លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង បញ្ចេញសារជូនពរប្រជាពលរដ្ឋខ្មែរក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២០ ដោយបួងសួងសុំឱ្យប្រទេសកម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន។ ចំណែក គូប្រជែងនយោបាយរបស់លោក គឺលោក ហ៊ុន សែន វិញ ក៏បានជូនពរពលរដ្ឋខ្មែរដូចគ្នា ប៉ុន្តែភ្ជាប់នឹងអត្ថន័យថា មានសន្តិភាព គឺមានអ្វីៗទាំងអស់។
លោក សម រង្ស៊ី រំពឹងថា ឆ្នាំ២០២០នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរពីអ្វីដែលអាក្រក់ មកជាអ្វីដែលល្អប្រសើរជាងមុនវិញ។ លោកបានបង្ហោះសារលើហ្វេសប៊ុកកាលពីយប់ថ្ងៃទី៣១ ធ្នូ ដោយបួងសួងសុំឱ្យប្រទេសកម្ពុជាមានលទិ្ធប្រជាធិបតេយ្យពិតប្រាកដ ស្របតាមឆន្ទៈ និងការចង់បានរបស់ពលរដ្ឋខ្មែរច្រើនលើសលប់។ ក្នុងន័យនេះ លោកចង់ឃើញកម្ពុជារក្សាបាននូវការអនុគ្រោះពន្ធ EBA ពីទីផ្សារសហភាពអឺរ៉ុប ដើម្បីផលប្រយោជន៍របស់កម្មកររោងចក្ររាប់សែននាក់។
ម្យ៉ាងវិញទៀត ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះ សង្ឃឹមថា ជនរងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាងកាលពីអតីតកាល នឹងទទួលបានយុត្តិធម៌ត្រឹមត្រូវនៅក្នុងឆ្នាំថ្មីនេះ។ ជាពិសេស លោកចង់ឃើញយុវជនខ្មែរអាយុក្រោម ៣៥ឆ្នាំ ឆាប់មានមេដឹកនាំថ្មីដែលមានលក្ខណៈសម្បត្តិត្រឹមត្រូវដូចអរិយប្រទេសលើពិភពលោក ដោយផុតរលត់ពីរបបសព្វថ្ងៃ ដែលដឹកនាំដោយជនផ្ដាច់ការ អសីលធម៌ និងអសមត្ថភាព ដែលកំពុងធ្វើឱ្យប្រទេសចុះអន់ថយ និងស្ថិតក្នុងចំណោមប្រទេសពុករលួយជាងគេលើពិភពលោក។
ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏សង្ឃឹមដែរថា ក្រុមមេដឹកនាំខ្មែរសព្វថ្ងៃចេះភ្ញាក់រលឹក កែប្រែ និងកែលម្អនយោបាយអាក្រក់របស់ខ្លួន ដោយចេះគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ដើម្បីបញ្ចៀសកាត់បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។
ខុសផ្ទុយពីមេដឹកនាំបក្សប្រឆាំង មេដឹកបក្សកាន់អំណាចឯណោះវិញ បានអះអាងថា កម្ពុជាកំពុងមានសន្តិភាព ហើយពលរដ្ឋខ្មែរបានរីករាយក្រៃលែងនឹងព្រឹត្តិការណ៍ចូលឆ្នាំថ្មីឆ្នាំសកល២០២០នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងហ្វេសប៊ុកនៅថ្ងៃទី១ មករាថា ការចូលរួមអបអរសាទរ និងកម្សាន្តសប្បាយក្នុងពិធីបុណ្យទាំងតូចទាំងធំនេះ អាចកើតមានទៅបានដោយសារតែកម្ពុជាមានសុខសន្តិភាព។ ទន្ទឹមនឹងពាក្យជូនពរពលរដ្ឋខ្មែរ លោកបានសង្កត់ធ្ងន់ថា គ្មានសន្តិភាព គឺគ្មានអ្វីៗ ទាំងអស់។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏បានបង្ហោះវីដេអូបង្ហាញពីការជួបជុំក្រុមគ្រួសារដ៏រីករាយរបស់លោកផងដែរ។
អ្នកឃ្លាំមើលសង្គមយល់ថា សារនយោបាយរបស់មេបក្សប្រឆាំងមានអត្ថន័យជាប្រយោជន៍ជាតិ និងស្របតាមការចង់បានរបស់ពលរដ្ឋ ប៉ុន្តែសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បង្ហាញអំពីរឿងឯកជន និងការចង់រក្សាអំណាចរបស់ខ្លួន។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ស្ថានភាពនៅកម្ពុជាបច្ចុប្បន្ន ពលរដ្ឋមិនមានសិទ្ធិសេរីភាពពេញលេញនោះទេ ដោយសារតែការគាបសង្កត់ពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ ម្យ៉ាងវិញទៀត លោកថា កម្ពុជាពេលនេះមិនមែនជាប្រទេសប្រជាធិបតេយ្យទៀតនោះទេ ពីព្រោះស្ថាប័នជាតិសំខាន់ៗស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សតែមួយ ឬហៅថាជា របបឯកបក្ស។ លោកជឿថា ពលរដ្ឋខ្មែរគ្រប់ប្រាថ្នាចង់ឃើញប្រទេសជាតិអភិវឌ្ឍទៅមុខ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពេញលេញ ដូច្នេះថ្នាក់ដឹកនាំបច្ចុប្បន្នគួរតែបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋ៖ «ប្រទេសកម្ពុជាកំពុងជួបបញ្ហាជាច្រើនដែលត្រូវដោះស្រាយ អ៊ីចឹងប្រសិនបើអ្នកនយោបាយនៅតែមើលមុខគ្នាមិនចំ ឈ្លោះគ្នា មានគំនុំគ្នា នៅពេលនោះសួរថាតើប្រទេសជាតិនឹងអភិវឌ្ឍទៅមុខយ៉ាងម៉េច ? អ៊ីចឹងប្រជាជន គឺជួបតែទុក្ខលំបាកវេទនាទេ អ៊ីចឹងរដ្ឋាភិបាលគួរតែគិតឡើងវិញ។ បើរដ្ឋាភិបាលស្រឡាញ់ជាតិពិតប្រាកដ គួរតែដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិនៅក្នុងឆ្នាំ២០២០ នេះ»។
បន្ថែមពីលើនេះ អ្នកតាមដានស្ថានការណ៍នយោបាយរូបនេះ ស្នើសុំឱ្យប្រមុខរដ្ឋាភិបាលបញ្ឈប់ការប្រើពាក្យ សន្តិភាព ដើម្បីគ្រាន់តែខែលការពារអំណាចរបស់ខ្លួន។ លោកបន្តថា ពលរដ្ឋគ្រប់រូប ជាពិសេសអ្នកគាំទ្របក្សប្រឆាំង សុទ្ធតែចង់បានសេចក្តីសុខជួបជុំក្រុមគ្រួសារ ប៉ុន្តែពួកគាត់មួយចំនួនបានរងការយាយី និងការធ្វើទុក្ខបុកម្នេញរហូតត្រូវរត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារតែយុទ្ធនាការបង្ក្រាបរបស់អាជ្ញាធរ។ លោកសង្កត់ធ្ងន់ថា ក្នុងនាមជាមេដឹកនាំប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចបង្កើតសេចក្តីសុខសម្រាប់តែគ្រួសារ និងក្រុមរបស់លោកបែបនេះឡើយ ប៉ុន្តែត្រូវស្វែងរកសេចក្ដីសុខជូនប្រជាពលរដ្ឋទាំងអស់គ្នា៖ «ប្រជាជនខ្មែរ មិនថា និន្នាការប្រឆាំង ឬក៏និន្នាការគាំទ្ររដ្ឋាភិបាលទេ គឺចង់បានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តដូចគ្នា អ៊ីចឹងហើយឆ្នាំថ្មីនេះ សង្ឃឹមថា រដ្ឋាភិបាលនឹងបើកលំហសិទ្ធិសេរីភាពឡើងវិញ គោរពលទ្ធិប្រជាធិបតេយ្យ ហើយជាពិសេសគឺផ្ដល់នូវអ្វីដែលសហភាពអឺរ៉ុបកំពុងតែទាមទារ ដើម្បីស្រោចស្រង់ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ហ្នឹងឯង»។
កម្ពុជាកំពុងប្រឈមមុខនឹងគ្រោះកាចដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិធ្លាក់ចុះ ហើយពលរដ្ឋរាប់សែននាក់អត់ការងារធ្វើ នោះគឺការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA ពីទីផ្សារសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវដកហូត ឬរក្សាការអនុគ្រោះពន្ធនេះ នៅក្នុងខែកុម្ភៈខាងមុខ បន្ទាប់ពីបានរកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា។ ប្រសិនបើអឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA មែននោះ រោងចក្រកាត់ដេរជាច្រើនអាចនឹងត្រូវបិទទ្វារ ហើយកម្មកររាប់សែននាក់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់រាប់លាននាក់ទៀត នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីទណ្ឌកម្មនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។