តើ​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​អំណាច​ដោយ​របៀប​ណា​ដោយ​មិន​បារម្ភ​ពី​គ្រោះ​ភ័យ?

ដោយ សាន សែល
2016-01-31
Share
កែម ឡី ២០១៥ ៨៥៥ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth
RFA/Morm Moniroth

មេ​ដឹក​នាំ​ដែល​ឆ្លាត ជា​មេ​ដឹក​នាំ​ដែល​រៀបចំ​ជណ្ដើរ​ដើរ​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​ដែល​ខ្លួន​នៅ​មាន​អំណាច និង​មាន​ប្រជាប្រិយភាព​បំផុត។ ការ​ធ្វើ​បែប​នេះ ជា​មធ្យោបាយ​ដែល​ចុះ​ចេញ​ពី​អំណាច​ដោយ​សន្តិវិធី​សមស្រប មាន​ឯកភាព​ជាតិ និង​មាន​ភាព​ថ្លៃថ្នូរ។

មេ​ដឹក​នាំ​រូប​នោះ ក៏​អាច​រៀបចំ​ណែនាំ​មេ​ដឹក​នាំ​ជំនាន់​ថ្មី​ដែល​មាន​ភាព​ស្អាតស្អំ​បំផុត មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ និង​ប្រកប​ដោយ​យុត្តិធម៌​ក្នុង​គណបក្ស​របស់​ខ្លួន។ ក៏ប៉ុន្តែ​មេ​ដឹក​នាំ​ដែល​ឆ្ងាញ់​នឹង​អំណាច​មួយ​ចំនួន ពិបាក​ទម្លាក់​កណ្ដាប់​ដៃ​ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ឥទ្ធិពល។ មេ​ដឹក​នាំ​ដែល​បាន​កាន់​អំណាច​ច្រើន​វស្សា ក៏​ជក់​ចិត្ត​មិន​ចង់​ដើរ​ចេញ។

យ៉ាង​ណា​ក៏ដោយ អ្នក​ដឹក​នាំ​ខ្លះ ពេល​ដែល​កាន់​អំណាច​យូរ​ក្រែល​ទៅ ក៏​នឹក​ចង់​ប្ដូរ​វេន​ឲ្យ​អ្នក​ផ្សេង​ម្តង​ដែរ។ ក្នុង​ចិត្ត​ចង់​ដោះ​ដៃ​នឹង​អំណាច តែ​ក្នុង​ខ្លួន​ចេះ​តែ​រអា។ រអា​ខ្លាច​ពេល​ធ្វើ​បែប​នេះ​ទៅ ប៉ះពាល់​ដល់​ប្រយោជន៍​ខ្លួន​ឯង​វិញ។

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ឲ្យ​មេ​ដឹក​នាំ​មួយ សម្រេច​ចិត្ត​ចុះ​ចេញ​ពី​អំណាច​ដោយ​មិន​ចាំបាច់​បារម្ភ​ពី​គ្រោះ​ភ័យ?

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​២៩ មករា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់​របស់​លោក នូវ​អនុសាសន៍​មួយ​ចំនួន ដើម្បី​ឆ្លើយ​ទៅ​នឹង​សំណួរ​នេះ។

ប្រទេស​នីតិរដ្ឋ គេ​យក​ច្បាប់​ជា​ធំ។ មេ​ដឹក​នាំ​ដូចជា​នាយក​រដ្ឋមន្ត្រី មុន​នឹង​សម្រេច​ចិត្ត​ចុះ​ចេញ​ពី​អំណាច អាច​រៀបចំ​អនុម័ត​ច្បាប់​ការពារ​អតីត​នាយក​រដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ (Secret Protection Law)។ បន្ថែម​ពី​លើ​នេះ មេ​ដឹក​នាំ​ដែល​ចង់​បាន​ការ​ចុះ​ចេញ​ពី​តំណែង​មួយ​ប្រកប​ដោយ​សុវត្ថិភាព អាច​រៀបចំ​តំណែង​ជាន់​ខ្ពស់​បំផុត និង​សមស្រប​សម្រាប់​ខ្លួន​ឯង ដូចជា តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​រាជសម្បត្តិ ឬ​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ឬ​ប្រធាន​អចិន្ត្រៃយ៍​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ឬ​ប្រធាន​នៃ​អចិន្ត្រៃយ៍​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ ធ្វើ​បែប​នេះ មេ​ដឹក​នាំ​ដែល​ចង់​ចុះ​ចេញ​ពី​អំណាច នៅ​តែ​មាន​មុខ​តំណែង​កំពូល​ដដែល។

ប្រសិន​បើ​ព្រួយ​បារម្ភ​ពី​សុខ​សន្តិសុខ​ផ្ទាល់​ខ្លួន ប្រមុខ​ដឹក​នាំ​នោះ អាច​រៀបចំ​បង្កើត​ជា​អភ័យ​ឯកសិទ្ធិ​ពិសេស​សម្រាប់​សន្តិសុខ​ផ្ទាល់​ខ្លួន ពេល​ដែល​គាត់​ចុះ​ចេញ​ពី​តំណែង។ ការ​រៀបចំ​កញ្ចប់​ផល​ប្រយោជន៍​ពិសេស​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ប្រាក់​បំណាច់​ខ្ពស់ នឹង​អាច​រស់នៅ​មាន​សេចក្តី​ថ្លៃថ្នូរ​បំផុត​ក្នុង​មួយ​ជីវិត (Benefit Package)។ ធ្វើ​បែប​នេះ មេ​ដឹក​នាំ​ដែល​ចង់​ចុះ​ចេញ​ពី​អំណាច នៅ​តែ​រស់នៅ​សុខ​ស្រួល​ក្នុង​ភាព​ថ្លៃថ្នូរ។

បើ​ទោះ​ជា​ចុះ​ចេញ​ពី​អំណាច​ក៏ដោយ មេ​ដឹក​នាំ​នោះ​នៅ​តែ​អាច​បន្ត​ចែក​រំលែក ចុះ​សួរ​សុខ​ទុក្ខ និង​ទៅ​ជួប​ប្រជាជន តាម​រយៈ​ការ​រៀបចំ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ សម្រាប់​ពួក​គាត់​ធ្វើ​សកម្មភាព​សង្គម មនុស្ស​ធម៌ និង​បង្រៀន​តាម​សាកលវិទ្យាល័យ (Annual Reimbursement Plan)

បន្ថែម​ពី​លើ​នោះ ការ​រៀបចំ​ប្រាក់​កម្រៃ​ពិសេស និង​ខ្ពស់​បំផុត​សម្រាប់​មេ​ដឹក​នាំ​ដែល​ចង់​ចុះ​ចេញ​ពី​តំណែង អាច​ធ្វើ​បាន​ក្រោម​រូបភាព ជា​ការ​ធ្វើ​បទ​ឧទ្ទេសនាម​ប្រចាំ​ខែ ត្រី​មាស ឆមាស និង​ប្រចាំ​ឆ្នាំ ពី​បទពិសោធន៍​របស់​ពួក​គាត់ ដើម្បី​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ដឹក​នាំ​ប្រទេស ការងារ​ការទូត និង​ភាព​ជា​អ្នក​ដឹក​នាំ។

អ្នក​ដឹក​នាំ​ដែល​មាន​ឆន្ទៈ​ចុះ​ចេញ​ពី​អំណាច នឹង​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​ជា​បុគ្គល​គំរូ​ក្នុង​ប្រវត្តិសាស្ត្រ។ ការ​រៀបចំ​ពិធី​ផ្ទេរ​តំណែង​មួយ​ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដោយ​មាន​ការ​ចូលរួម​ពី​ព្រះមហាក្សត្រ អង្គ​ទូត គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​ពី​មហាជន​ជាតិ-អន្តរជាតិ។ ប្រសិន​បើ​នៅ​កម្ពុជា អាច​ធ្វើ​បែប​នេះ​បាន​នោះ វា​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​មិន​ធ្លាប់​មាន​ពី​មុខ​មក។ ការ​ស្ម័គ្រ​ចិត្ត​ចុះ​ចេញ​ពី​អំណាច​របស់​មេ​ដឹក​នាំ​ណា​ម្នាក់ គួរ​ត្រូវ​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សង្គម។ ការ​រៀបចំ​រង្វាន់​កិត្តិយស​ធំធេង​មួយ​ដល់​មេ​ដឹក​នាំ ដូចជា​ដាក់​ឈ្មោះ​ទីក្រុង​ថ្មី ឬ​ឈ្មោះ​រាជធានី​ថ្មី​តាម​ឈ្មោះ​របស់​ពួក​គាត់។

មួយ​ទៀត​នោះ ការ​រៀបចំ​កូតា ១០% ឬ ២០% នៃ​សមាជិក​សភា សម្រាប់​កង​កម្លាំង​ប្រដាប់​អាវុធ។ មេ​ដឹក​នាំ​ចុះ​ចេញ​ពី​តំណែង នឹង​ក្លាយ​ជា​ប្រធាន​អចិន្ត្រៃយ៍​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ​ជា​ស្វ័យ​ប្រវត្តិ។ ការ​លើក​ទឹក​ចិត្ត​នេះ មិន​ត្រឹម​តែ​សម្រាប់​បុគ្គល​មេ​ដឹក​នាំ​ផ្ទាល់​ទេ តែ​ក៏​គួរ​ផ្តល់​ឱកាស​សម្រាប់​កូនៗ​របស់​ពួក​គាត់​ក្នុង​តំណែង​សមស្រប ដោយ​ផ្អែក​ទៅ​តាម​ជំនាញ និង​មុខ​វិជ្ជាជីវៈ​ដែល​ពួក​គាត់​រៀន និង​ចង់​បាន។

ផ្ទុយ​ទៅ​វិញ មេ​ដឹក​នាំ​ដែល​មិន​ឆ្លាត ជា​មេ​ដឹក​នាំ​ដែល​រង់ចាំ​ចាញ់​ឆ្នោត ទើប​ចុះ​ពី​តំណែង និង​រង់ចាំ​ដល់​ពេល​ដែល​ពលរដ្ឋ​មាន​ចលនា​ធំៗ ហើយ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម ដូចជា​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ប្រទេស​មួយ​ចំនួន​នៅ​អារ៉ាប់ និង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាមេរិក ជាដើម។ ពេល​នោះ វាសនា​ខ្លួន​គាត់ ក្រុម​គ្រួសារ​គាត់ និង​កូនៗ​មិន​ល្អ និង​មាន​ឈ្មោះ​មិន​ល្អ កេរ្តិ៍​អាស្រូវ​ជា​រៀង​រហូត។

ទស្សនៈ​មួយ​លើក​ឡើង​ថា «បើក​ផ្លូវ និង​បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​អ្នក​ដទៃ​ដើរ​បាន​ស្រួល និង​សុខសាន្ត ប្រសើរ​ជាង​បិទ​ផ្លូវ និង​ធ្វើ​បាប​អ្នក​ដទៃ»។ ការ​កាន់​អំណាច​មួយ​ជីវិត និង​តំណែង​ត​ពូជ មិន​មែន​ជា​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​ទេ ប្រសិន​បើ​មេ​ដឹក​នាំ​រូប​នោះ មាន​សុបិន​ចង់​ឃើញ​ប្រទេស​ដែល​មាន​ការ​ដឹក​នាំ​បម្រើ​ប្រយោជន៍​រាស្ត្រ​ជា​ធំ ហើយ​ក៏​មិន​បាន​ផ្តល់​ការ​រីក​ចម្រើន​សម្រាប់​ជាតិ​ឡើយ។ បញ្ច្រាស​មក​វិញ វា​ជា​កត្តា​ធ្វើ​ឲ្យ​ជាតិ​វិនាស និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ទៅ​វិញ​ទេ។

យន្តការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី និង​តាម​បែប​ប្រជាធិបតេយ្យ គួរ​តែ​រៀបចំ​សម្រាប់​ថ្នាក់​ដឹក​នាំ​គ្រប់​ជំនាន់​បន្ត​ទៅ​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយ​ចិត្ត​ចង់​ចុះ​ចេញ​ពី​អំណាច ជា​ជាង​ស្ថិត​នៅ​ក្នុង​តំណែង​កាន់​ការ​ដ៏​លំបាក កាន់​កិច្ចការ​រយ​ជំពូក​យូរ​អង្វែង។

តើ​មេ​ដឹក​នាំ​ណា​ដែល​ឡើង​កាន់​អំណាច មិន​ចង់​សាង​ស្នាដៃ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ? ហើយ​តើ​មាន​មេ​ដឹក​នាំ​ណា​ដែល​មាន​ឆន្ទៈ​សាង​យន្តការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​សម្រាប់​យុគ​សម័យ​នេះ?

បើ​សង្កេត​ឲ្យ​ដិតដល់​ទៅ មេ​ដឹក​នាំ​ដែល​កាន់​ការ​យូរ គួរ​អាណិត​អាសូរ​ខ្លាំង​ណាស់ ដែល​គាត់​ត្រូវ​ទទួល​រ៉ាប់រង​ភាព​ស្មុគស្មាញ​របស់​ជាតិ​តែ​ឯង។ មេ​ដឹក​នាំ​នោះ គួរ​ចែក​ឲ្យ​គេ​លំបាក​ផង​ទៅ។ ពាក្យ​ចាស់​តែង​លើក​ឡើង​ថា កូនៗ​ដែល​មាន​កតញ្ញូ​ចំពោះ​មាតា​បិតា​របស់​ខ្លួន មិន​គួរ​ឲ្យ​ឪពុក និង​ម្តាយ​របស់​ខ្លួន​យួរ​បន្ទុក​តែ​ឯង​ទេ តែ​កូនៗ​នោះ​គួរ​មាន​ការ​ទទួល​ខុស​ត្រូវ ដោយ​លៃលក​ធ្វើ​យ៉ាង​ណា​ឲ្យ​ឪពុក​ម្ដាយ​បាន​សម្រាក​ខ្លះ​ផង។ ពួក​គាត់​គួរ​តែ​មាន​ពេលវេលា​សប្បាយ​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់ ក្នុង​ការ​ដើរ​លម្ហែ​កាយ និង​សម្រាក​នៅ​តំបន់​ជនបទ តំបន់​ទេសចរណ៍ ឲ្យ​ស្រលះ​អារម្មណ៍។

ក្នុង​សង្គម​ប្រជាធិបតេយ្យ អំណាច​ពលរដ្ឋ​ជា​ម្ចាស់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​ការ​រក្សា​អធិបតេយ្យភាព បូរណភាព​ទឹក​ដី ធនធាន​សង្គម និង​កសាង​សន្តិភាព​ជា​កត្តា​ចាំបាច់។ ការ​កសាង​កិត្តិនាម​របស់​មេ​ដឹក​នាំ អាច​ជួយ​ពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្រីក្រ ពលរដ្ឋ​រងគ្រោះ ព្រម​ទាំង​សន្សំ​ការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ​គ្រប់​រូប។ វា​ជា​បំណង​ប្រាថ្នា​របស់​មេ​ដឹក​នាំ​គ្រប់​រូប។

លោក​អ្នក​នាង​ទើប​បាន​អាន និង​ស្តាប់ លោក សាន សែល អត្ថាធិប្បាយ​ពី​អនុសាសន៍​របស់ បណ្ឌិត កែម ឡី ស្ដីពី​វិធីសាស្ត្រ​ដែល​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​អំណាច​ដោយ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ។ សូម​បញ្ជាក់​ថា រាល់​គំនិត​យោបល់​នៅ​ក្នុង​អត្ថបទ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​វិទ្យុ​អាស៊ីសេរី ឡើយ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល