រដ្ឋសភាឯកបក្សនៃរបបក្រុងភ្នំពេញ សរសើររដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថា ឆ្លើយសំណួរបានល្អ ហើយគ្មានកំហុសក្នុងការអនុវត្តច្បាប់ និងគោលនយោបាយចតុកោណដំណាក់ទី៤ របស់របបក្រុងភ្នំពេញឡើយ។ សង្គមស៊ីវិល និងអ្នកធ្លាប់រងគ្រោះ ពីអំពើអយុត្តិធម៌ ថា របបឯកបក្ស ចោទសួរ និងឆ្លើយសំណួរ របៀបស៊ុមគ្រលុំគ្នា មិនសមហេតុផល។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ច្រើននាក់ បាននាំគ្នាចោទសួរ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ នៅក្នុងរដ្ឋសភា នៅព្រឹកថ្ងៃទី៤ កក្កដា។ ក្រោយការចោទសួរ ក្រុមតំណាងរាស្ត្របក្សកាន់អំណាច យល់ថា ថ្វីបើការអនុវត្តរបស់ក្រសួងយុត្តិធម៌ អាចមានភាពខ្វះខាតខ្លះ ប៉ុន្តែសន្និដ្ឋានថា ក្រសួងយុត្តិធម៌អនុវត្តតាមតួនាទីបានល្អ ត្រឹមត្រូវ ហើយគ្មានការស្ដីបន្ទោស ឬអនុសាសន៍ឱ្យកែលម្អឡើយ៖ «មិនមានរកឃើញណាមួយក្រសួងយុត្តិធម៌ មានចំណុចខ្វះខាតអ្វី ដែលថាខុសច្បាប់ទេ។ ប៉ុន្តែគ្រាន់ថា ការខ្វះខាតវាមាន មានត្រង់ថា កន្លែងខ្លះគាត់អនុវត្តមិនទាន់បានល្អ ដូចជា មានតំណាងរាស្ត្រមួយរូបសួរពីរឿងតុលាការឯកទេស ដូចជាតុលាការពាណិជ្ជកម្ម តុលាការការងារ តុលាការផ្សេងៗទៀត។ ខាងក្រសួងយុត្តិធម៌ លោកឆ្លើយថា យើងមិនទាន់ដឹងទេ ដោយសារចៅក្រម ឥឡូវមានតែ២៦០នាក់ទេ យើងកំពុងរៀបចំពេលវេលាបង្កើតតុលាការឯកទេស ដើម្បីឱ្យយុត្តិធម៌បានល្អ»។
ក្រៅពីការសួរនាំរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ រដ្ឋសភា នៅព្រឹកថ្ងៃទី០៤ កក្កដា ក៏បានប្រកាសបិទសម័យប្រជុំលើកទី២ ក្នុងអាណត្តិទី៦ ជាអាណត្តិឯកបក្ស។ ពេញមួយសម័យប្រជុំលើកទី២ ចាប់ពីថ្ងៃទី០១ មេសា ដល់ថ្ងៃទី០៤ កក្កដា រដ្ឋសភាឯកបក្ស ធ្វើការងារបាន៥ចំណុច គឺ ប្រកាសសុពលភាពសមាជិករដ្ឋសភា២នាក់ បោះឆ្នោតបំពេញបន្ថែមសមាជិករដ្ឋសភា២នាក់ ឱ្យក្លាយជាសមាជិកគណៈកម្មការជំនាញ បោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាម្នាក់ ឱ្យក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ អនុម័តសេចក្ដីព្រាងច្បាប់បានចំនួន១០ និងការតាំងសំណួរ ចោទសួរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពីការអនុវត្តច្បាប់នៅកម្ពុជា។ ចាប់ពីពេលនេះទៅ រដ្ឋសភា នឹងសម្រាកវិស្សមកាល ៣ខែ។
ពាក់ព័ន្ធនឹងលទ្ធផលនៃការចោទសួរថ្នាក់ដឹកនាំក្រុមមន្ត្រីក្រសួងយុត្តិធម៌ ពីការអនុវត្តច្បាប់នៅកម្ពុជា ប្រធានអង្គការគណៈកម្មាធិការប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា មិនឯកភាពនឹងលទ្ធផលរបស់រដ្ឋសភាឯកបក្សឡើយ។ អ្នកស្រី មើលឃើញថា ការអនុវត្តច្បាប់នៅកម្ពុជាគ្មានភាពស្មើគ្នាទេ។ សង្គមស៊ីវិលរូបនេះ ចាត់ទុកថា ចម្លើយដោះសា របស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ អាចធ្វើឱ្យសភាឯកបក្សសរសើរបាន គឺបញ្ជាក់ថា ក្រុមសមាជិករដ្ឋសភាទាំងនោះ មិនធ្លាប់ជួប និងចុះទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះ ពីអំពើអយុត្តិធម៌ឡើយ៖ «គាត់អត់ដែលចុះទៅតាមជនបទ គាត់អត់ដែលមើលព័ត៌មាន ការយំស្រែកបង្ហើយរកយុត្តិធម៌របស់ប្រជាពលរដ្ឋ។ គាត់បានឃើញតិច អ៊ីចឹងទៅ។ គាត់ចេះតែទទួលយកបាន។ គាត់អត់មានយន្តការត្រួតពិនិត្យ។ គាត់អត់មានយន្តការតាមដាន ថាការអនុវត្តច្បាប់យ៉ាងម្ដេចដើម្បី ធ្វើការវាស់វែងទៅលើចម្លើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺគាត់អត់មាន។ អ៊ីចឹង គាត់គ្រាន់តែទៅឆ្លើយប៉ិនហ្នឹង គឺគាត់អូខេ ( យល់ព្រម ) ។ និយាយធម្មតា វាទៅអូខេ ឯកបក្ស គឺអ៊ីចឹងពិបាកណាស់ ស្រុកយើងអត់មានឱ្យសមរម្យទេណា»។
អ្នកធ្លាប់រងគ្រោះជាប់ពន្ធនាគារពីប្រព័ន្ធតុលាការម្នាក់ គឺមន្ត្រីនៃសមាគមសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត យល់ថា រដ្ឋសភាគ្រាន់តែបង្កើតនីតិវិធី និងកោះហៅរដ្ឋមន្ត្រី ធ្វើឱ្យល្អមើល ថា បានបំពេញតួនាទី ដើម្បីប្ដូរបានប្រាក់ខែពីពលរដ្ឋ។ លោកថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គ្មានភាពប្រសើរទេ ហើយសូម្បីម្ចាស់ជំនួយ អង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ទាមទារឱ្យមានការកែប្រែដែរ។
លោក យី សុខសាន្ត យល់ថា រដ្ឋសភាឯកបក្ស សន្និដ្ឋានខុស ថាក្រសួងយុត្តិធម៌គ្មានអ្វីគួរឱ្យកែលម្អ គឺខុសធ្ងន់តែម្ដង។ លោកថា ប្រសិនបើក្រសួងយុត្តិធម៌ អនុវត្តច្បាប់បានល្អ មិនមែនកំណើនមនុស្សជាប់ពន្ធនាគារ ឡើងចង្អៀត ណែនគ្រប់ពន្ធនាគារទូទាំងប្រទេសទេ។ លោក យី សុខសាន្ត សង្កេតឃើញថា ក្រសួងយុត្តិធម៌ បានធ្វើឱ្យខ្ជះខ្ជាយថវិកាជាតិខ្លាំងណាស់ ព្រោះ ការកាត់ក្ដី ដោយប្រើប្រាស់ស្តង់ដារពីរ សម្រាប់ អ្នកមាន អ្នកក្រ សង្គមស៊ីវិល អ្នកនយោបាយ និងការឃុំមនុស្ស ដោយមិនព្រមអនុវត្តទោសសហគមន៍ បានជះឥទ្ធិពល ឱ្យស្ថាប័នផ្សេងទៀតរវល់ និងត្រូវប្រើប្រាស់មនុស្ស ចំណាយថវិកាជាតិ សម្រាប់អនុវត្តនីតិវិធី និងយាមមនុស្សទាំងនោះ៖ «ហើយយើងថា ល្អម្ដេចកើត ! បើល្អទាល់តែអ្នកទោសថមថយ ហើយយើងទៅសិក្សាមើលថា អ្នកខ្លះ បទល្មើសហ្នឹង ដូចមកសមកាត់ទោសទេ ប៉ុន្តែគេយកទៅដាក់ដែរ។ ចំណុចហ្នឹង ដែលយើងមើលឃើញ។ នៅមានសម្រែកអយុត្តិធម៌ជាច្រើនទៀត ពាក់ព័ន្ធនឹងដីធ្លី ការចោទប្រកាន់គ្មានភស្តុតាង រឿងនយោបាយ បើយើងមើលទៅឃើញច្រើន សម្រាប់ពួកយើងធ្វើការងារសិទ្ធិមនុស្សហ្នឹង ក៏រងអយុត្តិធម៌ពីប្រព័ន្ធតុលាការដែរ ដែលយើងមើលឃើញ ហើយសហគមន៍អន្តរជាតិក៏គេមើលឃើញដែរ។ បើយើងថា យើងល្អ អាហ្នឹងខ្ញុំមិនដឹងថា យើងពឹងទៅលើស្អីទេ ដែលយកមកវាយតម្លៃថាល្អ។ តែសម្រាប់សង្គមស៊ីវិលមើលឃើញថា មិនទាន់ល្អ»។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថា តំណាងរាស្ត្របក្សកាន់អំណាចមួយចំនួនទៀត កំពុងត្រៀមសំណួរសួររដ្ឋមន្ត្រីផ្សេងទៀត នៅពេលបើកសម័យប្រជុំលើកទី៣ នៃអាណត្តិ គឺ៣ខែក្រោយ។ តែតំណាងរាស្ត្របក្សប្រឆាំង សង្គមស៊ីវិល និងអ្នកឃ្លាំមើល ថារដ្ឋសភាឯកបក្ស សម្ដែងល្ខោន ស៊ុមគ្រលុំគ្នា ឱ្យពលរដ្ឋមើល។ ក្រុមអ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យទាំងនោះ យល់ថា មានតែការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវទេ ទើបការកោះហៅរដ្ឋមន្ត្រីមកចោទសួរមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។