ប្រធានគណៈកម្មការទី១ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា លោក អេង ឆៃអ៊ាង បានដើរចេញពីអង្គប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បន្ទាប់ពីសមាជិកគណៈកម្មាធិការមកពីកូតាគណបក្សប្រជាជន មិនទទួលយកការស្នើសុំរបស់លោក អំពីដីកាចាប់ខ្លួនលោក សម រង្ស៊ី។
លោក អេង ឆៃអ៊ាង ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី១៦ វិច្ឆិកា ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះ ដោយមានរបៀបវារៈជាច្រើន តែរបៀបវារៈសំខាន់នោះគឺ ពិនិត្យលើរបាយការណ៍ ស្ដីពីសំណុំរឿងពាក់ព័ន្ធនឹងការអនុវត្តទោសទៅលើលោក សម រង្ស៊ី។ លោក អេង ឆៃអ៊ាង បានស្នើសុំទៅសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឲ្យពិនិត្យមើលឡើងវិញ និងសុំផ្អាកចំពោះដីកានេះ ព្រោះថា លោក សម រង្ស៊ី ជាសមាជិកសភាដែលមានអភ័យឯកសិទ្ធិ តែត្រូវបានសមាជិកមកពីគណបក្សប្រជាជនកម្ពុជាបដិសេធ។
លោក អេង ឆៃអ៊ាង បានចោទជាសំនួរថា បើសិនជាក្រសួងយុត្តិធម៌ ឬតុលាការអនុវត្តដីកាចាស់នេះឡើងវិញ តើហេតុអ្វីបានជាស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថាប័នសភា និង ព្រះមហាក្សត្រ ទទួលស្គាល់លោក សម រង្ស៊ី ឲ្យស្បថចូលកាន់តំណែងជាសមាជិករដ្ឋសភា? ព្រោះច្បាប់កម្ពុជាបានចែងយ៉ាងច្បាស់ថា អ្នកទោស មិនមានសិទ្ធិឈរឈ្មោះជាតំណាងរាស្ត្រទេ។
លោក អេង ឆៃអ៊ាង បន្តថា នៅក្រោយពេលដើរចេញពីអង្គប្រជុំនៅរដ្ឋសភានោះ លោក បានចូលពិសាកាហ្វេ នៅភោជនដ្ឋានមួយនៅរាជធានីភ្នំពេញ វេលាម៉ោង១១ ថ្ងៃត្រង់នេះ ស្រាប់តែមានជនមិនស្គាល់មុខ ស្លៀកពាក់ស៊ីវិលតាមថតឡាន និងថតរួបលោក។ លោកបញ្ជាក់ថា លោកមិនព្រួយបារម្ភពីករណីនេះទេ។
ទាក់ទងនឹងដំណើរមកដល់របស់លោក សម រង្ស៊ី នៅយប់ថ្ងៃទី ១៦ វិច្ឆិកាវិញ លោក អេង ឆៃអ៊ាង បន្ថែមថា មិនទាន់មានកម្មវីធីណាមួយប្រែប្រួលនោះទេ។ ប៉ុន្តែលោកបង្ហើបប្រាប់ថា លោក សម រង្ស៊ី កំពុងទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កុំឲ្យមានការចាប់ខ្លួនលោក ដោយមានភាពចម្រូងចម្រាសជាមួយអ្នកគាំទ្រលោក។ លោក សម រង្ស៊ី សន្យាថា បើក្រសួងមហាផ្ទៃចង់ចាប់ខ្លួនលោកតាមដីការបស់តុលាការនោះ លោកនឹងប្រគល់ខ្លួនឲ្យដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។