គណៈកម្មការ​ទី​២​រដ្ឋសភា​ទាមទារ​ឲ្យ​អគ្គលេខាធិការ​ផ្ដល់​ឯកសារ​ចំណាយ​និង​គ្រប់គ្រង

0:00 / 0:00

គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា សាកសួរ​អគ្គលេខាធិការ​រដ្ឋសភា​ពី​ការ​ចាយ​វាយ​ថវិកា​រដ្ឋសភា ដែល​ត្រូវ​គេ​សង្ស័យ​ថា អាច​មាន​ភាព​មិន​ប្រក្រតី ឬ​ពុក​រលួយ។ នោះ​ជា​ការ​សាកសួរ​បឋម ហើយ​គណៈកម្មការ​សភា អាច​នឹង​ចាប់​ផ្ដើម​ស៊ើប​អង្កេត​បន្ទាប់​ពី​ប្រមូល​ឯកសារ​គ្រប់គ្រាន់ ទាក់ទង​នឹង​ការ​ចំណាយ​មិន​ប្រក្រតី​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ១១​លាន​ដុល្លារ និង​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ។

គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម ឬ​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ទាមទារ​ឲ្យ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ថវិកា​ឲ្យ​បាន​ឆាប់ ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត។

អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា លោក សុន ឆ័យ ដែល​ដឹក​នាំ​កិច្ច​ប្រជុំ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា នោះ​មាន​ប្រសាសន៍​ថា ការ​កោះ​អញ្ជើញ​អគ្គលេខាធិការ​រដ្ឋសភា​មក​សាកសួរ​នេះ បន្ទាប់​ពី​មាន​ការ​សង្ស័យ​ពី​ភាព​មិន​ប្រក្រតី ចំពោះ​ការ​ដេញ​ថ្លៃ​គម្រោង​សាងសង់​ដង​ទង់ជាតិ​នៅ​សភា ដែល​មាន​តម្លៃ​ជាង ៣​ម៉ឺន​ដុល្លារ។ លើស​ពី​នេះ ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៤ មាន​បញ្ហា​សង្ស័យ​ក្នុង​ទំហំ​ចំណាយ​ជាង ១១​លាន​ដុល្លារ៖ «ប៉ុន្មាន​សប្ដាហ៍​មុន​នេះ សមាជិក​គណៈកម្មការ​ទី​២ បាន​ទៅ​អង្កេត​ការ​ដេញ​ថ្លៃ​គម្រោង​ទង់ជាតិ​កំណត់​ក្នុង​សំណើ​ចំណាយ​ថវិកា​ក្នុង​តម្លៃ ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ក្នុង​ដង​ទង់ជាតិ​មួយ ហើយ​យើង​ទៅ​ឃើញ​មាន​ភាព​មិន​ប្រក្រតី។ គណៈកម្មការ​ទី​២​រដ្ឋសភា​ហ្នឹង​មាន​ភារកិច្ច​សវនកម្ម​ដែរ ប៉ុន្តែ​ខាង​អគ្គលេខាធិការ​គាត់​លាក់​ឯកសារ។ យើង​ក៏​បាន​ប្រាប់​ឲ្យ​អគ្គលេខាធិការដ្ឋាន​ហ្នឹង​យល់​ឲ្យ​បាន​ច្បាស់​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់​តាំង​ពី​ការ​ដាក់​ក្រុម​គ្រួសារ​ក្នុង​តួនាទី ការ​ចាយ​វាយ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ភ្ញៀវ និង​បេសកកម្ម​ដែល​មាន​ទំហំ​ទឹក​ប្រាក់ ១១​លាន​ដុល្លារ​កន្លះ​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ​មាន​ការ​ទិញ​រថយន្ត ការ​ទិញ​ម៉ាស៊ីន​ថត​ចម្លង​អី​ហូរហែ​ហ្នឹង គឺ​សុំ​ឲ្យ​គាត់​ផ្តល់​ឯកសារ»

លោក សុន ឆ័យ បញ្ជាក់​ថា បញ្ហា​ដែល​សង្ស័យ​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ ត្បិត​ក្នុង​កិច្ច​ប្រជុំ​នោះ អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​បដិសេធ​សំណើ​សុំ​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នានា ដោយ​សំអាង​ថា រាល់​ឯកសារ​ចំណាយ​ត្រូវ​ឆ្លង​កាត់​ការ​អនុញ្ញាត​ពី​ប្រធាន​រដ្ឋសភា។

អនុប្រធាន​គណៈកម្មការ​ទី​២ និង​ជា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ដាក់​លិខិត​ទៅ​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ដោយ​ស្នើ​ពិនិត្យ​បញ្ជី​បុគ្គលិក​សភា​ទាំងអស់ ព្រម​ទាំង​ពន្យល់​ពី​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ។ លិខិត​នោះ បាន​ចុច​ឈ្មោះ​ចំៗ​ទៅ​លើ​អគ្គលេខាធិការ​រង​រដ្ឋសភា​ឈ្មោះ មិត្ត ការ៉េន ដែល​មាន​សាច់ញាតិ​ជាច្រើន​នាក់​បំពេញ​ការងារ​នៅ​នាយកដ្ឋាន​សំខាន់ៗ​នៃ​រដ្ឋសភា។

យ៉ាង​ណា​ក៏ដោយ លោក ឡេង ប៉េងឡុង និង​លោក មិត្ត ការ៉េន មិន​បាន​ផ្ដល់​ការ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ឡើយ នៅ​ពេល​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ស្ថាប័ន​រដ្ឋសភា គឺ​ជា​គំរូ​ដល់​ស្ថាប័ន​ផ្សេង​ទៀត ជាពិសេស​គឺ​ជា​គំរូ​ដល់​រដ្ឋាភិបាល​ដែល​ត្រូវ​ធានា​ថា ការងារ​ដែល​ពាក់ព័ន្ធ​ដល់​ថវិកា​ជាតិ​ត្រូវ​តែ​មាន​តម្លាភាព៖ «រចនាសម្ព័ន្ឋ​របស់​រដ្ឋសភា ហើយ​អ្នក​តំណាង​រាស្ត្រ​ក្នុង​ហ្នឹង​កាន់​គណៈកម្មការ​ហិរញ្ញវត្ថុ​ទៀត មិន​អាច​បើក​ឲ្យ​គេ ហើយ​ធ្វើ​ម៉េច​ទៅ? ដែល​អាច​ឲ្យ​រដ្ឋសភា​ទៅ​ធ្វើ​ការ​តាម​ដាន​​រដ្ឋាភិបាល​បាន បើ​ក្នុង​រចនាសម្ព័ន្ធ​ខ្លួន​ឯង​ធ្វើ​មិន​បាន​ផង។ ធ្ងន់​ណាស់ បើ​យើង​អត់​ធ្វើ​រឿង​ហ្នឹង​បាន​​ទេ យើង​សង្ឃឹម​អី​ទៅ ពិនិត្យ​​ការងារ ទៅ​ដេញ​ដោល​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ឯកសារ ដើម្បី​ពិនិត្យ​មើល​ការ​ចាយ​វាយ​អី​ឲ្យ​បាន​ត្រឹមត្រូវ»

អនុប្រធាន​គណៈកម្មការ​ទី​២​រដ្ឋសភា លោក ស៊ុន ឆ័យ បញ្ជាក់​ថា គណៈកម្មការ​នេះ​បាន​បង្កើត​ក្រុម​ការងារ​មួយ ដែល​នឹង​តាម​ដាន​សំណើ​សុំ​ឯកសារ​ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែល​នឹង​ឈាន​ទៅ​កិច្ចការ​សវនកម្ម។ ក្រុម​ការងារ​នោះ ដឹក​នាំ​ដោយ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប គឺ​លោក ឈឹម ម៉ា និង​លោក ឡុង ប៊ុន្នី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។