រដ្ឋសភា​ឯកបក្ស​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ឆ្លើយ​បាន​ល្អ គ្មាន​ចំណុច​ត្រូវ​ឱ្យ​កែ​លម្អ

0:00 / 0:00

រដ្ឋសភា​ឯក​បក្ស​នៃ​របប​ក្រុងភ្នំពេញ សរសើរ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ថា ឆ្លើយ​សំណួរ​បាន​ល្អ ហើយ​គ្មាន​កំហុស​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​ចតុកោណ​ដំណាក់​ទី​៤ របស់​របប​ក្រុងភ្នំពេញ​ឡើយ។ សង្គម​ស៊ីវិល និង​អ្នក​ធ្លាប់​រងគ្រោះ ពី​អំពើ​អយុត្តិធម៌ ថា របប​ឯក​បក្ស ចោទ​សួរ និង​ឆ្លើយ​សំណួរ របៀប​ស៊ុមគ្រលុំ​គ្នា មិន​សម​ហេតុផល។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ច្រើន​នាក់ បាន​នាំគ្នា​ចោទសួរ ថ្នាក់​ដឹកនាំ​ក្រសួង​យុត្តិធម៌ នៅ​ក្នុង​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា​។ ក្រោយ​ការ​ចោទសួរ ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់អំណាច យល់ថា ថ្វីបើ​ការអនុវត្ត​របស់​ក្រសួង​យុត្តិធម៌ អាច​មាន​ភាព​ខ្វះខាត​ខ្លះ ប៉ុន្តែ​សន្និដ្ឋាន​ថា ក្រសួង​យុត្តិធម៌​អនុវត្ត​តាម​តួនាទី​បាន​ល្អ ត្រឹមត្រូវ ហើយ​គ្មាន​ការ​ស្ដីបន្ទោស ឬ​អនុសាសន៍​ឱ្យ​កែ​លម្អ​ឡើយ៖ «មិន​មាន​រក​ឃើញ​ណាមួយ​ក្រសួងយុត្តិធម៌ មាន​ចំណុច​ខ្វះខាត​អ្វី ដែល​ថា​ខុសច្បាប់​ទេ​។ ប៉ុន្តែ​គ្រាន់​ថា ការ​ខ្វះខាត​វា​មាន មាន​ត្រង់​ថា កន្លែង​ខ្លះ​គាត់​អនុវត្ត​មិន​ទាន់​បាន​ល្អ ដូចជា មាន​តំណាងរាស្ត្រ​មួយ​រូប​សួរ​ពី​រឿង​តុលាការ​ឯកទេស ដូចជា​តុលាការ​ពាណិជ្ជកម្ម តុលាការ​ការងារ តុលាការ​ផ្សេងៗ​ទៀត​។ ខាង​ក្រសួង​យុត្តិធម៌ លោក​ឆ្លើយ​ថា យើង​មិនទាន់​ដឹង​ទេ ដោយសារ​ចៅក្រម ឥឡូវ​មានតែ​២៦០​នាក់​ទេ យើង​កំពុង​រៀបចំ​ពេលវេលា​បង្កើត​តុលាការ​ឯកទេស ដើម្បី​ឱ្យ​យុត្តិធម៌​បាន​ល្អ»។

ក្រៅពី​ការ​សួរនាំ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៌ រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា ក៏​បាន​ប្រកាស​បិទ​សម័យ​ប្រជុំ​លើក​ទី​២ ក្នុង​អាណត្តិ​ទី​៦ ជា​អាណត្តិ​ឯក​បក្ស។ ពេញ​មួយ​សម័យប្រជុំ​លើក​ទី​២ ចាប់ពី​ថ្ងៃ​ទី​០១ មេសា ដល់​ថ្ងៃ​ទី​០៤ កក្កដា រដ្ឋសភា​ឯក​បក្ស ធ្វើ​ការងារ​បាន​៥​ចំណុច គឺ ប្រកាស​សុពលភាព​សមាជិក​រដ្ឋសភា​២​នាក់ បោះឆ្នោត​បំពេញ​បន្ថែម​សមាជិក​រដ្ឋសភា​២​នាក់ ឱ្យ​ក្លាយ​ជា​សមាជិក​គណៈកម្មការ​ជំនាញ បោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ម្នាក់ ឱ្យ​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ អនុម័ត​សេចក្ដីព្រាងច្បាប់​បាន​ចំនួន​១០ និង​ការ​តាំង​សំណួរ ចោទ​សួរ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ពី​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា។ ចាប់​ពី​ពេល​នេះ​ទៅ រដ្ឋសភា នឹង​សម្រាក​វិស្សមកាល ៣​ខែ។

ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​ចោទសួរ​ថ្នាក់ដឹកនាំ​ក្រុម​មន្ត្រី​ក្រសួងយុត្តិធម៌ ពី​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ប្រធាន​អង្គការ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា មិន​ឯកភាព​នឹង​លទ្ធផល​របស់​រដ្ឋសភា​ឯក​បក្ស​ឡើយ។ អ្នកស្រី មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​គ្មាន​ភាពស្មើគ្នា​ទេ​។ សង្គម​ស៊ីវិល​រូប​នេះ ចាត់ទុកថា ចម្លើយ​ដោះសា របស់​ថ្នាក់ដឹកនាំ​ក្រសួង​យុត្តិធម៌ អាច​ធ្វើ​ឱ្យ​សភា​ឯក​បក្ស​សរសើរ​បាន គឺ​បញ្ជាក់​ថា ក្រុម​សមាជិក​រដ្ឋសភា​ទាំងនោះ មិន​ធ្លាប់​ជួប និង​ចុះទៅ​សួរ​សុខទុក្ខ​ពលរដ្ឋ​រងគ្រោះ ពី​អំពើ​អយុត្តិធម៌​ឡើយ៖ «គាត់​អត់​ដែល​ចុះ​ទៅតាម​ជនបទ គាត់​អត់​ដែល​មើល​ព័ត៌មាន កា​រយំ​ស្រែក​បង្ហើយ​រក​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​។ គាត់​បាន​ឃើញ​តិច អ៊ីចឹង​ទៅ​។ គាត់​ចេះតែ​ទទួល​យក​បាន​។ គាត់​អត់​មាន​យន្តការ​ត្រួតពិនិត្យ​។ គាត់​អត់​មាន​យន្តការ​តាមដាន ថា​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម្ដេច​ដើម្បី ធ្វើការ​វាស់វែង​ទៅលើ​ចម្លើយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺ​គាត់​អត់​មាន​។ អ៊ីចឹង គាត់​គ្រាន់តែ​ទៅ​ឆ្លើយ​ប៉ិន​ហ្នឹង គឺ​គាត់​អូខេ (​ យល់ព្រម​ )​ ។ និយាយ​ធម្មតា វា​ទៅ​អូខេ ឯក​បក្ស គឺ​អ៊ីចឹង​ពិបាក​ណាស់ ស្រុក​យើង​អត់​មាន​ឱ្យ​សមរម្យ​ទេ​ណា»។

អ្នក​ធ្លាប់​រងគ្រោះ​ជាប់​ពន្ធនាគារ​ពី​ប្រព័ន្ធ​តុលាការ​ម្នាក់ គឺ​មន្ត្រី​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត យល់ថា រដ្ឋសភា​គ្រាន់តែ​បង្កើត​នីតិវិធី និង​កោះហៅ​រដ្ឋមន្ត្រី ធ្វើ​ឱ្យ​ល្អមើល ថា បាន​បំពេញ​តួនាទី ដើម្បី​ប្ដូរ​បាន​ប្រាក់ខែ​ពី​ពលរដ្ឋ។ លោក​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា គ្មាន​ភាព​ប្រសើរ​ទេ ហើយ​សូម្បី​ម្ចាស់​ជំនួយ អង្គការសហប្រជាជាតិ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទាមទារ​ឱ្យ​មានការ​កែប្រែ​ដែរ។

លោក យី សុខសាន្ត យល់ថា រដ្ឋសភា​ឯក​បក្ស សន្និដ្ឋាន​ខុស ថា​ក្រសួង​យុត្តិធម៌​គ្មាន​អ្វី​គួរ​ឱ្យ​កែ​លម្អ គឺ​ខុស​ធ្ងន់​តែម្ដង។ លោក​ថា ប្រសិនបើ​ក្រសួង​យុត្តិធម៌ អនុវត្ត​ច្បាប់​បាន​ល្អ មិនមែន​កំណើន​មនុស្ស​ជាប់​ពន្ធនាគារ ឡើង​ចង្អៀត ណែន​គ្រប់​ពន្ធនាគារ​ទូទាំង​ប្រទេស​ទេ។ លោក យី សុខសាន្ត សង្កេត​ឃើញ​ថា ក្រសួង​យុត្តិធម៌ បាន​ធ្វើ​ឱ្យ​ខ្ជះខ្ជាយ​ថវិកាជាតិ​ខ្លាំង​ណាស់ ព្រោះ ការ​កាត់​ក្ដី ដោយ​ប្រើប្រាស់​ស្តង់ដារ​ពីរ សម្រាប់ អ្នកមាន អ្នកក្រ សង្គម​ស៊ីវិល អ្នកនយោបាយ និង​ការ​ឃុំ​មនុស្ស ដោយ​មិន​ព្រម​អនុវត្ត​ទោស​សហគមន៍ បាន​ជះឥទ្ធិពល ឱ្យ​ស្ថាប័ន​ផ្សេងទៀត​រវល់ និង​ត្រូវ​ប្រើប្រាស់​មនុស្ស ចំណាយ​ថវិកា​ជាតិ សម្រាប់​អនុវត្ត​នីតិវិធី និង​យាម​មនុស្ស​ទាំងនោះ៖ «ហើយ​យើង​ថា ល្អ​ម្ដេច​កើត​ ! បើ​ល្អ​ទាល់តែ​អ្នកទោស​ថមថយ ហើយ​យើង​ទៅ​សិក្សា​មើល​ថា អ្នកខ្លះ បទល្មើស​ហ្នឹង ដូច​មក​សម​កាត់ទោស​ទេ ប៉ុន្តែ​គេ​យក​ទៅ​ដាក់​ដែរ។ ចំណុច​ហ្នឹង ដែល​យើង​មើល​ឃើញ​។ នៅ​មាន​សម្រែក​អយុត្តិធម៌​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​ដីធ្លី ការចោទប្រកាន់​គ្មាន​ភស្តុតាង រឿង​នយោបាយ បើ​យើង​មើល​ទៅ​ឃើញ​ច្រើន សម្រាប់​ពួក​យើង​ធ្វើ​ការងារ​សិទ្ធិមនុស្ស​ហ្នឹង ក៏​រង​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​ដែរ ដែល​យើង​មើល​ឃើញ ហើយ​សហគមន៍​អន្តរជាតិ​ក៏​គេ​មើល​ឃើញ​ដែរ។ បើ​យើង​ថា យើង​ល្អ អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ថា យើង​ពឹង​ទៅលើ​ស្អី​ទេ ដែល​យក​មក​វាយតម្លៃ​ថា​ល្អ។ តែ​សម្រាប់​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មិន​ទាន់​ល្អ»។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថា តំណាងរាស្ត្រ​បក្ស​កាន់អំណាច​មួយចំនួន​ទៀត កំពុង​ត្រៀម​សំណួរ​សួរ​រដ្ឋមន្ត្រី​ផ្សេង​ទៀត នៅ​ពេល​បើក​សម័យប្រជុំ​លើក​ទី​៣ នៃ​អាណត្តិ គឺ​៣​ខែក្រោយ​។ តែ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល ថា​រដ្ឋសភា​ឯក​បក្ស សម្ដែង​ល្ខោន ស៊ុមគ្រលុំ​គ្នា ឱ្យ​ពលរដ្ឋ​មើល។ ក្រុម​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ​ទាំងនោះ យល់​ថា មានតែ​ការ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ​ត្រឹមត្រូវ​ទេ ទើប​ការ​កោះហៅ​រដ្ឋមន្ត្រី​មក​ចោទសួរ​មាន​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។