ការចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត ១/២៥.០០០ រវាងគណៈកម្មការព្រំដែនកម្ពុជា និង វៀតណាម គឺជាប្រធានបទក្តៅ និងចម្រូងចម្រាស ដែលក្រុមយុវជន ពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំងកំពុងកើតទុកមិនសុខចិត្ត ដោយចាត់ទុកថា របបក្រុងភ្នំពេញបានទទួលស្គាល់ ការរំលោភដីខ្មែរតាមបណ្តោយព្រំដែន ពីសំណាក់ភាគីវៀតណាមដោយស្របច្បាប់។ ចំណែកមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បដិសេធការចោទប្រកាន់នេះ និងចាត់ទុកក្រុមអ្នករិះគន់ថា មិនយល់ពីបច្ចេកទេសព្រំដែន។
ក្រុមយុវជន ពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំង បានហៅការចុះហត្ថលេខាទទួលស្គាល់ផែនទីព្រំដែនថ្មីជាមួយវៀតណាមនោះ ជាគ្រោះថ្នាក់ធំ ប៉ះពាល់អធិបតេយ្យជាតិ ក្នុងពេលដែលកម្ពុជា កំពុងលង់ខ្លួនក្នុងវិបត្តិនយោបាយ។ ពួកគេអះអាងថា ដីស្រែពលរដ្ឋខ្មែរតាមបណ្តោយព្រំដែន ដែលអាជ្ញាធរវៀតណាមទន្ទ្រានចូលកន្លងមក រដ្ឋាភិបាលមិនត្រឹមតែមិនបានទាមទារមកនោះវិញទេ បែរជាយល់ព្រមតាមអ្វីដែលវៀតណាមបំពារបំពាន។
តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បដិសេធមិនទទួលស្គាល់ការប្រើប្រាស់ផែនទីថ្មីនេះទេ ដោយលោកចាត់ទុកថា ជាការកាត់ក្បាលតម្រូវមួក មានន័យថា វៀតណាមឈ្លានពានទឹកដីកម្ពុជាត្រឹមណា នឹងទទួលស្គាល់បង្គោលព្រំដែនត្រឹមនោះ។ លោកបន្តអះអាងថា ផែនទីថ្មីនេះ បោះពុម្ភឡើងតាមការចង់បានរបស់វៀតណាម ខណៈដែលវៀតណាម ជាអ្នកគូសផែនទីនេះ ដើរតាមខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែនជាង ១.២៤៥គីឡួម៉ែត្រ។ លោក អ៊ុំ សំអាន ចង់ឱ្យរដ្ឋាភិបាលយកផែនទីថ្មីនោះ បង្ហាញជាសាធារណៈ និងរក្សាទុកនៅបណ្ណាល័យណាមួយ ដើម្បីឱ្យកូនខ្មែរសិក្សាស្រាវជ្រាវ៖ «ត្រូវយកផែនទីបោន ខ្នាត ១ / ១០០ពាន់ ទៅបម្លែងផែនទីខ្នាត ១ / ២៥ពាន់ វារួចហើយ ហើយដាក់បង្គោលចូលទៅក្នុងហ្នឹង។ អាហ្នឹងផែនទីដើមហើយ ស្របតាមមាត្រា ២ នៃរដ្ឋធម្មនុញ្ញ។ ប៉ុន្តែរដ្ឋាភិបាលខូច គាត់អត់យកផែនទីហ្នឹង ទៅបម្លែង ព្រោះការបង្គោលមិនស្របតាមផែនទី បោនខ្នាត ១ លើ ១០០ពាន់ (១/១០០.០០០) ហ្នឹងទេ។ យួនឈ្លានពានទឹកដីខ្មែរត្រឹមណា យួនគួសផែនទី ទៅតាមហ្នឹង » ។
យុវជនរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាម លោក ឯម សុខសុវណ្ណ យល់ថា រដ្ឋាភិបាលសម្រេចប្រើផែនទីថ្មីនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយរួម រវាងបក្សប្រឆាំង បក្សកាន់អំណាច និងពលរដ្ឋនោះទេ ខណៈដែលបរិបទនយោបាយកម្ពុជាសព្វថ្ងៃ គ្រប់គ្រងដោយរដ្ឋសភាឯកបក្ស។ លោកថា ពលរដ្ឋភាគច្រើនអាចនឹងមិនទុកចិត្តរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ ព្រោះកម្ពុជាកំពុងមានជម្លោះនយោបាយ៖ «បើសិនជាប្រធានប្រទេសយើងមានឯករាជ្យភាព ហើយស្ថានភាពនយោបាយត្រូវរ៉ូវគ្នា មិនមានមានន័យថា បញ្ចប់ជម្លោះនយោបាយ។ ស្ថានភាពនយោបាយសព្វថ្ងៃ ក្នុងរដ្ឋសភា ១២៥ អាសនបានលើគណបក្សប្រជាជនកម្ពុជា។ ទាំងត្រូវទាំងខុស លើគាត់ទាំងអស់ បើពលរដ្ឋគាត់បោះឆ្នោតឱ្យគាត់បាន ១២៥កៅអី » ។
កាលពីពេលថ្មីៗនេះ គណៈកម្មការព្រំដែនកម្ពុជា និង វៀតណាម បានចុះហត្ថលេខា ប្រើប្រាស់ផែនទីថ្មី ខ្នាត ១/២៥ពាន់ យកពីប្រទេសវៀតណាម និងបោះពុម្ព ដោយក្រុមហ៊ុនឯកជនមួយ នៅប្រទេសដាណឺម៉ាក។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា ផែនទីថ្មីនេះមានបច្ចេកទេសខ្ពស់ បង្ហាញខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន ស្ថានភាពភូមិសាស្រ្ត និងមាននិយាមការច្បាស់លាស់ ហើយថ្ងៃអនាគត កម្ពុជានឹងយកទៅតម្កល់នៅអង្គការសហប្រជាជាតិ ស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ទុកជាតឹកតាងក្នុងប្រវត្តិសាស្ត្រ។
យុវជនដែលចុះឃ្លាំមើលស្ថានភាពព្រំដែន លោក ជុំ ហួត យល់ថា រដ្ឋាភិបាលមិនគួរ សម្រេចប្រើប្រាស់ផែនទីថ្មីនេះ យ៉ាងតក់ក្រហល់នោះទេ ព្រោះមានបញ្ហាប្រឈមជាច្រើន ដែលពលរដ្ឋខ្មែរត្អូញថា វៀតណាមបានបោះបង្គោលព្រំដែនចូលដីខ្មែរជាច្រើនតំបន់ មិនទាន់ដោះស្រាយរួចនៅឡើយទេ។ លោកថា ពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែន ក្នុងខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំជាដើមបានចោទថា វៀតណាមបោះបង្គោលព្រំដែន ចូលស្រែពួកគាត់ជាច្រើនហិកតារ និងមានពលរដ្ឋខ្លះជាប់គុក ដោយសារទាមទារដីស្រែរបស់ខ្លួន៖ «យើងព្រួយបារម្ភថា ការទទួលស្គាល់ផែនទីព្រំដែនហ្នឹង ធ្វើឱ្យប៉ះពាល់បូរណភាពទឹកដី ដែលក្នុងនោះ ពលរដ្ឋដែលរស់នៅតាមតំបន់ ដែលរដ្ឋាភិបាលទទួលស្គាល់ហ្នឹង គឺប៉ះពាល់ប្រយោជន៍ធំធេង។ ទី១ គាត់បាត់បង់ដីស្រែចម្ការ និងទី ២គាត់បាត់បង់សិទ្ធិកាន់កាប់ » ។
ចំណែក ពលរដ្ឋជាង ១០៦គ្រួសារ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អះអាងថា វៀតណាមបោះបង្គោល ចូលដីស្រែពួកគាត់ ៦០ ហិកតារ ក្នុងចន្លោះបង្គោលព្រំដែនលេខ ១១៤ ដល់ ១១៩។ អ្នកភូមិថា ទាហានវៀតណាម តែងតែកាន់កាំភ្លើង ដំបងឆក់ និងខ្នោះដៃឆ្លងដែនចូលមកដេញ និងរើខ្ទមចាំចម្ការរបស់អ្នកភូមិចោលដោយអះអាងថា ជាដីតំបន់ព្រំដែន។
ពលរដ្ឋម្នាក់ថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព អះអាងថា ពួកគាត់បានកាន់កាប់ដីនៅតំបន់នោះជា ច្រើនឆ្នាំមកហើយ ដោយធ្វើស្រែចម្ការ តាំងពីជំនាន់ដូនតារបស់ពួកគេមក។ លោកថា អាជ្ញាធរមិនដោះស្រាយក្តីកង្វល់រួមរបស់ពលរដ្ឋទេ បែរជាព្យាយាមតាមធ្វើទុក្ខបុកម្នេញ លើក្រុមពលរដ្ឋដែលងើបតវ៉ា ទាមទារដីធ្លីរបស់ខ្លួន៖ «ខេត្តត្បូងឃ្មុំឱ្យតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ឃុំដារ ឃុំជាំ រហូតដល់ត្រពាំងផ្លុង កន្លែងណាមួយសុខស្រួលវាអត់មាន ខ្ញុំមើលទៅពិបាកណាស់។ បង្គោលវៀតណាម បោះចូលដីស្រែឪពុកម្ដាយខ្ញុំរាល់ថ្ងៃហ្នឹង។ ការរំលោភបំពានដែលភាគីយួន មកឈ្លានពានជាហូរហែ ខ្ញុំមានការឈឺចាប់ និងសោកស្ដាយខ្លាំង។ ឥឡូវនេះខាំមាត់សង្កត់ចិត្ត មិនហ៊ាននិយាយស្ដី » ។
ឆ្លើយតបការលើកឡើងនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ថ្លែងថា រដ្ឋាភិបាលប្រើប្រាស់ផែនទីថ្មីនេះ ត្រឹមត្រូវតាមលក្ខណៈអន្តរជាតិ និងមិនបានលាក់លៀមនោះទេ។ លោកថា ផែនទីខ្នាត ១/២៥ពាន់នេះ មិនមែនគូសដោយវៀតណាមតែឯងទេ គឺធ្វើឡើងដោយអ្នកបច្ចេកទេសកម្ពុជា និង វៀតណាម ដោយឈរលើខ្សែព្រំដែនមិនកែប្រែ ផ្អែកតាមច្បាប់អន្តរជាតិ
ដែលប្រទេសដាក់អាណានិគម (បារាំង) បន្សល់ទុកផែនទីខ្នាត ១/១០០ពាន់ ។ លោកបញ្ជាក់ថា ការធ្វើផែនទីថ្មីនេះ គឺជាលទ្ធផល នៃការបោះបង្គោលសម្រេចបាន ៨៤ភាគរយ រវាងកម្ពុជា និង វៀតណាម៖ «ខ្នាត ១ / ២៥ពាន់ ជាផែនទីទទួលយកលទ្ធផល នៃការបោះបង្គោលបាន ៨៤ ភាគរយរវាងប្រទេសទាំងពីរ។ ផែនទីនេះ ជាឧបសម្ពន្ធរបស់វិធីសារ ដែលយើងចុះហត្ថលេខា នៅឆ្នាំ ២០១៩ កន្លងមក។ ដូច្នេះយើងចែកចាយម្តេចកើត យើងមិនទាន់ធ្វើជាផ្លូវការផង។ នេះជាច្បាប់អន្តរជាតិ ហើយបើលោក អស់ហ្នឹង មិនស្គាល់ច្បាប់អន្តរជាតិអីផង នៅប្រទេសជឿនលឿនមិនដឹងអីផង » ។
ទោះជាមានការអះអាងយ៉ាងដូច្នេះក្ដី អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី យល់ថា ការបោះបង្គោលព្រំដែនកន្លងទៅ មានពលរដ្ឋជាច្រើនត្អូញត្អែរ ពីការរបូតដីស្រែកេរដូនតាទៅវៀតណាម រដ្ឋាភិបាលមិនទាន់ទាមទារដីទាំងនោះមកវិញនៅឡើយទេ បែរជាទទួលស្គាល់ផែនទីថ្មីនេះ អាចនឹងប៉ះពាល់ដល់អធិបតេយ្យជាតិធ្ងន់ធ្ងរ។ លោកថា ការប្រើផែនទីនេះ ហាក់មើលរំលងក្តីកង្វល់រួមរបស់ពលរដ្ឋ ដែលស្នើឱ្យរដ្ឋាភិបាលដោះស្រាយវិបត្តិនយោបាយសិន មុននឹងសម្រេចកិច្ចការជាតិសំខាន់ៗ៖ «យើងមានតែការទទូចហើយ ទទូចទៀត ឱ្យរដ្ឋាភិបាលចង់ឱ្យពលរដ្ឋម្ចាស់ប្រទេសទុកចិត្ត បង្ហាញផែនទីហ្នឹង ជាសាធារណៈមក » ។
ទោះយ៉ាងណា របាយការណ៍របស់ក្រុមការងារ ១០០រាត្រី រកឃើញថា ខេត្តជាប់ប្រទេសវៀតណាមរួមមាន ខេត្តស្វាយរៀង ព្រៃវែង ខេត្តកណ្ដាល តាកែវ កណ្ដាល ត្បូងឃ្មុំ ខេត្តក្រចេះ និងតំបន់អូរហុច ក្នុងស្រុកអូររាំងខេត្តមណ្ឌលគិរី មានប្រជាជនរាប់សិបគ្រួសារត្អូញត្អែរពីការបាត់បង់ដីខ្មែរទៅវៀតណាម មានតំបន់ខ្លះបាត់បង់រាប់សិបគីឡូម៉ែត្រក្រឡា និងតំបន់ខ្លះបាត់ដីស្រែពលរដ្ឋខ្មែរដែលអាស្រ័យផលតាំងពីបុរាណមក។ ពួកគេបារម្ភថា រដ្ឋាភិបាលសម្រេចប្រើផែនទីថ្មីនេះ គឺជាការទទួលស្គាល់ ការរំលោភដីខ្មែរដែលបាត់បង់ទាំងនោះ ដោយស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។