អាមេរិក​គ្រោង​ដាក់​មន្ត្រី​ជាន់ខ្ពស់​ការបរទេស​ជំនួស​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​លោក វីល្លៀម ហៃដ

0:00 / 0:00

រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) គ្រោង​តែងតាំង​មន្ត្រី​ជាន់ខ្ពស់​ការបរទេស​អាមេរិក​លោក ផែទ្រីក មើហ្វ៊ី (Patrick Murphy) ជំនួស​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​លោក វីល្លៀម ហៃដ៍ (William Heidt)។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន កាល​ពី​ថ្ងៃទី១០ ខែ​សីហា បញ្ជាក់​ថា ប្រធានាធិបតី​អាមេរិក មាន​បំណង​ដាក់​មន្ត្រី​ជាន់ខ្ពស់​រូប​នេះ ឲ្យ​ជំនួស​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា ដែល​នឹង​ចប់​អាណត្តិ​របស់​ខ្លួន ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

លោក ផែទ្រីក មើហ្វ៊ី បច្ចុប្បន្ន​ជា ឧបការី​រង​រដ្ឋមន្ត្រី​ស្ដីទី នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​អាមេរិក។ លោក​គឺជា​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មុនគេ ដែល​ចុះទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ភ្លាមៗ​ក្រោយ​របប​លោក ហ៊ុន សែន រម្លាយ​គណបក្ស​សង្គ្រោះជាតិ។

ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​កាលពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៧ នោះ លោក ផែទ្រីក មើហ្វ៊ី (Patrick Murphy) បាន​ព្រមាន​របប​លោក ហ៊ុន សែន ថា ចំណាត់ការ​រម្លាយ​បក្ស​ប្រឆាំង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​ដំណើរ​ថយក្រោយ នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ថា របប​នេះ គួរតែ​គិត​គូ​បញ្ហា​ទាំងនេះ ឡើងវិញ​ឲ្យ​បាន​ទាន់​ពេល​វេលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។