តើ​ភាព​ចលាចល​នៅ​ថៃ​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កម្ពុជា​ដែរ​ឬ​ទេ?

ភាព​ចលាចល​នៅ​ប្រទេស​ថៃ បាន​កើត​មាន​ដោយ​គណបក្ស​ប្រឆាំង​របស់​ថៃ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ថា​គ្មាន​សមត្ថភាព និង​មាន​នយោបាយ​ការ​បរទេស​ទន់​ជ្រាយ​រឿង​ប្រាសាទ​ព្រះវិហារ។ ភាព​ចលាចល​នោះ​អាច​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ថយ​ចុះ និង​ប៉ះពាល់​ដល់​ប្រទេស​នានា រួម​ទាំង​ប្រទេស​កម្ពុជា ផង។

0:00 / 0:00

វិស័យ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​អាច​រង​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​នៅ​ប្រទេស​ថៃ គឺ​វិស័យ​ទេសចរណ៍ និង​បន្ថយ​បរិមាណ​ទំនិញ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ថៃ ជា​ប្រទេស​ឧស្សាហកម្ម​ដែល​មាន​សមត្ថភាព​ផលិត និង​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក និង​អាស៊ី។ ប៉ុន្តែ​បច្ចុប្បន្ន ប្រទេស​នេះ​អាច​បាត់​បង់​សមត្ថភាព​ផលិត និង​នាំ​ចេញ ដោយសារ​តែ​កលិយុគ​នយោបាយ។

សារព័ត៌មាន​ជា​ច្រើន​របស់​ថៃ បាន​រាយការណ៍​ថា វិបត្តិ​នយោបាយ​របស់​ថៃ កើត​ឡើង​ដោយសារ​តែ​គណបក្ស​ប្រឆាំង​យក​លេស​ថា រដ្ឋាភិបាល​ថៃ មិន​មាន​សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​ប្រទេស​រឿង​បំបាត់​អំពើ​ពុក​រលួយ អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ចំណាយ ជា​ពិសេស​ចំណាយ​ខ្ជះខ្ជាយ​ពី​គោល​នយោបាយ​អប្បបរមា​កំណត់​តម្លៃ​ស្រូវ​របស់​ថៃ ជាដើម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា មិន​ទាន់​ទទួល​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​នយោបាយ​របស់​ថៃ ឡើយ។ ប៉ុន្តែ ប្រសិន​វិបត្តិ​នេះ​អូស​បន្លាយ​យូរ​អង្វែង វា​អាច​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​បញ្ហា​ទំនិញ​ឡើង​ថ្លៃ និង​វិស័យ​ទេសចរណ៍។ បច្ចុប្បន្ន បញ្ហា​ឡើង​ថ្លៃ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ប្រទេស​កម្ពុជា កើត​ឡើង​ដោយសារ​តែ​អ្នក​បង្ខូច​តម្លៃ ដែល​គេ​យក​លេស​ថា វិបត្តិនយោបាយ​របស់​ប្រទេស​ថៃ និង​គោល​នយោបាយ​រឹត​បន្តឹង​ស្ថាប័ន​គយ ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ។

ប្រធាន​ស្ដីទី​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ភាព​រង្គោះរង្គើ​នៅ​ប្រទេស​ថៃ នឹង​ប៉ះពាល់​ដល់​ការ​ឡើង​ថ្លៃ​ទំនិញ​ប្រើប្រាស់ ឬ​គ្រឿង​ឧបភោគ​បរិភោគ​នានា។

«សំឡេង»

លោក ស្រី ចន្ធី បាន​បញ្ជាក់​ទៀត​ថា មូលដ្ឋាន​ផលិត​ស្បៀង​អាហារ​របស់​កម្ពុជា មាន​សមត្ថភាព​តិចតួច ដែល​អាច​ផលិត​ជំនួស​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​នានា។

ក្រៅ​ពី​បញ្ហា​នេះ វិបត្តិ​របស់​ថៃ នឹង​ប៉ះពាល់​វិស័យ​ទេសចរណ៍​ដែល​ទ្រទ្រង់​បង្កើត​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ប៉ុន្តែ ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក អាង គឹមអៀង មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា មិន​ប៉ះពាល់​ពី​វិបត្តិ​នៅ​ប្រទេស​ថៃ ឡើយ ដោយសារ​ប្រទេស​ថៃ មិន​មែន​ជា​ច្រក​តែ​មួយ​ដែល​នាំ​អ្នក​ទេសចរ​មក​ទស្សនា​កម្ពុជា ទេ។ ម៉្យាង​វិញ​ទៀត ជើង​យន្តហោះ​ដែល​ហោះ​ត្រង់​មក​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​មុន រហូត​ដល់​ជាង ២០​ក្រុមហ៊ុន។

លោក​បញ្ជាក់​ទៀត​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ប្រទេស​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀត​ដែល​មក​ទស្សនា​កម្ពុជា ហ៊ាន​ចំណាយ​ច្រើន ប៉ុន្តែ​ភ្ញៀវ​ទាំង​នោះ​ភាគ​ច្រើន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ថៃ។ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់ ស្រប​ពេល​ដែល​ប្រទេស​ថៃ កំពុង​កើត​មាន​វិបត្តិ​នយោបាយ។ ការ​បាត់​បង់​នោះ គឺ​តាម​រយៈ​ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយសារ​តែ​កម្ពុជា មិន​មាន​ជើង​យន្តហោះ​ផ្ទាល់​ពី​ប្រទេស​ជឿនលឿន​ទាំង​នោះ​មក​កម្ពុជា ឡើយ។

«សំឡេង»

ស្រប​ពេល​ដែល​ជំនាញ​របស់​កម្ពុជា បាន​អះអាង​ថា​មិន​ប៉ះពាល់​ពី​វិបត្តិ​ដែល​កើត​ឡើង​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ និង​អ្នក​សេដ្ឋកិច្ច​របស់​ថៃ បាន​ព្រមាន​ថា ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច ការ​នាំ​ចេញ និង​ការ​វិនិយោគ​បរទេស​នានា ប្រសិន​បើ​វិបត្តិ​នៅ​តែ​បន្ត ឬ​មិន​អាច​ដោះស្រាយ​បាន។

គេហទំព័រ​សារព័ត៌មាន​របស់​ថៃ ឈ្មោះ ឌឹ ណេសិន (The Nation) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​ដក​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ លោក និវ៉ាត់ថាំរ៉ុង (Niwatthumrong Boonsongpaisan) ថា ការ​នាំ​ចេញ​របស់​ថៃ នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៣ ហើយ​ប្រឈម​នៅ​ឆ្នាំ​ក្រោយ​ទៀត។ វិបត្តិ​នេះ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អ្នក​បញ្ចា​ទិញ​ទំនិញ​អន្តរជាតិ និង​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​ដែរ។

បញ្ហា​ទាំងអស់​នេះ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ ធ្លាក់​ចុះ​ប្រមាណ ៣% នៅ​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​អ្នក​សេដ្ឋកិច្ច​ថៃ បាន​ព្យាករ​ថា​នឹង​មាន​កំណើន ៣,៧% កន្លង​មក​នោះ។ បន្ថែម​លើ​នេះ ការ​នាំ​ចេញ​របស់​ថៃ នឹង​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០១៣។

គេហទំព័រ​របស់​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀត​ថា អ្នក​បញ្ជា​ទិញ​ទំនិញ​ថៃ បាត់​បង់​ទំនុក​ចិត្ត​លើ​ការ​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​នេះ ដោយសារ​តែ​អាជីវករ ឬ​ពាណិជ្ជករ​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក ជឿ​ជាក់​ថា ការ​បញ្ចា​ទំនិញ​នឹង​ជួប​បញ្ហា​ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន។

បញ្ហា​កំពុង​កើត​មាន​នៅ​ប្រទេស​ថៃ នេះ នឹង​ប៉ះពាល់​ដល់​ប្រទេស​ជិត​ខាង ដូច​ជា ប្រទេស​កម្ពុជា ជា​ដើម ដែល​មូលដ្ឋាន​ផលិតកម្ម​របស់​កម្ពុជា ភាគ​ច្រើន​ពឹង​លើ​ការ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ។ របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ថា កម្ពុជា នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ មាន​ច្រើន​ជាង​កម្ពុជា នាំ​ចេញ​ទៅ​វិញ​ចំនួន ១០​ដង។ កម្ពុជា នាំ​ចេញ​ទៅ​ថៃ មាន​តម្លៃ ១០០​លាន​ដុល្លារ ប៉ុន្តែ​បរិមាណ​នាំ​ចូល​ពី​ប្រទេស​ថៃ វិញ មាន​តម្លៃ ១​ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​អះអាង​ថា វិបត្តិ​នយោបាយ​របស់​ថៃ និង​គោល​នយោបាយ​រឹត​បន្តឹង​ស្ថាប័ន​គយ​របស់​កម្ពុជា មិន​ទាន់​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​បញ្ហា​ឡើង​ថ្លៃ​ទំនិញ​ឡើយ។ ប៉ុន្តែ កត្តា​ដែល​ជំរុញ​ឲ្យ​ទំនិញ​នៅ​កម្ពុជា ឡើង​ថ្លៃ​បច្ចុប្បន្ន ដោយសារ​តែ​ជន​ឱកាស​និយម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។