អ.ស.ប​ និង​​សហរដ្ឋ​អាមេរិក​​ស្នើ​​ឱ្យ​​អ្នក​នយោបាយ​​ខ្មែរ​​សន្ទនា​​គ្នា​​ដោយ​​សន្តិវិធី

ដោយ យន់ សាមៀន
2019.11.08
អង់តូនីញ៉ូ ហ្គោទែរ៉េស ម៉ៃ ផុមភីអូ ៦២២ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres)  (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) (ស្ដាំ)។
Photo courtesy

អង្គការ​សហប្រជាជាតិ និង​សហរដ្ឋអាមេរិក សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា ហើយ​ស្នើ​ឱ្យ​អ្នកនយោបាយ​ខ្មែរ សន្ទនា​គ្នា​ដោយ​សន្តិវិធី។

ការិយាល័យ​អ្នកនាំពាក្យ​នៃ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឱ្យ​ដឹង​ថា លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​តាមដាន​ស្ថានភាព​​វិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា យ៉ាង​ដិតដល់​ទាក់ទង​នឹង​ការប្រកាស​វិលត្រឡប់​មកវិញ របស់ លោក សម រង្ស៊ី និង​មេដឹកនាំ​ផ្សេងទៀត​នៃ​គណបក្ស​ប្រឆាំង។

ការិយាល័យ​អ្នកនាំពាក្យ ឱ្យ​ដឹង​ថា​ទៀត​ថា លោក អង់តូនីញ៉ូ ហ្គោទែរ៉េស មាន​ក្ដី​បារម្ភ​ចំពោះ​វិធានការ​រឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា​ទៅលើ​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ និង​ការ​ជួប​ប្រជុំ​។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថា កិច្ច​សន្ទនា​ដោយ​សន្តិវិធី ក្នុងចំណោម​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដោយ​គ្មាន​ការ​បំភិតបំភ័យ ការ​យាយី​ធ្វើទុក្ខបុកម្នេញ ឬ​ការភ័យខ្លាច​គឺ​មាន​ភាព​ចំបាច់​​បំផុត​នៅ​ពេល​នេះ។

ចំណែក រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) ក្នុង​លិខិត​អបអរសាទរ​ប្រទេស​កម្ពុជា ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦ នៅ​ថ្ងៃ​៩ វិច្ឆិកា ស្អែក​នេះ លោក​ក៏បាន​យក​ឱកាស​នេះ សំដែង​សង្ឃឹមថា កម្ពុជា​នឹង​គិតគូរ​ពី​ការផ្សះផ្សា​ជាតិ ការសន្ទនា​គ្នា​ដោយ​សន្តិវិធី ការលូតលាស់​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

ប្រតិកម្ម​នឹង​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន្ត សាទរ​ការ​យក​ចិត្តទុក​ដាក់​របស់​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា។ ប៉ុន្តែ លោក​ថា ការ​ដាក់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​តាម​ព្រំដែន​ថៃ នៅ​ពេលនេះ គឺ​ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក។

លោក​បន្ត​ថា ការ​ស្នើ​ឱ្យ​មានការ​សន្ទនា​គ្នា​ដោយ​សន្តិវិធី រវាង​រដ្ឋាភិបាល ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង នឹង​មិន​អាច​ទៅ​រួច​ទេ ព្រោះ​ក្រុម​លោក សម រង្ស៊ី គឺជា​ក្រុម​ឧទ្ទាម​ខុសច្បាប់​។​លោក​ថា អាជ្ញាធរ​នឹង​អនុវត្ត​ច្បាប់​ចំពោះ​ក្រុម​លោក សម រង្ស៊ី ប្រសិនបើ​ពួកគេ​មាន​វត្តមាន​នៅ​លើ​ទឹកដី​ខ្មែរ ដូច​ការប្រកាស​កន្លង​មក​ថា វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា៖ «»

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ថា​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ បង្ហាញ​ឱ្យ​អន្តរជាតិ​ឃើញច្បាស់​ថា របប​ក្រុងភ្នំពេញ​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ ដូច​តាម​ការ​ចង់​បាន​ពី​អង្គការសហប្រជាជាតិ និង​ប្រទេស​លោក​សេរី​នោះ​ទេ​។ លោក​បន្ត​ថា មូលហេតុ​ដែល​អំពាវនាវ​ឱ្យ​មាន​កម្លាំង​មហាជន​ងើបឡើង​ប្រឆាំង​របប​ដឹកនាំ​សព្វថ្ងៃ ដោយ​អហិង្សា​នេះ ព្រោះតែ​របប​ក្រុងភ្នំពេញ​បាន​ដើរ​ហួស​គន្លង​លទ្ធិប្រជាធិបតេយ្យ ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ទៅ​រំលាយ​បក្ស​ប្រឆាំង និង​ចាប់​ប្រធាន​បក្ស​លោក កឹម សុខា ដាក់​ឃុំ​ក្នុង​ផ្ទះ ហើយ​មិន​ឱ្យ​បក្ស​ប្រឆាំង​ចូលរួម​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨​។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា ដំណាល​ពេលនេះ គឺ​ពេលវេលា​ចាំបាច់ ដែល​អ្នកស្នេហាជាតិ​ទាំងអស់ ត្រូវ​រួម​កម្លាំង​គ្នា​ដូរ​របប​សព្វថ្ងៃ ឱ្យ​ខាង​តែ​បាន៖ «»

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា នេះ​គឺជា​ពេលវេលា​សម​ល្មម ដែល​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គួរតែ​ដាក់​អស្មិមានះ​រៀង​ៗ​ខ្លួន​ចុះ ហើយ​ងាក​មក​រក​ការសន្ទនា​គ្នា​ដោយ​សន្តិវិធី ដើម្បី​នាំមក​នូវ​ភាព​សុខដុមរមនា​ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ៖ «»

គិត​ត្រឹម​ថ្ងៃ​ទី​០៨ វិច្ឆិកា នៅ​សល់​តែ ១​ថ្ងៃ​ទៀត ដល់​ពេល​កំណត់ ដែល​លោក សម រង្ស៊ី ថា នឹង​វិល​ទៅ​កម្ពុជា​វិញ។

លោក សម រង្ស៊ី បាន​ប្រកាស​ជំហរ​ហើយ​ថា លោក​នឹង​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ឱ្យ​វិល​ចូល​ប្រទេស​កម្ពុជា​ឱ្យ​បាន​តាម​កាល​កំណត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។