លោក សម រង្ស៊ី ថា លោក ហ៊ុន សែន មិនមែន​ជា​អ្នក​កំណត់​ជោគវាសនា​លោក និង​ពលរដ្ឋ​ឡើយ

លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ អះអាង​ថា ប្រជាពលរដ្ឋ​មិន​អាច​បណ្ដោយ​ឱ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​នាំទៅ​គ្រោះថ្នាក់ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខវេទនា​រហូត​បាន​ឡើយ​។ លោក​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​នឹង​មិន​អាច​បណ្ដោយ​ឱ្យ​លោក ហ៊ុន សែន ផ្ទេរ​អំណាច​ឱ្យ​កូនចៅ​ត្រកូល​ហ៊ុន​ដឹកនាំ​កម្ពុជា​បាន​តទៅទៀត​ឡើយ។

លោក សម រង្ស៊ី លើក​ឡើង​បែបនេះ នៅ​ស្រប​ពេល​អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា លោក ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​បំបែក​បំបាក​សម្ព័ន្ធ​រវាង លោក សម រង្ស៊ី និង លោក កឹម សុខា។

លោក សម រង្ស៊ី អះអាង​ថា លោក​មិន​អនុញ្ញាត​ឱ្យ​លោក ហ៊ុន សែន ជា​អ្នក​កំណត់​ជោគវាសនា​របស់​លោក និង​ពលរដ្ឋ​ទូទាំង​ប្រទេស​ឡើយ។

លោក សម រង្សី ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​ថា ទោះបីជា​ពេល​នេះ លោក ហ៊ុន សែន ព្យាយាម​រារាំង​លោក គ្រប់​បែប​យ៉ាង​មិន​ឱ្យ​លោក វិល​ចូល​ស្រុក​វិញ មិន​ទាន់​បាន​ក្ដី ពុំ​មាន​ន័យថា លោក ហ៊ុន សែន អាច​ធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​នោះ​ដែរ​។ លោក សង្កត់ធ្ងន់​ថា ប្រទេស​កម្ពុជា​គឺ​ប្រជាពលរដ្ឋ ជា​ម្ចាស់​ទាំងអស់​គ្នា ដែល​លោក ហ៊ុន សែន​មិន​អាច​ធ្វើ​អ្វីៗ​បាន​ស្រេច​ចិត្ត​បាន​ឡើយ៖ «លោក ហ៊ុន សែន មិន​អាច​ដើរតួ​ហើយ​សម្រេច​ជំនួស​ប្រជារាស្ត្រ​ទេ មិនមែន​លោក ហ៊ុន សែន ចង់​ធ្វើ​នេះ​ធ្វើ​នោះ​បាន​ទេ គឺ​អាស្រ័យ​លើ​ប្រជារាស្ត្រ ប្រជារាស្ត្រ​ជា​អ្នក​សម្រេច ហ៊ុន សែន បំផ្លាញ​ជាតិ​មិន​អាច​សម្រេច​ជំនួស​ប្រជារាស្ត្រ​បានទេ»។

នៅ​ខណៈ តុលាការ​បន្ធូរបន្ថយ​លើ​ការ​រឹតត្បិត​លើ​លោក កឹម សុខា និង​បាន​បិទ​បញ្ចប់​សំណុំរឿង​ហើយ​នៅ​រង់ចាំ​ថ្ងៃ តុលាការ​យក​សំណុំ​រឿង​នេះ​មក​ជំនុំជម្រះ ឬ​ទម្លាក់​ចោល​ការចោទប្រកាន់​នោះ លោក ហ៊ុន សែន បាន​បង្កើន​ការ​ប្រហារ លោក លោក សម រង្សី ដែល​អ្នកវិភាគ​ខ្លះ លើក​ឡើង​ថា ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ចង់​បំបែកបំបាក់​សម្ពន្ធភាព សម រង្ស៊ី និង កឹម សុខា ។ តែ​លោក សម រង្ស៊ី នៅ​តែ​មាន​ជំនឿ​លើ​លោក កឹម សុខា ថា លោក កឹម សុខា មិន​កំដរ​ល្បែង​នយោបាយ​បំបាក់​បំបាក់​របស់​លោក ហ៊ុន សែន នេះ​ឡើយ៖ «ខ្ញុំ​សូម​កោត​សរសើរ​លោក កឹម សុខា​ដែរ ព្រោះ​លោក កឹម សុខា មិន​ធ្វើ​តាម ហ៊ុន សែន ទេ ហ៊ុន សែន ចង់​ឱ្យ កឹម សុខា បែក​ពី សម រង្ស៊ី លោក ហ៊ុន សែន ចង់​ឱ្យ​លោក កឹម សុខា ទៅ​បង្កើត​បក្ស​ថ្មី ឬ​ចង់​ឱ្យ​យក​សង្គ្រោះ​ជាតិ តែ​លោក កឹម សុខា មិន​ព្រម​ទេ បើសិនជា កឹម សុខា ព្រម​មែន​នោះ គឺ ហ៊ុន សែន ដោះលែង​លោក កឹម សុខា មួយ​ប៉​ព្រេច​ភ្នែក​បាត់​ទៅ​ហើយ»។

ទាក់ទង​នឹង​EBA វិញ លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ថា រដ្ឋបាល​របស់​លោក​នៅ​តែ​ដំណើរ​ការ​បាន ទោះ​ជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ពេល​ខាងមុខ​មែន​ក៏ដោយ គឺ​មិន​ប៉ះពាល់​ដឹក​ការដឹកនាំ​របស់​លោក​ឡើ​យ ពី​ព្រោះ​ថា កម្ពុជា​អាច​ប្រមូល​ពន្ធគយ​បាន​ច្រើន​លើសលប់ ដែល​ប្រមូល​បាន​ជាង ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​៖ «មាន​អ្នកខ្លះ​គេ​ថា អូ​តិច​ទៀត​លៀន​អណ្ដាត​ហើយ ចាំ​តើ ព្រោះ​នេះ​មិន​បាច់​យក​មក​ពី​អ៊ីបីអេ (EBA) គឺ​យើង​បាន​ពី​ពន្ធគយ លុយ​រាប់​ពាន់​លាន​ដុល្លារ»។

លោក សម រង្ស៊ី បាន​ឆ្លើយតប​ថា សហភាព​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA មែន​នោះ គឺ​កម្ពុជា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ។ លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​គ្មាន​ការ​យល់ដឹង​អំពី​បញ្ហា​សេដ្ឋកិច្ច​៖ «ទាក់ទង​និង​កិច្ចការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម លោក គឺ ជា​មនុស្ស​អវិជ្ជា គាត់​ជា​មនុស្ស​ល្ងង់​អត់​ដឹង​អី​ទេ លោក ហ៊ុន សែន កំពុងតែ​ទៅ​វាយ​ឆ្នាំ​បាយ​កម្មករ​រាប់​សែន​នាក់ រួម​ទាំង​ក្រុម​គ្រួសារ​កម្មករ​នៅ​ឯ​ស្រុកកំណើត​ដែរ»។

ប្រធាន​អង្គការ​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿ​ន តុលា មាន​ប្រសាសន៍​ថា បើសិនជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មែន​នោះ កម្ពុជា​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​ជា​ប្រព័ន្ធ។ លោក​បញ្ជាក់​ពី​ផល​ប៉ះពាល់​នោះ គឺ ប៉ះពាល់​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន បើ​សិន​វិស័យ​ឯកជន​ប៉ះពាល់ ការ​ប្រមូល​ពន្ធ​ក៏​ថយ​ចុះ​ដែរ ហើយ​នៅ​ពេល​នោះ ការ​បើក​ប្រាក់ខែ​ជូន​មន្ត្រី​ជូន​មន្ត្រីរាជការ ប៉ូលិស​ទាហាន​ក៏​នឹង​ប៉ះពាល់​ដែរ៖ «ឥលូវ​នេះ ខ្ញុំ​ឯកភាព​ថា យើង​នៅ​មាន​លទ្ធភាព​ប្រមូល​ពន្ធ​បាន តែ​ប្រសិន​ជា​បាត់បង់​អ៊ីប៊ីអេ គឺ​ប៉ះពាល់​ទាំងអស់ ទាំង​វិស័យ​ឯកជន​ទាំងអស់ ព្រោះថា ខាង​រតនាគារ​ជាតិ គាត់​ថា លុយ​បម្រុង​អាច​បាន​បី​ខែ ខាង​រដ្ឋាភិបាល​ថា ៦​ខែ​ទោះជា​រយៈពេល ៣​ខែ​ឬ​៦​ខែ​ក៏ដោយ តែ​បើ​បាត់បង់​អ៊ីប៊ីអេ គឺ​នឹង​ប៉ះ​បាល់​ជា​ប្រព័ន្ធ​ទាំងអស់»។

សហភាព​អឺរ៉ុប​បាន​ដាក់​របាយការណ៍​វាយតម្លៃ​បឋម​ផ្លូវការ​ឈាន​ទៅ​រក​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ដោយ​ព្រមាន​ថា របប​លោក ហ៊ុន សែន មិន​បាន​ចាត់​វិធានការណ៍​ជាក់លាក់​គ្រប់គ្រាន់ ដើម្បី​កែសម្រួល​ស្ថានការណ៍​នៃ​ការរំលោភ​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិ​នយោបាយ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង សិទ្ធិ​សំខាន់ៗ​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី សង្គម និង​វប្បធម៌​ជាដើម​។ របប​នេះ​បាន​ព្យាយាម​កែសម្រួល​ស្ថានការណ៍ និង​ភាព​តានតឹង​នយោបាយ ដោយ​បន្ធូរបន្ថយ​ករណី​លោក កឹម សុខា ដែល​តុលាការ​បិទ​សំណុំរឿង​លោក កឹម សុខា និង បញ្ជា​ឱ្យ​តុលាការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាដើម។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​រំពឹង​ថា សហភាព​អឺរ៉ុប នឹង​រក្សា​គោលជំហរ​រឹងមាំ លើ​ចំណាត់​លើ​របប​លោក ហ៊ុន សែន​នេះ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មិន​ចាញ់​ល្បិច​បោក​បញ្ឆោត​របស់​លោក ហ៊ុន សែន នេះ​ឡើយ​។ លោក សម រង្ស៊ី បាន​ហៅ​លោក ហ៊ុន សែន ជា​មេដឹកនាំ​មិន​គិត​គួរ​ដល់​ពលរដ្ឋ ក្រុម​កម្មករ​រោងចក្រ​នោះ​ទេ លោក​ថា ពីព្រោះ អ្វី​ដែល​លោក ហ៊ុន សែន កំពុងតែ​ធ្វើ​គឺ​ដើម្បី​បម្រើ​មហិច្ឆតា​អំណាច និង​ក្រុម​គ្រួសារ​របស់​លោក​។ ប៉ុន្តែ​លោក សម រង្ស៊ី ថា ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​ឱ្យ​លោក ហ៊ុន សែន កំណត់​ជោគវាសនា​របស់​ប្រទេសជាតិ ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។