តុលាការរបបក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី ក្នុងសំណុំរឿងថ្មីមួយទៀត ជាមួយមន្ត្រីបក្សប្រឆាំង ៣នាក់ នៅថ្ងៃទី១៨ ខែតុលា ពាក់ព័ន្ធនឹងករណីបង្ហោះសារប្រមាថលោក ហ៊ុន សែន និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មេធាវីការពារក្ដី និងអ្នកវិភាគនយោបាយ ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការនេះថា ជារឿងនយោបាយ មិនផ្អែកលើមូលដ្ឋានច្បាប់ និងភស្តុតាង។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ប្រកាសសាលក្រមផ្ដន្ទាទោស ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី តំណាងរាស្ត្របក្សប្រឆាំង លោក ហូ វ៉ាន់ និងសមាជិកប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ១ឆ្នាំ ៨ខែ ពីបទផ្ដើមគំនិតក្នុងអំពើប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង លោក គង់ ម៉ាស់ ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ជារបស់លោក សម រង្ស៊ី និងលោក ហូរ វ៉ាន់។
ក្នុងសំណុំរឿងនេះ មានតែលោក គង់ ម៉ាស់ ម្នាក់ប៉ុណ្ណោះ ដែលសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគារ ហើយបានបង្ហាញវត្តមានក្នុងតុលាការជាមួយមេធាវី ចំណែកលោក សម រង្ស៊ី លោក ហូរ វ៉ាន់ និងលោក កាក់ កុម្ភារ កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ហើយមិនបានពឹងមេធាវីនោះទេ។ ក្នុងពេលប្រកាសសាលក្រមនេះ តុលាការក៏បង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក សម រង្ស៊ី លោក ហូវ៉ាន់ និងលោក កាក់ កុម្ភារ ផងដែរ។
មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ គឺលោក សំ សុគង់ ប្រាប់អាស៊ីសេរីថា លោកមិនអាចទទួលយកបានទេ ព្រោះសាលក្រមនេះមិនបានផ្ដល់យុត្តិធម៌ពេញលេញសម្រាប់កូនក្តីរបស់លោក។ មេធាវីរូបនេះឱ្យដឹងថា លោកនឹងទៅជួបលោក គង់ ម៉ាស់ ក្នុងពន្ធនាគារប៉ុន្មានថ្ងៃទៀតនេះ ដើម្បីពិភាក្សាផ្លូវច្បាប់ និងប្រាប់អំពីសិទ្ធិ ដែលលោកត្រូវមាន ដូចជា ការធ្វើបណ្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍៖ «ខ្ញុំសំអាងថា ទី១កូនក្តីរបស់ខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ ហើយទី២ ការដែលកូនក្តីរបស់ខ្ញុំបានបង្ហោះព័ត៌មានឬសារផ្សេងៗក្នុងហ្វេសប៊ុករបស់គាត់គឺជា ការប្រើប្រាស់សិទ្ធិបញ្ចេញមតិស្របតាមច្បាប់»។
ការចោទប្រកាន់ និងផ្ដន្ទាទោសនេះ ដោយតុលាការសំអាងលើភស្តុតាងដែលប្រមូលបានពីកំព្យូទ័រ របស់លោក គង់ ម៉ាស់ ក្នុងថ្ងៃចាប់ខ្លួន។ តុលាការចោទថា លោក គង់ ម៉ាស់ បានបង្ហោះសារលើហ្វេសប៊ុកដែលមានខ្លឹមសារប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០១៨។ សារទាំងនោះ មានដូចជា រិះគន់រឿងព្រៃឈើ រឿងបោះឆ្នោត រឿងរំលាយគណបក្សសង្គ្រោះជាតិ រឿងព្រំដែន និងសារចុងក្រោយរិះគន់រឿងតម្លៃស្រូវចុះថោកជាដើម។ តុលាការ ក៏ចោទ លោក គង់ ម៉ាស់ ថាទទួលផែនការពីលោក សម រង្ស៊ី តាមរយៈលោក ហូ វ៉ាន់ ក្នុងការត្រៀមបោះពុម្ភខិត្តប័ណ្ណ ១០ម៉ឺនសន្លឹក ដើម្បីយកទៅបាចនៅខេត្តស្វាយរៀងកុំឱ្យពលរដ្ឋចេញទៅបោះឆ្នោត កាលពីខែកក្កដាឆ្នាំ២០១៨។ ទោះយ៉ាងណាក្តី លោក គង់ ម៉ាស ឆ្លើយតបថា លោក គ្រាន់តែរិះគន់ក្នុងន័យស្ថាបនាប៉ុណ្ណោះ ហើយលោក មិនបានទទួលបញ្ជាពីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ក្នុងការសរសេររិះគន់ឬប្រមាថរដ្ឋាភិបាលឡើយ។ ចំណែករឿងខិត្តប័ណ្ណនោះ លោក មិនបានបោះពុម្ពនោះទេ ដោយសារកាលណោះគ្មានថវិកាផង និងដឹងថា វាជារឿង ខុសច្បាប់ផង ទើបលោករំសាយគម្រោងនេះចោលវិញ។ លោកបញ្ជាក់ថា លោកគ្រាន់តែចង់ឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូររាជរដ្ឋាភិបាលតាមរយៈការបោះឆ្នោត មិនមែនតាមរយៈរដ្ឋប្រហារ ឬមធ្យោបាយហិង្សាទេ។
អ្នកវិភាគនយោបាយ លោក ហ៊ាង គឹមស្រឿន យល់ថា សេចក្តីសម្រេចរបស់តុលាការនេះ នរណាក៏ដឹងថា ជារឿងនយោបាយដែរ ព្រោះតុលាការបច្ចុប្បន្នឋិតក្រោមឥទ្ធិពលរបស់គណបក្សកាន់ អំណាច។ លោកបន្តថា សាលក្រមផ្ដន្ទាទោសនេះ ក៏នឹងធ្វើឱ្យគណបក្សកាន់អំណាច និងស្ថាប័ន តុលាការ កាន់តែមានកេរ្តិ៍អាក្រក់បន្ថែមទៀត៖ «ការធ្វើកន្លងមករហូតដល់បច្ចុប្បន្ននេះ ខ្ញុំឃើញថា នេះគឺជាការឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកនយោបាយក៏ដូចជាមហាជនផ្សេងៗដែល មានការរិះគន់ទៅលើគណបក្សកាន់អំណាច គឺតែងតែមានទទួលរងភាពអយុត្តិធម៌តាមប្រពន្ធតុលាការនៅក្រោមអំណាចបញ្ជារបស់គណបក្សកាន់អំណាច»។
របបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ ដែលជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម និងជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដែលមកដល់ពេលនេះមានរយៈពេល១០ ខែហើយ។ ក្រៅពីលោក គង់ ម៉ាស់ មានសកម្មជនបក្សប្រឆាំងចំនួន ៤៨នាក់ផ្សេងទៀតកំពុងជាប់ឃុំ និង ១៨៤នាក់ផ្សេងទៀត ត្រូវបានតុលាការ និងសមត្ថកិច្ចកោះហៅទៅសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ថា ធ្វើសកម្មភាពប្រឆាំង និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ស្របពេលមន្ត្រី និងសកម្មជនសង្គ្រោះជាតិជាច្រើននាក់ផ្សេងទៀតរត់ភៀសខ្លួនទៅកន្លែងមានសុវត្ថិភាព គេចចេញពីការតាមធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធររបបក្រុងភ្នំពេញ។ រីឯសកម្មជនបក្សប្រឆាំងចំនួន ១២នាក់ទៀត បានរងការវាយប្រហារធ្ងន់ធ្ងរលើរាងកាយ ដោយជនបិទមុខ។
ចំណែកមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី វិញ កំពុងជាប់បណ្ដឹងនៅតុលាការចំនួន ១៥ករណីហើយ ដោយក្នុងនោះ ៩ករណី មានសាលក្រមស្ថាពរ។ ទោះជាយ៉ាងណា លោក សម រង្ស៊ី ធ្លាប់បញ្ជាក់រួចហើយថា លោកមិនខ្វល់នឹងការប្ដឹងផ្ដល់ទាំងនេះឡើយ ព្រោះលោកអះអាងថា តុលាការកម្ពុជាបច្ចុប្បន្នជាតុលាការអាយ៉ង ដែលរង់ចាំស្ដាប់តាមតែបញ្ជាលោក ហ៊ុន សែន ប៉ុណ្ណោះ ហើយ លោកនៅតែរក្សាជំហរវិលចូលកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា។
អ្នកឃ្លាំមើលបញ្ហានយោបាយយល់ថា ចំណាត់ការរបស់តុលាការរបបក្រុងភ្នំពេញលើក្រុមមេដឹកនាំ និងសកម្មជនបក្សប្រឆាំងនាពេលថ្មីៗ នេះ គឺជាការបន្ថែមសម្ពាធកុំឱ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។