ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅបន្តជួបតំណាងទូតបរទេសក្រោយពីតុលាការរបបក្រុងភ្នំពេញបន្ធូរបន្ថយលក្ខខណ្ឌខ្លះៗ ដល់លោក។ នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក កឹម សុខា ទទួលជួបឯកអគ្គរាជទូតអង់គ្លេស។ អ្នកវិភាគយល់ថា កាយវិការរបស់តំណាងរដ្ឋាភិបាលប្រទេសធំៗ ទាំងនេះ អាចជំរុញឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។
នេះគឺជាថ្ងៃទី៤ហើយ ដែលស្ថានទូតប្រទេសសេរីធំៗ បណ្ដាក់គ្នាចូលសួរសុខទុក្ខ និងពិភាក្សាការ ងារជាមួយលោក កឹម សុខា នៅក្នុងផ្ទះរបស់លោក ស្ថិតនៅខណ្ឌទួលគោក ក្រុងភ្នំពេញ។ ជំនួបរវាង លោក កឹម សុខា និងឯកអគ្គរាជទូតអង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) នៅថ្ងៃទី១៤ ខែវិច្ឆិកា មិនត្រូវបានគេបញ្ជាក់ឱ្យដឹងអំពីខ្លឹមសារស៊ីជម្រៅដូចជំនួបលើកមុនៗដែរ។
នាយកខុទ្ទកាល័យ លោក កឹម សុខា គឺលោក មុត ចន្ថា គ្រាន់តែប្រាប់អ្នកសារព័ត៌មានថា ជំនួបនេះ គឺជាការសម្តែងការគួរសម ការសួរសុខទុក្ខ និងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាទូទៅ។ លោកបន្តថា អ្នកការទូតបរទេសទាំងនេះ មានបំណងជួបលោក កឹម សុខា ជាយូរមកហើយ ដោយពួកគេចាត់ទុកប្រធានបក្សប្រឆាំងរូបនេះ ជាភាគីមួយសំខាន់ ក្នុងការចូលរួមកសាងប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែជាអកុសល ដោយសារលោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ទើបលោកខានជួបអ្នកការទូតនានា។ «»
ឯកអគ្គរាជទូតអង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ក្រោយជំនួបនេះ។
លោក មុត ចន្ថា ឱ្យដឹងដែរថា រហូតមកដល់ពេលនេះ លោក កឹម សុខា មិនទាន់បានទាក់ទងលោក សម រង្ស៊ី នោះទេ ដោយលោកពន្យល់ថា លោក កឹម សុខា គឺជាអ្នកប្រតិបត្តិច្បាប់ មានគោលការណ៍អហិង្សា និងសន្តិវិធី។
ជំនួបជាមួយអ្នកការទូតបរទេសរយៈពេល ៤ថ្ងៃជាប់ៗ គ្នានេះ គឺបន្ទាប់ពីតុលាការរបបក្រុងភ្នំពេញ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា អនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរបាននៅក្នុងប្រទេស ប៉ុន្តែមិនឱ្យហួសពីព្រំប្រទល់ដែនរបស់កម្ពុជាបានឡើយ ហើយក៏មិនឱ្យលោកធ្វើសកម្មភាពនយោបាយបាននោះដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។ ក្រោយការបន្ធូរបន្ថយលក្ខខណ្ឌខ្លះៗ នេះ លោក កឹម សុខា សម្ដែងការសោកស្ដាយ ដែលតុលាការហាមមិនឱ្យលោកធ្វើនយោបាយ។ ដូច្នេះហើយ ទើបលោកមិនទាន់ហ៊ាននិយាយអ្វីនោះទេ ព្រោះលោកមិនដឹងថា ភាសាបែបណាមិនមែនជាភាសានយោបាយឡើយ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការដែលឯកអគ្គរាជទូតបរទេសធំៗ ចូលជួបលោក កឹម សុខា ជាបន្តបន្ទាប់នេះ គឺជាការអបអរសាទរ ចំពោះលទ្ធផលបណ្ដើរៗ ដែលរដ្ឋាភិបាលស្ថានទូតទាំងនោះ បានទាមទាររហូតមក ឱ្យដោះលែងលោក កឹម សុខា ស្ដារលទ្ធិ ប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្សឡើងវិញ ហើយក៏ជាសារបង្ហាញថា ពួកគេមិនបោះបង់ការ ទាមទារត្រឹមនេះទេ។ លោកវិភាគថា វិធានការការទូតព្រមគ្នា និងស៊ីសង្វាក់គ្នានេះ អាចធ្វើឱ្យមាន ដំណោះស្រាយនយោបាយឆាប់ៗ ខាងមុខ ព្រោះប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែមានៈ នឹង ប្រឈមបាត់បង់ប្រពន្ធអនុគ្រោះពន្ធEBA ដែលនាំឱ្យខាតប្រយោជន៍ធំធេងសម្រាប់កម្ពុជា។ «»
រហូតមកដល់ពេលនេះ មានឯកអគ្គរដ្ឋទូតបរទេសចំនួន៧ ហើយ ដែលបានចូលជួបលោក កឹម សុខា រួមមាន ឯកអគ្គរដ្ឋទូតបារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន និងឯកអគ្គរាជទូតអង់គ្លេស។ តំណាងរដ្ឋាភិបាលនៃប្រទេសសេរីធំៗ ទាំងនេះ នៅតែជំរុញដល់រដ្ឋាភិបាលកម្ពុជា ឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ តាមរយៈការទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងជនទាំងឡាយណា ដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត ក្នុងនោះរួមមានអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល ព្រមទាំងអ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំងផងដែរ។ ប្រទេសទាំងនោះសង្កត់ធ្ងន់ថា មានតែធ្វើតាមអនុសាសន៍របស់ពួកគេនេះទេ ទើបមានប្រយោជន៍សម្រាប់កម្ពុជាទាំងវិស័យអភិបាលកិច្ច និងសេដ្ឋកិច្ច។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងបន្តជួបជាមួយឯកអគ្គរដ្ឋទូតប្រទេសស្វីស អ្នកស្រី ហេឡេនេ ប៉ាដលីហ្គឺរ អាដធីដា (Helene Budliger Artieda ) នៅថ្ងៃទី១៥ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។