អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ហ៊ាង ឫទ្ធី ចោទប្រធានគណបក្សរបស់ខ្លួន ថាហាមឃាត់មិនឲ្យមន្ត្រីបក្សថ្នាក់ក្រោម វាយប្រហារប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា នោះទេ ក៏ប៉ុន្តែអាចវាយប្រហារលើគណបក្សសង្គ្រោះជាតិ បាន។ លោក ម៉ម សូណង់ដូ ច្រានចោលចំពោះការចោទប្រកាន់នេះ។
លោក ហ៊ាង ឫទ្ធី នៅតែបន្តបកស្រាយគំនុំនយោបាយចាស់ជាមួយ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលទើបបង្កើតឡើងជាថ្មី។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លើកឡើងថា លោក ម៉ម សូណង់ដូ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ និងពុករលួយ។ ជាពិសេសជាងនេះទៅទៀតនោះ លោកចោទថា ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ តែងតែប្រើអំណាចបញ្ជាឲ្យមន្ត្រីបក្សថ្នាក់ក្រោម វាយប្រហារទៅលើតែគណបក្សប្រឆាំង ប៉ុន្តែមិនអនុញ្ញាតឲ្យវាយប្រហាររិះគន់ប៉ះពាល់ទៅលើគណបក្សកាន់អំណាចនោះទេ៖ «គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសង្គ្រោះជាតិ សុទ្ធតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹម។ រីឯគណបក្សប្រជាជនកម្ពុជា ប្រើអំណាចតាមអំពើចិត្តតាំងពីការសម្បទានដីធ្លី និងអភិវឌ្ឍកន្លែងណា ទឹកភ្នែករាស្ត្រខ្មែរយំកន្លែងនោះ។ អាហ្នឹង គឺជារឿងដែលយើងធ្វើនយោបាយជាមួយ ម៉ម សូណង់ដូ ប៉ុន្តែរឿងដែល ម៉ម សូណង់ដូ បង្គាប់ឲ្យខ្ញុំវាយតែគណបក្សសង្គ្រោះជាតិ មិនវាយគណបក្សប្រជាជនកម្ពុជា គឺជាការផ្ទុយឆន្ទៈរបស់ខ្ញុំ»។

លោក ហ៊ាង ឫទ្ធី បន្ថែមថា បញ្ហាទាំងនេះហើយដែលជំរុញលោកសម្រេចចិត្តប្ដឹងសុំរំលាយគណបក្សដែលដឹកនាំដោយ លោក ម៉ម សូណង់ដូ នេះចោល។ លោកអះអាងថា នៅព្រឹកថ្ងៃទី៤ វិច្ឆិកា គឺសាលាដំបូងរាជធានីភ្នំពេញ បានទទួលយក និងពិនិត្យមើលលើពាក្យបណ្ដឹងសុំរំលាយគណបក្សនេះហើយ។
ជាការឆ្លើយតបចំពោះការចោទប្រកាន់នេះ លោក ម៉ម សូណង់ដូ បកស្រាយថា ជម្លោះបែកបាក់ផ្ទៃក្នុងនេះ គឺមិនមែនកើតឡើងដូចការអះអាងរបស់បក្ខពួក លោក ហ៊ាង ឫទ្ធី នោះទេ។ ផ្ទុយទៅវិញ រឿងរ៉ាវនេះ គឺផ្ដើមចេញពី លោក ហ៊ាង ឫទ្ធី ដែលចង់បានតួនាទីជាអនុប្រធានបក្សតែម្នាក់ឯង ហើយថែមទាំងបាននិយាយមិនពិតថា លោក ម៉ម សូណង់ដូ បណ្ដេញ លោក ហារី សំអាត ចេញពីអនុប្រធានបក្សទៀតផង៖ «អ្វីដែលគាត់កុំឲ្យមានទំនាស់ប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា ឲ្យប្រឆាំងតែជាមួយគណបក្សសង្គ្រោះជាតិ នោះ គឺជាភាសារបស់គាត់ទេ ហើយអ្វីដែលគាត់និយាយអត់មានការពិតនោះទេ។ ឧទាហរណ៍ថា គាត់និយាយថា ខ្ញុំដកលោក ហារី គឺអត់មានដកណា អាហ្នឹងបញ្ជាក់ថា សម្ដីរបស់គាត់ គឺពិសពុល គាត់មានគំនិតខូច ហើយអ្វីដែលគាត់បន្តនិយាយទៀត គឺមិនមែនការពិតទេ»។
លោក ម៉ម សូណង់ដូ ក៏មានគម្រោងប្ដឹងបកទៅ លោក ហ៊ាង ឫទ្ធី វិញដែរ ពីបទបរិហារកេរ្តិ៍ដែលនាំឲ្យគណបក្សរបស់លោកបាត់បង់ប្រជាប្រិយភាព។
ទាក់ទិនបញ្ហានេះ ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ យល់ឃើញថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គ្មានសក្ដានុពល និងមិនមានផលប្រយោជន៍សម្រាប់ស្ថានភាពនយោបាយនៅកម្ពុជា នោះទេ។ លោកបន្ថែមថា ជម្លោះបែកបាក់គ្នារវាងប្រធាន និងអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នេះ មិនគួរឡើងដល់តុលាការនោះទេ គួរតែដោះស្រាយតាមបែបនយោបាយប្រសើរជាង។
ដោយឡែកកន្លងមក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ឃើញថា គណបក្សដែលធ្វើនយោបាយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតប្រយោជន៍ជាតិជាធំនោះ គឺតែងតែបង្ហាញឲ្យឃើញនូវការហែកហួរគ្នាមិនចេះចប់នោះទេ។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជកាលពីថ្ងៃទី៩ កញ្ញា បានបោះឆ្នោតលើកដៃគាំទ្រ លោក ម៉ម សូណង់ដូ ធ្វើជាប្រធាន និងជ្រើសរើស លោកបណ្ឌិត ហ៊ាង ឫទ្ធី និងលោក ហារី សំអាត ជាអណិកជនខ្មែរមកពីសហរដ្ឋអាមេរិក ជាអនុប្រធានគណបក្ស។ សមាជមិនបានមួយខែស្រួលបួលផង គណបក្សថ្មីនេះបានជួបរឿងប្រេះឆាជាច្រើនករណី។
សូមស្ដាប់ការបកស្រាយបន្ថែមរបស់លោក ម៉ម សូណង់ដូ តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។