ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី សម្រេចចេញដីកាបន្តឃុំខ្លួនបណ្ដោះអាសន្ន យុវជនគណបក្សសង្គ្រោះជាតិ ៣នាក់ នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៤។
ការសម្រេចនេះបានបដិសេធចំពោះសំណើរបស់មេធាវីការពារ និងក្រុមគ្រួសារជនសង្ស័យទាំង៣រូប ដែលបានស្នើឡើងកាលពីដើមសប្ដាហ៍នេះ គឺបន្ទាប់ពីពួកគេត្រូវនាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរង់ចាំការស៊ើបសួរកាលពីថ្ងៃទី២ ខែ សីហា។
ទាក់ទងនឹងករណីនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ៥ ខែ សីហា បានផ្ញើលិខិតជូន លោក លោក ស ខេង ដោយស្នើអោយដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៣រូប ដែលអាជ្ញាធរចាប់ខ្លួន ពាក់ព័ន្ធនឹងហិង្សា ដែលកើតមានឡើងក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែ កក្កដា។
យុវជនគណបក្សសង្គ្រោះជាតិទាំង ៣រូបនោះរួមមាន លោក ឃិន ជំរឿន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក សាន គីមហេង ប្រធាន ចលនាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌទួលគោក និងលោក នាង សុឃុន ហិរញ្ញិកចលនា យុវជនគណបក្សសង្គ្រោះជាតិខណ្ឌច្បារអំពៅ។ ក្នុងចំណោមនោះ យុវជន នាង សុឃុន ត្រូវស្គាល់ថា ជាដើមបណ្ដឹង ដែលបានប្ដឹងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទប្រកាន់ថា បានធ្វើអោយបាត់បង់កោះត្រល់ និងតំបន់ដែនទឹកមួយចំនួនទៀតទៅអោយប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។