ពលរដ្ឋ រិះគន់​លោក ហ៊ុន សែន សម្ញែង​នាឡិកា​ដៃ​តម្លៃ​ខ្ទង់​លាន​ដុល្លារ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រើប្រាស់​នាឡិកា​ដៃ តម្លៃ​រាប់​លាន​ដុល្លារ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ឋិត​ក្រោម​ការដឹកនាំ​របស់​លោក​ជាង ៣ទសវត្សរ៍​នៅតែ ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក និង​កំពុង​ជាប់​បំណុល​បរទេស​វ័ណ្ឌ​ក។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​លើក​ឡើង​ថា អ្នក​ដែល​និយាយ រឿង​នាឡិកា​ដៃ​របស់​លោក ហ៊ុន សែន នេះ គឺ​កំពុង​រំលោភ​លើ​សិទ្ធិ​ឯកជន​ភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​វិញ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បញ្ចេញ​មតិ​ថា ជា​រឿង​អាម៉ាស់​បំផុត ដែល​លោក ហ៊ុន សែន គឺ​ជា​នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ បែរ​ជា​មាន​លទ្ធភាព​ប្រើប្រាស់​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ។

លេខាធិការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​កំពុង​ភៀសខ្លួន​នៅ​ឯ​ប្រទេស​ថៃ លោក ឃិន សាម៉ន លើក​ឡើង​ថា ការ​ដែល​លោក ហ៊ុន សែន ពាក់​នាឡិកា​ដៃ​តម្លៃ​រាប់ លាន​ដុល្លារ​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា មេដឹកនាំ​របប​ក្រុងភ្នំពេញ​រូប​នេះ គិត​តែ​ភាព​រុងរឿង​ផ្ទាល់ ខ្លួន​និង​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ ដោយ​មិនបាន​គិត​អំពី​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្លាក់​ខ្លួន​ក្រីក្រ​រស់​នៅ​ក្នុង​ស្ថានភាព​វេទនា​នោះ​ទេ៖ «ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ខ្ញុំ​ខ្មាស​អន្តរជាតិ​ណាស់ ដែល​យើង មាន​មេ​ដឹក​នាំ​មួយ​គិតតែ​ពី​តុបតែង​ខ្លួន​ និង​ទិញ​គ្រឿង​លម្អ​ខ្លួន​ទិញ​របស់​មានតម្លៃ​រាប់​លាន​ដុល្លារ ចំណែក​ពលរដ្ឋ​ខ្មែរ ​រក​ការងារ​ធ្វើ​មិន​បាន​ រក​ប្រាក់​ចំណូល​មិន​បាន​ ហើយ​ចំណាក​ស្រុក​ប្រថុយប្រថាន​គ្រោះថ្នាក់ »

សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ជឿជាក់​ថា ទ្រព្យ​មហាសាល​រួម​ទាំង​នាឡិ​កាដ​ៃ​របស់​លោក ហ៊ុន សែន នោះ គឺ​កើត​ចេញពី​អំពើ​ពុករលួយ ហើយ​អំពើ​ពុករលួយ​នោះ គឺ​កើត​មាន​ជា​ប្រព័ន្ធ និង​កើត​ចេញ​ពី​ការ​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេសជាតិ៖ «ប្រាក់ខែ​នាយករដ្ឋមន្ត្រី​មានតែ ១០លាន​រៀល​ទេ ក្នុង​មួយ​ខែ​ហើយ ​បើ​ប្រាក់ខែ​ប៉ុណ្ណឹង​តើ​លោក​នាយករដ្ឋមន្ត្រី​មាន​លុយ​ពីណា​ទៅ​ទិញ​នាឡិកា​រាប់​លាន​ដុល្លារ​បែបនេះ​ ហើយ​នឹង​មន្ត្រី​ផ្សេងៗ ទៀត តឹ្រម​តែ​សម្បត្តិ​អគ្គនាយក​ អគ្គនាយករង​ គ្រប់​ក្រសួង​ស្ថាប័ន​ រហូត​ដល់ មន្ត្រី​ថ្នាក់​ខេត្ត​មន្ត្រី​ថ្នាក់​ស្រុក ​មាន​លុយ​ពីណា​ទៅ​ទិញ​ឡាន​៥៧០។ នេះ​យើង​មើល​ឃើញ​ថា​ មន្ត្រី បក្ស​ប្រជាជន​ទាំង​អស់ ​សុទ្ធតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ មាន​លុយ​ទិញ​ឡាន​ទំនើប​ ទិញ​ម្ហូប​ថ្លៃៗ និង​របស់​ប្រេនៗ ដើម្បី​បង្អួត​ប្រជាពលរដ្ឋ​ក្នុង​ពេល​ប្រជាពលរដ្ឋ ​កំពុងតែ​ក្រ​រហេម​រហាម »

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​បណ្ដាញ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធើណិត​ឈ្មោះ​ថា វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា​ថា លោក លោក ហ៊ុន សែន ជានា​យក​រដ្ឋមន្ត្រី នៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ត្រឹម​ជាង ១០លាន​រៀល ឬ​ប្រមាណ ២ពាន់ ៥រយ (២៥.០០០) ដុល្លារ​អាមេរិក​នោះ បែរជា​មាន​នាឡិកា​ដៃ​ប្រណិត​ជា​ច្រើន​គ្រឿង ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។ សារព័ត៌មាន អន្តរជាតិ​នេះ បន្ត​ថា នាឡិកា​ដៃ​ដ៏​ប្រណិត​មួយ​គ្រឿង​ថ្មីទៀត ដែល​លោក ហ៊ុន សែន កំពុង​ពាក់​ក្នុង ពេល​ថ្មីៗ នេះ គឺ​ជា​ប្រភេទ​នាឡិកា​ដៃ​ម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិត​នៅ​ប្រទេស​ស្វីស​ផលិត​អំឡុង​ឆ្នាំ២០១៤-២០១៦ មាន​តម្លៃ ១លាន ២សែន​ដុល្លារ ហើយ​បច្ចុប្បន្ន​នាឡិកា​ប្រភេទ​នេះ មាន​តម្លៃ​ដល់ ៣លាន​ដុល្លារ​នៅ​ពេល​គេ​ដាក់​ឲ្យ​ដេញ​ថ្លៃ។ នាឡិកា​នេះ គឺ​ផលិត​ចេញពី​មាស​ពណ៌​ស ហើយ​រចនា​យ៉ាង​ពិសេស​ដោយ​ដៃ។ ជា​មួយ​គ្នា​នេះ​គេ​ក៏​ប្រទះឃើញ​ថា​លោក ហ៊ុន សែន ធ្លាប់​ពាក់​នាឡិកា​ជាច្រើន​ដែល​មានតម្លៃ​សរុប​ដល់​ទៅ ៩លាន​ដុល្លារ ក្នុង​នោះ​ក៏​មាន​នាឡិកា​ម៉ាក រីឆាត មៀល (Rechard Mill Sapphire Dragon Tuorbilon) ដែល​ជា​ប្រភេទ​កម្រ គឺ​មាន​តែ ៥៥គ្រឿង​លើ​ពិភពលោក​ទៀត​ផង។

ប្រភព​ដដែល បញ្ជាក់​ថា ប្រភេទ​នាឡិកា​ដៃ ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នេះ មិន​មែន​ជា​ផលិត ផល​សម្រាប់​អតិថិជន​ធម្មតា ដែល​នរណាៗ ក៏​អាច​រក​ទិញ​បាន​នោះ​ទេ គឺ​សុទ្ធតែ ត្រូវ​បាន​ផលិត ទៅ​តាម​ការ​បញ្ជា​ទិញ ដែល​ត្រូវ​កក់​ប្រាក់​ទុក​ជា​មុន​ពី​សំណាក់​អតិថិជន​លំដាប់ វី.អាយ.ភី «VIP» មួយ​ចំនួន ដែល​សុទ្ធ​សឹង​ជា​ម​ហា​សេដ្ឋី តា​រា​ល្បីៗ លំដាប់​ពិភពលោក ពួក​សប្បុរសធម៌​ជា​អ្នកលេង និង​សម្រាប់​បុរស​ខ្លាំង ដែល​ដឹក​នាំ​ប្រទេស​ជាតិ​ក្រីក្រ​នៅ​លើ​ពិភពលោក។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ប្រកាន់​ថា អ្នក​ណា​ដែល​និយាយ អំពី​រឿង​នាឡិកា​ដៃ​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​អ្នក​ដែល​រំលោភ​ឯកជន​ភាព និង​សិទ្ធិ​របស់​ប្រមុខ​រដ្ឋាភិបាល និង​ជា​មនុស្ស​ដែល​ច្រណែន​ឈ្នានីស និង​រើសអើង។ បន្ថែម​ពី​នេះ លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា នាឡិកា​ដៃ​ម៉ាក់​ល្បី ដែល​លោក ហ៊ុន សែន ពាក់​នោះ អាច​ជា​កាដូ​ពី មហាសេដ្ឋី​ណាមួយ​ដែល​គោរព​ស្រឡាញ់​លោក។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ បន្ត​ថា ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ​ប្រទេស លោក ហ៊ុន សែន សក្ដិសម​នឹង​មាន​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ប្រភេទ​បែប​នេះ ឱ្យ​តែ​វត្ថុ​ទាំង​នោះ​បាន​មក​ដោយ​ស្រប​ច្បាប់៖ «បញ្ហា​សំខាន់​តើ​គេ​បាន​ពី​ណា​មក ហើយ​គេ​ទិញ​ត្រឹម​ត្រូវ​ទៅ គេ​មាន​រត់​ពន្ធ​ឯ​ណា ? ហើយ​គេ​គ្មាន​យក​លុយ​ខ្មៅ​ទៅ​ទិញ​ឯ​ណា ? គ្រាន់តែ​ខ្ញុំ​ពាក់​ហ្នឹង​តម្លៃ​មួយ​លាន​ទៅ ហើយ​នេះ​នាឡិកា​ខ្ញុំ​រាល់​ថ្ងៃ​នេះ ( សើច ) ជឿ​ដែរ​អ្ហី ? ចុះ​គ្រាន់​តែ​ខ្ញុំ​អ្នក​នាំ​ពាក្យ ១លាន​ទៅ​ហើយ ទម្រាំ​ប្រធាន​បក្ស​រឿង​អី​ទៅ​ពាក់ ៥សែន ? និយាយ​មែនទែន​ទៅ​មិន​សំខាន់​រឿង​នាឡិកា​ម៉ាក​អី តម្លៃ​ប៉ុន្មាន​ទេ បញ្ហា​សំខាន់​គឺ ឱ្យ​វា​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់ សម្ដេច ហ៊ុន សែន គឺ​គាត់​មាន​លទ្ធភាព ដូចជា បញ្ហា​ទាក់ទង​នឹង​ប្រទេស​នានា​ជួន​កាល​គេ​កាដូ ( គេ​ជូន ) គាត់​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ​អី​គេ​ជូន​ក៏​មាន »

សកម្មជន​បរិស្ថាន​មួយ​រូប គឺ​កញ្ញា ភួន កេវ​រស្មី លើក​ឡើង​ថា ការ​ដែល​ក្រុម​មេ​ដឹក​នាំ និង​មន្ត្រី​រដ្ឋាភិបាល អួត​អាង​ពី​សម្ភារៈ​និយម ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​បែប​នេះ គឺ​បង្កើត​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ថា តើ​ពួក​គេ​បាន​លុយ​មក​ពី​ណា​ទិញ​សម្ភារៈ​ទាំង​នោះ ខណៈ​ប្រាក់ខែ​របស់​ពួក​គេ មាន​ចំនួន​តិច​តូច និង​សុទ្ធតែ​ជា​មនុស្ស​ចាប់​ផ្ដើម​កសាង​ជីវភាព​ពី​បាត់​ដៃ​ទទេ ក្រោយ​បញ្ចប់​របប​ខ្មែរ​ក្រហម។ កញ្ញា​បន្ថែម​ថា ក្នុង​ករណី​ដែល​លោក ហ៊ុន សែន ទទួល​បាន​នាឡិកា​នោះ ពី​អ្នក​ជំនួញ ឬ​មហា​សេដ្ឋី​ណា​មួយ គួរ​តែ​បង្ហាញ​ពី​តម្លាភាព និង​ប្រុងប្រយ័ត្ន ព្រោះ​ការ​ទទួល​យក​អំណោយ​ទាំង​នេះ អាច​បង្កើត​ឲ្យ​មាន​ការ​អនុគ្រោះ​ដល់​អ្នក​ជំនួញ​ទាំង​នោះ និង​បង្កើត​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​ជាដើម៖ «ប្រធានាធិបតី​នៅ​ប្រទេស​មួយ​ចំនួន ដល់​ថ្នាក់​លះបង់​ទ្រព្យ​សម្បត្តិ ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ដើម្បី​កសាង​សាលា​រៀន​អី​ផ្សេងៗ តែ​ដល់​ពេល​នាយក​រដ្ឋមន្ត្រី​យើង​វិញ យើង​ឃើញ​ប្រើប្រាស់​សម្ភាសន៍​និយម​ហើយ ជូន​កាល​ការ​អភិវឌ្ឍន៍​សាលារៀន ឬ​មន្ទីរពេទ្យ​មួយ​ចំនួន ​យក​លុយ​រដ្ឋ​ទៅ​ធ្វើ ប៉ុន្តែ​ដាក់​សុទ្ធតែ​ឈ្មោះ​ខ្លួន​ឯង​ថែម​ទៀត »

ធនាគារ​ពិភពលោក (World Bank) បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ២០២០ នេះ ចំនួន​អ្នកក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ១៥លាន​នាក់ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ។យុវជន​មួយ​រូប​ទៀត គឺ​លោក ម៉ា ចិត្រា បញ្ចេញ​មតិ​ថា លោក​នាយក​រដ្ឋមន្ត្រី មិន​គួរ​ពាក់​នាឡិកា​តម្លៃ រាប់​លាន​ដុល្លារ​នោះ​ទេ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន កំពុង​ធ្លាក់​ខ្លួន​ក្រីក្រ។ យុវជន​រូប​នេះ ក៏​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី បកស្រាយ​ឲ្យបាន​ច្បាស់ និង​បង្ហាញ​តម្លាភាព​អំពី​ការ​ទទួល​បាន​គ្រឿង​អលង្ការ​ទាំង​នេះ​ផង​ដែរ៖ «ដោយសារ​គាត់​នៅ​មាន​អំណាច​ ដូច្នេះ​គាត់​អាច ឬ​អាច​និយាយ​អ្វី​ស្រេច​តែ​ចិត្ត​របស់​គាត់ តែ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី អត់​ត្រូវ​មាន​អី​លាក់​បាំង​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ខ្ញុំ​យល់​ថា​ ប្រសិនបើ​អំណោយ​នោះ ​ជា​អំណោយ​ដោយ​សទ្ធា​ជ្រះ​ថ្លា​សម្រាប់​ថ្នាក់​ដឹក​នាំ គឺ​គិត​ថា មិន​អី​ទេ ប៉ុន្តែ​ប្រសិន​បើ​អំណោយ​នោះ មានការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ពី​ក្រោយ ​ឧទាហរណ៍​ថា ទទួល​បាន​អំណោយ​ពី​គេ ហើយ​ជួយ​កាង​អំពើ​ខុស​ច្បាប់​ណា​មួយ​នោះ​ខ្ញុំ​គិត​ថា​ មិន​គួរ​ឲ្យ​កើតឡើង ទេ »

ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី១៦១ ក្នុងចំណោម​ប្រទេស​ចំនួន១៨០ នៅ​ក្នុង​បញ្ជី​ស្ដីពី​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International)។ ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី ថ្លែង​ថា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ទទួល​បាន​តំណែង​តាម​រយៈ​ការ​បោះ​ឆ្នោត គួរ​តែ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លម្អិត អំពី​របៀប​ទទួល​បាន​នាឡិកា​តម្លៃ​រាប់​លាន​ដុល្លារ​នេះ។ លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​គោរព​នីតិរដ្ឋ មួយ​ចំនួន មាន​កំណត់​ច្បាស់លាស់​អំពី​លក្ខខណ្ឌ​សម្រាប់​មន្ត្រី​រាជការ​សាធារណៈ ដែល​អាច​ទទួល​យក​អំណោយ ឬ​កាដូ​ពី​អ្នក​ជំនួញ ឬ​ក្រុមហ៊ុន​វិនិយោគ​ណាមួយ៖ «ប្រសិនបើ​មិន​មាន​ការ​បក​ស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ទេ ​គេ​ប្រាកដ ជា​មាន​ការ​ងឿង​ឆ្ងល់​ហើយ​ព្រោះ​ធម្មតា​នាយក​មន្ត្រី​មាន​ប្រាក់​ខែ​តែ​ជាង ២ពាន់​ដុល្លារ តើ​យើង​អាច រក​ប្រាក់ខែ​ប៉ុន្មាន​ទើប​អាច​មាន​លទ្ធភាព​ទៅ​ទិញ​នាឡិកា​មួយ ដែល​មាន​តម្លៃ​ជាង ១លាន​ដុល្លារ ដែល​នេះ​គឺជា​សំណួរ »

ពលរដ្ឋ​មួយ​ចំនួន​យល់​ថា នៅ​ពេល​លោក ហ៊ុន សែន កំពុង​មាន​អំណាច​ពេញ​ដៃ​បែប​នេះ ប្រាកដ ជា​ពិបាក​ក្នុង​រក​ឃើញ​បទ​ល្មើស ឬ​អំពើ​ពុក​រលួយ​របស់​លោក ហ៊ុន សែន ប៉ុន្តែ ប្រសិន​បើ​លោក​អស់​អំណាច​នោះ ប្រាកដ នឹង​ត្រូវ​បាន​គេ​រក​ឃើញ​អំពើ​ពុក​រលួយ​ជា​ច្រើន​ដូច​ករណី​អតីត​នាយក​រដ្ឋមន្ត្រី ប្រទេស​ម៉ាឡេស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។