PDP ព្រួយបារម្ភខ្លាចយុវជនមិនចាប់អារម្មណ៍និងឈឺឆ្អាលទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ

អង្គការក្រៅរដ្ឋាភិបាលឈ្មោះ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា ភី.ឌី.ភី (PDP) កំពុងចុះប៉ាន់ប្រមាណទៅលើសមត្ថភាពរបស់យុវជន ដែលយល់ដឹងអំពីការបោះឆ្នោតនៅតាមបណ្ដាខេត្តចំនួន១០ គឺខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តសៀមរាប និងខេត្តមួយចំនួនផ្សេងទៀត។
ការសួរសំណួរជាច្រើន ដើម្បីប៉ាន់ប្រមាណអំពីសមត្ថភាពរបស់យុវជននៅតាមបណ្ដាខេត្តទាំងនោះ គេរកឃើញថា មានយុវជនប្រមាណតែពី ២០% ទៅ ៣០% ទេ ដែលយល់ដឹងអំពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដែលហៅកាត់ជាភាសាអង់គ្លេសថា ភី.ឌី.ភី (PDP) សម្ដែងការព្រួយបារម្ភខ្លាចក្រែងយុវជនខ្មែរជាច្រើន មិនចាប់អារម្មណ៍ និងឈឺឆ្អាលទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ សម្រាប់ការអភិវឌ្ឍសង្គម និងប្រទេសជាតិនៅពេលខាងមុខ។
ការព្រួយបារម្ភនេះ កើតមានឡើងបន្ទាប់ពីគេបានធ្វើការសាកសួរទៅលើយុវជនមួយចំនួននៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងចង់ប៉ាន់ប្រមាណសមត្ថភាពយល់ដឹងជុំវិញរឿងបោះឆ្នោត ក៏ប៉ុន្តែយុវជនយ៉ាងច្រើនលើសលប់ បែរមិនយល់ដឹងអំពីសារសំខាន់នៃការបោះឆ្នោតនៅឡើយ។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព គឺលោក ហ៊ឹម យន់។ លោកមានប្រសាសន៍ក្នុងពេលចុះស្ទាបស្ទង់សមត្ថភាពរបស់យុវជននៅខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែកុម្ភៈ ថា លោកបានសាកសួរទៅលើយុវជនជាច្រើនដែលក្រុមរបស់លោកបានអញ្ជើញមកពីតាមសាលានៅក្នុងទីក្រុង និងបណ្ដាស្រុកខ្លះទៀតរបស់ខេត្តសៀមរាប។ ក្នុងការសាកសួរដើម្បីស្ទាបស្ទង់សមត្ថភាពយុវជននោះ គឺក្នុងចំណោម ១០នាក់មានតែ ២នាក់ ឬក៏ ៣នាក់ទេដែលចេះដឹងអំពីការបោះឆ្នោតបន្តិចបន្តួច។ ចំណែកយុវជនច្រើនលើសលប់ មិនយល់ដឹងអំពីការបោះឆ្នោតតែម្ដង។ លោក ហ៊ឹម យន់ យល់ថា ប្រទេសជាច្រើនក្នុងពិភពលោកដែលអាចរីកចម្រើនទៅមុខបាន គឺពឹងផ្អែកទៅលើយុវជនដែលមានចំណេះដឹង និងភាពស្វាហាប់ ដើម្បីគិតគូរទៅលើការអភិវឌ្ឍ និងផ្លាស់ប្ដូរសង្គម។ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការកែប្រែយុវជនខ្មែរភាគច្រើនដែលនៅមិនទាន់យល់ដឹងអំពីការបោះឆ្នោតនេះ៖ «តាមដែលខ្ញុំសម្ភាសផ្ទាល់ គឺ ១០នាក់ ដូចជា ២-៣នាក់ទេដែលគាត់អាចយល់ដឹងពីដំណើរការបោះឆ្នោតខ្លះៗ»។
យុវជនខ្លះដែលទើបតែបានចូលរួមបោះឆ្នោតម្ដង ឬក៏ទើបតែគ្រប់អាយុបោះឆ្នោតនៅក្នុងខេត្តសៀមរាប ទទួលស្គាល់ថា ពួកគេពិតជាមិនយល់ដឹងអំពីការបោះឆ្នោតមែន។
កញ្ញា កូយ រស្មី មកពីស្រុកពួក ចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងសៀមរាប មានប្រសាសន៍ថា ឆ្នាំ២០១៦ នេះ នាងមានអាយុ ១៨ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចរបស់ពលរដ្ឋ គឺចូលរួមការបោះឆ្នោត ក៏ប៉ុន្តែនាងមិនបានយល់ដឹងជុំវិញដំណើរការបោះឆ្នោតទេ។ កូយ រស្មី ឲ្យដឹងថា នៅផ្ទះរបស់នាងមានឪពុកម្ដាយ និងបងប្រុសម្នាក់ តែងនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងជ្រើសរើសអ្នកតំណាងរាស្ត្រគ្រប់អាណត្តិ ប៉ុន្តែនាងបានត្រឹមតែឃើញពួកគាត់ទៅបោះឆ្នោតប៉ុណ្ណោះ មិនបានយល់ដឹងអ្វីទាំងអស់៖ «ធ្លាប់ឃើញពួកគាត់ទៅបោះឆ្នោត តែខ្ញុំមិនដឹងថា គេទៅបោះឆ្នោតយ៉ាងណាទេ។ ខ្ញុំចង់ឲ្យប្រទេសជាតិរីកចម្រើន មានសេរីភាពពេញលេញដែរ ប៉ុន្តែខ្ញុំពិបាកសម្រេចចិត្តជ្រើសរើសមេដឹកនាំ»។
យួន រតនា គឺជាយុវជនម្នាក់ទៀតមកពីឃុំពួក ស្រុកពួក ដែរ មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា គាត់ធ្លាប់ចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣ ម្ដងមកហើយ ប៉ុន្តែគាត់នៅតែមិនទាន់យល់ដឹងអំពីដំណើរការបោះឆ្នោតឲ្យបានទូលំទូលាយនៅឡើយទេ៖ «កន្លងទៅជុំវិញព័ត៌មានអំពីការបោះឆ្នោតហ្នឹង មានតែការដើរផ្សព្វផ្សាយតាមភូមិ តាមឃុំ និងតាមរយៈទូរទស្សន៍អីបន្តិចបន្តួចទេ ប៉ុន្តែអត់មានការអប់រំយុវជនឲ្យយល់ដឹងទេ»។
យុវជន ហ៊ុន សូត្រ អាយុ ២៣ឆ្នាំមកពីស្រុកវ៉ារិន ហាក់ដូចជាចេះដឹងជាងគេក្នុងចំណោមយុវជនជាច្រើនទៀតដែលមកចូលរួមវគ្គបណ្ដុះបណ្ដាល ឲ្យយល់ដឹងអំពីការបោះឆ្នោត។ ហ៊ុន សូត្រ ចាត់ទុកឆ្នោតមួយសន្លឹក គឺមានតម្លៃបំផុត ដែលអាចជួយជីវិតខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងប្រទេសជាតិទាំងមូលបាន។ យុវជនរូបនេះចង់ឲ្យរដ្ឋាភិបាល ឬក៏អង្គការក្រៅរដ្ឋាភិបាល គួរជួយផ្សព្វផ្សាយអំពីចំណេះដឹងនៃការបោះឆ្នោតឲ្យបានទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ក្នុងការទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំល្អនៅពេលខាងមុខ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា បច្ចុប្បន្ន ក្នុងចំណោមប្រជាពលរដ្ឋខ្មែរសរុបជាង ១៥លាននាក់ គឺយុវជនដែលធ្លាប់ទៅបោះឆ្នោតជាច្រើនលើក ប្រាកដជាបានយល់ដឹងអំពីដំណើរការចុះឈ្មោះ និងការទៅបោះឆ្នោត ក៏ប៉ុន្តែចំពោះយុវជនដែលទើបតែគ្រប់អាយុបោះឆ្នោតជាច្រើនទៀត ប្រាកដជាមិនទាន់យល់ដឹងអំពីការបោះឆ្នោតទេ។ ទោះយ៉ាងណា លោក គល់ បញ្ញា មិនដឹងថា តើយុវជនដែលទើបគ្រប់អាយុបោះឆ្នោតថ្មីៗមានចំនួនប៉ុន្មាននាក់ទេ?
មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានគម្រោងនឹងដើរបណ្ដុះបណ្ដាលយុវជនខ្មែរនៅតាមបណ្ដាខេត្តជាច្រើនក្នុងប្រទេស ចាប់ពីឆ្នាំ២០១៦ រហូតទៅដល់ឆ្នាំ២០១៨ ខាងមុខ ឲ្យយល់ដឹងជុំវិញដំណើរការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។ គម្រោងបណ្ដុះបណ្ដាលទាំងនោះមានដូចជា ការបញ្ជ្រាបឲ្យយល់ដឹងពីការចុះឈ្មោះបោះឆ្នោត ការតាមដានលើដំណើរការឃោសនាបោះឆ្នោត នីតិវិធីនៃការរាប់សន្លឹកឆ្នោតឲ្យចេះសង្កេតការណ៍បោះឆ្នោត ព្រមទាំងចេះប្រើសិទ្ធិលើការសម្រេចចិត្តទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំល្អ ជាដើម៕