រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី អ្នកស្រី ម៉ារីស ផេន (Marise Payne) បញ្ជាក់ជំហររបស់រដ្ឋាភិបាលអូស្រ្តាលី ថារដ្ឋាភិបាលនេះ មិនអនុញ្ញាតឲ្យមានសកម្មភាពគម្រាមកំហែង ដល់សហគមន៍ខ្មែរនៅអូស្រ្តាលីបានជាដាច់ខាត៖ "យើងមិនអត់ឱន ចំពោះសកម្មភាពបែបនេះនោះឡើយ។ យើងចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ"។
ថ្លែងនៅក្នុងសវនាការ របស់គណៈកម្មាធិការកិច្ចការបរទេស ការពារជាតិ និង ច្បាប់ពាណិជ្ជកម្មរបស់ព្រឹទ្ធសភាអូស្រ្តាលី កាលពីថ្ងៃទី ២៥ ខែ តុលា អ្នកស្រី ម៉ារីស ផេន (Marise Payne) បញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលី បានលើកយកបញ្ហានេះ ទៅជម្រាបឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុង កង់បេរ៉ា ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ២១ ខែ សីហា និង ជម្រាបទៅរបបលោក ហ៊ុន សែន តាមរយៈស្ថានទូតអូស្រ្តាលីនៅភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ កញ្ញា កន្លងទៅនេះដែរ "យើងយកចិត្តទុកដាក់ ចំពោះការលើកឡើង ដែលថាមានបុគ្គលមួយចំនួន កំពុងបង្កភាពគម្រាមកំហែងលើទឹកដីអូស្រ្តាលី។ ហេតុដូច្នេះហើយ ទើបយើងលើករឿងនេះ ទៅប្រាប់របបលោក ហ៊ុន សែន។ យើងបានបញ្ជូនសារគម្រាមកំហែងទាំងអស់នេះ ទៅដល់សមត្ថកិច្ចអូស្រ្តាលី រួចរាល់អស់ហើយ"។
ការគម្រាមកំហែងរបស់មន្រ្តីរបបលោក ហ៊ុន សែន មកលើសហគមន៍ខ្មែរ នៅអូស្រ្តាលី កើតមានឡើង តាំងពីសារគម្រាមរបស់លោក ហ៊ុន សែន ដែលថានឹងតាមវាយដល់ផ្ទះ អ្នកដែលហ៊ានធ្វើបាតុកម្មតវ៉ា និង ដុតរូបទីមោងគាត់ កាលពីខែ មីនា មុនដំណើរទស្សនកិច្ចរបស់លោក ទៅចូលរួមជំនួបកំពុលអាស៊ាន-អូស្រ្តាលី។ សារគម្រាមដទៃទៀត មានតាមរយៈលិខិតអនាមិក ដែលគម្រាមសម្លាប់តំណាងរាស្រ្តខ្មែរអូស្រ្តាលី ដែលកំពុងចូលនិវត្ត គឺលោក ហុង លីម ប្រធានសមាគមន៍ខ្មែរ លោក ជា យូហ៊ន និង ភរិយាលោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង ពលរដ្ឋខ្មែរដទៃទៀត។ មិនតែប៉ុណ្ណោះ ការពង្រីកបណ្តាញគណបក្សប្រជាជនកម្ពុជានៅអូស្រ្តាលី ដូចជាការបង្ខំឲ្យនិស្សិតខ្មែរ ឲ្យចូលជាសមាជិកបក្ស និង វត្តមានរបស់មន្រ្តីរបបលោក ហ៊ុន សែន និង ក្រុមគ្រួសារ និងការកកើតទ្រព្យយ៉ាងសម្បើមនៅទីនោះ ក៏បង្កការគម្រាមកំហែងដល់សហគមន៍នេះ យ៉ាងខ្លាំងដែរ។
លោក ហុង លីម សារទរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្រ្តាលី។ លោកថា ទឹកដីអូស្រ្តាលី មិនគួរជាទីដែលមន្រ្តី និង បក្សពួកនៃរបបលោក ហ៊ុន សែន សោយសុខ និង បង្កការគម្រាមកំហែង ដល់សហគមន៍ខ្មែរ ដូចនៅកម្ពុជានោះទេ។ លោក ហុង លីម លើករណីមួយ ក្នុងចំណោមករណីជាច្រើនផ្សេងទៀត ដែលវត្តមានអ្នកទាំងនោះ ធ្វើឲ្យសហគមន៍ខ្មែរ មិនបានសុខ ពិសេសករណីដែលបង្ខំឲ្យនិស្សិតខ្មែរ ដែលបានអាហារូបករណ៍ ទៅរៀននៅអូស្រ្តាលី ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដែលមានឯកអគ្គរាជទូតខ្មែរលោក កុយ គួង ជាប្រធានគណៈបក្ស តំណាងឲ្យបក្ស មិនមែនតំណាងឲ្យជាតិខ្មែរទាំងមូលជាដើម "ព្រោះយុវជនទាំងអស់នោះ ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍ខ្មែរ។ ពួកគាត់ធ្លាប់មកចូលរួម ជួយធ្វើបុណ្យចូលឆ្នាំ មកជួយធ្វើការនៅវត្ត និង មានទំនាក់ទំនងស្និទ្ធស្នាល ហើយយើងតែងយកទីតាំងសមាគមខ្មែរនៅទីក្រុងមែលប៊ន ខ្ញុំជឿថានៅក្រុងស៊ីដនី ក៏គេធ្វើដូច្នេះដែរ ដើម្បីស្វាគមន៍ក្រុមនិស្សិតដែលមករៀងរាល់ឆ្នាំ តាមរយៈអាហាររូបករណ៍របស់អូស្រ្តាលី ហើយយើងធ្វើពិធីជប់លាងលាគ្នា។ យើងធ្លាប់មកស្គាល់ជីវភាពពិតប្រាកដ របស់អ្នកស្រុកខ្មែរនៅប្រទេសអូស្រ្តាលីហ្នឹង។ តាំងពីមានការគាបសង្កត់របស់របបលោក ហ៊ុន សែន យ៉ាងសាវហ្នឹង ដូចជាការគម្រាមថាបើនិស្សិតទាំងនោះ នៅតែបន្តមានទំនាក់ទំនងជាមួយសង្គមខ្មែរនៅអូស្រ្តាលី ទៅវិញនឹងអត់មានការងារធ្វើ ឬតាមដាន។ ក្នុងន័យនេះហើយ ដែលបងប្អូនខ្មែរ ថាមនុស្សរបបលោក ហ៊ុន សែន មកបំបែកបំបាក់សង្គមខ្មែរ និង ប្រព្រឹត្តអំពើមិនគួរគប្បី"។
អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺ ពីតំណាងទូតខ្មែរនៅអូស្រ្តាលី បាននៅឡើយទេ។
នៅក្នុងសវនាការ ចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាដដែល មន្រ្តីអូស្រ្តាលី ក៏បានប្រាប់ឲ្យដឹងថា អនុស្សារណៈយោគយល់គ្នា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួន ពីប្រទេសអូស្រ្តាលី មកកាន់កម្ពុជា ត្រូវបានបញ្ចប់ទៅហើយ តាំងពីខែ កញ្ញា មកម្ល៉េះ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីមន្រ្តីរបបលោក ហ៊ុន សែន ទាំងមន្រ្តីនាំពាក្យរបបនេះ និង មន្រ្តីនាំពាក្យនៃក្រសួងមហាផ្ទៃ និង ក្រសួងការបរទេស បាននៅឡើយទេ ដោយមន្រ្តីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ថាលោកមិនបានដឹងរឿងនេះ ចំណែកឯមន្រ្តីនាំពាក្យក្រសួងពីរទៀត មិនលើកទូរស័ព្ទ។
ទោះជាយ៉ាងនេះក្តី លោក ហុង លីម មានសុទ្ទិដ្ឋិនយម ថារដ្ឋាភិបាលអូស្រ្តាលី នឹងមិនបន្តកិច្ចព្រមព្រៀងជាមួយរបបលោក ហ៊ុន សែន ទៀតទេ ដោយសារតែសម្ពាធពីជុំទិស ជុំវិញការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជានោះ។
ម្យ៉ាងទៀត លោកជឿថា សម្ពាធអន្តរជាតិ ទុំជោរណាស់ទៅហើយ ដែលរដ្ឋាភិបាលប្រទេសសេរីជាច្រើន រួមទាំងរដ្ឋាភិបាលអូស្រ្តាលីផង ក៏រងសម្ពាធផ្លូវសីលធម៌ និង នយោបាយ ក្នុងការចាត់វិធានការលើរបបលោក ហ៊ុន សែន ដោយអូស្រ្តាលីមិនអាចបន្តជល់កែវស្រាជាមួយរបបនេះ បានតទៅទៀតទេ ស្របពេលដែលសហគមន៍អន្តរជាតិ កំពុងនាំគ្នាពិចាណាដាក់ទណ្ឌកម្មលោករបបលោក ហ៊ុន សែន ជាបន្តបន្ទាប់បែបនេះនោះ៕