាំទ្រ»

អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​រូប​នេះ អះអាង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​ពិតប្រាកដ​ក្នុង​ការ​ញុះញង់​សកម្មជន និង​យុវជន​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ដើម្បី​ឱ្យ​អាជ្ញាធរ​ចាប់ខ្លួន​ពួកគេ រួច​គណបក្ស​នេះ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍ ជំរុញ​ឱ្យ​បរទេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​។ ថ្វីបើ គឺ​អាជ្ញាធរ​ទេ ដែល​ជា​អ្នក​ចាប់​ពួកគេ​ឃុំខ្លួន លោក​បែរ​ជា​ស្នើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​គិតគូរ​ពី​អនាគត​យុវជន​របស់​ខ្លួន និង​បញ្ឈប់​ការ​យក​ពួកគេ​ជា​ឧបករណ៍​នយោបាយ​បែបនេះ​តទៅទៀត។

ទោះជា​យ៉ាងណា គ្រួសារ និង​មនុស្ស​ជិតស្និទ្ធ​នឹង​យុវជន​ទាំង​ពីរ​រូប ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស​នៃ​របប​ក្រុងភ្នំពេញ​រូប​នេះ​។

ភរិយា​របស់​លោក គង់ រ៉ៃយ៉ា លោកស្រី សុខ ស្រីនិច អះអាង​ថា សកម្មភាព​របស់​ស្វាមី​លោកស្រី​អំឡុង​ពេល​បុណ្យខួប​៣ ឆ្នាំ​បណ្ឌិត កែម ឡី នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​អ្វី​បន្តិច​ឡើយ ប៉ុន្តែ​គឺជា​ការ​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ និង​បង្ហាញ​ការ​គោរព​ចំពោះ​បណ្ឌិត កែម ឡី ដែល​ជា​គ្រូ​របស់​គាត់​ប៉ុណ្ណោះ​។ ទាក់ទង​នឹង​សកម្មភាព​ផ្សេងទៀត​របស់​ស្វាមី​វិញ លោកស្រី​ថា គឺជា​ការ​បញ្ចេញ​មតិ​ស្ថាបនា​សង្គម គ្មាន​អ្នកណា​នៅ​ពី​ក្រោយខ្នង​គាត់​ឡើយ ហើយក៏​មិនមែន​ធ្វើ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។

ស្ត្រី​មេផ្ទះ​រូប​នេះ ស្នើ​ឱ្យ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ជិន ម៉ាលីន និង​មន្ត្រី​ផ្សេងទៀត​នៃ​របប​ក្រុង​ភ្នំ​ពេញ បោះបង់ចោល​នូវ​ការយល់ឃើញ​ខុសឆ្គង​បែប​នេះ​តទៅ​ទៀត«ដល់ពេល​គាត់​និយាយ​អ៊ីចឹង​មក ខ្ញុំ​អស់សំណើច​បណ្ដោយ​។ ខ្ញុំ​និយាយ​យ៉ាង​ខ្លី​តែម្ដង គឺ​គ្មាន​ស្អី​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ សូម្បីតែ​បន្តិច​។ ទាំង សួង នាគព័ន្ធ ទាំង​អី​ក៏ដោយ គឺ​អត់​មាន​សោះតែ​ម្ដង​។ គាត់​បាន​ពាក្យ​ឯណា​មក​និយាយ​អ៊ីចឹង? គាត់​ចេះតែ​គិត​ទៅ​រួច​តែម្ដង​។ អត់​ទាល់តែ​សោះ»

ចំណែក លោក មួង សូនី ដែល​ជា​មនុស្ស​ជិតស្និទ្ធ និង​ជា​សហការី​របស់​យុវជន សួង នាគព័ន្ធ នៅ​ក្នុង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​វិញ ថ្លែង​ថា យុវជន​រូប​នេះ​មិនមែន​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ហើយ​សកម្មភាព​របស់​គេ នៅ​ថ្ងៃ​ខួប ៣​ឆ្នាំ បណ្ឌិត កែម ឡី នោះ ក៏​មិនមែន​ធ្វើតាម​ការណែនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ លោក​បន្ត​ថា ជា​រឿង​ជ្រុល​ហួសហេតុ​ដែល​លោក ជិន ម៉ាលីន ចោទប្រកាន់​សហការី​របស់​លោក​ដោយ​មិន​ត្រឹមត្រូវ​បែបនេះ ហើយក៏​ជា​រឿង​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ​ដែរ ដែល​រដ្ឋាភិបាល​បំបិទមាត់​អ្នក​រិះគន់​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ«រឿង​អី​ក៏ដោយ យើង​កុំ​គួរ​ភ្ជាប់​ទាំងអស់​ពេក​ទៅលើ​បក្ស​ប្រឆាំង​។ ខ្ញុំ​ធានា​ថា នាគព័ន្ធ អ្វី​ដែល​គាត់​ធ្វើ​នៅ​ថ្ងៃ​ទី​១០ កក្កដា ដែល​គេ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ទាំងអស់​គ្នា​ហ្នឹង អត់​មាន​លក្ខណៈ​ផ្នែក​នយោបាយ​ទេ អត់​មាន​អ្នកណា​នៅ​ពីក្រោយ​ខ្នង​ទេ​។ ខ្ញុំ​គិត​ថា ការចោទប្រកាន់​នេះ​វា​រឿង​ហួសហេតុ​។ ហួសហេតុ​មែនទែន ហើយ​អយុត្តិធម៌​ចំពោះ​គាត់»

សកម្មជន​សង្គម​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​មួយថ្ងៃ មុន​ថ្ងៃ​ខួប​គម្រប់​៣ ឆ្នាំ​បណ្ឌិត កែម ឡី បន្ទាប់ពី​លោក​បាន​ប្រកាស​លក់​អាវ​យឺត​ដែល​មាន​រូប​បណ្ឌិត កែម ឡី និង​ប្រសាសន៍​របស់​លោក​ថា “​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​នឹង​រង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ”។ ចំណែក សកម្មជន​សង្គម​មួយ​រូប​ទៀត គឺ​លោក សួង នាគព័ន្ធ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន នៅ​ពេល​លោក​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ទីតាំង​ស្តារម៉ាត កាល់តិច ស្តុប​បូកគោ ដោយ​រង​ការ​ចោទ​ថា បាន​ចែក​ខិត្តប័ណ្ណ​ញុះញង់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី។ ខ្លឹមសារ​នៃ​ខិត្តប័ណ្ណ​នោះ គឺ​ស្នើសុំ​ឱ្យ​មាន​ការបញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។

ទោះជា​យ៉ាងណា តុលាការ​របប ហ៊ុន សែន បាន​ចោទប្រកាន់​យុវជន​ទាំងពីរ​រូប​នេះ​ពី​បទ “​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​អ្នក​ទាំងពីរ​មានទោស​មែន​នោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ថា យុវជន​បច្ចុប្បន្ន​មានការ​យល់ដឹង​ច្រើន​អំពី​បញ្ហា​សង្គម ហើយ​បណ្ឌិត កែម ឡី បាន​បណ្ដុះបណ្ដាល​ធនធាន​យុវជន​មិន​តិច​នាក់​ឡើ​យ ដោយ​ក្នុង​នោះ​ក៏​រួមមាន​ទាំង យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នេះ​ផង​ដែរ​។ ដូច្នេះ​មន្ត្រី​របប ហ៊ុន សែន មិន​គួរ​មើលស្រាល​យុវជន​ថា ធ្វើតាម​ការណែនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ស្រប​ពេល​ដែល​រចនាសម្ព័ន្ធ​សង្គ្រោះ​ជាតិ​ត្រូវ​បាន​របប​នេះ​រំលាយ​ចោល​រួច​អស់​ទៅ​ហើយ​នោះ«យុវជន គង់ រ៉ៃយ៉ា និង នាគព័ន្ធ ពី​មុន​មក តើ​គាត់​ជា​អ្នកណា​? គាត់​ជា​យុវជន​ធម្មតា​ហ្នឹង ហើយ​គាត់​មាន​ប្រាជ្ញា​ញាណ​ប៉ុណ្ណឹង​ចេញ​មក​ពី​ណា​? ការ​បណ្ដុះ​របស់​លោក កែម ឡី ហើយ​និង​ការឈឺចាប់​របស់​គាត់​។ ឥលូវ តាំងពី​ម្សិលមិញ រឹតតែ​ធ្វើ​ឱ្យ​យុវជន​ឈឺចាប់​ថែមទៀត​។ តើ​អ្នកណា​ទៅ​ទប់​យុវជន​បាន​? តើ​ស្មាន​តែ​សង្គ្រោះ​ជាតិ​ទៅ​បញ្ជា​យុវជន​ឱ្យ​ធ្វើ​អញ្ចេះ ធ្វើ​អញ្ចុះ​បាន​ឬ​អី​? ហើយ​បើ​សង្គ្រោះ​ជាតិ​ស្លាប់​ទៅ​ហើយ ពួក​ខ្ញុំ​នៅ​និរទេស​ខ្លួន ហើយ​រដ្ឋអំណាច​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​មើល​តែ​ភ្នែក​ម្នាស់ ហេតុអ្វី​មក​ចោទ​យើង ថា​បញ្ជា​អី​កើត​? ខ្ញុំ​សួរ​មើល»

គណបក្ស​សង្គ្រោះជាតិ​បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ទៅលើ​យុវជន​ទាំង​ពីរ​រូប ស​បញ្ជាក់​ឱ្យ​ឃើញ​ថា លោក ហ៊ុន សែន បាន​ធ្វើ​ពុត​ជា​មាន​ចិត្តសប្បុរស ផ្ដល់​ថវិកា​ជួយ​សាងសង់​ចេតិយ​បណ្ឌិត កែម ឡី និង​ចូល​បច្ច័យ​បុណ្យខួប​១ ឆ្នាំ​របស់​លោក ដើម្បី​បិទបាំង និង​លុបលាង​អំពើ​អាក្រក់​របស់​ខ្លួន និង​បក្ខពួក ចំពោះ​ករណី​ឃាតកម្ម​ក៏​កក្រើក​មួយ​នេះ។

អតីត​ប្រធាន​ចលនា​យុវជន​ក្រុង​សៀមរាប និង​ជា​ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​នៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប លោក សៀក ចំណាប់ ថ្លែង​ថា ការ​ចាប់ចង​យុវជន​ទាំងពីរ​រូប​នេះ ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​គ្មាន​មូលដ្ឋាន​ណាមួយ​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពី​ក្រោយខ្នង​យុវជន​ទាំងពីរ​នេះ​ឡើយ​។ លោក​យល់ថា ការ​បន្ត​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​បែបនេះ មានន័យថា របប​ក្រុងភ្នំពេញ​នៅតែ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដឹង​ច្បាស់​ថា សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ​។ លោក​សម្ដែង​ការ​សោកស្តាយ​ដែល​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​អ្នក​ទាំងពីរ ដោយ​ភ្ជាប់​ទៅ​នឹង​ការចោទប្រកាន់​លើ​គណបក្ស​សង្គ្រោះជាតិ«រចនាសម្ព័ន្ធ​ត្រូវ​បាន​រំលាយ​ហើយ ហើយ​គាត់​យក​មក​ភ្ជាប់​នេះ គ្រាន់តែ​ជា​លេស​ក្នុង​ការ​ចាប់ខ្លួន ដោយសារ​គេ​អាច​យល់​ឃើញ​ថា ទង្វើ​របស់ គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ អាច​នឹង​ឆ្កឹះឆ្កៀល​ឡើងវិញ​នូវ​ការ​បាញ់​សម្លាប់​លោក បណ្ឌិត កែម ឡី​។ ត្រង់​ចំណុច​នេះ​ហើយ​ទើប​បាន​ជា​មាន​រឿង​នេះ​កើតឡើង​។ អ៊ីចឹង​ហើយ​ដើម្បី​អួត​ប្រាប់​បរទេស​ថា ខ្លួន​ជា​ប្រទេស​គោរព​សិទ្ធិមនុស្ស ត្រូវ​ដោះលែង គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ»

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង បាន​ទាមទារ​ទាមទារ​ឱ្យ​របប ហ៊ុន សែន ដោះលែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ពីព្រោះ​ពួកគេ​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​។ ក្រុម​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​ក៏បាន​អំពាវនាវ​ដល់​របប​នេះ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក កែម ឡី និយម និង​ត្រូវ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ដើម្បី​ចាប់​ឃាតក​ពិត​ដែល​សម្លាប់​បណ្ឌិត កែម ឡី យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។