គ.ជ.ប​ប្ដូរ​កាលបរិច្ឆេទ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​មក​ដើមខែ​ឧសភា​នៅ​ឆ្នាំ​២០១៩

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្ដូរ​កាលបរិច្ឆេទ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ពី​ខែ​តុលា មក​ធ្វើ​នៅ​ដើមខែ​ឧសភា​វិញ សម្រាប់​ឆ្នាំ​២០១៩​។ រយៈពេល ៤​ថ្ងៃ​ដំបូង​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ៤ ឧសភា មាន​ពលរដ្ឋ​ជាង ១​ម៉ឺន​នាក់ បាន​ទៅ​ចុះ​ឈ្មោះ​ថ្មី។

គ.ជ.ប បង្ហាញ​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ មាន​ពលរដ្ឋ ជាង​មួយ​ម៉ឺន ពីរពាន់ (១២.៧៨៣) នាក់ បាន​ទៅ​ចុះឈ្មោះ​ថ្មី ហើយ​អ្នក​ដែល​សុំ​លុបឈ្មោះ និង​សុំ​កែតម្រូវ​ទិន្នន័យ មាន​ជាង មួយ​ពាន់ ប្រាំបី​រយ (១.៨៤៨)​នាក់។

លទ្ធផល​បណ្ដោះអាសន្ន បង្ហាញ​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៩ មាន​ចំនួន​ជាង ៨​លាន ប្រាំ​សែន ប្រាំ​ម៉ឺន (៨.៥៥៦.៨៧៨) នាក់ កើន​ឡើង​ជាង​ឆ្នាំ​២០១៨ ជាង​១​ម៉ឺន​នាក់។ បញ្ជី​ឈ្មោះ បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៨ មាន​ចំនួន ៨​លាន ៥​សែន ៤​ម៉ឺន ៥​ពាន់ ៨​រយ ប៉ែតសិប​ប្រាំ (៨.៥៤៤.៨៨៥) នាក់។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ីសេរី​ថា ការ​ប្ដូរ​កាលបរិច្ឆេទ​មក​ខែ​ឧសភា​វិញ ដោយសារ ប្រតិទិន​របស់ គ.ជ.ប ជាប់រវល់​នៅ​ខែ​តុលា និង​ដោយសារ​ខែ​តុលា ប្រឈម​នឹង​ស្ថានភាព​ទឹកជំនន់។ លោក ហង្ស ពុទ្ធា ថា ការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ ឆ្នាំ​២០១៩ មាន​រយៈពេល ២២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២២ ឧសភា។ លោក​បញ្ជាក់​ថា ៦​ថ្ងៃ ដើម​យុទ្ធនាការ និង​៦​ថ្ងៃ​នៃ​ចុង​យុទ្ធនាការ គ.ជ.ប នឹង​ទទួល​ចុះឈ្មោះ តាម​សាលាឃុំ​សង្កាត់ ឯ​ចន្លោះ​ថ្ងៃ​យុទ្ធនាការ​នេះ គឺ​គ​.​ជ​.​ប នឹង​ចល័ត នៅ​តាម​ទីប្រជុំជន​ក្នុង​មូលដ្ឋាន​របស់​ពលរដ្ឋ ដើម្បី​ទទួល​ការ​ចុះ​ឈ្មោះ​។ អ្នកនាំពាក្យ​រូប​នេះ អះអាង​ថា គ.ជ.ប ធ្វើ​បែប​នេះ យូរ​ណាស់​មក​ហើយ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ៖ «ដោយសារ​ប្រតិទិន ពីមួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ហ្នឹង មានការ​ចង្អៀត​ពេក ដល់​អ៊ីចឹង​ហើយ បាន​ពេលវេលា​ត្រូវ​លើក​មក​ពេល​ហ្នឹង​បាទ។ សំណួរ​៖ តើ​ចុះឈ្មោះ​នរណា​ខ្លះ​ ? ឆ្លើយ​៖ ទី​១​ទទួល​ចុះឈ្មោះ អ្នកមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​ទី​២ ទទួល​ចុះឈ្មោះ​អ្នកមាន​ទីលំនៅ​ថ្មី ហើយ​ទី​៣ នឹង​មានការ​លុបឈ្មោះ​អ្នក​ដែល​ប្ដូរ​ចេញពី​អាសយដ្ឋាន ក្នុង​ឃុំ​សង្កាត់​ចាស់​ហ្នឹង លុប​ពី​ហ្នឹង​ចេញ ដើម្បី​ឱ្យ​គាត់​ទៅ​ចុះឈ្មោះ​ថ្មី ហើយ​មួយទៀត លុប​អ្នកទទួល​មរណភាព ឬក៏​អ្នក​ដែល​សាលក្រម​មិន​ឱ្យ​គាត់​ទទួល​បាន​ (​ សិទ្ធិ​បោះឆ្នោត​ ) ជាដើម»។

គ.ជ.ប ប៉ាន់ស្មាន​ថា ពលរដ្ឋ​ចុះឈ្មោះ​ថ្មី សម្រាប់​ឆ្នាំ​២០១៩ អាច​មាន​ជាង ៣សែន ៧ម៉ឺន (៣៧២ ៦២៨) បន្ថែម​ពីលើ​បញ្ជី​ឆ្នាំ​២០១៨​។ ចំណែក ចំនួន​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង ដែល​មាន​សិទ្ធិ​បោះឆ្នោត គ.ជ.ប ប៉ាន់​ស្មានថា មាន​ជាង ១០​លាន (១០.១៧៨.៨០៩)នាក់។

កាលពី​យុទ្ធនាការ​ចុះឈ្មោះ និង​ពិនិត្យមើល​បញ្ជី​ឈ្មោះ នៅ​ខែ​តុលា ឆ្នាំ​២០១៨ គ.ជ.ប គ្រោង​ចុះ​ឈ្មោះ​ពលរដ្ឋ​ថ្មី ជាង​៤​សែន (៤៨៩.៩៦៣) នាក់ បន្ថែម​ពីលើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧​។ ប៉ុន្តែ​ការ​ចុះឈ្មោះ​កាលណោះ គ.ជ.ប ទទួល​បាន​អ្នក​ចុះឈ្មោះ​ថ្មី មិន​ដល់​ហាសិប (៥០%)​ភាគរយ​ទេ​នៃ​ចំនួន​ប៉ាន់ស្មាន​ទេ គឺ​កើន​ឡើង​បាន ជាង​១​សែន (១៣១.៦៦៨) នាក់ លើ​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ដែលមានជាងប្រាំបីលាននាក់ (៨.៣៨០.២១៧​)។

ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ចុះឈ្មោះ​ថ្មី និង​អ្នកពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត កាលណោះ ត្រូវ​បាន​អ្នកឃ្លាំមើល​សិទ្ធិ​បោះឆ្នោត នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) រកឃើញ​ថា ដោយសារ​កត្តា​នយោបាយ ធ្វើ​ឱ្យ​ពលរដ្ឋ​ធុញទ្រាន់ មិន​ចង់​បន្ត​តាមដាន និង​ចូលរួម​ជាមួយ​គ.ជ.ប។ ក្រៅ​ពី​នេះ អង្គការ​ខុមហ្វ្រែល សង្កេតឃើញ​ថា ទោះ​ជា​មាន​គណបក្ស​ច្រើន បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត កាល​ឆ្នាំ​២០១៨ ប៉ុន្តែ​តំណាង​គណបក្ស​នយោបាយ​ទាំងនោះ មិនបាន​សកម្ម​ក្នុង​ការ​ឃ្លាំមើល​បញ្ជី​ឈ្មោះ ឬ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទេ គឺ តំណាង​គណបក្ស​នយោបាយ​ឃើញ​សកម្ម តែ​ពេល​បោះឆ្នោត។ តែ​អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា អះអាង​ថា ពលរដ្ឋ​មិនសូវ​ចាប់អារម្មណ៍ ដោយសារ មិនមែន​ជា​ឆ្នាំ​បោះឆ្នោត។

អតីត​សមាជិក​បណ្ដុំ​អង្គការ​នៃ​បន្ទប់​ស្ថានការណ៍​ឃ្លាំមើល​ការបោះឆ្នោត និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹមអេង យល់ថា ការផ្លាស់ប្ដូរ​កាលបរិច្ឆេទ​មក​ចុះឈ្មោះ នៅ​ខែ​ឧសភា មិនទាន់​អាច​ទាក់ទាញ​ឱ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ច្រើន​ទេ ព្រោះ​ពលរដ្ឋ​ទើប​ត្រលប់​មកពី​បុណ្យចូលឆ្នាំ​ខ្មែរ​រួច។

សង្គម​ស៊ីវិល​រូប​នេះ យល់ថា គ.ជ.ប គួរ​ជ្រើស​យក​ពេលវេលា​កៀក​ពិធី​ចូលឆ្នាំ​ខ្មែរ ទើប​អាច​ទាក់ទាញ​ការចូលរួម​របស់​ពល​រដ្ឋ​។ ចំណែក​ការ​ចល័ត​ដល់​ទី​ប្រជុំជន ដើម្បី​ចុះឈ្មោះ​ជា​ការ​ល្អ ប៉ុន្តែ​លោក​ជឿ​ថា បើ​កត្តា​នយោបាយ​មាន​ភាព​ប្រសើរ​ជាង​នេះ ពលរដ្ឋ​នឹង​ចូលរួម​កាន់តែ​ច្រើន៖ «ខ្ញុំ​គិត​ថា ការ​ចុះឈ្មោះ វា​ជា​រឿង​មួយ​ដោយឡែក​។ វា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វី​ធំដុំ​ពេក​ទេ​។ ប៉ុន្តែ​បើ​បញ្ហា​នយោបាយ​អាច​មាន​ការប្រែប្រួល​។ បើ​សិន​អ្នក​ចុះឈ្មោះ ថា ទាល់តែ​នយោបាយ​បែបនេះ បាន​ទៅ​ចុះឈ្មោះ នយោបាយ​បែប​នោះ បាន​ទៅ​ចុះឈ្មោះ អា​ហ្នឹង​គឺជា​បញ្ហា​វិញ គឺ​ដល់ពេល​ត្រូវការ​បោះឆ្នោត ហើយ​ដល់ពេល​បក្ស​ដែល​គាត់​ពេញចិត្ត មក​ចូលរួម​ឈរ​ប្រជែង គាត់​ (​ ពលរដ្ឋ​ ) អត់​មានឈ្មោះ​ក្នុង​បញ្ជី​។ អា ការណ៍ ចុះ​ឈ្មោះ​បោះឆ្នោត គឺ​កុំ​គិត​ឱ្យ​ជាប់ជំពាក់​រឿង​នយោបាយ​ច្រើន»។

ចំណែក យុវជន លោក ខាន់ ភូមិន្ទ ទាមទារ​ឱ្យ​រដ្ឋាភិបាល ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ទើប​លោក ពេញចិត្ត ចូលរួម​សកម្មភាព ជាមួយ​គ.ជ.ប​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។