រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះការស្លាប់របស់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ទិត្យ រ៉ន ហើយទាមទារឱ្យរបបលោក ហ៊ុន សែន ចាត់ការយុត្តិធម៌ និងតម្លាភាពជូនជនរងគ្រោះ ក្នុងករណីស្លាប់នេះ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិក ក៏ទាមទារឱ្យរបបលោក ហ៊ុន សែន បញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញមកលើមន្ត្រីបក្សប្រឆាំង។ ប៉ុន្តែ មន្ត្រីរបបលោក ហ៊ុន សែន វិញ ថាអ្នកទទៃ កុំចេះឈឺឆ្អាលរឿងខ្មែរ កម្ពុជាជារដ្ឋអធិបតេយ្យ និងឯករាជ្យ មិនចំណុះតាមការចង់បានរបស់រដ្ឋបរទេសណាឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១៧ ខែឧសភា នេះ ក្រសួងការបរទេសអាមេរិក សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលសកម្មជនគណបក្សប្រឆាំងលោក ទិត្យ រ៉ន ស្លាប់នៅក្នុងពន្ធនាគារ។ សហរដ្ឋអាមេរិក អំពាវនាវឱ្យរបបលោក ហ៊ុន សែន ចាត់ការស៊ើបអង្កេតដោយឯករាជ្យ និង ជាបន្ទាន់មួយ ដើម្បីរកឱ្យឃើញមូលហេតុពិតនៅពីក្រោយការចាប់ខ្លួន និងការស្លាប់របស់មន្ត្រីបក្សប្រឆាំងរូបនេះ។
ឆ្លើយតបទៅនឹងជំហររដ្ឋាភិបាលសហរដ្ឋអាមេរិក មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន ថា អាជ្ញាធររបបនេះ ចេះចាត់ចែងរឿងនេះហើយ មិនចាំបាច់សហរដ្ឋអាមេរិក ឬប្រទេសដទៃណាមួយ មកលូកដៃ ឬគិតគូររឿងនេះជំនួសម្ចាស់ប្រទេសនោះទេ។ លោកអះអាងថា រដ្ឋាភិបាលកម្ពុជា កំពុងតាមដានរឿងយ៉ាងយកចិត្តទុកដាក់បំផុត។ លោកបន្តថា ព្រះរាជអាជ្ញា ដែលកាន់រឿងក្តី នេះកំពុងស៊ើបអង្កេត ហើយនឹងបង្ហាញលទ្ធផលតាមដាននេះ៖ «នៅពេលដែលបុគ្គលណាមួយ ដែលស្លាប់នៅក្នុងពន្ធនាគារ យើងចាំអារម្មណ៍ខ្ពស់ណាស់ ថាតើវាពាក់ព័ន្ធនឹងទារុណកម្ម ឬពាក់ព័ន្ធនឹងអ្វី។ ត្រូវតែមានលទ្ធផលប្រកាស តាមរយៈក្រសួងយុត្តិធម៌នេះឯង។ មិនចាំបាច់មានរដ្ឋាភិបាលណា ឬអង្គការណាមកប្រដៅឱ្យយើងធ្វើទេ។ ជាយន្តការ យើងត្រូវតែធ្វើដូច្នេះជាចាំបាច់»។
លោក ទិត្យ រ៉ន ស្លាប់ក្នុងពន្ធនាគារ នៅខេត្តកំពង់ចាម កាលពីខែមេសា ដែលសង្ស័យថា ស្លាប់ដោយសារអំពើទារុណកម្ម ក្នុងពេលជាប់ឃុំ ព្រោះសាកសពរបស់លោក មានស្នាមជាំខ្មៅ និងរបួសខ្លាំងនៅលើរង្វង់ភ្នែក និងចិញ្ចើមខាងស្ដាំ។ ភ្លាមៗនោះ មន្ត្រីតុលាការខេត្តកំពង់ចាម ច្រានចោលការសង្ស័យនេះ ដោយអះអាងថា តាមការស៊ើបអង្កេត គឺជនរងគ្រោះ ស្លាប់ដោយសារដួលខ្លួនឯង។
ទោះជាយ៉ាងនេះក្ដី មន្ត្រីអង្គការសង្គមស៊ីវិល មិនជឿលើការអះអាងនេះទេ និងទាមទារឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ទើបសាធារណជនអស់មន្ទិល និងដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការស៊ើបអង្កេត ដែលអាចគួរឱ្យជឿទុកចិត្តបាន គឺទាល់តែមានការចូលរួមពីអង្គការសង្គមស៊ីវិល និង ស្ថាប័នឯករាជ្យឯទៀត បើមិនដូច្នេះទេ ការស៊ើបអង្កេតណាមួយ ដែលមានតែភាគីរដ្ឋាភិបាល គឺមិនខុសពីការស៊ើបអង្កេតករណីឃាតកម្ម មុនៗនោះដែរ ៖ «ទម្លាប់កន្លងមក យើងឃើញមានករណីជាច្រើនហើយ ដែលរដ្ឋាភិបាល បានអះអាងថា ខ្លួនបានបង្កើតគណៈកម្មការស៊ើបអង្កេត ដូចជាករណីធំៗ ឃាតកម្មលើលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និង ឃាតកម្មលើតារាចម្រៀង និង អ្នកការពារសង្គមផ្សេងៗទៀត យើងឃើញថា រដ្ឋាភិបាលអះអាងថា បានបង្កើតគណៈកម្មាធិការ ដើម្បីស៊ើបអង្កេត។ ប៉ុន្តែ យើងឃើញហើយ លទ្ធផលនៃការស៊ើបអង្កេតទាំងអស់នោះ គឺមិនមានការផ្ដល់យុត្តិធម៌ទេ ហើយក្រុមគ្រួសារហ្នឹង រង់ចាំយុត្តិធម៌ហ្នឹង ហាក់បីដូចជាឆ្ងាយនៅជើងមេឃ » ។
លោក អំ សំអាត បន្ថែមថា មានតែការស៊ើបអង្កេត ដោយឯករាជ្យ និងតម្លាភាព ដែលអាចជឿជាក់បានតែប៉ុណ្ណោះ ទើបអាចស្ដារមុខមាត់ និងសុចរិតភាពរបស់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល និង ជួយពង្រឹងផ្នែកយុត្តិធម៌ព្រហ្មទណ្ឌផង។
បន្ថែមទៅលើសារអំពាវនាវឱ្យស៊ើបអង្កេតរឿងលោក ទិត្យ រ៉ន នេះ ក្រសួងការបរទេសអាមេរិក ក៏បានសម្ដែងក្តីបារម្ភផងដែរ ចំពោះការធ្វើទុក្ខបុកម្នេញលើមន្ត្រីគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន ដែលរបបលោក ហ៊ុន សែន បានកោះហៅជាបន្តបន្ទាប់ កើនឡើងដល់ ៧០នាក់ហើយ គិតមកត្រឹមថ្ងៃទី១៧ ខែឧសភា។
សហរដ្ឋអាមេរិក ស្នើឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយ លើមន្ត្រីបក្សប្រឆាំងទាំងអស់ និងអ្នកហ៊ានរិះគន់របបនេះផ្សេងទៀត និងត្រូវដោះលែងអ្នកទោសមនសិការ ដែលរបបនេះចាប់ចង និងឃុំខ្លួនតាមអំពើចិត្ត ឬដោយមិនត្រូវតាមនីតិវិធីច្បាប់ ក្នុងនោះមានទាំងប្រធានគណបក្សប្រឆាំងលោក កឹម សុខា ផង។
ជុំវិញរឿងនេះ លោក ផៃ ស៊ីផាន អះអាងថា ចំណាត់ការទាំងឡាយរបស់អាជ្ញាធរកម្ពុជា គឺស្របតាមនីតិវិធីច្បាប់ និងស្នើឱ្យអាមេរិកដកដៃចេញពីរឿងនេះ ដើម្បីកុំឱ្យលោក កឹម សុខា កាន់តែផុងខ្លួនជ្រៅថែមទៀត ព្រោះលោកអះអាងថា បទចោទពីរឿងក្បត់ជាតិនោះ មានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកផងដែរ ៖ «ចំពោះខ្ញុំផ្ទាល់ ខ្ញុំសុំឱ្យបរទេសទាំងអស់ដកដៃចេញ កុំឱ្យដាក់សម្ពាធបន្ថែម ព្រោះរឹតតែបង្កើតករណីសង្ស័យបន្ថែមលើ កឹម សុខា ដែលជាបុគ្គល ទទួលបន្ទុកនៃការសង្ស័យពីតុលាការស្រាប់ទៅហើយនោះ » ។
លោក អំ សំអាត មិនភ្ញាក់ផ្អើលនឹងជំហររបស់អ្នកនាំពាក្យរដ្ឋាភិបាលទេ ព្រោះលោកថាជាធម្មតាមន្ត្រីរដ្ឋាភិបាល តែងតែថ្លែងការពាររដ្ឋាភិបាល។ ប៉ុន្តែលោកបន្តថា អ្វីដែលជាបញ្ហាជាក់ស្ដែង គឺមិនដូចការអះអាងរបស់មន្រ្តីទាំងនោះ នោះទេ ព្រោះសហគមន៍អន្តរជាតិ ក៏មើលឃើញនូវការធ្វើទុក្ខបុកម្នេញយ៉ាងធ្ងន់ធ្ងរលើសំឡេងប្រឆាំង។ ចំណាត់ការលើមន្រ្តីបក្សប្រឆាំង គឺជារឿងនយោបាយ ដើម្បីធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ច្រើនជាងការអនុវត្តនីតិរដ្ឋពិតប្រាកដ។ លោកលើកឡើងអំពីចំណាត់ការរបស់សហភាពអឺរ៉ុប ក្នុងការផ្ដើមនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA ក៏ដោយសារតែការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះឯង។ សហភាពអឺរ៉ុប ក៏ទាមទារឱ្យដោះលែងលោក កឹម សុខា នេះដែរ ៖ «សាររបស់សហរដ្ឋអាមេរិក ក៏មិនខុសគ្នាដែរ។ អង្គការសហប្រជាជាតិ ក៏ផ្ដល់ជាអនុសាសន៍ដូចគ្នាដែរ ថាត្រូវដោះលែងលោក កឹម សុខា។ ដូច្នេះយើងគិតថា កម្ពុជាគួរតែពិចារណាលើបញ្ហាទាំងអស់នោះ ព្រោះយើងដឹងហើយថាការអនុវត្តច្បាប់របស់កម្ពុជា ដែលលើកឡើងនោះ គឺជាការអនុវត្តច្បាប់ ប៉ុន្តែ សហគមន៍អន្តរជាតិគេមើលមក ការអនុវត្តច្បាប់ហាក់ដូចជាមិនសូវស្របទៅតាមរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ជាពិសេសវាធ្វើឱ្យដំណើរការប្រជាធិបតេយ្យធាក់ថយក្រោយ»។
ជាចុងក្រោយ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល សហរដ្ឋអាមេរិក ស្នើឱ្យរបបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដោយធ្វើយ៉ាងណាអនុញ្ញាតឱ្យមានរបបប្រជាធិបតេយ្យសេរីពហុបក្ស ពិតប្រាកដ និងត្រូវពិនិត្យច្បាប់ និងការអនុវត្តរបស់ខ្លួន ឱ្យស្របតាមកាតព្វកិច្ចរបស់កម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងច្បាប់អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។