អាជ្ញាធររបបក្រុងភ្នំពេញ បន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀត គឺ លោក កាក់ កុម្ភារ នៅថ្ងៃទី៣១ ឧសភា ដោយមិនបង្ហាញដីកាតុលាការ។ ប្រពន្ធ និងតំណាងគណបក្សប្រឆាំង ទាមទារឱ្យរបបក្រុងភ្នំពេញ ដោះលែងមន្ត្រីគណបក្សសង្គ្រោះជាតិ វិញជាបន្ទាន់។
ប្រពន្ធ របស់ សកម្មជនបក្សប្រឆាំង លោក កាក់ កុម្ភារ គឺ លោកស្រី ព្រំ ចន្ថា ប្រាប់ថា លោក កាក់ កម្ភារ ត្រូវបានប៉ូលិសចាប់ខ្លួននៅម្ដុំអធិការដ្ឋានស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៣១ ឧសភា ដោយគ្មានដីកាចាប់ខ្លួន ហើយត្រូវបានបញ្ជូនទៅស្នងការរាជធានីភ្នំពេញ ភ្លាមៗ។ លោកស្រី មិនទាន់ដឹងថា ប៉ូលិសចោទប្រកាន់ពីបទអ្វី ឱ្យជាក់លាក់ទេ ដោយយល់ថា គឺជាករណីនយោបាយ ព្រោះ ប្ដីលោកស្រី មិនដែលប្រព្រឹត្តិទោសកំហុស អ្វីទេ។
លោកស្រី ប្រាប់ថា លោក កាក់ កុម្ភារ បានចោលផ្ទះ ចោលប្រពន្ធ និងកូនជាង២ឆ្នាំមកហើយ តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ ដោយសារបារម្ភការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ។ លោកស្រី អះអាងថា ប៉ូលិស បានសួររកប្ដី និងតាមចាប់ខ្លួនរហូត ហើយមុនការចាប់ខ្លួនថ្មីៗនេះ មានអ្នកទូរស័ព្ទមកប្ដីលោកស្រី ដើម្បីសួរបញ្ជាក់ឈ្មោះ៖ «ព្រោះគាត់អ្នកនយោបាយអ៊ីចឹង មានតែទោសនយោបាយហ្នឹងឯង ព្រោះមិនដឹងគាត់មានទោសអ្វីផង ឧក្រិដ្ឋជនក៏អត់មាន ព្រហ្មទណ្ឌក៏អត់មាន អត់ទាំងអស់ប្ដីខ្ញុំ។ ខ្ញុំចង់ឱ្យគេដោះលែង។ ( ចាប់ ) អារឿង ដែលគេចោទប្រកាន់មក ដីកាដែលគេធ្លាប់ចាប់ គាត់ពីបទអ្វីហ្នឹង អារបាយការណ៍អស់ហ្នឹង ខ្ញុំអត់ដែលបានដឹងច្បាស់ទេបង ដោយសារខ្ញុំនៅតែផ្ទះរកតែលុយណាបង។ អ៊ីចឹង ខ្ញុំអត់ដែលដឹងទេ»។
លោក កាក់ កុម្ភារ ធ្លាប់រត់គេចខ្លួនទៅដល់ប្រទេសថៃមួយរយៈ ហើយក្រោយមក លោកបានវិលចូលស្រុកវិញតែលោកមិនហ៊ានរស់នៅក្នុងផ្ទះជួបជុំប្រពន្ធកូនទេ។ លោកគេចខ្លួនរស់នៅចល័ត លាក់មុខពីសមត្ថកិច្ចពីកន្លែងមួយ ទៅកន្លែងមួយ ស្នាក់ផ្ទះបងប្អូន នៅក្នុងខែត្រកាកែវផង និងនៅខែត្រផ្សងផង។ សមត្ថកិច្ចបានឃ្លាំមើលសកម្មភាពរបស់លោក រហួតដល់លោកវិលចូលក្នុងខែត្រតាកែវវិញ សមត្ថកិច្ចចាប់ខ្លួនតែម្ដង។
លោក កាក់ កុម្ភារ គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិ។ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១៩ ធ្លាប់ចេញដីកាចោទប្រកាន់លោក ពីបទផ្ដើមគំនិតក្នុងអំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ ក្នុង អំឡុងចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០១៨ ជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី លោក ហ៊ូ វ៉ាន់ និង លោក គង់ ម៉ាស់។ សំណុំរឿងនេះ សមត្ថកិច្ច បានចាប់ លោក គង់ ម៉ាស់ គឺជាសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ដាក់ពន្ធនាគារព្រៃស ដល់បច្ចុប្បន្ន។ ចំណែកអ្នកផ្សេង បានរត់គេចខ្លួន។
អធិការរងស្រុកបាទី លោក ឃុត ឡូត ដែលត្រូវវេនប្រចាំការថ្ងៃទី៣១ ឧសភា អះអាងថា គ្មានករណីចាប់ខ្លួន លោក កាក់ កុម្ភារ ទេ៖ «បងសួរគាត់ទៅ សួរគាត់អ្នកដែលរាយការណ៍ប្រាប់បង ថា សមាសភាពណាអ្នកចាប់បង។ ខ្ញុំអត់ដឹងដែរបង ខ្ញុំបញ្ជាក់បងបន្តិច ក្រែងថា សមត្ថកិច្ចណាគេតាមមកចាប់មិនដឹង ខ្ញុំអត់ដឹងដែរ។ បើប៉ូលិសស្រុកខ្ញុំ គឺអត់មានចាប់ខ្លួន ឃាត់ខ្លួនអ្នកណាទេ នៅថ្ងៃហ្នឹងបង។ បាទ ! អរគុណបង គឺអត់មានបានឃាត់ខ្លួនអ្នកណា អ្នកណីទេ ថ្ងៃហ្នឹងបង»។
មិត្តភ័ក្ដិរបស់ លោក កាក់ កុម្ភារ ម្នាក់ សុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ភរិយា និងសាច់ញាតិ បានជួបលោក កាក់ កុម្ភារ នៅក្នុងអធិការដ្ឋានស្រុកបាទី ពេលចាប់ខ្លួនភ្លាមៗ មុនបញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ឧសភា ហើយខាងប៉ូលិសប្រាប់សាច់ញាតិថា ការចាប់ខ្លួន លោក កាក់ កុម្ភារ នេះ ជាបញ្ជាពីថ្នាក់លើទៅ ប៉ុន្តែជួបគាត់នៅ(ស្រុក)បាទីហ្នឹងហ្មង។ ជួបគាត់ (កាក់ កុម្ភារ) នៅអធិការដ្ឋានស្រុកបាទីហ្នឹងហ្មង មុនគាត់បញ្ជូន។ ទៅដល់ជួបគាត់នៅហ្នឹងទេ នៅអធិការដ្ឋានស្រុកបាទីហ្នឹងទេ។ ប៉ុន្តែសួរគាត់ចាប់ពីបទអ្វី គាត់និយាយវថា អត់មាននេះទេ អត់មានដឹងទេ មេថា ឱ្យអន្តរាគមន៍ពីមេភ្លាមៗ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង ស្នងការរាជធានីភ្នំពេញ លោក ស ថេត និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានទេ នៅថ្ងៃទី៣១ ឧសភា។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ប្រាប់ថា ពិតជាមានការចាប់ខ្លួន លោក កាក់ កុម្ភារ មែន។ លោក ចាត់ទុកថា ការចាប់ខ្លួននេះ គឺជារូបភាពបំភិតបំភ័យ គំរាមកំហែងផ្នែកនយោបាយ ដើម្បីបន្លាចមន្ត្រីបក្សប្រឆាំងផ្សេងទៀត កុំឱ្យសម្ដែងមតិ រិះគន់ភាពអវិជ្ជមានសង្គម។ លោក ម៉ន ផល្លា អះអាងថា លោក កាក់ កុម្ភារ មិនដែលធ្វើសកម្មភាពរិះគន់ជាសាធារណៈ ប៉ះពាល់ដល់របបក្រុងភ្នំពេញទេ។ លោក ទាមទារឱ្យរបបក្រុងភ្នំពេញ ដោះលែង លោក កាក់ កុម្ភារ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ គ្រប់រូបភាព លើសកម្មជនបក្សប្រឆាំងទាំងអស់៖ «ការធ្វើទុក្ខបុកម្នេញមកលើសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ក៏ដូចជា សកម្មជន ដែលមានរចនាសម្ព័ន្ធនៅតាមរាជធានីខេត្ត ដើម្បីបំបាក់ស្មារតីពួកគាត់ ដើម្បីកុំឱ្យពួកគាត់រក្សានូវជំហរការដឹកនាំគណបក្សសង្គ្រោះជាតិ។ ដូច្នេះដូចខ្ញុំបញ្ជាក់អំបាញ់មិញ ថា វាអត់មានរឿងអ្វី ក្រៅពីរឿងនយោបាយនោះទេ»។
រយៈពេល៥ខែ ឆ្នាំ២០២០ របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំង ចំនួន១៣នាក់ តែបានដោះលែងម្នាក់វិញ គឺ ប្រធានប្រតិបត្តិស្រុក រមាសហែក ខែត្រស្វាយរៀង លោក ហិន ឆាន ដោយសារ លោកមានជំងឺធ្ងន់ធ្ងរ ក្រោយការចាប់ខ្លួនទាំងបង្ខំ។ ចំណែកសកម្មជនបក្សប្រឆាំង១៦នាក់ផ្សេងទៀត ត្រូវជនមិនស្គាល់មុខឆ្មក់វាយរបួសក្បាល និងរបួសដៃ ជាបន្តបន្ទាប់ ខណៈអាជ្ញាធរ មិនទាន់រកឃើញជនដៃដល់ បានម្នាក់ឡើយ។
ប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី សុខា យល់ថា អាជ្ញាធរមិនគួរ បន្តធ្វើបាបសកម្មជននយោបាយ ដែលពាក់ព័ន្ធរឿងក្ដីក្ដាំ មុនឆ្នាំ២០២០ទេ ព្រោះករណីទាំងនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបញ្ឈប់ ការតាមចាប់ខ្លួនរួចហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
លោក នី សុខា បន្តថា បើមានការចាប់ខ្លួន លោក កាក់ កុម្ភារ ដោយរឿងនយោបាយមែន ជាការរំលោភគោលការណ៍សេរីភាពនយោបាយនៅកម្ពុជា ខណៈសហគមន៍ជាតិ និងអន្តរជាតិ បានអំពាវនាវឱ្យដោះលែង និងទម្លាក់ការចោទប្រកាន់ លើអ្នកនយោបាយទាំងអស់។ អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ជំរុញឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពចាប់ចងសកម្មជននយោបាយ ហើយជំរុញឱ្យអ្នកនយោបាយ រកវិធីចូលតុចរចា សម្របសម្រួលគ្នា ចប់ជម្លោះនយោបាយ រកវិធីបង្រួបបង្រួមជាត ។«យើងឃើញថា បើសិនជាគណបក្សកាន់អំណាច លោកយកវិធានក្នុងការចរចា នៅក្នុងការបន្ធូរបន្ថយបរិយាកាសនយោបាយ ខ្ញុំយល់ថា អានេះវាជារឿងមួយដែលល្អ នៅក្នុងស្ថានភាពប្រទេសយើង ដែលកំពុងមានបញ្ហា និងពិភពលោក ដែលកំពុងមានបញ្ហា។ ដូច្នេះយើងគួរតែរកវិធានដោះស្រាយតាមផ្លូវនយោបាយហ្នឹងទៅ កុំបន្តការចាប់ខ្លួនអតីតគណបក្សប្រឆាំងតទៅទៀតអី។ អានេះហើយ វាល្អជាងការបន្តចាប់ខ្លួនតទៅទៀត»។
ភរិយា របស់ លោក កាក់ កុម្ភារ ស្នើសុំ ឱ្យនគរបាល ដោះលែងប្ដីវិញ និងអំពាវនាវ ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ដើម្បីលោកស្រី មានឱកាស បានរស់នៅជួបជុំគ្រួសារឡើងវិញ៕