លោក ម៉ម សូណង់ដូ ថា​លោក​មិន​បារម្ភ​ចំពោះ​សមាជិក​ចាក​ចេញ​ពី​គណបក្ស​នោះ​ទេ

0:00 / 0:00

លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ អះអាង​ថា លោក​មិន​បារម្ភ​ចំពោះ​សមាជិក​បក្ស​លោក​ចាក​ចេញ​ពី​គណបក្ស​ជា​បន្តបន្ទាប់​នោះ​ទេ។ លោក​ចាត់​ទុក​ការ​ចាក​ចេញ​នោះ​ថា ជា​សេរីភាព​សម្រាប់​អ្នក​ទាំងអស់​គ្នា។

ប៉ុន្តែ​សមាជិក​ដែល​ចាក​ចេញ​ជា​បន្តបន្ទាប់ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​ផង​នោះ ឲ្យ​ដឹង​ថា ការ​ចាក​ចេញ​ពី​បក្ស​នេះ ដោយសារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់ លោក ម៉ម សូណង់ដូ។

លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៦ មីនា ថា ការ​ចាក​ចេញ​របស់​អតីត​អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ និង​អគ្គលេខាធិការ​រង​ចំនួន ៥​រូប​ទៀត គឺ​ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ។

លោក​បន្ត​ថា ការ​ចាក​ចេញ​របស់​មន្ត្រី​ទាំង​នោះ គឺ​ជា​ការ​ធ្វើ​ឲ្យ​លោក និង​មន្ត្រី​ទាំង​នោះ​បាន​ធូរ​ស្បើយ​ទាំងអស់​គ្នា៖ « សុំ​បញ្ជាក់​ថា អ្នក​ដែល​ចេញ​ហ្នឹង​ក៏​ធូរ​ទ្រូង ជាពិសេស​ខ្ញុំ​ធូរ​ទ្រូង​ជាង​អ្នក​ចេញ​ហ្នឹង​ទៀត ពីព្រោះ​ផ្ទះ​ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ភាព​បរិសុទ្ធ ដើម្បី​ដំណើរ​ការ​ឲ្យ​បាន​រីក​ចម្រើន។ ការ​ប៉ែង​ជើង​គ្នា​វា​ពិបាក​ណាស់ ហើយ​ការ​មិន​ទុក​ចិត្ត​គ្នា​ក៏​ពិបាក​ដែរ។ ហេតុ​ដូច្នេះ ដំណោះស្រាយ​មួយ​ដែល​ថា​ចាក​ចេញ​ដោយ​សន្តិភាព ហើយ​មិត្តភាព​ហ្នឹង ជា​ដំណោះស្រាយ​មួយ​ល្អ។ ខ្ញុំ​បញ្ជាក់​ថា ការ​ចេញ​ហ្នឹង​ធូរ​ទ្រូង​ទាំង​សង​ខាង »

ទាំង លោក ម៉ម សូណង់ដូ និង​លោក អ៊ុក ស៊ុយ មិន​បាន​បញ្ជាក់​ថា​មាន​បញ្ហា​អ្វី​មួយ​ច្បាស់លាស់​ទេ ដែល​នាំ​ឲ្យ​មាន​ការ​លាលែង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ហើយ​ចាក​ចេញ​នោះ​ទេ ក៏ប៉ុន្តែ​ភាគី​ទាំង​ពីរ​អះអាង​ដូច​គ្នា​ថា ការ​ចេញ​នេះ​ដោយ​សន្តិភាព និង​មិត្តភាព។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ម៉ម សូណង់ដូ ថ្លែង​ថា លុះត្រា​តែ​មាន​បញ្ហា​អ្វី​មួយ ទើប​មន្ត្រី​ទាំង​នោះ​ចាក​ចេញ​ពី​បក្ស​ដូច្នេះ ហើយ​លោក​ចោល​ពាក្យ​ថា ការ​ចាក​ចេញ​របស់​មន្ត្រី​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​ការងារ​គណបក្ស​លោក​មាន​ដំណើរ​ការ​ចម្រើន​ជាង​នៅ​ជាមួយ​គ្នា៖ « កាល​ណា​យើង​ធ្វើ​ការ​ ធ្វើ​គណបក្ស ​ជាមួយ​គ្នា បើ​យើង​ចូល​តែ​ដៃ​ហើយ​និង​ជើង ហើយ​ចិត្ត​មិន​ដូច​គ្នា ឆន្ទៈ​មិន​ដូច​គ្នា ក៏​ យើង​អត់ ​អាច​នៅ​ជាមួយ​គ្នា​បាន​ដែរ។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​តែ​អ្នក​ស្មោះ​ស្ម័គ្រ​ធ្វើ​ការ​ជាមួយ​គ្នា ជា​ជាង​មួយ​រយ​នាក់​ប៉ែង​ជើង​គ្នា ក៏ប៉ុន្តែ​ការ​លាលែង​ដោយ​សន្តិភាព និង​មិត្តភាព ជា​គំរូ​មួយ​ដ៏​ល្អ ហើយ​ការ​ចាក​ចេញ​ហ្នឹង គឺ​ដំណើរ​ការ​ហ្នឹង​ធ្វើ​ឲ្យ​សភាព​ស្មោះសរ ហើយ​និង​ការងារ​របស់​ខ្ញុំ​វា​មាន​ការ​រីក​ ចម្រើន​ជាង ​នៅ​ជាមួយ​គ្នា ចិត្ត​មិន​ស្មោះស ​ជាមួយ​គ្នា »

លោក ម៉ម សូណង់ដូ បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ចំនួន ៦​នាក់​ដែល​បាន​ដាក់​ពាក្យ​លាលែង​ចេញ​ពី​បក្ស ក្នុង​នោះ​មាន លោក អ៊ុក ស៊ុយ ជា​អតីត​អគ្គលេខាធិការ​របស់​គណបក្ស​មួយ​រូប​ផង។

លោក អ៊ុក ស៊ុយ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​ទី​៦ មីនា ថា លោក​នឹង​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ ទី​៧ មីនា ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​លោក​មិន​ទាន់​អាច​ប្រាប់​ឈ្មោះ​បាន។ លោក​អះអាង​ថា ក្រៅ​ពី​អគ្គលេខាធិការ​រង ៥​រូប នៅ​មាន​គណៈកម្មការ​ប្រតិបត្តិ​ចំនួន ២១​ខេត្ត​ទៀត​មក​ចូលរួម​ជាមួយ​លោក ហើយ​ក៏​មាន​សមាជិក​របស់​គណបក្ស​មក​ចូលរួម​ផង៖« មក​ដល់​ម៉ោង​នេះ មាន​ការ​ចេញ​ជា​បន្តបន្ទាប់​ទៀត មិន​មែន​តែ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទេ គឺ​គណបក្ស​ដទៃ​ឯ​ទៀតៗ ក្នុង​នោះ​មាន​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​រួម​ប្រាស្រ័យ​សកម្មភាព​ជាមួយ​គ្នា ក៏​មាន​ការ​ចូលរួម​ដែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​ចូលរួម​ដែរ និង​គណបក្ស​ដទៃ​ឯ​ទៀតៗ ក៏​បាន​ទាក់ទង​រួច​ជា​ស្រេច​ហើយ ក្នុង​នោះ​ក៏​មាន​ ព័ត៌មាន​មួយ ​ទៀត ក្នុង​រាជវង្សានុវង្ស​ក៏​បាន​ ធ្វើ​ការ ​ទំនាក់ទំនង​មក​ខ្ញុំ​បាទ​ផង​ដែរ »

ការ​ចាក​ចេញ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទៅ​បង្កើត​បក្ស​ថ្មី​នេះ គឺ​ជា​លើក​ទី​ពីរ​ហើយ។ លើក​ទី​មួយ​នៅ​ចុង​ឆ្នាំ​២០១៥ អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហ៊ាង ឫទ្ធី បាន​ចាក​ចេញ​ពី​បក្ស​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ យុត្តិធម៌​ជាតិ​ខ្មែរ។ មុន​នឹង​ចាក​ចេញ លោក​បាន​ប្ដឹង​ទៅ​តុលាការ​ឲ្យ​រំលាយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ចោល។ លោក​បាន​ចោទ លោក ម៉ម សូណង់ដូ ប្រធាន​បក្ស​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ ប្រើ​អំណាច​ផ្ដាច់​ការ និង​ចាយ​វាយ​ថវិកា​បក្ស​គ្មាន​តម្លាភាព និង​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ ប៉ុន្តែ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ​របស់ លោក ហ៊ាង ឫទ្ធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។