លោក សម រង្ស៊ី៖ ​លោក ហ៊ុន សែន នឹង​មិន​ប្ដឹង​លោក​ទៅ​តុលាការ​បារាំង​ឡើយ ព្រោះ​ខ្លាច​ចាញ់​ក្ដី

0:00 / 0:00

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ជំរុញ​ជា​ថ្មី​ទៀត​ឱ្យ​លោក ហ៊ុន សែន ប្តឹង​លោក​ទៅ​តុលាការ​ប្រទេស​បារាំង​ ជុំ​វិញ​រឿង​មរណភាព​លោក ហុក​ ឡងឌី និង​ឃាតកម្ម​ធំៗ​ ជាច្រើន​ករណី​ទៀត។ លោក​នៅ​តែ​ចោទប្រកាន់​ថា លោក ហ៊ុន សែន គឺ​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​អំពើ​ឃាតកម្ម​ និង​ឧក្រិដ្ឋ​ជា​ច្រើន​ករណី​ ចាប់​ពី​ទសវត្សរ៍​ទី៩០ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ ទោះ​ជា​យ៉ាង​ណា របប​លោក ហ៊ុន សែន អះអាង​ថា របប​នេះ​មិន​ចាប់​អារម្មណ៍​នឹង​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី​ ឡើយ។

ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិលោក សម រង្ស៊ី ​អះអាង​ថា លោក​បាន​ទទួល​ដំណឹង​ពី​ប្រភព​ជិត​ស្និទ្ធ​របស់​លោក​ លោក​ ហ៊ុន សែន ថា មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ នឹង​មិន​ហ៊ាន​ប្ដឹង​លោក​ទៅ​តុលាការ​ប្រទេស​បារាំង​ឡើយ ដោយ​សារ​បារម្ភ​ខ្លាច​ចាញ់​ក្តី​ ព្រោះ​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បង្ហាញ​ថា លោក ហ៊ុន សែន ពិត​ជា​អ្នក​នៅពី​ក្រោយ​ខ្នង​សំណុំ​រឿង​​ឃាតកម្ម​ និង​អំពើ​ឧក្រិដ្ឋ​ជា​ច្រើន​ករណី​នោះ​មែន។

ទោះ​ជា​យ៉ាង​ណា លោក​នៅ​តែ​ទទូច​ឱ្យ​លោក​ ហ៊ុន សែន ប្ដឹង​លោក​ទៅ​តុលាការ​បារាំង​ដដែល ព្រោះ​បើ​លោក​ ហ៊ុន សែន មិន​ប្ដឹង​រូប​លោក​ទេ នោះ​មាន​ន័យ​ថា អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ ទទួល​ស្គាល់​ថា ខ្លួន​ពិត​​ជា​ឃាតក​សម្លាប់​លោក ហុក ឡងឌី យ៉ាង​ពិត​ប្រាកដ​។ លោក​ថ្លែង​បែបនេះ នៅ​ក្នុង​វីដេអូ​ឃ្លីប​​រយៈ​ពេល​១០ នាទី ដែល​លោក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ថ្ងៃទី១៥ មិថុនា កន្លងទៅ«បើ​លោក ហ៊ុន សែន សឿង​ ត្រូវ​តែ​ប្ដឹង​ខ្ញុំ​ដាច់​ខាត បើ​មិន​យ៉ាង​ដូច្នេះ​ទេ គឺ​លោក ហ៊ុន សែន​ សារភាព​ថា គាត់​ជា​ឃាតក​ពិត​ប្រាកដ។ កាយ​វិការ​របស់​គាត់ ដែល​ថា​ម្ដង​ប្ដឹង ​តែ​បែរ​ជា​មិន​ហ៊ាន​ប្ដឹង​ខ្ញុំ​វិញ មាន​ន័យ​ថា លោក ហ៊ុន សែន គាត់​សារភាព​ថា គាត់​បាន​សម្លាប់​លោក ហុក ឡងឌី យ៉ាង​ពិត​ប្រាកដ»

កាល​ពេល​ថ្មីៗនេះ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​មេធាវី​សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​​ប្ដឹង លោក សម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង ករណី​មេ​បក្ស​ប្រឆាំង​រូប​នេះ ចោទ​លោក​ថា បាន​សម្លាប់​លោក ហុក ឡងឌី ដែល​ជា​ដន្លង​របស់​ខ្លួន។ លោក សម រង្ស៊ី បាន​អះអាង​ថា អតីត​អគ្គស្នង​ការ​នគរបាល​ជាតិ​រូប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន សម្លាប់​បំបិទ​មាត់ ដោយ​សារ​តែ​លោក​គ្រោង​លាត​ត្រដាង​រឿង​លោក ហ៊ុន សែន បញ្ជា​ឱ្យ​សម្លាប់​ថ្នាក់​ដឹក​នាំ​សហជីព​លោក ជា វិជ្ជា ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ។

មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន គឺ​លោក​ គី តិច សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​រឿង​ប្តឹង​ផ្តល់​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង នៅ​ពេល​នេះ​ឡើយ។ លោក​ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​ថា លោក​នឹង​ជម្រាប​ជូន​រឿង​នេះ​ នៅ​ពេល​ក្រោយ​ បន្ទាប់​ពី​មាន​ការ​សម្រេច​ផ្លូវ​ការ​ណា​មួយ៖ «បញ្ហា​ហ្នឹង ខ្ញុំ​អត់​ទាន់​និយាយ​បាន​ទេ ចាំ​ខ្ញុំ​ពិភាក្សា​គ្នា​កិច្ច​ការងារ​ហ្នឹង។ ដល់​ចេញ​មក បាន​យើង​អាច​និយាយ​បាន​។ ការងារ​របស់​មេធាវី ពេល​ខ្លះ​វា​ត្រូវ​​មាន​ការ​រក្សា​ការ​សម្ងាត់​វិជ្ជាជីវៈ»

ក្រៅ​ពី​សង្កត់​ធ្ងន់​ករណី​លោក ហុង ឡង់ឌី នេះ លោក​ សម រង្ស៊ី ក៏​បាន​បរិហារ​ដោយ​ឥត​សំចៃ​មាត់​ផង​ដែរ​ថា អ្នក​ស្រី ប៊ុន រ៉ានី ហ៊ុន សែន គឺ​ជា​អ្នក​ដែល​បាន​បញ្ជា​ឱ្យ​ឃាតក​សម្លាប់​សិល្បការិនី ដ៏​ល្បី​ឈ្មោះ​ គឺ​អ្នក​ស្រី ពិសិដ្ឋ​ ពិលីកា កាល​ពី​ឆ្នាំ១៩៩៩ ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ ហើយ​លោក ហ៊ុន សែន បាន​ជួយ​ការពារ​ភរិយា​ពី​អំពើ​ឧក្រិដ្ឋ​នេះ ​ រហូត​មក​ដល់​បច្ចុប្បន្ន​​។ ក្រៅពី​នេះ លោ​កថា លោក ហ៊ុន សែន គឺ​ជា​អ្នក​ដែល​បាន​បញ្ជា​ឱ្យ​សម្លាប់​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​បណ្ឌិត កែម ឡី រួច​រៀប​ចំ​ឆាក​ល្ខោន​ឱ្យ​បុគ្គល ជួប សម្លាប់ ​ទទួល​ទោស​តែ​ម្នាក់​ឯង។ បន្ថែម​ពី​លើ​នេះ​ លោក​ក៏​បាន​ចោទ លោក ហ៊ុន សែន ថា ​​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​ចូល​ហ្វូង​បាតុករ ប៉ុនប៉ង​សម្លាប់​រូប​លោក​ កាល​ពី​ចុង​ខែ​មីនា ឆ្នាំ១៩៩៧ នោះ ផង​ដែរ៖ «ប្រជារាស្ត្រ​ខ្មែរ​ថ្លៃ​ថ្នូរ មិន​គួរ​បណ្ដោយ​ឱ្យ​គ្រួសារ​ឃាតក​ដឹកនាំ​ប្រទេស​បែប​នេះ​ទេ។ ប្រជា​រាស្ត្រ​ខ្មែរ​ត្រូវ​លើក​ស្ទួយ​កិត្តិយស​របស់​ខ្លួន​ គឺ​ត្រូវ​បំបាត់​ចោល​របប​ផ្ដាច់​ការ​ របប​ក្បត់​ជាតិ ដឹក​នាំ​ដោយ​ ហ៊ុន សែន និង​ក្រុម​គ្រួសារ ហ៊ុន សែន ដែល​ជា​ក្រុម​គ្រួសារ​ឃាតក«

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ថ្លែង​ថា ការ​លើក​ឡើង​ទាំង​ឡាយ​របស់​លោក សម រង្ស៊ី នេះ គ្រាន់​តែ​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មហាជន​ប៉ុណ្ណោះ មិន​មាន​តម្លៃ​អ្វី​ដែល​លោក​ត្រូវ​ឆ្លើយ​តប​នោះ​ឡើយ៖ «គាត់​គ្រាន់​តែ​ជា​ត្លុក​បម្រើ​ពាណិជ្ជកម្ម​ដល់​អ្នក​សារព័ត៌មាន​ទាល់​តែ​សោះ ដូច​គ្មាន​តម្លៃ​ គ្មាន​អ្វី​ទម្ងន់​ត្រូវ​ឆ្លើយ​ឆ្លង​ជាមួយ​គាត់​នោះ​ទេ»

លោក ហ៊ុន សែន កាន់អំណាចរយៈពេលប្រមាណ៤០ឆ្នាំមកនេះ ក្រៅ​ពី​មាន​អំពើ​ឃាតកម្ម​ទៅ​លើ​អ្នក​រិះគន់ និង​ចាប់​មនុស្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ​នោះ របប​របស់​លោក ក៏​ចាប់​ចង​មន្ត្រី​ក្នុង​ជួរ​គណបក្ស​របស់​លោក​ដែរ ដូច​ជា ករណី​ចាប់​អតីត​ប្រធាន​អង្គរក្ស និង​ប្រធាន​ពិធីការ​លោក​ជា ស៊ីម ដាក់​ពន្ធនាគារ ដែល​មតិ​ខ្លះ​ចាត់​ទុក​ថា ការ​ចាប់​ដាក់​ពន្ធនាគារ និង​ដក​តំណែង​នោះ គឺ​ជា​ការ​បន្សាប​ឥទ្ធិពល​សែ​ស្រឡាយ​លោក ជា ស៊ីម ដែល​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា នៅ​ពេល​នោះ ដើម្បី​ពង្រឹង​អំណាច​ផ្ទៃ​ក្នុង​បក្ស​របស់​ក្រុម​បក្ខពួក​លោក។

លោក សម រង្ស៊ី អះអាង​ថា លោក ឌី វិជ្ជា ​កំពុង​គិតគូរ​​ផែនការ​សង​សឹក​ឲ្យ​ឪពុក​លោក​នេះ គឺ​មាន​ការ​គាំទ្រ​ពី លោក ស ខេង ដែរ​ព្រោះ​លោក ស ខេង ក៏​ដឹង​ខ្លួន​ដែរ​ថា ​លោក ហ៊ុន សែន កំពុង​​រៀបចំ​ផែន​ការ​កម្ចាត់​លោក គឺ​ដក​ដំណែង​ដែរ ដើម្បីឲ្យ​ប្រាកដ​ថា គ្មាន​នរណា​អាច​រារាំង​ផែនការ​លើក​បន្តុប​​​កូន​ប្រុស​ទាំង​៣របស់លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង លោក​ ហ៊ុន ម៉ានី ឲ្យ​បន្ត​វេន​ពី​លោក។

មន្ត្រី​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា ភាព​ចម្រូង​ចម្រាស់​នេះ គឺ​ដោយ​សារ​តែ​សំណុំ​រឿង​ឧក្រិដ្ឋ​ធំៗ ទាំង​នេះ មិន​ទាន់​មាន​យុត្តិធម៌ ទើប​វា​ក្លាយ​ទៅ​ជា​ការ​ចោទ​ប្រកាន់​ខាង​នយោបាយ​ទៅ​វិញ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា ករណី​ឃាតកម្ម​ទៅលើ​បុគ្គល​សំខាន់ៗ នា​ពេល​កន្លងមក​ មិន​មាន​ការ​ស៊ើបអង្កេត​ត្រឹម​ត្រូវ​ឡើយ ហើយ​ឃាតក​ពិត​ក៏​មិន​ត្រូវ​បាន​នាំ​យក​មក​កាត់​ទោស​ដែរ។ ហេតុ​ដូច្នេះ លោក​ជឿជាក់​ថា ករណី​ទាំង​នេះ​ប្រាកដ​ជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គល​មាន​អំណាច​ ហើយ​ភាគ​ច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​​នយោបាយ​។ លោក​យល់​ថា ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ប្ដឹង​មេ​បក្ស​ប្រឆាំង​ទៅ​តុលាការ​បារាំង នោះ​វា​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​សំណុំ​រឿង​ឧក្រិដ្ឋ​ទាំង​នេះ​មាន​ដំណើរ​ការ ឬ​អាច​មាន​យុត្តិធម៌​ ក៏​ថា​បាន៖ «បើ​ប្ដឹង​ទៅ​ ក៏​វា​អាច​ជំរុញ​ឈាន​ទៅ​រក​យុត្តិធម៌ ទៅ​រក​ការ​ពិត​រឿង​ករណី​ពី​មុនៗ មក​ហ្នឹង ដើម្បី​ឆ្ពោះ​មក​រក​ការ​ប្ដឹង​ផ្ដល់​គ្នា​នេះ ដើម្បី​ស្វែង​រក​យុត្តិធម៌​ហ្នឹងឯង»

ជាង ២​ទសវត្សរ៍​ចុង​ក្រោយ កម្ពុជា​ហែល​ឆ្លង​​មិន​ផុត​ពី​អំពើ​ឃាតកម្ម និង​ការ​កាប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឡើយ ដោយ​សារ​តែ​អំពើ​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជន​ល្មើស​រួច​ទោស ហើយ​ក្ដី​ស្រមៃ​​ក្លាយ​​ជា​សង្គម​នីតិរដ្ឋ​នោះ ក៏​មិន​ទាន់​លេច​ចេញ​ជា​រូប​រាង​នៅឡើយ​ដែរ។ គិត​ពី​​ឆ្នាំ១៩៩៣ ពេល​ដែល​កម្ពុជា​ចាប់​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ផ្លូវការ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ មាន​មនុស្ស​រាប់​រយ​នាក់​ហើយ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត និង​សម្លាប់​ក្រៅ​ច្បាប់។ ជន​រងគ្រោះ​ទាំងនោះ សុទ្ធ​សឹង​ជា​បុគ្គល​សំខាន់ៗ​ ដូចជា អ្នក​នយោបាយ សកម្មជន​បរិស្ថាន មេ​សហជីព អ្នក​វិភាគ និង​អ្នក​សារព័ត៌មាន​ ជាដើម ដែល​សកម្មភាព​របស់​ពួក​គេ​ច្រើន​តែ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច និង​លោក ហ៊ុន សែន​ ផ្ទាល់។ ករណី​ខ្លះ​ដែល​ឃាតក​​ត្រូវ​គេ​ស្គាល់ ប៉ុន្តែ​ពុំ​ត្រូវ​ស៊ើបអង្កេត ចោទ​ប្រកាន់ ឬ​ដាក់​ទោស​ឡើយ នេះ​បើ​យោង​តាម​របាយការណ៍​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch។

អ្នកការពារ​សិទ្ធិមនុស្ស លោក អំ សំអាត ថ្លែង​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល មិន​ចង់​ឱ្យ​មាន​ការ​រិះគន់​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​ទាំងនេះ​ទេ នោះ​រដ្ឋាភិបាល​ត្រូវ​តែ​នាំ​ខ្លួន​ឧក្រិដ្ឋជន​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ទាំងនេះ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។