មេ​ឃុំ-ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​មួយ​ចំនួន​ខ្វះ​សម្ភារៈ​និង​បន្ទប់​ការិយាល័យ​ធ្វើ​ការ

សមាជិក​ក្រុម​ប្រឹក្សា និង​មេ​ឃុំ-ចៅ​សង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​មួយ​ចំនួន ប្រឈម​ខ្វះ​សម្ភារៈ ឬ​បន្ទប់​ការិយាល័យ​ធ្វើ​ការ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​មួយ​ចំនួន មិន​មាន​សាលា​ឃុំ ឬ​បន្ទប់​ការិយាល័យ​ធ្វើ​ការ ហើយ​ខ្លះ​ទៀត​ខ្វះ​សម្ភារៈ ដោយសារ​មេ​ឃុំ-ចៅ​សង្កាត់​អាណត្តិ​ចាស់​ខ្លះ មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ឬ​យក​ទ្រព្យ​សម្បត្តិ​សាលា​ឃុំ​ដែល​មាន​ពី​មុន​ទៅ​ផ្ទះ​របស់​ខ្លួន « ពីព្រោះ​វា​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ ដល់​ពេល​យក​ទៅ​អ៊ីចឹង ខុស​ច្បាប់​ហើយ។ ទី​ពីរ មិន​ប្រគល់​បន្ទប់​ការិយាល័យ​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ការ​ពី​មុន​ទៅ​ឲ្យ​មេ​ឃុំ - ចៅ​សង្កាត់​ថ្មី​ក៏​មាន​ដែរ។ ករណី​នេះ​យើង​កំពុង​តែ​ដោះស្រាយ កំពុង​ពន្យល់​ឲ្យ​គាត់​យល់​អំពី​ការ​ផ្លាស់ប្ដូរ​ហ្នឹង វា​ជា​រឿង​ធម្មតា​ទេ ហើយ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ក៏​ត្រូវ​ទុក​ដើម្បី​ផល​ប្រយោជន៍​រួម។ មិន​ត្រូវ​យក​ទៅ​ផ្ទះ​ទេ ធ្វើ​អ៊ីចឹង​មាន​ទម្លាប់​អាក្រក់​ណាស់ ហើយ​មាន​កន្លែង​ខ្លះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​គេ មន្ត្រី​ជាប់​កិច្ចសន្យា​អី​ហ្នឹង គឺ​មេ​ឃុំ - ចៅ​សង្កាត់​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បញ្ឈប់ ហើយ​មន្ត្រី​អ្នក​ខ្លះ​យក​លុយ​កាក់​គេ កំពុង​ពិនិត្យ​មើល ហើយ​និង​កែលំអ​គាត់ »

ទាក់ទង​បញ្ហា​ទាំងនេះ​ដែរ ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចាត់​ទុក​ថា​ជា​ការ​ធ្វើ​ខុស​ឆ្គង ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់ និង​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ « ប្រកាស​របស់​ក្រសួង គឺ​តម្រូវ​ឲ្យ​ទទួល​ស្គាល់ ហើយ​ប្រកាស​របស់​ក្រសួង​ជា​ធម្មតា​ចេញ​ប្រកាស​នីមួយៗ មិន​មែន​ចេញ​តែ​ហត្ថលេខា​សម្ដេច​ក្រឡា​ហោម​រដ្ឋមន្ត្រី​ទេ គឺ​យោង​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដីពី​ការ​ចាត់​តាំង​រាជ​រដ្ឋាភិបាល យោង​ទៅ​ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រសួង​មហាផ្ទៃ យោង​ច្បាប់​ផ្សេង​ទៀត និង​យោង​ទៅ​លទ្ធផល​បោះឆ្នោត។ អ៊ីចឹង​រដ្ឋមន្ត្រី​សម្រេច​ទទួល​ស្គាល់ គឺ​ច្បាប់​ទទួល​ស្គាល់។ ដូច្នេះ​ទាំងអស់​គ្នា​ត្រូវ​តែ​គោរព​តាម​ប្រកាស ដែល​ក្រសួង​បាន​ចេញ​ប្រកាស​ហ្នឹង តែ​នរណា​មិន​គោរព​ទេ អា​ហ្នឹង​ជា​រឿង​មួយ​ផ្សេង​ទៀត។ ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង មិន​មែន​ជា​របស់​បុគ្គល​ទេ។ អា​ហ្នឹង​ជា​របស់​រដ្ឋ។ បើ​រឿង​ការ​ខ្វះខាត អា​ហ្នឹង​ជា​រួម សុំ​ឲ្យ​យោគយល់​ការ​ខ្វះខាត​ជា​បណ្ដោះអាសន្ន។ នៅ​ការិយាល័យ​របស់​ក្រសួង​មន្ទីរ នៅ​ក្រសួង​មហាផ្ទៃ ក៏​មិន​សម្បូរ​បែប​ដែរ »

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ចង់​ឲ្យ​មាន​របាយការណ៍​ច្បាស់លាស់​ពី​ករណី​ទាំងនេះ ដើម្បី​ងាយ​ដោះស្រាយ។ លោក​ចង់​បាន​ឈ្មោះ​មេ​ឃុំ-ចៅ​សង្កាត់​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ការ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ។ ការ​ខ្វះ​សាលា​ឃុំ-សង្កាត់ ជា​បញ្ហា​ខ្វះខាត​ទូទៅ ដែល​នៅ​តែ​បន្ត​ដោះស្រាយ។

ទាក់ទង​បញ្ហា​នេះ លោក យឹម សុវណ្ណ មិន​បាន​ប្រាប់​ទីតាំង​ច្បាស់​ទេ ប៉ុន្តែ​លោក​ថ្លែង​ថា លោក​កំពុង​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​លម្អិត​អំពី​ករណី​ទាំងនេះ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ហើយ​លោក​កំពុង​ណែនាំ​ដល់​មេ​ឃុំ-ចៅ​សង្កាត់​ទាំងនោះ​ឲ្យ​ដោះស្រាយ​ដោយ​សន្តិវិធី។

ចៅ​សង្កាត់​ថ្មី​នៅ​សង្កាត់​ភ្នំពេញថ្មី លោក សី ច័ន្ទតែន មាន​ប្រសាសន៍​ថា លោក​មិន​មាន​សាលា​សង្កាត់​ធ្វើ​ការ ដោយសារ​តែ​សង្កាត់​នេះ​បំបែក​ជា​ពីរ ហើយ​សាលា​សង្កាត់​ចាស់​ឋិត​នៅ​ក្នុង​ទឹក​ដី​សង្កាត់​គោកឃ្លាង ដែល​ជា​សង្កាត់​ថ្មី ប៉ុន្តែ​លោក​ថា​ថ្នាក់​ក្រសួង​អនុញ្ញាត​ឲ្យ​លោក​រក​ជួល​ទីតាំង​បណ្ដោះអាសន្ន​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។