ភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីកម្ពុជា បណ្ដាអង្គការសង្គមស៊ីវិល គណបក្សប្រឆាំង និងស្ថានទូតបរទេស សម្ដែងការសោកស្ដាយ និងថ្កោលទោស ព្រមទាំងស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យលើអំពើឃាតកម្មនេះ។
ការបាញ់សម្លាប់លោក កែម ឡី កើតឡើងស្របពេលស្ថានការណ៍នយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងតានតឹង មុននឹងការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតជាតិមកដល់នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ។
ជាងប្រាំពីរម៉ោងក្រោយមរណភាពរបស់លោក កែម ឡី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខថ្កោលទោសករណីឃាតកម្មបាញ់ប្រហារយ៉ាងឃោរឃៅនេះ។ លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់ស៊ើបអង្កេតករណីនេះ។
លោក កែម ឡី ត្រូវបានឃាតកបាញ់ឲ្យស្លាប់នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ក្នុងហាងលក់ទំនិញ Star Mart ជិតស្ថានីយប្រេងឥន្ធនៈកាល់តិច ក្បែរភ្លើងស្តុបបូកគោ។
គណបក្សសង្គ្រោះជាតិ ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបាញ់សម្លាប់នេះដែរ។ គណបក្សប្រឆាំងបានអំពាវនាវឲ្យសមត្ថកិច្ចស៊ើបអង្កេតវែកញែកដោយឯករាជ្យ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារលោក កែម ឡី។
អង្គការឃ្លាំមើលពិភពលោក (Global Witness) ប្រកាសថ្កោលទោសជាខ្លាំងចំពោះឃាតកម្មលើលោក កែម ឡី។ អង្គការអន្តរជាតិនេះបានប្រាប់វិទ្យុអាស៊ីសេរី តាមអ៊ីមែល (email) ដោយអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯករាជ្យករណីបាញ់សម្លាប់លោក កែម ឡី ដើម្បីនាំយកឧក្រិដ្ឋជនពិតប្រាកដមកផ្ដន្ទាទោស មិនមែនតែខ្មាន់កាំភ្លើងទេ។ រដ្ឋាភិបាលកម្ពុជា រងការចោទប្រកាន់ និងមានប្រវត្តិមិនល្អរាប់សិបឆ្នាំពីការសម្លាប់សកម្មជននយោបាយ សិទ្ធិមនុស្ស និងកម្មករ ដែលអាជ្ញាធរកម្រចាប់ខ្លួនជនល្មើសពិតប្រាកដមកផ្ដន្ទាទោស។
Global Witness ក៏ទទូចឲ្យម្ចាស់ជំនួយអន្តរជាតិរបស់កម្ពុជា ថ្កោលទោសឲ្យខ្លាំងក្លា និងទាមទារការស៊ើបអង្កេតដោយឯករាជ្យចំពោះការបាញ់សម្លាប់លោក កែម ឡី។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) ក៏ស្នើឲ្យអាជ្ញាធរស៊ើបអង្កេតឯករាជ្យ រកយុត្តិធម៌ រកឫសគល់ពិតអ្នកនៅក្រោយឃាតកម្មលើលោក កែម ឡី ដើម្បីយកមកផ្ដន្ទាទោស៖ « យើងសង្គមស៊ីវិលសូមទទូចហើយទទូចទៀត សូមយកចិត្តទុកដាក់បង្ហាញហេតុផលនៃការបាញ់សម្លាប់នេះឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការរិះគន់ថា ការសម្លាប់លោក កែម ឡី ជារឿងនយោបាយ »។
លោកបញ្ជាក់ថា ការស្លាប់របស់លោក កែម ឡី ជាការបាត់បង់ធនធានមនុស្សសំខាន់ ដែលក្លាហាននិយាយរិះគន់ត្រង់ៗដើម្បីការរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យ និងការការអភិវឌ្ឍសេដ្ឋកិច្ច។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សម្ដែងការសោកស្ដាយ ហើយបានហៅការស្លាប់របស់លោក កែម ឡី ជារឿងដែលមិននឹងស្មានដល់។ អ្នកស្រីថា ឃាតកម្មនេះជាការប្រឆាំងនឹងសាសនា និងច្បាប់។ អ្នកស្រីស្នើឲ្យមានការស្នើអង្កេតស្រាវជ្រាវឲ្យដិតដល់ រកអ្នកប្រព្រឹត្តិពិតប្រាកដ។
លោក កែម ឡី ជាស្ថាបនិកនៃក្រុម «ខ្មែរដើម្បីខ្មែរ» ដែលជាក្រុមតស៊ូមតិមូលដ្ឋាន។ លោកជាញឹកញយ រិះគន់ពីបញ្ហាអវិជ្ជមាននានាស្ដីពីសង្គម និងនយោបាយ។
ស្ថាបនិក «វេទិកាអនាគត» លោក អ៊ូ វីរៈ បានហៅលោក កែម ឡី ថាជាវីរបុរសសម្រាប់ប្រជាជនកម្ពុជា ដែលក្លាហានបញ្ចេញមតិជំរុញការអភិវឌ្ឍនៅកម្ពុជា៖ « លោកជាវីរបុរសក្នុងដួងចិត្តប្រជាជនខ្មែរទាំងអស់គ្នា។ យើងបាត់បង់មនុស្សល្អម្នាក់ដែលចូលរួមធ្វើការងារសង្គម នយោបាយ ដើម្បីជំរុញកម្ពុជា ដើរទៅមុខ។ វាជាការបាត់បង់ដ៏ធំមួយ »។
ក្រៅពីអង្គការសង្គមស៊ីវិល ស្ថានទូតបរទេសនៅកម្ពុជា មួយចំនួន ក៏សម្ដែងការសោកស្ដាយចំពោះការស្លាប់របស់លោក កែម ឡី ផងដែរ។
សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយ និងដៃពាណិជ្ជកម្មសំខាន់របស់កម្ពុជា បានហៅការស្លាប់របស់លោក កែម ឡី ថាជាព័ត៌មានរន្ធត់ និងសោកស្ដាយ។ សហរដ្ឋអាមេរិក ហៅលោក កែម ឡី ថាជាអ្នកវិភាគនយោបាយកម្ពុជា សំខាន់ម្នាក់។
ចំណែកឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស លោក ប៊ីល ឡុងហឺស (Bill Longhurst) ថ្លែងថា លោករន្ធត់ និងសោកសង្រេងចំពោះការស្លាប់របស់លោក កែម ឡី។ លោកថា នេះជាការបាត់បង់ដ៏ធំមួយសម្រាប់កម្ពុជា។
អ្នកស្រី ចក់ សុភាព អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា បន្តចូលរួមបញ្ចេញមតិស្ដីពីបញ្ហាសង្គម និងនយោបាយ ដើម្បីរុញច្រានកម្ពុជា ឲ្យទៅមុខ៖ « ខ្ញុំចូលរួមសោកស្ដាយ ហើយពេលនេះ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់នឹងបន្តចូលរួមក្នុងសង្គមនយោបាយបន្តទៀត បើទោះជាមានរឿងនយោបាយកើតឡើងដែលយើងមើលទៅស្ថានភាព កំពុងវឹកវរ។ មានតែការចូលរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាថា ប្រទេសកម្ពុជា ឈានដល់ការវិវឌ្ឍន៍ស្ថានភាពមួយធានានូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ »។
អង្គការ Global Witness កាលពីពេលថ្មីៗនេះ បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយលាតត្រដាងពីការប្រើប្រាស់អំណាចរបស់គ្រួសារនាយករដ្ឋមន្ត្រី ដើម្បីក្តោបក្តាប់ជំនួញសេដ្ឋកិច្ចកម្ពុជា តម្លៃរាប់រយលានដុល្លារសហរដ្ឋអាមេរិក។
កូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសច្រានចោលរបាយការណ៍នេះ ហើយថា Global Witness ព្យាយាមបង្ខូចកិត្តិយសលោកនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃសុក្រ ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី លោក កែម ឡី បានវិភាគស៊ីជម្រៅបង្ហាញពីផលប៉ះពាល់នៃសកម្មភាពរកស៊ីរបស់គ្រួសារត្រកូល «ហ៊ុន» មកលើសេដ្ឋកិច្ចកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។