រដ្ឋាភិបាល​កម្ពុជា​សោកស្ដាយ​ដែល​អាមេរិក​សម្រេច​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​ការទូត​របស់​ខ្លួន

ដោយ មាន ឫទ្ធិ
2017.09.13
គេហទំព័រ​ស្ថានទូត​សហរដ្ឋ​អាមេរិក ៨៥៥ គេហទំព័រ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។ Screenshot
Screenshot

ភ្លាមៗ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក សម្រេច​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ប្រភេទ B1/B2 ដល់​មន្ត្រី​ការទូត​នៃ​ក្រសួង​ការបរទេស​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃ​ទី​​១៣ ខែ​កញ្ញា ត​ទៅ រដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការ​សោកស្ដាយ និង​រំពឹង​ថា សហរដ្ឋអាមេរិក​នឹង​ពិចារណា​ឡើង​វិញ​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។

ការ​ប្រកាស​ដាក់ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​តែ​ចំពោះ​មន្ត្រី​ការទូត​កំពូលៗ​នៃ​ក្រសួង​ការបរទេស​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ​តែប៉ុណ្ណោះ ហើយ​មិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សាមញ្ញ មន្ត្រី​រាជការ​ក្របខ័ណ្ឌ​ក្រសួង​ដទៃ សិស្ស-​និស្សិត ឬ​អាជីវករ​ឡើយ។

ការ​សម្រេច​ដាក់ទណ្ឌកម្ម​នេះ គឺ​ក្រោយ​ពេល​ដែល​ក្រសួង​សន្តិសុខ​ជាតិ ស្នើ​ឲ្យ​ក្រសួង​ការបរទេស​អាមេរិក ចាត់​វិធានការ​ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​កម្ពុជា ដោយសារ​តែ​ប្រទេស​នេះ «រឹង​ទទឹង» មិន​ព្រម​ទទួល​យក ឬ​ព្យាយាម​ពន្យារ​ពេល​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវ​សហរដ្ឋអាមេរិក ចាប់​បញ្ជូន​មក​វិញ ដោយសារតែ​ពួកគេ​បាន​ប្រព្រឹត្តិ​ល្មើសច្បាប់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ ចេញ​ផ្សាយ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នេះ ឲ្យ​ដឹង​ថា អាច​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​នេះ។ យ៉ាង​ណា​ក៏ដោយ ស្ថានទូត​មិន​បាន​បង្ហើប​ឲ្យ​ដឹង​លម្អិត​អំពី​ករណី​លើកលែង​នេះ​ឡើយ ដោយ​គ្រាន់តែ​បញ្ជាក់​ថា រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក ត្រូវ​បញ្ជា​អោយ​មន្ត្រី​កុងស៊ុល​បញ្ឈប់​លែង​ផ្ដល់​ទិដ្ឋាការ​រហូត​ទាល់​តែ​រដ្ឋមន្ត្រី​សន្តិសុខ​ជាតិ ទទួល​បាន​ព័ត៌មាន​ថា ប្រទេស​កម្ពុជា បាន​យល់ព្រម​ទទួល​យក​ការ​ធ្វើ​មាតុភូមិ​និវត្ត​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវ​សហរដ្ឋអាមេរិក ចាប់​បញ្ជូន​មក​វិញ ដោយសារ​តែ​ពួកគេ​បាន​ប្រព្រឹត្តិ​ល្មើសច្បាប់។

យោង​តាម​គេហទំព័រ​ក្រសួង​ការបរទេស​អាមេរិក ប្រភេទ​ទិដ្ឋាការ B1 សម្តៅ​លើ​ទិដ្ឋាការ​ធ្វើ​ដំណើរ​ទាំង​ឡាយ​ណា​ដើម្បី​គោលបំណង​ជាក់លាក់​ដូចជា​ចូលរួម​ប្រជុំ​ពិភាក្សា​អាជីវកម្ម ចូល​រួម​ប្រជុំ​អំពី​ការ​អប់រំ វិទ្យាសាស្ត្រ  ចរចា​អាជីវកម្ម ឬ​អចលនទ្រព្យ។ ដោយ​ឡែក​ទិដ្ឋាការ​ប្រភេទ B2 សំដៅ​លើ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នានា រួម​មាន​ទេសចរណ៍ សួរ​សុខ​ទុក្ខ​បង​ប្អូន មិត្ត​ភក្តិ សាច់ញាតិ ឬ​ដើម្បី​ព្យាបាល​ជំងឺ​ជាដើម។

ស្ថានទូត​ឲ្យ​ដឹង​បន្ថែម​ថា ចំពោះ​ក្រុម​ដែល​ស្ថិត​ក្នុង​ជំពូក​នៃ​ការ​ដាក់​ទណ្ឌកម្ម​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​នេះ ពួកគេ​ត្រូវ​ពិចារណា​អោយ​បាន​ដិតដល់​មុន​ពេល​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ ព្រោះ​មន្ត្រី​កុងស៊ុល នឹង​សម្ភាស​អ្នក​ទាំង​នោះ ប៉ុន្តែ​មិន​អាច​ផ្ដល់​ទិដ្ឋាការ​ជូន​បាន​ឡើយ រហូត​ទាល់​តែ​ការ​ផ្អាក​នោះ​ត្រូវ​បាន​លើកលែង​។

​ប្រតិកម្ម​តប​ភ្លាមៗ​ជុំវិញ​ការ​សម្រេច​ខាង​លើ​នេះ ក្រៅ​ពី​សម្ដែង​ការ​សោកស្ដាយ ក្រសួង​ការបរទេស​ថា ការណ៍​ដែល​សហរដ្ឋអាមេរិក ស​ម្រេច​ដាក់​កម្ពុជា ចូល​ក្នុង​បញ្ជី​ក្រុម​ប្រទេស «ដែល​មិន​ផ្ដល់​កិច្ច​សហ​ប្រតិបត្តិការ» ហើយ​ផ្អាក​មិន​ចេញ​ទិដ្ឋាការ​ធ្វើ​ដំណើរ​ដល់​មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ពួកគេ គឺ​ធ្វើ​ឡើង​ដោយ​មិន​បាន​ពិចារណា​ត្រឹមត្រូវ​តាម​កំណត់​ទូត​របស់​ខ្លួន​ស្ដី​អំពី​ប្រតិបត្តិការ​កម្មវិធី​មាតុភូមិ​និវត្តន៍ ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៧ កន្លង​ទៅ។ ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​នេះ ធ្វើ​ឡើង​ដោយ​មិន​គោរព​តាម​ស្មារតី​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ស្ដីពី​កម្មវិធី​មាតុភូមិ​និវត្តន៍​រវាង​ប្រទេស​ទាំង​ពីរ។

​ក្រសួង​ការបរទេស​ថា ក្រសួង​ធ្លាប់​បាន​បញ្ជាក់​ច្បាស់​ហើយ​​នៅ​ក្នុង​កំណត់​ទូត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៦ កន្លង​ទៅ​ថា ក្រសួង​បាន​ដាក់​សំណើ​ដើម្បី «ស្នើ​សុំ​ផ្អាក​ជា​បណ្ដោះអាសន្ន​ក្នុង​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០២ និង​ឧបសម្ពន្ធ​ដែល​ពាក់ព័ន្ធ» ដោយ​ផ្អែក​លើ​គោលការណ៍​ដើម្បី​ដោះស្រាយ​កង្វល់​នានា អំពី​បញ្ហា​មនុស្សធម៌ និង​សិទ្ធិមនុស្ស​របស់​និវត្តជន​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ដូច​ដែល​បាន​លើក​ឡើង​ដោយ​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ក្នុង​រដ្ឋសភា​អាមេរិក។ ក្រសួង​គូស​បញ្ជាក់​ថា សំណើ​នេះ​មិនមែន​មាន​ន័យ​ថា ជា​ការ​បញ្ឈប់​ទាំង​ស្រុង​នូវ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់ និង​ឧបសម្ពន្ធ​ដែល​ពាក់ព័ន្ធ​នោះ​ទេ។ ការណ៍​នេះ​ក្រសួង​ចង់​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មាន​សុច្ឆន្ទៈ​ល្អ​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​អំពី​បញ្ហា​នេះ។

​រដ្ឋាភិបាល​កម្ពុជា រំពឹង​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​ជុំវិញ​ការ​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​ផ្អាក​ចេញ​ទិដ្ឋាការ​ធ្វើ​ដំណើរ​នេះ ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា ការ​ខ្វែង​គំនិត​លើ​ទិដ្ឋភាព​នយោបាយ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ចៀស​មិន​ផុត​ពី​ផល​អាក្រក់​ចំពោះ​រដ្ឋាភិបាល​ឡើយ។ ជាង​នេះ​ទៀត ជំហរ​របស់​សហរដ្ឋ​អាមេរិក​នេះ ជា​សម្ពាធ​កាន់​តែ​ខ្លាំង​ដល់​រដ្ឋាភិបាល ទាំង​នៅ​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ជាពិសេស​ប៉ះពាល់​មុខមាត់ និង​កិត្យានុភាព​របស់​កម្ពុជា។

លោក​បណ្ឌិត មាស នី៖ «វា​ពិត​ជា​មាន​ឥទ្ធិពល​ហើយ កាល​ណា​មិន​ឲ្យ​ទៅ បាន​ន័យ​ថា មន្ត្រី​ខ្មែរ​ជាន់​ខ្ពស់​ទាំង​អស់ គឺ​គាត់​មិន​បាន​ទៅ​ជួប​គ្រួសារ​របស់​ពួក​គាត់ ព្រោះ​មួយ​ចំនួន​ធំ​នៃ​មន្ត្រី​ទាំង​អស់​នេះ គឺ​សុទ្ធតែ​មាន​គ្រួសារ ពិសេស​មាន​ប្រពន្ធ​កូន​អី ឬក៏​មាន​ផ្ទះ​សម្បែង​នៅ​អាមេរិក។ អ៊ីចឹង​កាល​ណា​គេ​ផ្អាក​មិន​ផ្ដល់​ទិដ្ឋាការ​ហ្នឹង គឺ​បាន​ន័យ​ថា គាត់​មិន​អាច​ធ្វើ​ដំណើរ​ទៅ​លេង​បងប្អូន​គាត់ ហើយ​ពិសេស​កាល​ណា​យើង​ត្រូវ​ទៅ​ប្រជុំ​អី​ហ្នឹង ចូលរួម​កិច្ច​ការទូត​ផ្សេងៗ​អី នឹង​រឹតតែ​មាន​ការ​ពិបាក»

ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​​១៣ ខែ​កញ្ញា ក៏​បាន​ចេញផ្សាយ​សេចក្ដី​ជូន​ដំណឹង​ដល់​ពលរដ្ឋ​អាមេរិកាំង របស់​ខ្លួន​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា  ឬ​ត្រៀម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា ឲ្យ​រក្សា​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ ខណៈ​ដែល​សភាពការណ៍​អំពី​វោហារសាស្ត្រ​ប្រឆាំង​នឹង​អាមេរិក នៅ​កម្ពុជា កាន់​តែ​តានតឹង​កាន់​តែ​ខ្លាំង​ឡើងៗ។

ស្ថានទូត​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​ខ្លួន ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់ ត្រូវ​រក្សា​ការ​ប្រយ័ត្នប្រយែង​អំពី​សុវត្ថិភាព​របស់​ពួកគេ​ឲ្យ​បាន​ខ្ពស់​បំផុត បើ​ទោះ​ជា​បច្ចុប្បន្ន ស្ថានទូត​ថា ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ណា​មួយ​អំពី​ការ​គ្រោង​នឹង​ធ្វើ​បាតុកម្ម ឬ​បញ្ហា​សន្តិសុខ​ដទៃ​ទៀត​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង កម្ពុជា​នៅ​ឡើយ​ក៏ដោយ។ ស្ថានទូត​ស្នើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង របស់​ខ្លួន​ទាំង​អស់ ចៀសវាង​ធ្វើ​ដំណើរ​ទៅ​កាន់ ឬ​ចូលរួម​ទីប្រជុំជន​នានា​ដែល​មាន​មនុស្ស​ច្រើន។

ប្រតិកម្ម​តប​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ថា ការ​ផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​នេះ គឺ​ជា​ការ​បំផ្លើស​ការពិត ហើយ​បំភ្លៃ​ស្ថានការណ៍​ពិត​នៅ​កម្ពុជា ទាំង​ស្រុង ក្នុង​គោលបំណង​ទុច្ចរិត​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក ផៃ ស៊ីផាន ថ្លែង​បន្ត​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​គឺ​ជា​ការ​បំពុល​បរិយាកាស​នយោបាយ​ពិត​នៅ​កម្ពុជា ខណៈ​ដែល​ស្ថានភាព​នយោបាយ​ដំណើរការ​ជា​ធម្មតា និង​ពុំ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​កម្ពុជា កាន់​តែ​មាន​ភាព​ល្អក់កករ និង​តានតឹង​ឡើងៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​បាតដៃ​ទី​៣ និង​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​នៃ​នយោបាយ​បដិវត្តន៍​ពណ៌​របស់​បក្ស​ប្រឆាំង។ ជុំវិញ​រឿង​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​មុខ​បញ្ជាក់​ជំហរ និង​ភាព​ស្អាតស្អំ​របស់​ខ្លួន​ជា​ញឹកញាប់​ថា បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក នៅ​កម្ពុជា​នេះ មិន​បង្ក​ជម្លោះ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។