សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ សុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា

0:00 / 0:00

សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ក្នុង​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា​ខាង​មុខ​នេះ ដើម្បី​ឱ្យ​អ្នកស្រី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ។ លោក ចាន់ ពុទ្ធិស័ក បាន​ថ្លែង​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២០ មេសា​ថា ល្មម​ដល់​ពេល​ដោះ​លែង​អ្នកស្រី ទេព វន្នី ហើយ ព្រោះ​ម្យ៉ាង​អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ ហើយ​ម្យ៉ាង​ទៀត អ្នកស្រី​ក៏​បាន​ជាប់​ពន្ធនា​អស់​រយៈ​ពេល​ពីរ​ភាគ​បី នៃ​ទោស​ជាប់​ពន្ធនាគារ​សរុប​រយៈ​ពីរ​ឆ្នាំ​កន្លះ​នោះ​ហើយ៖ «យើង​ឃើញ​ថា អ្នកស្រី ទេព វន្នី គាត់​គ្រាន់​តែ​សម្តែង​មតិ​ទាមទារ​យុត្តិធម៌​រឿង​ដីធ្លី ក៏​ដូចជា​យុត្តិធម៌​សម្រាប់​សកម្មជន​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល​តែ​ប៉ុណ្ណោះ។ល។ និយាយ​រួម​ទៅ គាត់​គ្រាន់​តែ​អ្នក​ទោស​មនសិការ​ទេ។ អ៊ីចឹង​អ្នកស្រី ទេព វន្នី ដែល​ជា​ស្ត្រី​ទន់​ខ្សោយ គឺ​គ្រប់គ្រាន់​ហើយ ដែល​គេ​ផ្ដន្ទាទោស​ធ្វើ​បាប​គាត់​ឲ្យ​ជាប់​ពន្ធនាគារ ហើយ​សម្រាប់អ្នកស្រី ទេព វន្នី មកដល់ពេលនេះ គឺ​បី​លើក​ហើយ ដែល​គាត់​ជាប់​ពន្ធនាគារ»

លោក ចាន់​ ពុទ្ធិស័ក ថ្លែង​បន្ត​ថា អ្នកស្រី ទេព វន្នី ជាប់​ពន្ធនាគារ​ដោយសារ​តែ​ការ​តស៊ូ​មតិ​រឿង​ជម្លោះ​ដីធ្លី​នៅ​​តំបន់​បឹង​កក់ ហើយ​រហូត​មក​ដល់​ពេល​នេះ លោក​ថា ជម្លោះ​ដីធ្លី​នេះ ត្រូវ​បាន​របប​លោក ហ៊ុន សែន ជួយ​ដោះ​ស្រាយ​ស្ទើរ​តែ​អស់​ទៅ​ហើយ គឺ​នៅ​សល់​តែ​ពីរ​គ្រួសារ​ទៀត​ប៉ុណ្ណោះ៖ « ហើយ​ទន្ទឹម​នឹង​ការ​ដោះស្រាយបញ្ចប់​នូវ​វិបត្តិ​ដីធ្លី នៅ​តំបន់​បឹង​កក់​ហ្នឹង ខ្ញុំ​គិត​ថា ជា​ជោគជ័យ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​បិទ​ទំព័រ​នៃ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​បឹង​កក់​ហ្នឹង »

ជា​គោល​ការណ៍​ច្បាប់ ទណ្ឌិត​ដែល​បាន​អនុវត្ត​ទោស បាន ១​ភាគ ៣ អាច​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស​បាន។ ចំណែក​ឯ​ទណ្ឌិត ដែល​បាន​អនុវត្ត​ទោស ២​ភាគ ៣ អាច​សុំ​លើក​លែង​ទោស​ទាំង​ស្រុង​តែ​ម្តង។ ជា​ទូទៅ ការ​ស្នើសុំ​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស ឬ​ការ​លើក​លែង​ទោស​ទាំង​ស្រុង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ដូច​ជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ពិធី​បុណ្យ​ពិសាខ​បូជា និង​ពិធី​បុណ្យ​អំទូក អក​អំបុក សំពះ​ព្រះ​ខែ និង​បណ្តែត​ប្រទីប។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​ពេល​ដែល​អ្នក​ស្ត្រី​ ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប រួម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ វែក​មុខ​រក​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់ លោក កែម ឡី។ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៨ អ្នកស្រី​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ប្រមាណ​ជិត ២​ឆ្នាំ ដែល​ស្មើនឹង​ពីរ​ភាគ​បី​នៃ​ទោស​ជាប់​ពន្ធនាគារ​ទាំង​មូល។

ការ​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​នេះ ស្រប​ពេល​ដែល​ក្រសួង​យុត្តិធម៌ នឹង​ពិនិត្យ​សំណើសុំ​បន្ធូរបន្ថយ និង​លើក​លែង​ទោស ដល់​ទណ្ឌិត​ចំនួន ២២៨​នាក់ នៅ​ដើម​សប្តាហ៍​ក្រោយ សម្រាប់​ឱកាស​ពិធី​បុណ្យ​ពិសាខ​បូជា។ ទណ្ឌិត​ទាំង ២២៨​នាក់ ដែល​មាន​ស្ត្រី ១៨​នាក់​ផង​នោះ កំពុង​ជាប់​ពន្ធនាគារ ក្នុង​ខេត្ត​ក្រុង​ចំនួន ១៨ និង​​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤។ ពួគ​គាត់​បាន​ស្នើសុំ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស។

កាល​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​ថ្មីៗ នេះ ក្រសួង​យុត្តិធម៌​បាន​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ​៥០​នាក់ ក្នុង​ចំណោម​ទណ្ឌិត​ចំនួន ៣២១​នាក់ ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ឬ​លើក​លែង​ទោស។ ក៏​ប៉ុន្តែ ក្នុង​ចំណោម​ទណ្ឌិត​ទាំង ៥០​នាក់​នោះ មិន​មាន​ឈ្មោះ​អ្នកស្រី ទេព វន្នី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ណា​ម្នាក់ នោះ​ឡើយ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ចាត់​ទុក​អ្នកស្រី ទេព វន្នី និង​សកម្មជន​គណបក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត ដែល​កំពុង​ជាប់​ឃុំ​ទាំង​នោះ​ថា ជា​អ្នកទោស​នយោបាយ។ មន្រ្តី​សង្គម​ស៊ីវិល​បាន​រិះគន់​របប​លោក ហ៊ុន សែន ដែល​មិន​ព្រម​ដោះ​លែង​អ្នក​ទោស​នយោបាយ ជាពិសេស​ករណី​មិន​ដោះ​លែង​អ្នកស្រី ទេព វន្នី នេះ។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ព្រះមហាក្សត្រ​បាន​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ១៥៧​នាក់ ក្នុង​នោះ ស្រី ២០​នាក់ ក្នុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន ៧២​នាក់ ពិធី​បុណ្យ​ពិសាខ​បូជា​ចំនួន ៣៥​នាក់ និង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ៥០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។