អ្នកនយោបាយចាស់វស្សាដែលធ្លាប់ដណ្ដើមសន្លឹកឆ្នោតការប្រកួតកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចេញចូលក្នុងឆាកនយោបាយនោះ ឥឡូវនេះហាក់ដូចជាព្រះអង្គបានប្ដេជ្ញាចិត្តយ៉ាងមុតមាំមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញ ទោះបីជាសមាជិករបស់ខ្លួនកាលពីមុនបានធ្វើបក្សប្រហារព្រះអង្គបណ្ដេញចេញពីបក្សក៏ដោយ។
ការយាងចូលក្នុងឆាកនយោបាយវិញរបស់សម្ដេចក្រុមព្រះ ហាក់ដូចជាមិនធ្វើឲ្យមានការចាប់អារម្មណ៍ពីអ្នកតាមដានស្ថានការណ៍នយោបាយនោះឡើយ។ ក្រុមអ្នកវិភាគលើកឡើងថា ព្រះអង្គនឹងមិនអាចធ្វើឲ្យស្ថានភាពប្រទេសកម្ពុជា បានល្អប្រសើរនោះទេ។
អតីតនាយករដ្ឋមន្ត្រីទី១ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាតួអង្គដ៏សំខាន់នៅក្នុងការដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា កាលពីអាណត្តិទី១ រហូតដល់ដណ្ដើមបានជ័យជម្នះ។
តែក្រោយមក គណបក្សហ៊្វុនស៊ិនប៉ិច បានថយសំឡេងឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ រហូតដល់បាត់សំឡេងនៅអាណត្តិទី៥ នេះ។ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ គណបក្សហ៊្វុនស៊ិនប៉ិច បានយាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកដឹកនាំគណបក្សនេះវិញ ក្រោយពីបណ្ដេញព្រះអង្គចេញពីគណបក្សអស់រយៈពេលប្រមាណ ៩ឆ្នាំកន្លងមក។
ការយាងចូលក្នុងឆាកនយោបាយឡើងវិញរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងធ្វើជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នេះ ត្រូវបានក្រុមអ្នកវិភាគលើកឡើងថា ព្រះអង្គហាក់ដូចជាយឺតពេលក្នុងការស្ដារគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញ។
សាស្ត្រាចារ្យអក្សរសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកវិភាគសង្គម លោក ហែម កូយ មានប្រសាសន៍ថា ការយាងត្រឡប់ចូលឆាកនយោបាយវិញរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នេះ ព្រះអង្គនឹងមិនអាចធ្វើអ្វីៗបានសម្រាប់ប្រទេសជាតិទេ។ ម្យ៉ាងទៀត ការដណ្ដើមយកប្រជាប្រិយភាពពីការគាំទ្រពីប្រជាពលរដ្ឋនោះ ក៏មានការលំបាកដែរ៖ «អ្វីដែលព្រះអង្គចង់ធ្វើកាលពីព្រះអង្គមានអំណាចនោះ ព្រះអង្គធ្វើអ្វីមិនបានទេ កាលនោះ ព្រះអង្គនៅមានអំណាច មានកងទ័ព ក៏ព្រះអង្គនៅតែធ្វើមិនបាន ចុះឥឡូវព្រះអង្គគ្មានអ្វីសោះ តើព្រះអង្គអាចធ្វើកើត?»។
ការចងសម្ព័ន្ធភាពរវាង លោក ញ៉ឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះ មិនមែនជាលើកទី១នោះទេ។ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តមរណឫទ្ធិ បានចងសម្ព័ន្ធភាពគ្នារវាងភាគី លោក ញ៉ឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីមុនបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១២ ដោយមានការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឡើងនៅវិមានសន្តិភាព។ ប៉ុន្តែសម្ព័ន្ធភាពរវាង លោក ញ៉ឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នេះ បានរយៈពេលខ្លីក៏បែកបាក់គ្នាជាថ្មីម្ដងទៀត រហូតដល់សម្ដេចក្រុមព្រះ បានប្រកាសថា ព្រះអង្គឈប់ធ្វើនយោបាយ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានព្រះរាជបន្ទូលថា ព្រះអង្គមិនចង់លើកពីរឿងអតីតកាលរវាងការបែកបាក់គណបក្សហ៊្វុនស៊ិនប៉ិច កាលពីមុននោះទេ។ តែព្រះអង្គបញ្ជាក់ថា វត្តមានរបស់ព្រះអង្គនៅក្នុងឆាកនយោបាយវិញនៅពេលនេះ ក្នុងគោលបំណងធំបង្រួបបង្រួមអ្នករាជានិយម៖ «គោលដៅរបស់ខ្ញុំតែមួយគត់ គឺប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម។ ការដែលយើងបែកបាក់គ្នាមានបក្សពីរ ឬបីនេះហើយ ដែលធ្វើឲ្យមាន។ល។ គឺការបាត់បង់អ្នកគាំទ្រ»។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ នៅក្នុងអាណត្តិបោះឆ្នោតលើកដំបូងតាមបែបប្រជាធិបតេយ្យនៅឆ្នាំ១៩៩៣។ នៅក្នុងអាណត្តិទី២ ឆ្នាំ១៩៩៨ នៅពេលនោះ គណបក្សហ៊្វុនស៊ិនប៉ិច បានបាត់បង់អ្នកគាំទ្រ គឺនៅសល់តែ ៤៤អាសនៈទេ។ ការធ្លាក់ចុះនេះ ដោយសារតែការបែកបាក់ផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដូចជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតគណបក្សផ្សេងមាន លោក អ៊ឹង ហួត និងលោក សម រង្ស៊ី ជាដើម។
នៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ ការយាងមកបង្រួបបង្រួមអ្នករាជានិយមរបស់សម្ដេចក្រុមព្រះ នេះ អ្នកវិភាគពន្យល់ថា វាមិនងាយស្រួលដូចដែលព្រះអង្គមានព្រះរាជបន្ទូលនោះទេ។ លើសពីនេះទៀត អ្នកវិភាគពន្យល់ថា ការយាងចូលក្នុងឆាកនយោបាយនេះ អាចថាជាល្បែងនយោបាយរបស់គណបក្សណាមួយនៅពីក្រោយខ្នងរបស់ព្រះអង្គតែប៉ុណ្ណោះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការយាងត្រឡប់មកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញរបស់សម្ដេចក្រុមព្រះ នេះ នរណាក៏ដឹងដែរថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនដណ្ដើមជ័យជម្នះបានទេក្នុងការបោះឆ្នោតនីតិកាលទី៦ ខាងមុខ។ ក៏ប៉ុន្តែអ្វីដែលជំរុញឲ្យព្រះអង្គយាងមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច វិញនេះ អាចថាគណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានអាសនៈមួយចំនួននៅក្នុងរដ្ឋសភា ដើម្បីចាប់ដៃគូជាមួយគណបក្សប្រជាជនកម្ពុជា នៅក្រោយពេលបោះឆ្នោត ជៀសវាងមានការជាប់គាំងដូចការបោះឆ្នោតឆ្នាំ២០១៣ នេះ៖ «ព្រះអង្គមានព្រះរាជបន្ទូលថា ព្រះអង្គមិនអាចចោលគណបក្សប្រជាជនកម្ពុជា ទេ ដោយសារមានព្រះរាជបណ្ដាំពីអតីតព្រះមហាក្សត្រ។ ដូច្នេះ គណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនយកគណបក្សប្រជាជនកម្ពុជា ជាផ្ទាំងស៊ីបប្រកួតប្រជែងទេ បើមិនយកគណបក្សប្រជាជនកម្ពុជា គឺមិនអាចធ្វើឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋទេ»។
លោកបណ្ឌិត សុខ ទូច បន្ថែមថា ការយាងចូលក្នុងឆាកនយោបាយរបស់ព្រះអង្គវិញនេះ ហាក់គ្មានយុត្តិសាស្ត្រអ្វីថ្មីក្រៅពីយកកេរមរតករបស់អតីតព្រះមហាក្សត្រ មកបង្ហាញប្រជាពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនធ្វើឲ្យមានការប្រែប្រួលសម្រាប់ស្ថានការណ៍នយោបាយរបស់កម្ពុជា បាននោះដែរ៖ «ព្រះអង្គប្រើនយោបាយចាស់ដដែល គឺនយោបាយស៊ីកេរ្តិ៍ និងនយោបាយលក់កេរ្តិ៍របស់សម្ដេចសីហនុ ព្រះអង្គអត់មានយុទ្ធសាស្ត្រអីថ្មីមកទេ មានតែយកស្នាដៃរបស់ព្រះបាទសម្ដេច នរោត្តម សីហនុ»។
ក្រៅពីនេះទៀត អ្នកវិភាគបានសង្កត់ធ្ងន់ថា ការប្រមែប្រមូលអ្នករាជានិយមរបស់សម្ដេចក្រុមព្រះ នេះ នឹងមិនទទួលបានជោគជ័យនោះឡើយ ពីព្រោះថា អតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច មួយចំនួន បានទៅចាក់ឫសយ៉ាងជ្រៅនៅក្នុងគណបក្សប្រជាជនកម្ពុជា និងនៅគណបក្សសង្គ្រោះជាតិ។ល។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា គណបក្សហ៊្វុនស៊ិនប៉ិច បើចង់ធ្វើកំណែទម្រង់ប្រមូលអ្នករាជានិយមនោះ គឺត្រូវធ្វើកំណែទម្រង់តាំងពីអាណត្តិទី២ ឆ្នាំ១៩៩៨ នៅពេលគណបក្សនេះបានបាត់បង់អ្នកគាំទ្រយ៉ាងច្រើន និងមានការបែកបាក់ផ្ទៃក្នុងនោះ។ តែឥឡូវនេះ ទោះបីមានវត្តមានសម្ដេចក្រុមព្រះ ក៏មិនអាចស្ដារគណបក្សហ៊្វុនស៊ិនប៉ិច វិញបានដែរ៖ «គណបក្សហ៊្វុនស៊ិនប៉ិច នឹងមិនទទួលបានលទ្ធផលច្រើនទេ ដោយសារព្រះអង្គដែលចេញពីនយោបាយម្ដងៗ ហើយម្ដងទៀតនោះ លុះត្រាណាអ្នកនយោបាយចាស់ៗរបស់ហ៊្វុនស៊ិនប៉ិច ធ្វើជាទីប្រឹក្សាសម្រាប់សែរាជវង្សានុវង្សក្មេងៗ ក្នុងការប្រកួតប្រជែងអាចមានលទ្ធផលល្អខ្លះ»។
នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៦ មករា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែមានជំនឿយ៉ាងមុតមាំថា ព្រះអង្គនឹងអាចប្រមូលអ្នករាជានិយមឲ្យមកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច វិញបាន។ ក៏ប៉ុន្តែបញ្ហាជាក់ស្ដែងនោះ អាស្រ័យលើប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តនៅពេលបោះឆ្នោតនៅពេលខាងមុខ។
ក្រៅពីនេះទៀត សម្ព័ន្ធភាព ឬការចាប់ដៃគ្នាឡើងវិញរវាងព្រះអង្គ និងលោក ញ៉ឹក ប៊ុនឆៃ ថាតើនឹងរឹងមាំក្នុងកម្រិតណា ព្រោះថា អ្នកទាំងពីរធ្លាប់មានបទពិសោធន៍ម្ដងរួចហើយ ដោយចាប់ដៃជាមួយគ្នា ហើយក៏លែងគ្នាវិញនៅកណ្ដាលទី នៅមុនពេលការប្រកួតក្នុងការបោះឆ្នោតឃុំសង្កាត់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។